អ្នកនាង Bethany Edwards និងសហការីរបស់នាង បានចំណាយពេលជាច្រើនជាមួយនឹងឧបករណ៍ធ្វើតេស្តការមានផ្ទៃពោះនេះ។
អ្នកនាង Edwards បាននិយាយទាំងញញឹមថា៖ «យើងបត់ជើងតូចដាក់លើរបស់ផ្សេងៗ។ វាគួរឲ្យអស់សំណើចនិងគួរឲ្យចាប់អារម្មណ៍ណាស់»។
អ្នកនាង Edwards គឺជាសហស្ថាបនិក និងជានាយិកាប្រតិបត្តិក្រុមហ៊ុន Lia Diagnostics។ អ្នកនាង Edwards និងសហស្ថានិកម្នាក់ទៀតគឺអ្នកនាង Anna Simpson និងក្រុមការងាររបស់នាង បានបង្កើតឧបករណ៍ធ្វើតេស្តការមានផ្ទៃពោះដែលទាន់សម័យជាងមុន មានឈ្មោះថា Lia។
ឧបករណ៍សម្រាប់ធ្វើតេស្ត Lia អាចរកទិញបាននៅតាមឱសថស្ថាន ដោយមិនចាំមានវេជ្ជបញ្ជា និងមានមុខងារដូចនឹងឧបរកណ៍ធ្វើតេស្តបុរាណដែរ ក្នុងការចាប់យកអរម៉ូនបង្កកំណើតហៅកាត់ថា hCG នៅក្នុងទឹកនោមរបស់ស្ត្រីមានផ្ទៃពោះ។
ក្រុមអ្នកផលិតបានពន្យល់ថា អ្វីដែលខុសពីឧបករណ៍ធ្វើតេស្តបុរាណនោះ Lia ត្រូវបានផលិតពីក្រដាសជំនួសឲ្យប្លាស្ទិក និងអាចរលាយនៅក្នុងទឹកបាន១០០ភាគរយ ក្នុងរយៈពេល១២សប្តាហ៍។ អ្នកនាង Edwards បានពន្យល់បន្ថែមថា៖ «យើងកំពុងនាំយកនូវដំណោះស្រាយរួមមួយដែលជួយដល់ស្ត្រីឲ្យមានភាពងាយស្រួលជាងមុន ក៏ដូចជាជួយដល់ភពផែនដីទាំងមូលផងដែរ»។
អាចបោះចោលក្នុងបង្គន់ និងអាចរលាយទៅវិញ
ក្រុមការងារដែលបង្កើតឧបករណ៍ធ្វើតេស្ត Lia នេះបានឲ្យដឹងថា ឧបករណ៍នេះត្រូវបានរកឃើញតាមរយៈការសិក្សាស្រាវជ្រាវ ក្នុងអំឡុងពេលបញ្ចប់ការសិក្សារបស់ពួកគេនៅឯសកលវិទ្យាល័យ Pennsylvania ហើយថានេះគឺជាឧបករណ៍ធ្វើតេស្តការមានផ្ទៃពោះដំបូងគេ ដែលអាចបោះចោលក្នុងបង្គន់ និងរលាយទៅតាមទឹកបាន។ ឧបករណ៍ធ្វើតេស្តនេះត្រូវបានឆ្លងកាត់ការត្រួតពិនិត្យដោយនាយកដ្ឋានត្រួតពិនិត្យម្ហូបអាហារ និងថ្នាំពេទ្យសហរដ្ឋអាមេរិកហៅកាត់ថា (FDA)។
Lia មានលក្ខណៈផុយដូចក្រដាសសម្រាប់ប្រើក្នុងបង្គន់អានាម័យ និងអាចប៊ឺតចូលទៅក្នុងបំពង់បង្ហូរទឹក ឬទៅក្នុងប្រព័ន្ធលូទឹកស្អុយបាន។
