អ្នក​ច្បាប់​អន្តរជាតិ​សុំ​ឱ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​កែទម្រង់​ប្រព័ន្ធ​តុលាការ

រូបឯកសារ៖ ប្រជា​ពលរដ្ឋ​​​នាំគ្នា​តវ៉ា​យ៉ាង​ខ្លាំង​នៅ​ពី​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ។

ក្រុម​អ្នក​ជំនាញ​ច្បាប់​អន្តរជាតិ​បាន​ហៅ​ច្បាប់​បី​នៃ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ថា​ មិន​ធានាឲ្យ​បាន​​ឯករាជ្យ​ភាព ​ហើយ​ទាមទារឲ្យ​ធ្វើ​វិសោធនកម្ម ព្រោះ​ច្បាប់​ទាំង​បី​នេះ​បាន​ផ្តល់​សិទ្ធិ​អំណាច​យ៉ាង​ធំធេង​ទៅ​ដល់​ក្រសួង​យុត្តិធម៌។

ក្រុម​អ្នក​ជំនាញ​ច្បាប់​អន្តរជាតិ​បាន​ហៅ​ច្បាប់​បី ​ដែល​អនុម័ត​ដោយ​តំណាង​រាស្រ្ត​នៃ​គណបក្ស​កាន់​អំណាច​សម្រាប់​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ថា​ មិន​បាន​ធានា​ដល់​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវ​តែ​ធ្វើ​វិសោធនកម្ម ព្រោះ​ច្បាប់​ទាំង​បី​នេះ​បាន​ផ្តល់​សិទ្ធិ​អំណាច​យ៉ាង​ធំធេង​ទៅ​ដល់​ក្រសួង​យុត្តិធម៌។

ពួក​គេ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ ដោយ​ផ្អែក​ទៅ​លើ​របាយ​ការណ៍​ស្វែងរក​ការ​ពិត​មួយ​ស្តី​ពី​ «យុត្តិធម៌ និង​អំពើ​ពុក​រលួយ»​ បញ្ហា​ប្រឈម​ចំពោះ​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស​នៃ​គណៈ​មេធាវី​អន្តរជាតិ​ (International Bar Association's Human Rights Institute) ​ហើយ​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។​

របាយការណ៍​ដែល​ធ្វើ​ឡើង​តាមរយៈ​ការ​ធ្វើ​ទស្សនកិច្ច​ ការ​ស្រាវជ្រាវ​ និង​បទ​សម្ភាសន៍​ជា​បន្ត​បន្ទាប់​បាន​ពិនិត្យ​ជា​ដំបូង​លើ​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​ ហើយបាន​សនិ្នដ្ឋាន​ថា៖ «រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នឹង​មាន​ឆន្ទា​នុសិទ្ធិ​ និង​ឥទ្ធិពល​លើ​ផែ្នក​ស្ទើរ​តែ​ទាំង​អស់​របស់​ចៅក្រម។​ បច្ចុប្បន្ន​ វិសាល​ភាព​អំណាច​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លើ​ប្រព័ន្ធ​តុលាការ​ ដូច​ជា ឥ​ទ្ធិពល​ផ្លូវការ​យ៉ាង​ច្រើន​លើ​ផ្នែក​ថវិកា​ ធនធាន​ ការ​បណ្តុះ​បណ្តាល​ ការ​តែង​តាំង​ ការ​ដំឡើង​តំណែង​ រយៈ​ពេល​កាន់​តំណែង​ និង​ការ​ដក​ចេញ​ នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ ត្រូវ​បាន​ចែង​ក្នុង​ច្បាប់​ថ្មី​ទាំង​បី ដែល​គ្មាន​សង្គ​តិ​ភាព​ជាមួយ​បទដ្ឋាន​អន្តរជាតិ​ឡើយ»។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ និង​អ្នក​ជំនាញ​ផ្នែក​ច្បាប់​ដែល​កំពុង​ធ្វើ​ការ​ក្នុង​វិស័យ​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អ្នក​ស្រី​ Brenda Lee Edwards​ បាន​ឲ្យ​ដឹងថា​ របាយការណ៍​ដែល​អ្នក​ស្រី​បាន​ស្ម័គ្រ​ចិត្ត​ចូលរួម​ចំណែក​ក្នុង​ការ​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​នូវ​ការ​ស៊ី​សំណូក​សូក​ប៉ាន់ និង​អំពើ​ពុក​រលួយ​នៅ​ក្នុង​តុលាការ​នៃ​ប្រទេស​កម្ពុជា។

