លីបង់​ពិនិត្យ​ឡើងវិញ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​ក្រុម Hezbollah ​និង​អ៊ីស្រាអែល

លោក Amos Hochstein​ ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ប្រធានាធិបតីអាមេរិក​លោក Joe Biden ​ថ្លែង​ទៅកាន់​អ្នកសាព័ត៌មាននៅ​ទីក្រុង​បេរូត​ប្រទេស​លីបង់​កាលពីថ្ងៃទី​១៩ វិច្ឆិកា ឆ្នាំ២០២៤។

មន្ត្រី​ការទូត​សហរដ្ឋ​អាមេរិក​មួយ​រូប​បាន​ទៅ​ដល់​ទីក្រុង​បេរូត​ ប្រទេស​លីបង់​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ជួប​ជាមួយ​ក្រុម​មន្ត្រី​លីបង់​អំពី​លទ្ធភាព​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​មួយ ដែល​ត្រូវ​បាន​រាយការណ៍​ថា​យល់​ព្រម​ដោយ​ភាគី Hezbollah ថា​នឹង​បញ្ចប់​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​អ៊ីស្រាអែល​និង​ក្រុម​ដែល​មាន​អ៊ីរ៉ង់​នៅ​ពី​ក្រោយ​នេះ។​

លោក Amos Hochstein​ បាន​ជួប​ជាមួយ​ប្រធាន​សភា​លីបង់​លោក Nabih Berri សម្ព័ន្ធមិត្ត Hezbollah​ ដែល​ជា​អ្នក​សម្រុះសម្រួល​ដល់​ក្រុម​សកម្ម​ប្រយុទ្ធ​នេះ។

ទាំង​រដ្ឋាភិបាល​លីបង់​និង​ក្រុម Hezbollah បាន​ព្រមព្រៀង​គ្នា​លើ​សំណើ​មួយ​ដែល​ត្រូវ​បាន​ដាក់​បញ្ជូន​កាលពី​សប្ដាហ៍​មុន​ហើយ​បាន​ធ្វើ​អត្ថាធិប្បាយ​មួយ​ចំនួន​ទៅ​លើ​ខ្លឹមសារ​សំណើ​នោះ។​ នេះ​បើ​តាម​លោក Ali Hassan Khalil ដែល​ជា​ជំនួយការ​របស់​លោក​ Berri ដែល​បាន​ប្រាប់​សារព័ត៌មាន​ Reuters កាល​ពី​ថ្ងៃ​ចន្ទ។

ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ​បាន​ថ្លែង​ថា អ៊ីស្រាអែល​នឹង​បន្ត​ធ្វើ​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​ក្រុម Hezbollah​ ​ទោះបី​ជា​មាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ក៏​ដោយ។

លោក Netanyahu បាន​ប្រាប់​សភា​ថា៖«អ្វី​ដែល​សំខាន់​បំផុត​មិន​មែន​កិច្ចព្រមព្រៀង​លើ​ក្រដាស​នោះ​ទេ»។

លោក​បាន​ថ្លែង​ថា៖«យើង​នឹង​ត្រូវ​បាន​បង្ខំ​ឱ្យ​ធានា​សន្តិសុខ​របស់​យើង​នៅ​ភាគ​ខាង​ជើង​អ៊ីស្រាអែល​និង​ឱ្យ​បន្ត​ប្រតិបត្តិការ​ជា​ប្រព័ន្ធ​ប្រឆាំង​នឹង​ការវាយប្រហារ​របស់​ក្រុម Hezbollah សូម្បី​តែ​បន្ទាប់​ពី​បទ​ឈប់​បាញ់​គ្នា​មួយ» ដើម្បី​បង្ការ​កុំ​ឱ្យ​ក្រុម​នេះ​បន្ត​បង្កើត​ឡើងវិញ។

លោក Netanyahu​ ក៏​បាន​ថ្លែង​ថា មិន​មាន​ភស្តុតាង​បង្ហាញ​ថា​ក្រុម Hezbollah នឹង​គោរព​បទ​ឈប់​បាញ់​គ្នា​ដែរ៕​