ការ​គាំទ្រ​គណបក្ស​ការងារ​ឆ្វេង​និយម​ក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើង​ដោយ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​សហរដ្ឋ​អាមេរិក និង​បារាំង

  • Henry Ridgwell

លោក Jeremy Corbyn មេដឹកនាំ​គណបក្ស​ការងារ​ដែល​ជា​គណបក្ស​ប្រឆាំង​នៅ​អង់គ្លេស ជួប​ជាមួយ​នឹង​អ្នក​នៅ​មូលដ្ឋាន​ក្នុង​ព្រះវិហារ Finsbury Park ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧។

នៅ​ពេល​ដែល​មាន​អស្ថិរភាព​ខាង​នយោបាយ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​នៅ​តែ​បន្ត ​អ្នក​ស្ទង់​មតិ​បោះ​ឆ្នោត​និយាយ​ថា ​ការ​បោះឆ្នោត​កាល​ពី​សប្តាហ៍​មុន​បង្ហាញ​ឲ្យ​ឃើញ​ពី​ព្រឹត្តិការណ៍​នៃ​ការផ្លាស់​ប្តូរ​ដ៏​សំខាន់​ជា​ប្រវត្តិសាស្ត្រ។ មនុស្ស​វ័យ​ក្មេង​បាន​បោះឆ្នោត​ក្នុង​ចំនួន​យ៉ាង​ច្រើន​ដោយ​មាន​អ្នក​ខ្លះ​ធ្វើ​ការ​ប៉ាន់ស្មាន​ថា ចំនួន​អ្នក​បោះឆ្នោត​បាន​កើន​ឡើង​ពី​ចំនួន​៤៤​ភាគរយនៅ​ក្នុង​ឆ្នាំ​២០១៥​រហូត​ដល់​៧២​ភាគ​រយ​នៅ​ឆ្នាំ​នេះ ​ហើយ​​អ្នក​បោះ​ឆ្នោត​ភាគ​ច្រើន​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ការងារ​ដែល​ជា​គណបក្ស​ឆ្វេង​និយម។ ពួក​សកម្មជន​និយាយ​ថា ​ពួកគេ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ចលនា​នយោបាយ​នៅ​ទូទាំង​សាកល​លោក។

លោក Ben Noble និងលោក James Fo ធ្វើ​ការ​នៅឯ​ស្ថានីយ​វិទ្យុ​ក្នុង​ទីក្រុង Brighton។ក្រៅ​ម៉ោង​ធ្វើ​ការ ​ពួកគេជា​សកម្មជន​ឲ្យ​គណបក្ស​ការងារ។​ ពួកគេ​កំពុង​អបអរ​ជ័យ​ជម្នះ​ដ៏​ធំ។

សហគមន៍​នៅ​តាម​ឆ្នេរសមុទ្របាន​ឃើញ​ការងាក​ចំនួន​១០​ភាគរយ​ពី​គណបក្ស​អភិរក្ស​និយម​ទៅ​គណបក្ស​ការងារ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​សប្តាហ៍​មុន។​ អ្នក​ស្ទង់​មតិការ​បោះឆ្នោត​បាន​និយាយ​ថា ការ​កើន​ឡើង​នូវ​សំឡេង​ឆ្នោត​របស់​គណបក្ស​ការងារ​នេះ​គឺ​ដោយសារ​អ្នក​បោះឆ្នោត​វ័យ​ក្មេង។ លោក Ben Noble ជា​សកម្ម​ជន​គណបក្ស​ការងារ​បាន​និយាយ​ថា៖ «ការណ៍​នេះ​និយាយ​ថា ពួក​អ្នកបោះ​ឆ្នោត​វ័យ​ក្មេង​មិន​មាន​ព័ត៌​មាន​គ្រប់​គ្រាន់ ឬ​មិន​អើ​ពើ​នោះ​ជា​ការ​មិន​ពិត​ទាល់​តែ​សោះ។ តាម​ការ​ពិត ​ប្រហែល​យើង​បាន​ចូលរួម​យ៉ាង​សកម្ម​ជាងគេ​ពីព្រោះ​តែ​យើង​ឃើញ​ព័ត៌មាន​តាម​រយៈ​ ហ្វេសប៊ុក និង​ប្រព័ន្ធ Twitter‍»។

គណបក្ស​ការងារ​បាន​កំចាត់​គូ​ប្រកួត​ប្រជែង​របស់​ខ្លួនលើ​បណ្តាញ​ព័ត៌មាន​សង្គម។ព័ត៌មាន​នយោបាយ​សំខាន់ៗ​ចំនួន​១០០ ​មាន​តែ​ព័ត៌មាន​៥​ប៉ុណ្ណោះ​ដែល​គាំទ្រ​គណ បក្ស​អភិរក្ស​និយម។

ពួក​សកម្ម​ជន​វ័យ​ក្មេង​ជា​ច្រើន​បាន​ទទួល​ការ​លើក​ទឹក​ចិត្​តពី​យុទ្ធនាការ​ឃោស​នា​បោះឆ្នោត​ប្រធានា​ធិបតីឆ្នាំ​២០១៦​របស់​លោក Bernie Sanders នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​ដែល​បាន​ធ្វើ​ឲ្យ​យុវជន​ក្មេងៗ​ និង​អ្នក​បោះឆ្នោត​ងាក​ទៅ​ខាង​ពួក​ឆ្វេង​និយម​មាន​សកម្មភាព​ខ្លាំង​ឡើង។ លោក James Fox ជា​សកម្ម​ជន​ខាង​គណបក្ស​ការងារ​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ដែល​ពាក់​ព័ន្ធក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ទេ។​ ហើយ​ក្រោយ​បាន​ឃើញ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Bernieនិង​ដំណើរ​ការ​នោះ ​ខ្ញុំ​គិតថា ខ្ញុំ​ត្រូវ​តែ​ចូលរួម។​ បើសិន​ជា​ចង់​ឲ្យ​កើត​មាន​ឡើង​ នេះ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​ខ្ញុំ​អាច​ធ្វើ​ឲ្យ​កើត​មាន​ឡើង​បាន‍»។ លោក Ben Noble ​ជា​សកម្ម​ជន​ខាង​គណបក្ស​ការងារ​និយាយ​ថា៖ «មាន​ភាព​រួសរាន់​ជាបន្ទាន់​ដែរ​ពី​ព្រោះ​យើង​បាន​ឃើញ​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​អាមេរិក។ ​យើង​ទាំង​អស់​គ្នា​មិន​ចូល​ចិត្ត​ទេ‍»។

