មន្ត្រីរដ្ឋាភិបាលកម្ពុជានៅថ្ងៃពុធនេះ បានបន្តថ្លែងការពារសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលមេដឹកនាំអង្គការមិនមែនរដ្ឋាភិបាលបដិសេធមិនទទួលយកប្រសិនបើចំណុចរសើបមួយចំនួននៅក្នុងសេចក្ដីព្រាងច្បាប់នេះមិនត្រូវបានកែសម្រួល។
ការថ្លែងការពាររបស់មន្ត្រីរដ្ឋាភិបាលចំពោះសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់នេះដែលរៀបចំឡើងនៅឯរដ្ឋសភាជាតិដោយមានការចូលរួមពីមេដឹកនាំអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ តំណាងរាស្ត្រគណបក្សកាន់អំណាច មន្រ្តីអង្គទូត ព្រមទាំងតំណាងសមាគម និងអង្គការក្រៅរដ្ឋាភិបាល។
លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលជាក្រសួងសាមីរៀបចំតាក់តែងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះ បានប្រាប់អ្នកចូលរួមថា មន្រ្តីផ្នែកច្បាប់របស់រដ្ឋាភិបាលកម្ពុជាបានដកពិសោធន៍ច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាលពីប្រទេសចំនួន៩ ដើម្បីធ្វើការតាក់តែងច្បាប់នេះ។
លោកមានប្រសាសន៍ថាច្បាប់ស្តីពីអង្គការនៃប្រទេសមួយចំនួនបានតម្រូវឲ្យមេដឹកនាំឬតំណាងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនីមួយៗមានកាតព្វកិច្ចចុះបញ្ជីការដើម្បីបានការទទួលស្គាល់ពីស្ថាប័នដែលមានសមត្ថកិច្ច ហើយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកទាំងនោះមិនត្រូវបានអនុញ្ញាតឲ្យទទួលជំនួយពីបរទេសជាដាច់ខាត។ លោកបានពន្យល់បញ្ជាក់បន្ថែមថា ប្រទេសខ្លះទៀតបានចាត់ទុកអង្គការក្រៅរដ្ឋាភិបាលដែលទទួលជំនួយពីបរទេសថាជាភ្នាក់ងារបទេសទៅវិញ ហើយថាភ្នាក់ងារបរទេសទាំងនេះត្រូវផ្តល់របាយការណ៍ប្រចាំឆ្នាំស្តីពីសកម្មភាពការងារ និងស្ថានភាពហិរញ្ញវត្ថុជូនដល់រដ្ឋាភិបាល។
លោកបានថ្លែងពីជំហររបស់រដ្ឋាភិបាលប្រទេសកម្ពុជាយ៉ាងដូច្នេះថា៖
«ចំណែកនៅព្រះរាជាណាចក្រកម្ពុជាវិញ មិនបានប្រកាន់ជំហរដូចបណ្ដាប្រទេសមួយចំនួនខាងលើនោះទេ សេចក្តីព្រាងច្បាប់នេះផ្ដល់លទ្ធភាពពេញលេញដល់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកទទួលយកជំនួយពីបរទេសមកបម្រើសកម្មភាពរបស់ខ្លួន ដោយគ្រាន់តែតម្រូវឲ្យចម្លងរបាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចស្តីពីសកម្មភាពនិងស្ថានភាពហិរញ្ញវត្ថុប្រចាំតែប៉ុណ្ណោះ»។
លោក ប៉ុល លឹម បានបន្តថា កម្ពុជាស្ថិតក្នុងស្ថានភាពដែលតម្រូវមានច្បាប់នេះជាចាំបាច់ ដោយបានរៀបរាប់ថា៖
«ភាពចាំបាច់ពេលនេះ ឃើញថាសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលគប្បីត្រូវមានច្បាប់គ្រប់គ្រងហើយ។មានន័យថាសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជានេះច្រើនណាស់ រាប់ទៅចុះនៅក្រសួងមហាផ្ទៃជាងបួនពាន់និងអនុស្សរណៈនៅក្រសួងការបរទេសជាងបួនរយ។ អញ្ចឹងខ្ញុំបាទដែលទៅការពាររបាយការណ៍ UPR នៅអង្គការសហប្រជាជាតិនៅហ្សឺណែវពីរលើកហើយ ក៏បានសួរអស់លោកឯកឧត្ដមដែលចូលរួមថាតើនៅប្រទេសអស់លោកមានសមាគមច្រើនដូចកម្ពុជា? គេថាហ៊ឺខ្ញុំមិនឆ្លើយបានទេ ប៉ុន្តែកម្ពុជាដូចជាច្រើនពេក»។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជារូបនេះបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះមិនមានចេតនារិតត្បិតដល់សេរីភាពក្នុងការបង្កើតនិងការធ្វើប្រតិបត្តិការរបស់សមាគមនិងអង្គការក្រៅរដ្ឋាភិបាលនោះទេ ពីព្រោះសេចក្ដីព្រាងច្បាប់មានបំណងគ្រប់គ្រងសមាគមនិងអង្គការក្រៅរដ្ឋាភិបាលនេះ ឲ្យស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។
