ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ចង់​បាន​ច្បាប់​ការពារ​ពី​ការរើសអើង

សកម្មជន​សម្តែង​ពី​ការប្រើហិង្សា​លើ​ស្រ្តី និង​អ្នកស្រលាញ់​ភេទ​ដូចគ្នា ក្នុង​កម្មវិធី​ពិព័រណ៍​រូប​ថត​សកម្មជន និង​ផ្សព្វផ្សាយ​របាយ​ការណ៍​ពាក់ព័ន្ធ​នឹង​ការរក​ឃើញ​អំពី​ការរើសអើង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា នៅ​ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ​ដើម្បី​ការពារ​ពួកគេ​ពី​ការ​រើស​អើង និង​អាចឲ្យ​ពួកគេរៀបការ​ដោយ​ស្រប​ច្បាប់។

កម្រង​រូបភាពVOA៖ CCHR តាំងពិព័រណ៍​រូបថត​សកម្មជន និង​ផ្សាយ​របាយការណ៍​ពី​ការរើសអើង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា


នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR) បាន​រៀបចំកម្មវិធី​ក្រោម​ប្រធាន​បទ «សំឡេង​ខ្ញុំ សិទ្ធិ​ខ្ញុំ» ដើម្បី​បង្ហាញ​ពិព័រណ៍​រូប​ថត​សកម្មជន និង​ផ្សព្វផ្សាយ​របាយ​ការណ៍​ពាក់ព័ន្ធ​នឹង​ការ​រក​ឃើញ​អំពី​ការ​រើស​អើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដែល​មាន​ការ​ចូល​រួម​ពី​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ សកម្ម​ជន​សិទ្ធិមនុស្ស​ មន្រ្តី​សង្គម​ស៊ីវិល​ និង​មន្រ្តី​រដ្ឋាភិបាល​ប្រមាណ​ជា​ជិត​១០០​នាក់។

កញ្ញា ឈុន មុនីវិច្ឆរ៉ា សកម្មជន​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ប្រាប់​អ្នកចូលរួមពាក់ព័ន្ធ​នឹង​ការរើសអើង​ក្រុម​អ្នកស្រលាញ់​ភេទ​ដូច​គ្នា ក្នុង​កម្មវិធី​ពិព័រណ៍​រូបថត​សកម្មជន និង​ផ្សព្វផ្សាយ​របាយ​ការណ៍​ពាក់ព័ន្ធ​នឹង​ការ​រក​ឃើញ​អំពី​ការរើសអើង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា។ នៅ​ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

កញ្ញា ឈុន មុនីវិច្ឆរ៉ា សកម្មជន​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​នោះ​ប្រាប់ VOA ថា កញ្ញា​គឺ​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​តាំង​ពី​កំណើត​ និង​ចាប់​ផ្តើម​ចង់​ក្លាយ​ជា​មនុស្ស​ស្រី​នៅ​អាយុ​៨​ឆ្នាំ។ កញ្ញា​បន្ត​ថា អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ជា​ទូទៅ​តែង​រង​នូវ​ការ​រើស​អើង​ពី​សង្គម​ មិនបាន​រៀន​សូត្រ​ខ្ពស់ ដោយសារខ្វះ​ខាត​ការការពារ​ផ្នែកផ្លូវ​ច្បាប់ និង​ត្រូវ​បាត់​បង់​សិទ្ធិ​មួយ​ចំនួន ពិសេស​សិទ្ធិ​ក្នុង​ការ​រៀប​អាពាហ៍​ពិពាហ៍​ដោយ​ស្រប​ច្បាប់​។

កញ្ញា​បាន​ប្រាប់ VOA ថា៖

«សូម​ឲ្យ​មាន​ច្បាប់​ការពារ​ដល់អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ថា អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ក៏​គាត់​អាច​ធ្វើ​ការ​បាន​ដែរ​ ឲ្យ​តែ​គាត់​មាន​សមត្ថភាព។ ហើយ​ទី​ពីរ​ទាក់ទង​ទៅ​នឹង​ច្បាប់​អាពាហ៍​ពិពាហ៍​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា។​ នៅ​ក្នុង​សង្គម​ខ្មែរ​យើង​អត់​ទាន់​មាន​ច្បាប់​ទេ​សម្រាប់​អ្នកស្រឡាញ់​ភេទ​ដូច​គ្នា អញ្ចឹង​សូម​ស្នើ​ដល់​រដ្ឋាភិបាល​គាត់​យល់​ព្រម​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ហ្នឹង​អាច​រៀប​ការ​ជាមួយ​គ្នា​ដោយ​ស្រប​ច្បាប់»។

សកម្មជន​វ័យ​៣៤​ឆ្នាំ​រូប​នេះ​បន្ថែម​ថា នៅ​កម្ពុជា អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មិន​អាច​ចុះលិខិត​អាពាហ៍​ពិពាហ៍​ស្រប​តាម​ច្បាប់​ មិន​អាច​រៀប​ចំ​ពិធី​រៀប​ការតាម​ប្រពៃណី​ ឬ​ត្រូវ​រៀប​ចំដោយ​លួចលាក់​ជាដើម។

លោក សួង ភក្តី (ដែល​មាន​ភេទជាស្រី) សកម្មជន​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា រើសអើង​ក្រុម​អ្នកស្រលាញ់​ភេទ​ដូច​គ្នា​ ​ក្នុង​កម្មវិធី​ពិព័រណ៍​រូប​ថត​សកម្មជន និង​ផ្សព្វផ្សាយ​របាយ​ការណ៍​ពាក់ព័ន្ធ​នឹង​ការ​រក​ឃើញ​អំពី​ការ​រើស​អើង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា នៅ​ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

សកម្ម​ជន​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មួយ​រូប​ទៀត គឺ​លោក សួង ភក្តី លើក​ឡើង​ថា លោកមាន​ភេទ​ជា​ស្រ្តី និង​ចាប់​ផ្តើម​ស្រឡាញ់​មនុស្ស​ស្រី​តាំង​ពី​វ័យ​ក្មេង​មក។ លោក​បន្ថែម​ថា ការ​ស្រឡាញ់​មនុស្ស​ភេទ​ដូច​គ្នា បាន​ធ្វើ​ឲ្យ​លោក​រង​នូវ​ការ​ប្រមាថ និង​រើស​អើង​យ៉ាង​ខ្លាំង​ពី​មនុស្ស​ជុំ​វិញ​ខ្លួន។​

ដូចកញ្ញា ឈុន មុនីវិច្ឆរ៉ា ដែរ​សកម្មជន​វ័យ​៣៦​ឆ្នាំ​រូប​នេះ​បន្ថែម​ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ដើម្បី​ការពារ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ដើម្បី​លោក​អាច​រៀប​ការ​ជាមួយ​ដៃគូ​របស់​លោក​បាន​ស្រប​ទៅ​តាម​ច្បាប់ និង​ជៀស​ផុត​ពី​ការ​រើសអើង​គ្រប់​រូប​ភាព។

«ពេល​មាន​ច្បាប់​ហ្នឹង​មក​គឺ​យើង​មាន​សិទ្ធិ​សេរីភាព​ស្មើគ្នា​ និង​យើង​លែង​មាន​ការ​រើស​អើង​ពី​សង្គម ពី​អ្នក​ជិត​ខាង ពី​គាត់​ថ្នាក់​ធំ ទាហាន ប៉ូលីស​អី​អញ្ចឹង គឺ​យើង​មាន​ច្បាប់​ហ្នឹង សំខាន់​បំផុត​គឺ​យើង​មាន​សិទ្ធិ​ពេញ​លេញ​ដូច​ប្រជាពលរដ្ឋ​ដទៃ​ដែល​គេ​មាន​ច្បាប់​អាពាហ៍​ពិពាហ៍ និង​អេតាស៊ីវិល»។

នៅ​ក្នុង​កម្មវិធី​នោះ ក៏​មាន​ការ​សម្តែង​របស់​ក្រុម​អ្នក​ងាយ​រងគ្រោះ បង្ហាញ​អំពី​ការ​រង​នូវ​ការ​រើស​អើង​ពី​សង្គម​ និង​ការ​ប្រើ​ហិង្សា​ក្នុង​គ្រួសារ ព្រមទាំង​ការ​លើកឡើង​របស់​អ្នក​ស្រឡាញ់​ភេទ​មួយ​ចំនួន​ដែល​ថា ពួកគេ​រង​នូវ​ការរើសអើង​នៅ​សាលារៀន សហគមន៍​ កន្លែង​ធ្វើការ និង​ការ​មិន​អនុញ្ញាត​ឲ្យ​រៀប​ការ​ជាដើម។

​អ្នកស្រី មាជ សុធារី អនុប្រធាន​នាយកដ្ឋាន​សមភាព​យេនឌ័រ​ក្រសួង​កិច្ចការ​នារី លើក​ឡើង​ថា បច្ចុប្បន្ន​ រាជ​រដ្ឋាភិបាល​មាន​គោល​នយោបាយ​ក្នុង​ការ​លើក​កម្ពស់​សមភាព​យេន​ឌ័រ ដោយ​មានការ​ស្រាវ​ជ្រាវ​ពី​បញ្ហា​របស់​អ្នកស្រឡាញ់​ភេទដូចគ្នា និង​បញ្ជ្រៀប​ចំណេះ​ដឹង​ដល់​គ្រួសារ និង​សហគមន៍ កុំ​ឲ្យ​មានការ​រើស​អើង​អ្នកស្រឡាញ់​ភេទ​ដូច​គ្នា។ យ៉ាង​ណា​ក្តី​អ្នកស្រី​ថា ​កម្ពុជា​មានរដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូ​លចែង​ពីសិទ្ធិ​ស្មើគ្នា​របស់​បុគ្គល ​ប៉ុន្តែរដ្ឋាភិបាល​មិន​ទាន់មាន​ការ​ជជែក​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ច្បាប់​ដាច់​ដោយ​ឡែក​ចែង​ពីការ​រើស​អើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ឡើយ។

«នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ទោះ​បី​យើង​អត់​ទាន់​មាន​ច្បាប់​ពេញ​លេញ​សម្រាប់​ពួកគាត់ ជា​ច្បាប់ដាច់​ដោយ​ឡែក​ ឬ​ក៏​យ៉ាងណា​នោះ​ ប៉ុន្តែ​ការ​រើស​អើង​របស់​យើងមាន​ដែរ តែ​មាន​កម្រិត មាន​ន័យ​ថា​គាត់​អាច​រៀប​អាពាហ៍​ពិពាហ៍​បាន​ មាន​ន័យ​ថា​ចុះ​កាសែត​ចុះ​អី​កនុងការ​រៀប​អាពាហ៍​ពិពាហ៍​របស់​គាត់​ គ្រាន់តែ​ថា​ច្បាប់​អត់​បាន​ទទួល​ស្គាល់ ប៉ុន្តែ​យើង​អត់បាន​បំបិទ​សិទ្ធិ​សេរីភាព​របស់​គាត់ក្នុងការ​រៀប​អាពាហ៍​ពិពាហ៍​អីដែរ»។

​របាយ​ការណ៍ស្តីពី​ «សិទ្ធិ​ក្នុង​ការ​មិន​រើស​អើង​ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​និន្នាការ​ភេទ និង​អត្ត​សញ្ញាណ​យេនឌ័រ ការ​បង្ហាញ​នូវ​ទំនោរ​យេន​ឌ័រ និង​លក្ខណៈ​ភេទ​នៅ​កន្លែង​ការងារ​នៅ​កម្ពុជា» ចេញ​ផ្សាយដោយមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជានៅ​ថ្ងៃ​ច័ន្ទ​នេះ រក​ឃើញ​ថា ​ប្រទេសកម្ពុជា​ខ្វះខាត​កិច្ច​ការពារ​ផ្នែក​ច្បាប់​សំខាន់ៗ​ប្រឆាំង​ការ​រើស​អើង​ដោយ​មូលហេតុ​នៃ​និន្នាការ​ភេទ​និង​អត្តសញ្ញាណ​យេនឌ័រ។

លោក នួន ស៊ីដារ៉ា អ្នក​សម្រប​សម្រួល​គម្រោង​និន្នាការ​ភេទ​និង​អត្តសញ្ញាណ​យេនឌ័រ​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លើកឡើង​ថា​ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ជា​ទូទៅ កើត​ឡើង​ពី​កត្តា​ធម្មជាតិ ។ លោក​បន្ត​ថា ការ​រើស​អើង​អ្នក​ស្រឡាញ់​ភេទ​ជា​ច្រើន​ តែង​កើត​មាន​ដោយ​សារ​ការ​មិន​យល់​ដឹង​អំពី​តម្លៃ​និង​សិទ្ធិ​មនុស្ស។

មន្រ្តី​សិទ្ធិ​មនុស្ស​រូប​នេះ​បន្ថែមថា កង្វះ​ខាតចំណាត់ការ​ផ្លូវ​ច្បាប់​ចំពោះ​ការ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​តែង​រង​នូវ​ការ​រើស​អើង​ពី​សហគមន៍ គ្រួសារ សាលារៀន និងកន្លែង​ធ្វើ​ការ។

«វាជា​មូលដ្ឋាន​គ្រឹះ ដើម្បី​ឈោង​ទៅ​ចាប់​យក​សិទ្ធិ​ផ្សេងៗ ដូចជា​សិទ្ធិ​រៀប​អាពាហ៍​ពិពាហ៍ ឬ​ក៏​ការ​ទទួល​ស្គាល់​យេនឌ័រ។ អញ្ចឹង​បើសិន​ជា​មិនមាន​ការ​ប្រឆាំង ការ​រើស​អើង​ពី​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា គាត់​មាន​សិទ្ធិ​ស្មើគ្នា គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ការងារ ទៅ​សាលារៀន​ ជាពិសេស​ប្រឆាំង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ពី​ឪពុក​ម្តាយ។ យើង​ឃើញ​ថា​ឪពុកម្តាយ​ភាគ​ច្រើន​គិត​ថា​វាយ​កូន​ដើម្បី​កែ​តែ​ប៉ុណ្ណឹង ហើយ​សហគមន៍​ផ្សេងៗ ​វាយ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ដោយ​គិតថា​ ​វា​អត់​មាន​ទោស​ទេ ពីព្រោះ​វា​អត់​មាន​ច្បាប់​ណា​ចែង​អញ្ចឹង​ផង»។​

លោក នួន ស៊ីដារ៉ា បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​តួលេខ​ជាក់​លាក់បង្ហាញ​ពី​ចំនួន​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​នៅ​ឡើយ៕