គណបក្ស​ការ​ងារ​បាន​ទទួល​សំឡេង​កើន​ឡើង​នៅ​ក្នុង​ទីក្រុង​ដែល​មាន​សាកល​វិទ្យាល័យ​ដូចជា​ក្រុង Brighton ​ដែល​នៅ​ទី​នោះ​ពួក​និស្សិត​បាន​ទទួល​ការ​ទាក់​ទាញ​ពី​ការ​សន្យា​របស់​គណបក្ស​ដើម្បី​លុប​ចោល​ថ្លៃ​បង់​សាលា​ប្រចាំ​ឆ្នាំ​ចំនួន​១ម៉ឺន២​ពាន់​ដុល្លារ។

​ការ​បោះឆ្នោត​នេះ​បាន​បញ្ចេញ​ពី​ការ​បែងចែង​ជំនាន់​មនុស្សរបស់​ចក្រភព​អង់គ្លេស។លោកស្រី Barbara ជា​អ្នកគាំទ្រ​គណបក្ស​អភិរក្ស​និយម​និយាយ​ថា៖ «លោក​បាន​ឈ្នះ​ដោយសារ​សន្លឹក​ឆ្នោត​ពី​អ្នក​បោះ​ឆ្នោត​វ័យ​ក្មេង។ លោក​បាន​ភូតកុហក ​អ្វី​ដែល​លោក​កំពុង​ធ្វើ​សម្រាប់​ពួក​អ្នក​បោះឆ្នោត​វ័យ​ក្មេង​ទាំង​នោះ។ ហើយ​ថាតើ​ប្រាក់​នឹង​បាន​មកពី​ណា?‍»។

លោក​ស្រី Ann ជា​អ្នក​គាំទ្រ​គណបក្ស​អភិរក្ស​និយម​និយាយ​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ​ចំពោះ​ពួក​អ្នក​បោះ​ឆ្នោត​វ័យ​ក្មេង​ទាំង​នោះ។​ យើង​ប្រាកដ​មាន​ភាព​ប្រសើរ​ជាង​នៅ​ពេល​ដែល​យើងធំ​ដឹង​ក្តី​នោះ‍»។

ការ​ស្ទង់​មតិ​បង្ហាញ​ថា ​ពួក​អ្នក​បោះ​ឆ្នោត​ចាស់ៗ​មាន​ការ​ព្រួយ​កង្វល់​អំពី​ជន​អន្តោ​ប្រវេសន៍។ លោកស្រី Barbara ​ជា​អ្នក​គាំទ្រ​គណបក្ស​អភិរក្ស​និយម​និយាយ​ថា៖ «យើង​កើត ​និង​ធំ​ដឹងក្តី​នៅ​ទី​នេះ។​ ហើយ​ខ្ញុំ​មិន​ប្រកាន់​ពូជសាសន៍​ទេ ចូរ​លោក​ជឿ​ខ្ញុំ​ចុះ។​ ខ្ញុំ​មិន​ប្រកាន់​ពូជសាសន៍​ទេ ​ក៏ប៉ុន្តែ យើង​ត្រូវ​តែ​គិតគូ​ពី​ខ្លួន​យើង​សិន។ ខ្ញុំ​គិតថា សង្គម​អង់គ្លេស​បាន​ផ្លាស់​ប្តូរ​ហើយ»។

ក៏ប៉ុន្តែ ពួក​អ្នក​គាំទ្រ​គណបក្ស​ការងារ​វ័យ​ក្មេង​មើលឃើញ​អនាគត​កាន់​តែ​ភ្លឺស្វាងឡើង​របស់​ចក្រ​ភព​អង់គ្លេស។​ លោក James Fox ​ជា​សកម្ម​ជន​គណបក្ស​ការ​ងារ​និយាយ​ថា៖ «ពួកគេ​បាន​បង្ហាញ​ថា មាន​ភាព​ជោគ​ជ័យ​សម្រាប់​រដ្ឋាភិបាល​របស់​គណបក្ស​ការងារ‍»។

គណបក្ស​ការងារ​នៅ​មិនទាន់​កាន់​អំណាច​នៅ​ឡើយ​ទេ។ ក៏ប៉ុន្តែ លទ្ធផល​នៃការ​បោះ ឆ្នោត​ប្រកៀកៗ​គ្នា​មាន​ន័យថា ​ការ​បោះឆ្នោត​មុន​ពេល​កំណត់​មួយ​ទៀត​អាច​កើត​មាន​ឡើង​បាន។​ ហើយ​ពួក​អ្នក​គាំទ្រ​ក្មេងៗ​របស់​គណបក្ស​នោះ​ជឿ​ជាក់​ថា ការ​កើន​ឡើង​នូវ​កម្លាំង​លើក​ទឹក​ចិត្ត​នឹង​ស្ថិត​នៅ​ជាមួយ​ពួកគេ៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន