គណបក្សគ្រប់គ្រងអំណាចនៃប្រទេសកម្ពុជា បានបន្តបំពានរដ្ឋធម្មនុញ្ញ ដោយបោះឆ្នោតដកលោក កឹម សុខា ចេញពីតំណែងអនុប្រធានរដ្ឋសភា ដោយសារតែការបោះឆ្នោតនេះ ធ្វើឡើងក្នុងលក្ខណៈតក់ក្រហល់ និងមិនស្របតាមនីតិវិធីច្បាប់។ នេះបើតាមការបញ្ជាក់ពីអ្នកជំនាញច្បាប់នៅក្នុងប្រទេសកម្ពុជា ដែលពន្យល់ថា ការណ៍នេះ បង្ហាញថាប្រទេសកម្ពុជា ពុំបានផ្ដល់តម្លៃដល់លទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះទេ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានបោះឆ្នោតទម្លាក់ពីតំណែងរបស់លោកនៅក្នុងរដ្ឋសភាជាឯកច្ឆន្ទ ដោយអ្នកតំណាងរាស្ត្រ៦៨រូបមកពីគណបក្សប្រជាជនកម្ពុជា ដោយគ្មានវត្តមានពីអ្នកតំណាងរាស្ត្រ៥៥រូបពីគណបក្សសង្គ្រោះជាតិ។
លោក សឺន ស៊ូប៊ែរ៍ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានគណបក្សសិទ្ធិមនុស្ស មានប្រសាសន៍ថា គណបក្សកាន់អំណាច កំពុងតែដើរតាមលំអានចាស់របស់ខ្លួន ដូចដែលបានធ្វើឡើងកាលពីពេលកន្លងមក ទាក់ទិនការបោះឆ្នោតជាកញ្ចប់ដើម្បីបង្កើតរដ្ឋាភិបាល ដែលទង្វើនេះ ផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
លោកថា ការដកដំណែងលោកកឹម សុខា ដោយគ្មាននីតិវិធីត្រឹមត្រូវ និងគ្មានការពិភាក្សាគ្រប់គ្រាន់រវាងតំណាងរាស្ត្រនៃគណបក្សនយោបាយធំៗទាំងពីររឹតតែបញ្ជាក់ថា រដ្ឋធម្មនុញ្ញបែបប្រជាធិបតេយ្យត្រូវបានបំពានជាថ្មីម្ដងទៀត។
«របៀបចាត់ការភ្លាមៗអញ្ចឹង អត់មាន សភាពិភាក្សាស្អីៗ។ យ៉ាងហោចណាស់សម្រាប់ រដ្ឋាភិបាលត្រូវមានគេហៅថា motion (សេចក្ដីស្នើ) ត្រូវមានសេចក្ដីស្នើទៅរដ្ឋសភាហ្នឹង ចោទប្រកាន់ទៅរករដ្ឋាភិបាល ពីរដងក្នុងមួយឆ្នាំ គេអាចទម្លាក់រដ្ឋាភិបាលបាន។ បើតាមខ្ញុំចាំ នីតិវិធីវាហ្នឹង នេះអត់មាននីតិវិធីអីទាំងអស់ស្រាប់តែ ទម្លាក់គេ»។
នៅមុនការបោះឆ្នោតទម្លាក់លោកកឹម សុខា កាលពីថ្ងៃសុក្រ គណៈអចិន្ត្រៃយ៍សភា បានកោះប្រជុំបន្ទាន់មួយ ដោយមានការចូលរួមពីតំណាងរាស្ត្រនៃគណបក្សប្រឆាំងបីរូប គឺលោក អេង ឆៃអ៊ាង លោក យ៉ែម បុញ្ញរិទ្ធ និងលោក ហូ វ៉ាន់ផងដែរ។
ភ្លាមៗ បន្ទាប់ពីការប្រជុំនោះ សភាដែលមានតែតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ បានបោះឆ្នោតទម្លាក់លោកកឹម សុខា ។ ចំនែកឯ អ្នកតំណាងរាស្ត្រខាងគណបក្សសង្គ្រោះជាតិ៥៥រូប បានធ្វើពហិការមិនចូលរួមក្នុងអង្គប្រជុំនោះ។
លោកសុក សំអឿន ជាមេធាវីការពារសិទ្ធិមនុស្ស ថ្លែងប្រាប់ VOA ថា រដ្ឋធម្មនុញ្ញ តម្រូវឲ្យមានការសម្រេចតាមផ្លូវច្បាប់ជាមួយមតិពហុបក្ស តែលោកមើលឃើញថា ការសម្រេចផ្លូវច្បាប់នៅក្នុងរដ្ឋសភា ជារឿយៗ ធ្វើឡើងដោយតំណាងរាស្ត្រមកពីគណបក្សតែម្ខាងប៉ុណ្ណោះ។