ការផលិតឧបករណ៍ធ្វើតេស្តដែលអាចធ្វើតេស្តទឹកនោមបាន និងអាចរលាយទៅតាមទឹកនៅពេលទឹកប៊ឺតចូលក្នុងបង្គន់ គឺជាការងារដ៏លំបាកមួយ។
អ្នកនាង Edwards បានថ្លែងបន្តថា៖ «យើងត្រូវបង្កើតជាតិគីមីម៉្យាង ដែលអាចធ្វើឲ្យក្រដាសមិនរលាយនៅពេលប្រើប្រាស់និងអាចរលាយនៅក្នុងទឹកបានយ៉ាងឆាប់រហ័សបន្ទាប់ពីប្រើប្រាស់រួច»។
អ្នកនាងបានបន្ថែមទៀតថា «វាមើលទៅហាក់ដូចជាមានលក្ខណៈផ្ទុយគ្នា។ អ្នកចង់បានរបស់ដែលមើលទៅរឹងមាំ និងមានមុខងារត្រឹមត្រូវ ប៉ុន្តែបន្ទាប់ពីអ្នកប្រើប្រាស់វារួចហើយ យើងចង់ឲ្យវាប្រែក្លាយទៅជារបស់ដែលផុយ និងអាចរលាយនៅក្នុងទឹកបាន»។
អ្នកនាង Edwards បានសាកល្បងបង្ហាញពីការប្រើប្រាស់ឧបករណ៍ធ្វើតេស្ត Lia ដោយចាក់ទឹកលើវាឲ្យសើម គឺនៅត្រង់កន្លែងសម្រាប់ចាក់ទឹកនោម រំពេចនោះទឹកបានជ្រាបចូលក្នុងឧបករណ៍នោះ មួយសន្ទុះក្រោយមកយើងឃើញមានតំណក់ទឹកនៅដដែលស្ថិតនៅត្រង់គែមខាងក្រៅឧបករណ៍នេះ។
ឧបករណ៍នេះអាចជក់ទឹកបានច្រើន ហើយបន្ទាប់មកក្លាយទៅជាទន់អាចបត់ និងហែកឲ្យដាច់ពីគ្នាបានដោយងាយស្រួល។ ស្រទាប់ក្រដាសរបស់ឧបករណ៍ Lia ក្លាយជាទន់និងស្អិតជាប់គ្នា ប៉ុន្តែមិនមែនជាកាវបិទនោះទេ គឺសារធាតុម៉្យាងដែលជួយរំលាយស្រទាប់ក្រដាសនេះ។ អ្នកប្រើប្រាស់អាចហែកវាជាពីរនៅត្រង់ស្នាមកាត់ចំពាក់កណ្តាល ដើម្បីជួយឲ្យវារលាយក្នុងទឹកបានកាន់តែលឿន។
ក្រៅពីជួយដល់បរិស្ថានហើយនោះ ឧបករណ៏ធ្វើតេស្តនេះជួយដល់ស្ត្រីជាច្រើនក្នុងការរក្សាការសម្ងាត់របស់ពួកគេផងដែរ។
អ្នកនាង Edwards បាននិយាយថា «យើងដឹងថាពេលខ្លះស្ត្រីភ័យខ្លាចក្នុងការទៅពិនិត្យការមានផ្ទៃពោះ ឬក៏ត្រូវទៅសួរបញ្ជាក់ពីអ្នកណាម្នាក់អំពីការមានផ្ទៃពោះនេះ អាចធ្វើឲ្យស្ត្រីសម្រេចចិត្តមិនទៅពិនិត្យការមានផ្ទៃពោះនេះឲ្យបានឆាប់»។
