ក្រុម​មេធាវី​បារម្ភ​ថា ​ការ​បន្ត​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​អាច​បណ្តាល​ឱ្យ​លោក​បាត់បង់​ជីវិត​ក្នុង​ពន្ធនាគារ

រូបឯកសារ៖ លោក កឹម សុខា​ ជម្រាប​សួរ​អ្នក​គាំទ្រ​គណបក្ស​​សង្គ្រោះជាតិ​ នៅ​ពេល​លោក​កំពុង​ដើរ​ចូល​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​ ០៨​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី/VOA)

ក្រោយពី​​តុលាការ​កំពូល​ប្រកាស​​តម្កល់​សាលដីកា​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ ​ដោយ​សម្រេច​​បន្ត​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ក្រុម​មេធាវី​របស់​លោក​​លើក​ឡើង​ថា​ ពួក​គេ​បារម្ភ​ថា ​លោក​ ​កឹម សុខា​ ​អាច​នឹង​បាត់​បង់​ជីវិត​ក្នុង​ពន្ធនាគារ។

ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​បញ្ជាក់​ពី​បារម្ភ​ថា​ ​ការ​សម្រេច​របស់​តុលាការ​កំពូល បន្ត​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ដោយ​មិន​អនុញ្ញាត​ឲ្យ​លោក​ចេញ​ព្យាបាល​ជំងឺ​នៅ​ខាង​ក្រៅពន្ធនាគារ​នោះ​ អាច​នឹង​ធ្វើ​ឲ្យ​កូន​ក្តី​របស់​ពួក​គេ​បាត់​បង់​ជីវិត។​ ​នេះ​បើតាម​ការ​បញ្ជាក់​របស់​មេធាវី​មួយ​រូប​ក្នុង​ចំណោម​៧​រូប​ ​ដែល​ចូលរួម​សវនាការ​ការពារក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ។​

ថ្លែង​ក្នុង​សវនាការ​នៃ​តុលាការ​កំពូល​លើ​បណ្តឹង​របស់​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិដែល​សុំ​នៅ​ក្រៅ​ឃុំ​នោះ​ ​ ​លោក​ ​ជូង ជូងី​ ​មេធាវី​ការពារក្តី​របស់​ប្រធាន​គណបក្ស​ជំទាស់​ដែលត្រូវបាន​រំលាយ​នោះ បាន​ត្អូញត្អែរ​ប្រាប់​ ​ក្រុម​ប្រឹក្សាអង្គ​ជំនុំ​ជម្រះ​ ​ដែល​ដឹក​នាំ​ដោយ​លោក​ ​ឃឹម ប៉ុណ្ណ​ថា​ ​ជំងឺ​ទឹក​នោម​ផ្អែម​ ​ជំងឺ​លើស​ឈាម​ ​និង​ជំងឺ​កៀប​សសៃ​របស់​លោក​ ​កឹម សុខា​ ​មាន​ស្ថានភាព​ធ្ងន់ធ្ងរជា​លំដាប់។​ ​លោក​បន្ថែមថា​ ​គ្រូ​ពេទ្យ​នៅ​ប្រទេស​សិង្ហបុរី​បាន​ប្រាប់​ឲ្យ​លោក​ ​កឹម សុខា​ ​ត្រូវ​ទទួល​យក​ការ​ព្យាបាល​ ​និង​វះកាត់​ ​ប៉ុន្តែ​លោក​ថា​ ​គ្រូ​ពេទ្យ​ក្នុង​ពន្ធនាគារមិន​បាន​មើល​លោកដិត​ដល់​ និង​គ្រប់គ្រាន់​សម្រាប់​តាម​ដាន​ជំងឺ​របស់​លោក​ ​កឹម សុខា​ ​នោះ​ទេ។​

រូបឯកសារ៖​លោកមេធាវី ​ជូង ជូងី​ និយាយជាមួយក្រុមអ្នកសារព័ត៌មាន។

ក្នុង​សវនាការ​ដែល​មិន​មាន​វត្ត​មាន​របស់​លោក​ ​កឹម សុខា​នោះ​ ​លោក​ ​ជូង ជូងី​ ​បន្ថែម​ក្នុង​ន័យ​ដើមថា៖​

«ខ្លាច​ថា​ ការ​សម្រេច​ឃុំ​ខ្លួន​របស់​តុលាការ​នឹង​ធ្វើ​ឲ្យ​កូនក្តី​បាត់បង់​ជីវិត»។​

