នាយករដ្ឋមន្ត្រីលីបង់លោក Najib Mikati កាលពីថ្ងៃសុក្របានជំរុញអង្គការសហប្រជាជាតិឱ្យអនុម័តសេចក្ដីសម្រេចមួយដែលអំពាវនាវឱ្យមានបទឈប់បាញ់ «ជាបន្ទាន់» រវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា (Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងការថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោក Mikati បានសង្កត់ធ្ងន់អំពីការតាំងចិត្តរបស់រដ្ឋាភិបាលរបស់លោកក្នុងការដាក់ពង្រាយកងទ័ពនៅតាមព្រំដែនជាប់អ៊ីស្រាអែលដែលជាផ្នែកមួយនៃការបញ្ចប់អរិភាព និងថាក្រុមហេសបូឡាបានយល់ព្រមចំពោះរឿងនេះ។
លោក Mikati បាននិយាយថា ក្រសួងការបរទេសលីបង់នឹងស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យចេញសេចក្ដីសម្រេចមួយអំពាវនាវឱ្យមាន «បទឈប់បាញ់ពេញលេញនិងជាបន្ទាន់»។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកបានតាំងចិត្តចំពោះ «ការអនុវត្តពេញលេញនូវសេចក្ដីសម្រេចលេខ ១៧០១» ដែលបានអនុម័តនៅក្នុងឆ្នាំ ២០០៦ និងស្នើឱ្យមានការដាក់ពង្រាយតែកងទ័ពលីបង់និងកងរក្សាសន្តិភាពនៅភាគខាងត្បូងនៃប្រទេសលីបង់តែប៉ុណ្ណោះ។
លោកបាននិយាយថា លីបង់តាំងចិត្តចំពោះ «ការដាក់ពង្រាយកងទ័ពនៅភាគខាងត្បូងនិងពង្រឹងវត្តមានរបស់ខ្លួននៅតាមព្រំដែន» និងបានបន្ថែមថា «ក្រុមហេសបូឡាបានយល់ព្រមចំពោះរឿងនេះ»៕