«ខ្ញុំចេះតែសង្កេតឃើញថា យើងប្រកាន់គោលការណ៍ របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទាល់ពហុបក្សរបស់យើង វាហាក់ដូចជា សំដៅទៅលើថា នៅពេលដែលបង្កើតសភាត្រូវតែមានពីរបក្សឡើងទៅតែប៉ុណ្ណឹង។ ក៏ប៉ុន្តែ ដល់ពេលខាងសម្រេច ដូចជាកម្រ ដូចយើងផ្ដោតទៅលើមតិភាគច្រើនតែមួយមុខ អត់និយាយពី អត់បញ្ចូលពហុបក្សហ្នឹង បើសិនគេប្រជុំសម្រេច មានបក្សទាំងពីរ អាហ្នឹងយើងយកច្រើនទោះបីនរណាបោះ នរណាមិនបានបោះ អាហ្នឹងក៏យើងឃើញថា ជាការសម្រេចបែបពហុបក្សដែរណ៎ា»។
ទោះជាយ៉ាងណា រដ្ឋសភាបានចេញសេចក្ដីថ្លែងការណ៍ ការពារសេចក្ដីសម្រេចរបស់អ្នកតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា ដោយយោងទៅតាមមាត្រា៨២ និងមាត្រា៨៧នៃរដ្ឋធម្មនុញ្ញ។ ខ្លឹមសារមាត្រាទាំងពីរនេះ មិនបាននិយាយច្បាស់ចំពោះការដកតំណែងថ្នាក់ដឹកនាំរដ្ឋសភានោះទេ។
លោកសុក សំអឿន ពន្យល់ថា រដ្ឋធម្មនុញ្ញ បានចែងអំពីការផុតតំណែងរបស់ថ្នាក់នាំរដ្ឋសភាប៉ុណ្ណោះ មិនបាននិយាយដល់ការបោះឆ្នោតសម្រេចដកដំណែងនោះទេ។ លោកសង្កត់ធ្ងន់ថាប្រសិនបើ មានការបោះឆ្នោតដោយគណបក្សតែម្ខាង ក្នុងការសម្រេចចិត្តណាមួយ ដោយយោងទៅតាមមតិភាគច្រើននៅក្នុងរដ្ឋសភាទៀតនោះ ប្រទេសកម្ពុជាអាច ប្រឈមមុខនឹងអស្ថិរភាពនយោបាយ។
«បើសិនជា អញ្ចឹងយើងបារម្ភថា ពាក់ព័ន្ធដល់ស្ថេរភាព នយោបាយច្រើនជាង ព្រោះដល់អញ្ចឹងវាដូចសំឡេងភាគច្រើនហ្នឹង កំពុងមានប្រៀបហើយអាចធ្វើអ្វី អាចគាបសង្កត់ទៅលើសំឡេងភាគតិចអីជាដើម»។
មាត្រាទី១នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាចែងថា៖ «ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រ ទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។
យ៉ាងណាក៏ដោយ លោក ជាម យៀប អ្នកតំណាងរាស្ត្រនៃគណបក្សកាន់អំណាច និងជាប្រធានគណៈកម្មការហិរញ្ញវត្ថុ និងធនាគារនៃរដ្ឋសភា បានពន្យល់ប្រាប់អ្នកតំណាងរាស្ត្រមកពីគណបក្សរបស់លោកថា បើសិនជា លោកកឹម សុខា បន្តស្ថិតនៅក្នុងតំណែងទៀតនោះ អសន្តិសុខជាតិនឹងកើតមាននៅក្នុងប្រទេសកម្ពុជា។
លោកកឹម សុខា ធ្លាប់ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារ ជាមួយអ្នករិះគន់រដ្ឋាភិបាលលោកហ៊ុន សែនបួននាក់ផ្សេងទៀតនៅឆ្នាំ២០០៥ ដោយសារការតវ៉ាប្រឆាំងការចុះសន្ធិសញ្ញាបន្ថែម ដែលតំណាងរាស្ត្រគណបក្សសម រង្សីនៅពេលនោះ បានចោទថា មិនស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា និងអាចបំពានបូរណភាពទឹកដីប្រទេសកម្ពុជា។ នៅពេលនោះ លោកកឹម សុខា គឺជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