ក្រុម​មេធាវី​របស់​លោក​ ​កឹម សុខា​ ​បាន​ប្តឹង​មិន​សុខចិត្ត​នឹង​សាលា​ឧទ្ធរណ៍​ដែល​បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ដោយ​យោង​មូលហេតុ​ថា រក្សា​ទុក​លោក​ ​កឹម សុខា​ ​ក្នុង​ពន្ធនាគារ​ដើម្បី​ឲ្យ​តុលាការ​បន្ត​នីតិវិធី​ដើម្បី​ការពារ​សុវត្ថិ​ភាព​របស់​លោក​ ​កឹម សុខា​ ​និង​ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ​ ជាដើម។​

ក្នុង​សវនាការ​រយៈ​ពេល​២​ម៉ោង​ដោយ​គ្មាន​វត្ត​មាន​របស់​លោក​ ​កឹម សុខា​នោះ​ ​មេធាវី​ទាំង​៧​រូប​សុទ្ធ​តែ​បាន​ច្រាន​ចោល​មូលហេតុ​នៃ​ការ​ឃុំ​ខ្លួន​ទាំង​នោះ​ ​ដោយលើក​ឡើង​ថា​ ​មូលហេតុ​របស់​តុលាការ​មិន​សម​ហេតុផល​ ​និង​ថា​ ​ការ​បន្ត​ឃុំ​ខ្លួន​នោះ​នឹងអាច​ធ្វើ​ឲ្យ​លោក​ ​កឹម សុខា​ ​ដែល​កំពុង​មាន​ជំងឺ​ ប្រឈម​នឹង​ការ​បាត់បង់​ជីវិត។​ ​ក្រុម​មេធាវី​ទាំង​នោះបាន​បង្ហាញ​វេជ្ជ​បញ្ជា​របស់​គ្រូពេទ្យ​នៅ​ប្រទេស​សិង្ហ​បុរីទៅ​ឲ្យ​ក្រុមប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​ពិនិត្យ។ ​វេជ្ជបញ្ជានោះតម្រូវ​ឲ្យ​លោក​ ​កឹម សុខា​ ​ទទួលការ​ព្យាបាល​ ​និង​ធ្វើការ​វះកាត់។​

ទោះ​យ៉ាង​ណា​ ​ក្រោយ​សវនាការ​ ​ក្រុម​ប្រឹក្សា​អង្គជំនុំ​ជម្រះ​បាន​ប្រកាស​តម្កល់​សាល​ដីកា​សាលា​ឧទ្ធរណ៍ដែល​សម្រេច​មិន​អនុញ្ញាត​ឲ្យ​លោក​ ​កឹម សុខា​ ​បាន​នៅ​ក្រៅ​ឃុំ​ ដោយ​ថា ​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ធ្វើឡើងត្រឹមត្រូវតាមកំណត់​ច្បាប់។​ ​ក្រុម​ប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​លើក​ឡើង​ថា​ ​ការ​បញ្ជាក់​របស់​មេធាវី​ទាំង​៧​រូប ​ដែល​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​នោះ​ ​មិន​មាន​ហេតុ​ផល​ត្រឹមត្រូវ​ទេ ហើយថា​ ​ករណី​ជំងឺ​របស់​លោក​ ​កឹម សុខានោះ​ ​សមត្ថកិច្ច​ត្រូវ​ធ្វើ​តាម​លទ្ធភាព​ ​និង​សមត្ថ​ភាព​របស់​ពន្ធនាគារកម្ពុជា​ដែល​មិន​អនុញ្ញាតឲ្យ​ព្យាបាល​នៅ​ខាងក្រៅ​ពន្ធនាគារ​នោះ​ទេ។​

ក្រោយ​សវនាការ​ដែល​មិន​អនុញ្ញាត​ឱ្យ​អ្នក​សារ​ព័ត៌មាន​ថត​រូប​ ឬ​សំឡេង​នោះ​ ​អ្នកស្រី​ ​គឹម សត្ថាវី​ ​សមាជិក​ក្រុម​ប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​បាន​ប្រកាស​សាល​ដីកា​ថា៖

«ការ​សម្រេច​របស់​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​ច្បាប់។​ ​សម្រេច​តម្កល់​សាល​ដីកា​របស់​សភា​ស៊ើប​សួរ​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ»។

រូបឯកសារ៖ អ្នក​ស្រី​ ម៉េង​ សុភារី ​ជា​សហ​មេធាវី​ការពារ​ក្តីលោក កឹម សុខា និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​មុខ​សាលា​ឧទ្ធរណ៍​ បន្ទាប់​ពី​សវនាការ​នៃសំណុំ​រឿង​បណ្ដឹង​លោក​ កឹម​ សុខា​ សុំ​នៅ​ក្រៅ​ឃុំ​ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (អូន​ ឆេងប៉រ/VOA)

