លោក Alexis Tsipras នាយករដ្ឋមន្ត្រីជាប់ឆ្នោតនៃប្រទេសក្រិក ដែលមាននិន្នាការនយោបាយឆ្វេងនិយម បានអះអាងទទួលជ័យជំនះកាលពីថ្ងៃអាទិត្យនៅក្នុងការបោះឆ្នោតជាតិ ដោយលោកបាននិយាយថាលោកនឹងបង្កើតរដ្ឋាភិបាលចម្រុះមួយឱ្យបានឆាប់រហ័ស ដើម្បីអនុវត្តវិធានការចំណាយត្បិតត្បៀត ដែលត្រូវបានទាមទារឱ្យមានដោយក្រុមម្ចាស់ឥណទានអឺរ៉ុបជាថ្នូរនឹងជំនួយសង្គ្រោះខាងហិរញ្ញវត្ថុដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ។
លោក Tsipras បានមានប្រសាសន៍ទៅកាន់ក្រុមមនុស្សដែលបានមកអបអរសាទរនៅកណ្តាលក្រុងអាតែន កាលពីយប់ថ្ងៃអាទិត្យតែប៉ុន្មានម៉ោងក្រោយពីក្រុមអ្នកបោះឆ្នោតក្រិកបានច្រានចោលការខិតខំប្រឹងប្រែងរបស់ក្រុមអភិរក្សនិយមដើម្បីយកការត្រួតត្រារដ្ឋាភិបាលនៅក្រុងអាតែន។
លោកបានមានប្រសាសន៍ថាលោកមានអារម្មណ៍ថា «លោកបានធ្វើត្រូវ» ហើយបាននិយាយបន្ថែមថា គណបក្ស Syriza របស់លោកនឹងខិតខំព្យាយាមផ្តល់កិត្តិយសដល់ «អណត្តិច្បាស់លាស់មួយ» ដើម្បីកសាងសេដ្ឋកិច្ចនៃប្រទេសក្រិកសារជាថ្មីឡើងវិញ និង«លើកដំកើងមោទនភាពរបស់ប្រទេសយើង»។
កាលពីពេលមុននោះ គូប្រជែងរបស់លោក Tsipras គឺលោក Vangelis Meimarakis មេដឹកនាំគណបក្សប្រជាធិបតេយ្យថ្មី ដែលជាគណបក្សអភិរក្សនិយមបានសរសើរលោក Tsipras ហើយបានសុំឱ្យលោកបង្កើតរដ្ឋាភិបាលថ្មីមួយឱ្យបានឆាប់រហ័ស ដែលលោក Tspras បាននិយាយថានឹងមានរួមបញ្ចូលគណបក្សប្រជារាស្តក្រិកឯករាជ្យដែលជាគណបក្សជាតិនិយម។ មេដឹកនាំនៃគណបក្សនេះបាននិយាយថា លោកនឹងចូលរួមក្នុងរដ្ឋាភិបាលចម្រុះនេះ៕