មេធាវី​ក្រសួង​មហាផ្ទៃ​បង្ហាញ​ភស្តុតាង​ថា ​អាមេរិក​មាន​នយោបាយ​ផ្តួល​រំលំ​រដ្ឋាភិបាល​ប្រទេស​ដទៃ

តុលាការកំពូលសម្រេចបន្ត​សវនាការ​លើ​បណ្តឹង​របស់​ក្រសួង​​មហាផ្ទៃ​ ដែល​បាន​ប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ទៅរសៀលម៉ោងពីរ។ (នូវ ពៅលក្ខិណា/VOA)

នៅ​ក្នុង​សវនាការ​បណ្តឹង​សុំ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​មេធាវី​របស់​ក្រសួង​មហាផ្ទៃ​ទាំង​៤​រូប​បាន​លើក​ឡើង​ថា​ សហ​រដ្ឋអាមេរិក​បាន​ជួយ​ជ្រោម​ជ្រែង​គណបក្ស​សង្រ្គោះ​ជាតិ​ជា​សម្ងាត់​ក្នុង​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។​

សវនាការ​លើ​បណ្តឹង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​នេះ​មាន​ការ​រឹត​បន្តឹង​សន្តិសុខ ​និង​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង។ ​ តុលាការ​កំពូល​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារ​ព័ត៌មាន​យក​ឧបករណ៍​ថត​សំឡេង​ចូល​នោះ​ទេ។

មេធាវី​ទាំង​ ៤​បាន​ចំណាយ​ពេល​ជាង​៤​ម៉ោង​ ដើម្បី​បង្ហាញ​ភស្តុតាង​ជា​វីដេអូ ​ជា​សំឡេង ​និង​ជា​រូបភាព​ ទៅ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល។​ ដោយ​យោង​តាម​សម្តី​របស់លោក​ ដូណាល់ ត្រាំ ​(Donald Trump) ប្រធានាធិបតី​អាមេរិក​ ​កាល​ពី​ឆ្នាំ​២០១៦ ​ ​មេធាវី​បាន​ប្រាប់​តុលាការ​កំពូល​នូវ​ភស្តុតាង​មួយ​ក្នុង​ចំណោម​ភស្តុតាង​ច្រើន​ទៀត​ដែល​ថា ​អាមេរិក​ពិត​ជា​មាន​នយោបាយ​គាំទ្រ​ប្រទេស​ផ្សេងដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​គេ។​

លោក​ ដូណាល់ ត្រាំ​ ​បាន​ថ្លែង​កាល​ពី​ឆ្នាំ​២០១៦​ថា៖​

«យើង​នឹង​បញ្ឈប់​ការ​ប្រជែង​ដើម្បី​ផ្តួល​រំលំ​របប​បរទេស​ដែ​ល​យើង​មិន​ដឹងទាល់​តែ​សោះ ​ដែល​នេះ​យើង​មិន​គួរ​ពាក់ព័ន្ធ»។​

រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ

តាម​សម្តី​នេះ​មេធាវី​បាន​បញ្ជាក់​ថា៖​

«នេះ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា ​សហ​រដ្ឋ​អាមេរិក​ពិត​ជា​មាន​នយោបាយ​គាំទ្រ​ចារកម្ម​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល»។​

ក្រៅ​ពី​បញ្ជាក់​សម្តី​របស់​លោក ​ដូណាល់ ត្រាំ​លើ​គោល​នយោបាយ​ផ្តួល​រំលំ​រដ្ឋាភិបាល​ ​មេធាវី​ក៏​បាន​បង្ហាញ​ភស្តុតាង​ជា​វីដេអូ​នៃ​សម្តី​របស់​មេដឹកនាំ​ និង​មន្រ្តី​គណបក្ស​ប្រឆាំង​ ដែល​ក្នុង​នោះ​មាន​លោក កឹម សុខា ​និង​លោក​ សម រង្ស៊ី។​

