មេដឹកនាំ​​អាមេរិក​និង​អាស៊ាន​នឹង​ជួប​ប្រជុំ​គ្នា​ ខណៈ​​​ចិន​នាំ​មុខ​អាមេរិក​​ផ្នែក​ជំនួយ​សេដ្ឋកិច្ច​​ដល់​​តំបន់​អាស៊ីអាគ្នេយ៍

  • Ralph Jennings

រូប​ឯកសារ៖ ប៉ូលិស​ដើរ​ល្បាត​នៅ​ខាង​ក្រៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ដែល​ត្រូវ​ផ្តល់​មូលនិធិ​​ក្រោម​គម្រោង​​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​​​​‍របស់​ចិន (BRI) ក្នុង​អំឡុង​នៃ​ពិធី​ផ្ទេរ​ពហុកីឡដ្ឋាន​នេះ​កាល​ពី​ថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ​២០២១។

កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន​នៅ​សប្តាហ៍​នេះក្នុងរដ្ឋធានី​វ៉ាស៊ីនតោននឹង​ដាក់​សម្ពាធលើ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកក្នុង​ការប្រកួត​ប្រជែងការ​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ចិន​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​ប្រជាពលរដ្ឋសរុប​ប្រមាណ​៦៨០លាននាក់។ នេះ​បើតាម​ការ​លើក​ឡើង​របស់​អ្នកវិភាគ​មួយ​ចំនួន។

អ្នក​វិភាគ​ជឿ​ថា ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​ចង់​ងាក​ចេញពី​ការ​ពឹង​ផ្អែក​លើ​ប្រទេស​ចិន​ជ្រុល​ហួស​ពេក​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​និង​ការវិនិយោគទុន ប៉ុន្តែ​តំបន់​នេះទទួល​បានការជួយ​គាំទ្រតិច តួចប៉ុណ្ណោះពី​សហរដ្ឋ​អាមេរិក។ ទស្សនវិស័យការជួយ​គាំទ្រ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ពី​សំណាក់​សហរដ្ឋ​អាមេរិក​អាច​នឹងត្រូវ​បានលើកយក​មក​បញ្ជាក់​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេសអាមេរិក-អាស៊ាន​ដែល​នឹងត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍និង​ថ្ងៃ​សុក្រ​ក្នុង​សប្តាហ៍​នេះ។

លោក Aaron Rabena ជា​អ្នក​សិក្សាស្រាវជ្រាវជាន់​ខ្ពស់​នៃ​មូលនិធិ Asia Pacific Pathwaysសម្រាប់​ការរីកចម្រើនដែល​មាន​ទីតាំង​ក្នុង​រដ្ឋធានី​ម៉ានីល​នៃ​ប្រទេស​ហ្វីលីពីន​និយាយ​ថា៖ «មាន​ការ​បញ្ជាក់ជា​ច្រើន​ក្នុង​ពេល​កន្លង​ទៅពី​ទិដ្ឋភាព​សន្តិសុខ​និងនយោបាយ ក៏ប៉ុន្តែបញ្ហា​សេដ្ឋកិច្ច​ហាក់​ដូច​មិន​ត្រូវ​បាន​គេ​លើក​មក​និយាយ​ច្រើន​ទេ​ក្នុង​ពេល​កន្លង​ទៅ​សម្រាប់​តំបន់​នេះ»។

មេដឹកនាំមកពី​តំបន់​អាស៊ាន​ដែលជា​ប្លុកមានប្រទេស​១០​ជា​សមាជិក​នោះនឹង​ជួប​ជាមួយតំណាង​អ្នក​ជំនួញអាមេរិក តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក​ស្រី Katherine Tai និង​រដ្ឋមន្ត្រីពាណិជ្ជកម្ម​អាមេរិក​លោក​ស្រី Gina Raimondo នៅក្នុងជំនួប​កំពូល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បីពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ នេះ​បើ​តាម​របៀបវារៈ​ស្តីពី​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ។