«របាយការណ៍​របស់​ពួក​យើង​បាន​ពិចារណា​ផង​ដែរ ទៅ​លើ​ទិដ្ឋភាព​សំខាន់ៗ​ផ្សេង​ទៀត​ ដែល​តុលាការ​កំពុង​ប្រឈមមុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​គឺ​ការ​សូក​ប៉ាន់​ និង​អំពើ​ពុករលួយ។​ នេះ​គឺ​ជា​ការ​ខូច​ខាត​ដ៏​សម្បើម​មួយ​ជាមួយ​នឹង​ក្តី​បារម្ភ។ តម្លៃ​គន្លឹះ​សំខាន់​មួយ​សម្រាប់​តុលាការ​ទាំងឡាយ​គឺ ​សេចក្តី​សុច្ចរិត​ភាព​ត្រឹមត្រូវ​ ភាពស្មើគ្នា​ សមត្ថភាព​ និង​ការ​យក​ចិត្ត​ទុក​ដាក់។ យើង​បាន​រក​ឃើញ​នូវ​ភស្តុតាង​ តាមរយៈ​មនុស្ស​ដែល​យើង​បាន​និយាយ​ជាមួយ​នៅ​ទី​នេះ​ថា ​មាន​ឥទ្ធិពល​ពុក​រលួយ​ ទាំង​ផ្លូវ​នយោបាយ​ និង​ហិរញ្ញវត្ថុ​នៅ​ស្ទើរ​គ្រប់​ដំណាក់​កាល​នីមួយ​នៃ​សកម្មភាព​របស់​តុលាការ»។

អ្នក​ស្រី​បាន​លើក​ឧទាហរណ៍​មួយ​ថា​ នៅ​ពេល​រៀប​នឹង​ចេញ​ទៅ​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​ ចៅក្រម​ដែល​ត្រូវ​ការការ​បណ្តុះ​បណ្តាល​ត្រូវ​បាន​សួរ​ និង​ប្រាប់​ឲ្យ​សូក​សំណូក​ជា​ថ្នូរ​ទៅ​នឹង​ការ​ទទួល​បាន​នូវ​ការ​បណ្តុះបណ្តាល ​ហើយ​ថា​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​អ្នកស្រី​ក៏ត្រូវ​បាន​ប្រាប់​ថា បុគ្គល​ដែល​ជា​សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​លទ្ធភាព​ច្រើន​ក្នុង​ទទួល​បាន​ការ​តែង​តាំង​ និង​ការ​ដំឡើង​តំណែង​នៅ​ពេល​ណា​ដែល​ពួក​គេ​ត្រូវ​បាន​តែង​តាំង។

លោក​ស្រី​បន្តថា​ ចៅក្រម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ឮ​យ៉ាង​ទូលំទូលាយ​ថា​ មិន​មាន​ទម្លាប់​ប្រកាន់​យក​ភាព​មិន​លម្អៀង​នោះ​ឡើយ​ ហើយ​ភស្តុតាង​ជាច្រើន​ដែល​អ្នក​ស្រី​ទទួល​បាន​ ក៏​ឲ្យដឹង​ដែរ​ថា ចៅក្រម​ជា​ញឹកញយ​ត្រូវ​បាន​ចង្អុល​បង្ហាញ​ពី​ក្រសួង​យុត្តិធម៌​ ឬអ្នក​ដទៃ​នៅ​ក្នុង​រដ្ឋាភិបាល​អំពី​ថា តើ​ត្រូវ​សម្រេចក្តី​នោះ​យ៉ាង​ដូចម្តេច​ ដែល​នេះ​ជា​ការ​ផ្ទុយ​គ្នា​ទៅ​នឹង​មាត្រា៥០​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ដែល​បាន​ចែង​ថា​អំណាច​នីតិ​ប្រតិបត្តិ​ និង​តុលាការ​ត្រូវ​តែ​ចែក​ឲ្យ​ដាច់​ពី​គ្នា។