ក្រោយ​បញ្ចប់​សវនាការ អ្នកស្រី​ ​ម៉េង សុភារី​ ​មេធាវី​មួយ​រូប​ទៀត​ ដែល​ការពារក្តី​ឲ្យ​លោក​ ​កឹម សុខា​ បាន​ប្រាប់​ ​VOA ​ថា​ ​ការ​សម្រេច​របស់​តុលាការ​កំពូល​មាន​ភាព​អយុត្តិធម៌​យ៉ាង​ខ្លាំង​សម្រាប់​កូនក្តី​របស់​អ្នក​ស្រី។​

អ្នកស្រី​បញ្ជាក់​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា៖​

«វា​មាន​ភាព​អយុត្តិធម៌ ​ហើយ​និង​អ​មនុស្សធម៌​ចំពោះ​កូន​ក្តី​យើងខ្ញុំ​ណាស់ ​ដែល​ឈឺ​ហើយ​ ​គ្រាន់តែ​សុំ​នៅ​ក្រៅ​ឃុំ​ដើម្បី​ធ្វើការ​ពិនិត្យ​ព្យាបាល​ក៏​ត្រូវ​បាន​តុលាការ​បដិសេធ​នូវ​សំណើ​នេះ»។​

លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​រំលាយចោល​ ​ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ពី​ក្នុង​ផ្ទះ​ទាំង​កណ្តាល​យប់​រំលង​អាធ្រាត្រ​ ​កាល​ពី​ដើម​ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ​ដោយ​ចោទ​លោក​ពី​បទ​«ក្បត់ជាតិ»​ ​និង​បញ្ជូន​លោក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ​នៅ​ខេត្ត​ត្បូងឃ្មុំ​ ​ដែល​ជា​ខេត្ត​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​វៀតណាម។​ ​ក្រោយ​ការ​ចាប់ខ្លួន​អតីត​មេដឹកនាំ​គណបក្ស​ប្រឆំាង​ ​តុលាការ​កំពូល​កម្ពុជា​ ​បាន​សម្រេច​រំលាយគណ​បក្ស​សង្គ្រោះជាតិ​ ​ទៅ​តាម​ពាក្យ​បណ្តឹង​របស់​រដ្ឋា​ភិបាល​លោក​ ​ហ៊ុន សែន​ ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២០១៧។​

កន្លង​មក​ ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​បាន​ប្តឹង​ទៅ​តុលាការ​គ្រប់​ជាន់​ថ្នាក់​ ​ដើម្បី​សុំ​មោឃ​ភាព​ការ​ចាប់​ឃុំ​ខ្លួន​លោក​ កឹម សុខា​ ​ទាំង​កណ្តាល​យប់​ ដោយ​អះអាង​ថា​ ​ការ​ចាប់​ឃុំឃាំង​តំណាង​រាស្ត្រ​មណ្ឌល​កំពង់​ចាម​ ដែល​មាន​អភ័យ​ឯក​សិទ្ធិ​សភា​នោះ​ គឺជា​អំពើ​ខុស​ច្បាប់​កំពូល​របស់​កម្ពុជា។​ ​ក្រុម​មេធាវី​ទាំងនោះ​ក៏​បាន​ប្តឹង​ទៅ​សាលា​ដំបូង​ រាជធានី​ភ្នំពេញ​ ​និង​សាលាឧទ្ធរណ៍​ ​សុំ​ឲ្យ​លោក​ ​កឹម សុខា​ បាន​នៅ​ក្រៅ​ឃុំ ​ប៉ុន្តែ​បណ្តឹង​របស់​ពួកគេ​ត្រូវ​បាន​តុលាការ​ទាំង​នោះ​ច្រាន​ចោល។​

រហូត​មក​ដល់​ពេល​នេះ​ ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​ឃុំ​ខ្លួនក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​អស់​រយៈ​ពេល​ជាង​៦​ខែ​មក​ហើយ។​

រូបឯកសារ៖ លោក សុក សំអឿន មេធាវី​ឯករាជ្យ ​នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ​នៅថ្ងៃ​ពុធទី ២៥ ខែឧសភា ឆ្នាំ២០១៦។ (លឹម សុធី/VOA)