អ្នកនាង Edwards បាននិយាយបន្តថា៖ «មានស្ត្រីជាច្រើនប្រាប់ពីរឿងរ៉ាវរបស់ពួកគេពីការលាក់ទុកឧបរកណ៍ធ្វើតេស្តមានផ្ទៃពោះ មិនឲ្យគេឃើញ ដោយអ្នកខ្លះបោះវាចោលក្នុងធុងសំរាម ដាក់ចោលក្នុងបន្ទប់ទឹកសាធារណៈ ខ្ចប់វាក្នុងក្រដាសអាលុយមីញ៉ូម និងខ្លះទៀតលាក់ទុកក្នុងថង់សំរាមជាដើម»។
ការបារម្ភពីព័ត៌មានសម្ងាត់
វេជ្ជបណ្ឌិត Meera Shah ជាគ្រូពេទ្យនៅក្នុងទីក្រុងញូវយ៉ក និងជាអ្នកស្រាវជ្រាវផ្នែកសុខភាពបន្តពូជបានប្រាប់អំពីរឿងរ៉ាវរបស់អ្នកជំងឺវ័យជំទង់ ដែលពត៌មានសម្ងាត់របស់ពួកគេត្រូវបានបែកការណ៍ នៅពេលដែលឳពុកម្តាយរបស់ពួកគេរកឃើញឧបករណ៍ធ្វើតេស្តមានផ្ទៃពោះនៅក្នុងធុងសំរាម។
សុវត្ថិភាពរបស់ជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារក៏អាចត្រូវបានគំរាមកំហែងដោយការរកឃើញឧបករណ៍ធ្វើតេស្តមានផ្ទៃពោះនេះផងដែរ។ វេជ្ជបណ្ឌិត Meera Shah បាននិយាយយ៉ាងដូច្នេះថា «អ្នកជំងឺខ្ញុំជាច្រើនបានប្រាប់ខ្ញុំថា ដៃគូរបស់ពួកគេរកឃើញឧបករណ៍ធ្វើតេស្តនេះនៅក្នុងធុងសំរាម ហើយដោយសាររឿងនេះពួកគេត្រូវទទួលរងការរំលោភបំពាននៅក្នុងផ្ទះរបស់ពួកគេថែមទៀត»។
វេជ្ជបណ្ឌិត Meera Shah បានថ្លែងបន្តថា៖ «ខ្ញុំគិតថាឧបករណ៍ធ្វើតេស្តដោយសម្ងាត់នេះអាចជួយឲ្យស្ត្រីហ៊ានធ្វើតេស្តដោយមិនបារម្ភពីការរំខានពីខាងក្រៅ។ ហើយការណ៍នេះអាចជំរុញឲ្យពួកគេទៅពិនិត្យសុខភាពបន្តពូជរបស់គេដែលចាំបាច់បន្ទាប់ពីនោះមក»។
ការចំណាយគឺជាកត្តាមួយផ្សេងទៀតសម្រាប់ស្ត្រី។ វេជ្ជបណ្ឌិត Meera Shah បានថ្លែងបន្តថា៖ «ជារឿយៗខ្ញុំបានឭថាការធ្វើតេស្តការមានផ្ទៃពោះអាចចំណាយច្រើន។ ខ្ញុំធ្វើការជាមួយនឹងអ្នកជំងឺដែលមានប្រាក់ចំណូលទាប អ្នកជំងឺដែលពិបាកស្វែងរកសេវាថែរក្សាសុខភាពបន្តពូជ ដូច្នេះហើយខ្ញុំគិតថាតម្លៃអាចជារបាំងមួយដែរ»។
ឧបករណ៍ធ្វើតេស្ត Lia នឹងអាចមានលក់ក្នុងទីផ្សារនៅចុងឆ្នាំ២០១៨នេះ និងមានតម្លៃពី៧ដុល្លារទៅ៨ដុល្លារ គឺមានតំម្លៃប្រហាក់ប្រហែលនឹងឧបករណ៍ធ្វើតេស្តការមានផ្ទៃពោះផ្សេងទៀតដែលមានលក់ក្នុងទីផ្សារនាពេលបច្នុប្បន្ននេះ៕