ផ្ទុយពីការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលរូបនេះ លោក សឿង សារឿន នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការពិគ្រោះយោបល់នោះថា ក្រុមអង្គការសង្គមស៊ីវិលនៅប្រកាន់ជំហរមិនទទួលយកសេចក្តីព្រាងច្បាប់នៅក្នុងទម្រង់បច្ចុប្បន្ន។ លោកស្នើឲ្យមានការកែប្រែមាត្រាចំនួនពីរជាបន្ទាន់ក្នុងចំណោមមាត្រាផ្សេងទៀតដែលមានលក្ខណៈរិតត្បិតលើសិទ្ធិសេរីភាព ហើយដែលត្រូវបានសរសេរនៅក្នុងសេចក្ដីព្រាងច្បាប់នេះ។
«មាត្រាពីរទៀតដែលអង្គការសង្គមស៊ីវិលទទូចឲ្យមានការផ្លាស់ប្តូរយ៉ាងគំហុកគឺមាត្រាទីប្រាំបួន ដែលមាត្រាទីប្រាំបួននេះ គឺអង្គការសង្គមស៊ីវិលក្នុងស្រុក អង្គការជាតិក្នុងស្រុកឬក៏សមាគមក្នុងស្រុកត្រូវតែចុះបញ្ជី។ បើអត់ចុះបញ្ជីគឺគាត់អត់អាចធ្វើសកម្មភាពបាននោះទេ។ អញ្ចឹងចំណុចនេះគឺមានការរំលោភទៅលើសន្ធិសញ្ញាស្តីអំពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយក្នុងមាត្រា២២ដែលអនុញ្ញាតឲ្យមនុស្សគ្រប់រូបបង្កើតអង្គការសមាគមដោយសេរី»។
លោកឲ្យបន្តថា មាត្រា២៤ ដែលនិយាយពីអព្យាក្រឹតភាពនៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំពោះគណបក្សនយោបាយបានរំលោភបំពានដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិនយោបាយដែលមានចែងក្នុងមាត្រា៤១នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
«អញ្ចឹងជាសរុប ជំហររបស់អង្គការសង្គមស៊ីវិលគឺច្បាប់អង្គការសមាគមមិនមែនរដ្ឋាភិបាលនៅក្នុងទម្រង់បច្ចុប្បន្ននេះ គឺពួកយើងមិនអាចទទួលយកបានទេ»។
សេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែល VOA ទទួលបានពីមន្រ្តីនៅរដ្ឋសភានៅថ្ងៃនេះ មាន៩ជំពូក និង៣៩មាត្រា។
សេចក្តីព្រាងច្បាប់បានចែងពីវិធានការរដ្ឋបាលនិងទោសប្បញ្ញត្តិផងដែរ។ នៅក្នុងមាត្រាមួយចំនួនចែងពីវិធានការរដ្ឋបាលនិងទោសប្បញ្ញត្តិនេះ បានបើកផ្លូវឲ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់ចំពោះសមាគមឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកណាដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ ក្នុងករណីមិនរាងចាល សមាគមឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនោះ ត្រូវពិន័យជាប្រាក់ពី៥លានរៀលទៅ១០លានរៀលដោយក្រសួងមហាផ្ទៃ។
ទាក់ទិននឹងសមាគមឬអង្គការមិនមែនរដ្ឋាភិបាលបរទេសវិញ មាត្រា៣៤នៃសេចក្តីព្រាងច្បាប់នេះបានចែងថា អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់ ចំពោះសមាគមឬអង្គការមិនមែនរដ្ឋាភិបាលបរទេសណាដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជី ឬដែលត្រូវបានបញ្ចប់ដោយសុពលភាពអនុស្សរណៈដោយក្រសួងការបរទេស។ វិធានការបន្ថែមទាក់ទងនឹងការបណ្តេញចេញស្របតាមច្បាប់អន្តោប្រវេសន៍អាចត្រូវបានអនុវត្តចំពោះជនបរទេសណាដែលបម្រើការងារនៅក្នុងសមាគមឬអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលប្រព្រឹត្តល្មើសខាងលើដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត៕