ក្រុមគ្រួសាររបស់អតីតនាយករដ្ឋមន្រ្តី លី ផេង អាចស្ថិតនៅក្រោមការពិនិត្យកាន់តែខ្លាំងឡើងនៅឆ្នាំនេះ នៅពេលដែលគណៈកម្មការប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងបានបង្វែរការយកចិត្តទុកដាក់របស់ខ្លួនទៅលើសហគ្រាសដែលកាន់កាប់ដោយរដ្ឋ។
កាលពីពេលថ្មីៗនេះ គណៈកម្មការនោះបាននិយាយថា ខ្លួននឹងពិនិត្យមើលសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋនៅឆ្នាំនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់លោកប្រធានាធិបតី ស៊ី ជីងពីង។
សកម្មភាពប្រឆាំងអំពើពុករលួយកាលពីពេលថ្មីៗនេះជាច្រើន បានពាក់ព័ន្ធក្រុមហ៊ុននានាដែលមានទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់អតីតនាយករដ្ឋមន្រ្តី។
លោកស្រី Dai Qing ជាអ្នកវិភាគឯករាជ្យម្នាក់នៅក្នុងទីក្រុងប៉េកាំងបានប្រាប់ VOA ដែលផ្សាយជាភាសាចិនកុកងឺថា ខណៈពេលដែលលោកស្រី Li Xiaolin ល្បីល្បាញដោយសារការនិយមស្លៀកសម្លៀកបំពាក់ថ្លៃៗ បានជួយធ្វើឲ្យលោកស្រីក្លាយជាទិសដៅខ្លាំងបំផុត។ គេមិនទាន់ដឹងច្បាស់ទេថា តើការស៊ើបអង្កេតនោះនឹងធ្វើយ៉ាងដូចម្តេចទេ។
លោកស្រីនិយាយថា៖ «បណ្តាញផ្សព្វផ្សាយព័ត៌មានជានិច្ចកាលផ្តោតលើផ្នែកដ៏សំខាន់បំផុត។ លោកស្រីបានរុញខ្លួនឯងទៅកាន់ទីតាំងនោះ ដូច្នេះបណ្តាញផ្សព្វផ្សាយព័ត៌មានមិនពិបាកជីកកកាយទេ។ ប្រសិនបើលោកស្រីមិនសូវចេញមុខមាត់ទេនោះ បណ្តាញផ្សព្វផ្សាយព័ត៌មានក៏លំបាកក្នុងការស្វែងរកភស្តុតាក្រុមគ្រួសាររបស់លោកលីដែរ»។
ឈ្មោះគ្រួសារត្រកូលលី ត្រូវបានចុះផ្សាយនៅក្នុងសារព័ត៌មានអន្តរជាតិកាលពីពេលថ្មីៗនេះ នៅពេលដែលមានការបញ្ចេញព័ត៌មានលេចធ្លាយថា លោកស្រីនិងប្តីរបស់លោកស្រីបានដាក់ប្រាក់ចូលក្នុងធនាគារស្វីសប្រហែល២លាន៥សែនដុល្លានៅចន្លោះឆ្នាំ២០០៦និងឆ្នាំ២០០៧។
រឿងក្តីប្រឆាំងអំពើពុករលួយកាលពីពេលមុនក្នុងប្រទេសចិនបានផ្តោតលើលោក Zhou Yongkangអតីតប្រធានសន្តិសុខនិងបក្សពួករបស់លោក៕