ក្រុមមេធាវីរបស់សកម្មជនថៃដែលបាត់ខ្លួននៅរាជធានីភ្នំពេញ អស់រយៈពេលមួយឆ្នាំមកហើយ បានជំរុញឲ្យអាជ្ញាធរកម្ពុជាបន្តស្វែងរកលោក Wanchalearm Satsaksit ដែលត្រូវបានចាប់ដាក់ក្នុងរថយន្តមួយ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។
សំណុំរឿងនៃការបាត់ខ្លួនសកម្មជនថៃដែលគេចពីការចាប់ខ្លួនរបស់អាជ្ញាធរថៃ ស្ថិតក្នុងដៃរបស់តុលាការកម្ពុជា។ កាលពីខែធ្នូ ឆ្នាំ២០២០ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានសាកសួរបងស្រីសកម្មជនថៃរូបនេះ។ ប៉ុន្តែមេធាវីលើកឡើងថារហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានអ្វីបន្ថែមពីតុលាការទាក់ទងនឹងការស៊ើបអង្កេតនេះទេ។
លោក សំ ចំរើន មេធាវីជនជាតិខ្មែរតំណាងឲ្យគ្រួសាររបស់សកម្មជនថៃដែលបានបាត់ខ្លួន ថ្លែងនៅថ្ងៃពុធនេះថាបន្ទាប់ពីបងស្រីរបស់សកម្មជនថៃ គឺអ្នកស្រី Sitanun Satsaksitបានឡើងផ្តល់ចម្លើយដល់តុលាការកម្ពុជា មេធាវីមិនទាន់បានទទួលព័ត៌មានពីតុលាការទាក់ទងនឹងលទ្ធផលនៃការស៊ើបអង្កេតនៅឡើយទេ។ លោកជំរុញឲ្យតុលាការកម្ពុជាពន្លឿនការស៊ើបអង្កេតនេះ។
លោកប្រាប់VOAថា៖ «យើងនឹងធ្វើតាមនីតិវិធីដោយស្នើសុំឲ្យចៅក្រមស៊ើបសួរបំពេញកិច្ចស៊ើបសួរនៅក្នុងរឿងក្តីហ្នឹងឲ្យកាន់តែសកម្មនិងឲ្យមុះមុតជាងមុន»។
លោកមេធាវីបន្តថាបងស្រីរបស់សកម្មជនថៃតែងតែទាក់ទងមេធាវីតំណាងនៅប្រទេសកម្ពុជាហើយសួរនាំអំពីបច្ចុប្បន្នភាពនៃការស៊ើបអង្កេតរបស់តុលាការ។
លោកបន្ថែមថា៖ «យើងនឹងខំប្រឹងប្រែងធ្វើកិច្ចការហ្នឹងថែមទៀត ដើម្បីធានាថាកិច្ចស៊ើបសួរក្នុងរឿងក្តីហ្នឹងប្រព្រឹត្តទៅដោយតម្លាភាពនិងយុត្តិធម៌ ដើម្បីឲ្យជនរងគ្រោះទទួលយកដោយស្ងប់ចិត្ត»។
លោក Wanchalearm Satsaksit អាយុ៣៩ឆ្នាំ ជាសកម្មជនថៃ ដែលត្រូវគេរាយការណ៍ថាត្រូវបានចាប់ពង្រត់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ពីក្បែរខុនដូដែលលោកស្នាក់នៅក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ និងបាត់ដំណឹងរហូតមកដល់ពេលនេះ។
ប៉ូលិសកម្ពុជាបានឲ្យដឹងថាខ្លួនមិនមានព័ត៌មានអំពីការបាត់ខ្លួន ហើយក៏មិនមានភស្តុតាងបញ្ជាក់ថាសកម្មជនថៃនោះពិតជាបាត់ខ្លួននៅកម្ពុជានោះទេ។ ប៉ូលិសកម្ពុជាឲ្យដឹងទៀតថាម្ចាស់ខុនដូបានលើកឡើងថាមិនមានឈ្មោះនិងមិនដែលឃើញរូបរបស់សកម្មជនថៃស្នាក់នៅខុនដូនោះទេ។