ច្បាប់​ទាំង​បី​ដែល​មាន​តែ​តំណាង​រាស្រ្ត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អនុម័ត​នៅ​ក្នុង​រដ្ឋ​សភា​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤​នោះ​ រួម​មាន ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គការ​ចៅក្រម​ ច្បាប់​ស្តី​ពី​លក្ខ​ន្តិកៈ​ចៅក្រម​ និង​ព្រះរាជ​អាជ្ញា​ និង​ច្បាប់​ស្តី​ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​តុលាការ។​ ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​មិន​មាន​ការ​ចូលរួម​ពី​តំណាង​រាស្រ្ត​៥៥រូប​នៃ​បក្ស​ប្រឆាំង ដែល​បាន​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​ក្នុង​រដ្ឋសភា​នា​គ្រា​នោះ។

អ្នក​ស្រី ចក់​ សុភាព​ នាយិការ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ទទួល​ស្គាល់​ថា​ របាយការណ៍​នេះ​បាន​ទម្លាយ​ឲ្យ​ដឹង​ស្ថានភាព​ជាក់​ស្តែង ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ៖

«ខ្ញុំ​ឃើញ​ថា មាន​បញ្ហា​ជា​ច្រើន​ដែល​បាន​លើក​នេះ​ គឺ​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ ដែល​បាន​កើត​ឡើង​ជាក់​ស្តែង​ ហើយ​ជា​ពិសេស​ចំពោះ​អនុសាសន៍​ដែល​បាន​លើក​ឡើង​ដាក់​ទៅ​ចំៗ​ ចំពោះ​តួ​អង្គ​ដែល​ពាក់​ព័ន្ធ​ហ្នឹង​ ខ្ញុំ​យល់ថា អនុសាសន៍​មួយ​ដែល​មាន​អត្ថន័យ​ស្ថាបនា ហើយ​ដែល​គួរ​តែ​ស្ថាប័ន​ពាក់​ព័ន្ធ​អាច​យក​ទៅ​ពិចារណា ដើម្បី​ពង្រឹង​នូវ​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា​យើង»។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចូល​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ទៅ​ក្នុង​កម្មវិធី​នយោបាយ​របស់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ គណបក្ស​នេះ​បាន​សម​គំនិត​ក្នុង​កិច្ច​ព្រម​ព្រៀង ដែល​ធានាអំណាច​របស់​ស្ថាប័ន​នីតិ​ប្រតិបត្តិ​លើ​តុលាការ។

លោក គឹម សន្តិភាព​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​ ដោយ​លោក​បាន​បង្វែរ​សំណួរ​ទៅ​អ្នក​នាំ​ពាក្យ​ក្រសួង​មួយ​រូប​ទៀត​ គឺ​លោក ជិន ម៉ាលីន ​តែ​លោក​ជិន ម៉ាលីន ​មិន​លើក​ទូរស័ព្ទ។ VOA ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌​ អង្គ​ វង្សវឌ្ឍនា​ ផងដែរ​ តែ​ទូរស័ព្ទ​របស់​លោក​រដ្ឋមន្ត្រី​រោទិ៍​ដោយ​គ្មាន​អ្នក​ទទួល។​

នៅក្នុង​ការ​ផ្តល់​អនុសាសន៍​ទាក់ទិន​ច្បាប់​ទាំង​បី​នេះ​ ក្រុម​អ្នក​ជំនាញ​ច្បាប់​ដែល​រៀបរៀង​របាយ​ការណ៍​នេះ​ បាន​ថ្លែង​ថា​ ក្រសួង​យុត្តិធម៌​មិន​គួរ​ណា​ជាប់​ពាក់​ព័ន្ធ​អ្វី​ទាំង​អស់​ ក្រៅ​តែ​ពី​កិច្ច​ការ​រដ្ឋបាល​ដែល​មិនធ្វើ​ឲ្យ​ខូច​ដល់​ឯករាជ្យ​ភាព​របស់​តុលាការ។ ពួក​គេ​ថា ​មន្ត្រី​តុលាការ​ក៏​មិន​ត្រូវ​ជា​សមាជិក​នៃ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។ ពួក​គេ​សង្កត់​ធ្ងន់​ម្តង​ហើយ​ម្តងទៀត​ថា​ ច្បាប់​ទាំង​បី​នេះ​ត្រូវ​តែ​ទទួល​បាន​ការ​ធ្វើ​វិសោធនកម្ម​ពី​រដ្ឋសភា​ជាតិ៕