រយៈពេល១០ឆ្នាំក្រោយមក លោកកឹម សុខា នៅតែប្រឈមមុខនឹងការវាយប្រហារពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដដែលដោយសារតែលោកកឹម សុខា បន្តរិះគន់រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
នៅមុនការដកតំណែងរបស់លោកកឹម សុខាកាលពីថ្ងៃសុក្រ ដោយអ្នកតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា លោកហ៊ុន សែន បានព្រមានលោកកឹម សុខា ថាលោកកឹម សុខាអាចធ្លាក់ចេញពីមុខតំណែង ដោយសារសំឡេងឆ្នោតរបស់អ្នកតំណាងរាស្ត្រនៃគណបក្សរបស់លោក។
សកម្មភាពមិនស្របតាមរដ្ឋធម្មនុញ្ញនេះ ត្រូវបានការពារដោយអ្នកនាំពាក្យនៃរដ្ឋសភាជាតិ គឺលោកឈាង វ៉ុន ដែលថ្លែងថា ការដកដំណែងលោកកឹម សុខា គឺធ្វើទៅតាមការស្នើសុំរបស់អ្នកតំណាងរាស្ត្រ៦៣រូបនៃគណបក្សប្រជាជនកម្ពុជា ដោយមិនបានធ្វើទៅតាមការទាមទាររបស់ក្រុមអ្នកតវ៉ាជាង១.០០០នាក់ ដែលបានធ្វើបាតុកម្មទាមទារឲ្យដកលោកកឹម សុខាកាលពីថ្ងៃច័ន្ទនោះឡើយ។
បាតុកម្មនេះ បានក្លាយជាហិង្សានៅនាទីចុងក្រោយ ដោយបានបណ្ដាលឲ្យអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះពីនាក់គឺលោកគង់ សភា និងលោកញ៉យ ចំរើនរងរបួសយ៉ាងដំណំរហូតត្រូវទៅព្យាបាលនៅប្រទេសថៃ។
លោកយ៉ែម បុញ្ញឬទ្ធ អ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ការដកតំណែងលោកកឹម សុខា គឺមិនស្របរដ្ឋធម្មនុញ្ញ បើទោះជាមានការបកស្រាយពីរដ្ឋសភាថា ការដកតំណែង នេះ ត្រូវបានធ្វើឡើងទៅតាមរដ្ឋធម្មនុញ្ញនោះក៏ដោយ។
«ខ្ញុំគិតថា រដ្ឋធម្មនុញ្ញរបស់យើង ជាស្មារតីនៃច្បាប់ជៀសវាងការបកស្រាយ ដើម្បីទៅតាមពេលវេលា កាលៈទេសៈមួយៗ ដូច្នេះយើងយល់ឃើញថា មិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញទេ ហើយមិនត្រឹមតែប៉ុណ្ណោះទៀតសោត គឺជាការរំលោភកិច្ចព្រមព្រៀង២២កក្កដា ទៅទៀត»។
ការបកស្រាយច្បាប់រដ្ឋធម្មនុញ្ញ ឬការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កន្លងមក គណបក្សប្រជាជនកម្ពុជា បានសម្រេចដល់គោលដៅរបស់ជារឿយៗ ដោយសារតែគណបក្សនេះ មានសំឡេងភាគច្រើនក្នុងសភា និងនៅក្រុមប្រឹក្សាធម្មនុញ្ញ។
កាលពីឆ្នាំ២០០៤ ការបោះឆ្នោតជាកញ្ចប់បានកើតឡើងតាមការបង្កើតច្បាប់រដ្ឋធម្មនុញ្ញបន្ថែមដ៏ចម្រូងចម្រាស ។ អ្នកច្បាប់ខ្លះចាត់ទុកថាការបោះឆ្នោតនោះ ខុសច្បាប់រដ្ឋធម្មនុញ្ញ៕