ប៉ុន្តែអ្នករស់នៅក្បែរនោះធ្លាប់ប្រាប់VOAថាពិតជាមានការចាប់បុរសជនជាតិថៃចូលក្នុងរថយន្តពណ៌ខ្មៅមួយគ្រឿង ហើយកាមេរ៉ាសុវត្ថិភាពក៏បានបង្ហាះវីដេអូរថយន្តបើកចេញពីកន្លែងកើតហេតុ ដោយមានសន្តិសុខខុនដូរត់ចុះឡើងផងដែរ។
អ្នកស្រី Pornpen Khongkachonkiet អ្នកតស៊ូមតិជនជាតិថៃដែលផ្ដល់ជំនួយផ្លូវច្បាប់ដល់អ្នកស្រីSitanunដែលជាបងស្រីរបស់សកម្មជនថៃ មានប្រសាសន៍ថាក្រុមគ្រួសាររបស់សកម្មជនថៃដែលបាត់ខ្លួន បានជំរុញនិងសួរនាំជាបន្តបន្ទាប់អំពីការស៊ើបអង្កេតរបស់តុលាការកម្ពុជា ប៉ុន្តែមិនមានព័ត៌មានអ្វីទាល់តែសោះ។
ចំណែកអ្នកស្រី Sitanun បានប្រាប់VOAនៅថ្ងៃពុធនេះថា៖ «ខ្ញុំបាត់បង់ក្តីសង្ឃឹមទៅលើតុលាការកម្ពុជា»។
លោក ប្លង់ សុផល ដែលទើបត្រូវបានចាត់តាំងជាអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីខែឧសភា មិនទាន់អាចអត្ថាធិប្បាយលើរឿងនេះបានទេ ដោយថាលោកនឹងស្រាវជ្រាវមើលឯកសារជាមុនសិន។
តុលាការកម្ពុជាបានចោទ«អញ្ញត្តិជន»ដែលមិនស្គាល់មុខ ក្នុងដំណើររឿង ចាប់បង្ខាំង ឃុំខ្លួននិងប្រើប្រាស់អាវុធខុសច្បាប់ក្នុងករណីបាត់ខ្លួនលោក Wanchalearmនេះ ដែលនាំឲ្យមានការកោះអញ្ជើញអ្នកស្រី Sitannun ដែលជាបងស្រី មកកម្ពុជាផ្ដល់សក្ខីកម្មកាលពីខែធ្នូ ឆ្នាំ២០២០។ កាលនោះ បងស្រីរបស់សកម្មជនថៃបានបង្ហាញភស្តុតាងទៅតុលាការ ដោយបញ្ជាក់ថាប្អូនប្រុសរបស់អ្នកស្រី គឺលោក Wanchalearm Satsaksitពិតជាបាត់ខ្លួននៅកម្ពុជាមែន ដោយមានបុរស៣នាក់ចាប់ញាត់ចូលក្នុងរថយន្ត រួចបើកចេញទៅតាមបណ្តោយផ្លូវជាតិលេខ៦ ឆ្ពោះទៅគោលដៅក្នុងខេត្តកំពង់ចាម។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថាតុលាការនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវតែខិតខំស្រាវជ្រាវលើករណីនេះ ដើម្បីឲ្យក្រុមគ្រួសាររបស់សកម្មជនថៃបាត់ខ្លួនទទួលយកបាន។
លោកថ្លែងថា៖ «អញ្ចឹងករណីទាំងអស់នេះ បើសិនជាការបណ្តែតបណ្តោយអូសបន្លាយកាន់តែយូរទៅ វាធ្វើឲ្យក្រុមគ្រួសារគេ អាចនឹងអស់សង្ឃឹមទៅលើប្រព័ន្ធយុត្តិធម៌របស់យើង»។
លោក Wanchalearm បានភៀសខ្លួនមកជ្រកកោននៅកម្ពុជា ក្រោយរដ្ឋប្រហារថៃឆ្នាំ២០១៤ ហើយលោកជាអ្នករិះគន់មិនសំចៃមាត់ដល់របបយោធាថៃដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូចា ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីថៃ។ ក្រុមគ្រួសាររបស់លោក Wanchalearmបញ្ជាក់ថាសកម្មជនថៃរូបនេះក៏បានប្រើប្រាស់លិខិតឆ្លងដែនជនជាតិខ្មែរចេញចូលកម្ពុជាផងដែរ៕