​លោក​ ​សុក សំអឿន​ ​មេធាវី​ជើង​ចាស់​មួយ​រូប​ដែល​តែង​ការពារ​ក្តី​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស ​លើក​ឡើង​ថា​ ​តុលាការ​អាច​មាន​សិទ្ធិ​សម្រេច​ថា​ ​តើ​ឲ្យ ឬ​មិន​ឲ្យ​ជនជាប់​ចោទបាន​នៅ​ក្រៅ​ឃុំ​ដើម្បី​ព្យាបាល​ជំងឺ​ឬ​អត់។​ ទោះ​យ៉ាង​ណា លោក​និយាយ​ថា​ ​លោក​សុំ​មិន​អធិប្បាយ​លើ​ការ​សម្រេច​របស់​តុលាការ​កំពូល​នៅព្រឹក​នេះ​ទេ​ ដោយ​គ្រាន់តែ​បញ្ជាក់​ថា​ ​ប្រសិន​បើ​មាន​ករណី​ណាមួយ​កើតឡើង​លើ​លោក​ ​កឹម សុខា​ ​ដោយសារ​ការ​ធ្វេស​ប្រហែស​របស់​តុលាការ​ ​ឬ​ ខាង​ពន្ធនាគារ​ នោះ​រដ្ឋាភិបាលជា​អ្នក​ទទួល​ខុសត្រូវ។​

លោក​មាន​ប្រសាសន៍​ថា៖​

«បើ​សិន​តុលាការ​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ​ ​ពន្ធនាគារ​មិន​អាច​មាន​លេស​អី​ទេ។​ ​ពន្ធនាគារ​គ្នាចាំតែ​យាមកាម​អ្នក​ទោស​ទេ។​ ​ទទួល​ខុសត្រូវ​ទាំង​ពេទ្យ​របស់​រដ្ឋ​ ​ទាំងពេទ្យ​ដែល​អះអាង​ថា​ ​គាត់​អាច​ព្យាបាល​បាន ​ហើយ​បើ​ពេទ្យ​ក្នុង​ប្រទេស​កម្ពុជា​និយាយ​ថា​ ​ជំងឺ​ហ្នឹង​មិន​អាច​ព្យាបាល​បាន​ទេ​ ​ត្រូវ​ទៅ​ណា​ទៅ​ណី​ទៀត​ ​អាហ្នឹង​ជា​ការ​សម្រេច​របស់​ពេទ្យ»។​

សវនាការ​លោក​ ​កឹម សុខា​ ​នេះ​ ​ធ្វើ​ឡើង​ស្របពេល​ដែល​អ្នកស្រី​ ​រ៉ូណា ស្មីត​ ​(Rhona Smith) ​អ្នក​រាយ​ការណ៍​ពិសេស​របស់​ ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា​ ​កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជាជា​លើក​ទី៥​ ​ដែល​មាន​រយៈពេល​១០​ថ្ងៃ។​ ​អ្នកស្រី​ក៏​មាន​គម្រោង​ជួប​ជាមួយ​លោក​ ​កឹម សុខា​ ​ក្នុង​ពន្ធនាគារ​ដោយ​ផ្ទាល់​ផង​ដែរ។​

ទោះយ៉ាងណា​ ការ​ស្នើ​សុំ​ជួប​លោក​ កឹម សុខា​ ក្នុង​ពន្ធនាគារ​ ​ត្រូវ​បាន​បដិសេធ​ ​ដោយ​លោក​ ​គី ឫទ្ធី​ ​ចៅ​ក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី៧​ ​ខែ​មីនា​ ​ឆ្នាំ​២០១៨​ ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ច្រាន​ចោល​សំណើ​របស់​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ (OHCHR)​ ​ដែល​សុំ​ឲ្យ​អ្នកស្រី​ រ៉ូណា ស្មីត​ ​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ ​បាន​ជួប​ជាមួយ​លោក ​កឹម សុខា ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ​ឯ​ខេត្ត​ត្បូង​ឃ្មុំ ​នា​ថ្ងៃ​ទី​១០ ​ខែ​មីនា​នេះ។​

​ក្នុងលិខិត​នោះ លោក​ ​គី ឫទ្ធី​ ​លើក​ហេតុ​ផលនៃ​ការ​បដិសេធ​ថា​ ​សំណុំ​រឿង​របស់​លោក​ ​កឹម សុខា​ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើបសួរ​ ​និង​ស្រាវជ្រាវ​ប្រមូល​ភស្ដុតាង​ ​ហើយ​ថា​ ​មាន​តែ​ក្រុម​មេធាវី ​និង​សមាជិក​គ្រួសារ​ប៉ុណ្ណោះ​ ​ដែល​មាន​សិទ្ធិ​ចូល​សួរ​សុខទុក្ខ។​

VOA​ ​មិន​អាច​ទាក់ទង​សុំការ​អធិប្បាយ​ពី​លោក​ ​Garga Mahmoud ​អ្នក​នាំពាក្យ​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ ​(OHCHR) ​នៅ​ឡើយ​ទេ​រហូត​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ៕