ចិន​និង​សហរដ្ឋ​អាមេរិក​ធ្វើ​ការប្រកួត​ប្រជែង​គ្នាដើម្បី​ផ្តល់​ការគាំទ្រ​ដល់​ប្រទេស​តួចៗ​ជា​ច្រើន​នៅជុំ វិញ​ពិភព​លោក​ខណៈដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ទាំង​ផ្នែកសេដ្ឋកិច្ច​និង​យោធា​នៅ​ក្នុងប្រទេសទាំង​នោះ។

ការបារម្ភ​របស់​មន្ត្រី​សហរដ្ឋ​អាមេរិក​អំពី​ឥទ្ធិពល​របស់​ចិននៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​បាន​ធ្វើ​ឱ្យ​អាមេរិក​បញ្ជូន​នាវា​ចម្បាំង​ម្តងម្កាលទៅ​កាន់​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​និង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នាជាមួយ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​នេះ​ដូច​ជា​ប្រទេស​ហ្វីលីពីន​ជា​ដើម។

ការវិនិយោគទុនដោយ​ផ្ទាល់​និង​ពាណិជ្ជក្រៅ​ប្រទេស​បាន​ផ្តល់​ប្រាក់​ចំណូលក្នុង​កម្រិត​មួយ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់នៅ​ក្នុង​តំបន់អាស៊ីអាគ្នេយ៍​នេះ កំពុង​រស់​នៅក្នុង​ភាពក្រីក្រ។

បើយោង​ទៅ​លើការ​ចេញ​ផ្សាយរបស់​គេហទំព័រ​កាសែត Global Times ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន​ បាន​ឲ្យ​ដឹង​ថា ចិន​ជាដៃគូ​ពាណិជ្ជកម្មដ៏​ធំ​បំផុតរបស់​អាស៊ាន​ចាប់តាំង​ពី​ឆ្នាំ២០០៨​មក ដោយ​មាន​ទំហំ​ពាណិជ្ជកម្ម​សរុបប្រមាណ​៧៣១,៩ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២០។

ដោយ​ឡែក​ទំហំ​ពាណិជ្ជកម្មនិង​ទំនិញ​របស់សហរដ្ឋអាមេរិក​ជា​មួយ​តំបន់​អាស៊ាន​វិញ​មាន​ចំនួន​ប្រមាណ​៣៦២,២ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២០។ នេះ​បើ​តាម​ទិន្នន័យរបស់​ការិយាល័យតំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក។

របាយការណ៍​វិនិយោគទុន​របស់​អាស៊ានក្នុង​ឆ្នាំ២០២០-២០២១បាន​បង្ហាញ​ថា​សហរដ្ឋ​អាមេរិក​មាន​ចំណាត់​ថ្នាក់​ខ្ពស់​សម្រាប់​ការធ្វើ​វិនិយោគ​ដោយផ្ទាល់​នៅ​ឆ្នាំ២០២០​ដោយ​មាន​ទឹក​ប្រាក់​ប្រមាណ​៣៤,៧ពាន់​លាន​ដុល្លារ​គឺ​នាំមុខ​ចិន​ដែល​មាន​ចំនួនប្រមាណ​តែ​១២ពាន់លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ក៏​ប្រទេស​មួយ​ចំនួន​នៅក្នុងតំបន់​អាស៊ី​ខាង​កើត ដូច​ជា​ប្រទេស​កម្ពុជា​និងម៉ាឡេស៊ី​ជា​ដើម​បាន​ទទួលផលប្រយោជន៍យ៉ាងខ្លាំង​ពីគម្រោងផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម‍របស់​ចិន (BRI)​ ក្នុង​ចំនួនទឹកប្រាក់ប្រមាណ​ជាង​៤លាន​លាន​ដុល្លារ។ គម្រោង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​របស់​ចិន​ដែល​ត្រូវ​បាន​បង្កើតឡើងអស់​រយៈពេល​ប្រមាណ៩ឆ្នាំមក​ហើយ​ដើម្បី​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានានៅទូទាំង​តំបន់​អាស៊ី អឺរ៉ុប​ដើម្បីជួយ​បើក​ផ្លូវ​លើ​វិស័យ​ពាណិជ្ជកម្ម៕