នៅ​ក្នុង​សវនាការ​ដែល​មិន​មាន​វត្តមាន​មេធាវី ​ឬ​តំណាង​គណបក្ស​សង្រ្គោះ​ជាតិ ​និង​មិន​មាន​អ្នក​សង្កេត​ការណ៍​អាមេរិក​នោះ​ទេ ​មេធាវី​បាន​បង្ហាញ​វីដេអូ​ដំបូង​បង្អស់ ​ដែល​លោក ​កឹម សុខា ​បាន​ថ្លែង​កាល​ពី​ឆ្នាំ​២០១៣​ថា​ អាមេរិក​បាន​គាំទ្រ​រូប​លោក​ និង​បាន​ផ្តល់​គំនិត​ដល់​រូប​លោក​សម្រាប់​ការ​បង្កើត​អង្គការ​សង្គម​ស៊ីវិល ​និង​ការងារ​នយោបាយ។​ វីដេអូ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​ជា​ភស្តុតាង​ក្នុង​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​កញ្ញា ​ដោយ​ចោទ​ថា​ ​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ​ប៉ុន​ប៉ុង​ផ្តួល​រំលំ​រដ្ឋាភិបាល។​

មេធាវី​បាន​បញ្ជាក់​ថា ​ការ​ថ្លែង​របស់​លោក ​កឹម សុខា ​មាន​ភាព​ស៊ី​សង្វាក់​នឹង​សកម្មភាព​របស់​គាត់។ ​ពួកគេ​បាន​លើក​ឡើង​ថា ​តាម​ការ​បង្គាប់​បញ្ជា​របស់​អាមេរិក​ លោក កឹម សុខា ​បាន​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​(CCHR) ​កាល​ពី​ឆ្នាំ​២០០២​ ដោយ​មាន​ការ​ជួយ​ថវិកា​ដោយ​អាមេរិក។​ បន្ទាប់​មក ​លោក​កឹម សុខា ​បាន​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​ ក្នុង​ឆ្នាំ​២០០៧​ ដែល​មេធាវី​ថា ​នេះ​ជា​បង្គាប់​បញ្ជា​របស់​អាមេរិក​ដែរ។​

មេធាវី​បាន​បញ្ជាក់​ថា៖​

«ការ​បង្កើត​ CCHR​ ក្រោម​ការ​បង្គាប់​បញ្ជា​របស់​អាមេរិក​ ដូច​សម្តី​របស់​លោក ​កឹម សុខា ​លើក​ឡើង។​ ការ​បង្កើត​ CCHR ​ដើម្បី​អី? ​គឺ​ដើម្បី​ប្រមូល​ កៀង​គរ​កម្លាំង​ប្រជាជន​នៅ​តាម​មូលដ្ឋាន ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។ ​គោលដៅ​គឺ​ ប្រមូល​កម្លាំង​ប្រជាជន​នៅ​មូលដ្ឋាន​ ដើម្បី​យុទ្ធសាស្រ្ត​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា»។​

មេធាវី​ក៏​បាន​លើក​ឡើង​ដែរ​ថា ​សូម្បី​តែ​ការ​បង្កើត​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ឆ្នាំ​២០១២ ​ដែល​ជា​ការ​បញ្ចូល​គ្នា​រវាង​គណបក្ស​សិទ្ធិ​មនុស្ស ​និង​គណបក្ស​ សម រង្ស៊ី​គឺ​អាមេរិក​បាន​ជួយ​ផ្តល់​គំនិត ​និង​ផ្តល់​ថវិកា​ជួយ​ផង​ដែរ។​

មេធាវី​បាន​លើក​ឡើង​ថា៖​

«ការ​ចូល​រួម​រវាង​គណបក្ស​សិទ្ធិ​មនុស្ស ​និង​គណបក្ស​ សម រង្ស៊ី រៀប​ចំ​បញ្ចូល​ជា​គណបក្ស​សង្រ្គោះ​ជាតិ ​គឺ​មិន​មែន​តែ​លោក​ កឹម សុខា​ និង​លោក​សម រង្ស៊ី​ទេ​គឺ​ មាន​ការ​សម្រប​សម្រួល​ពី​បរទេស​(អាមេរិក)»។​ មេធាវី​បញ្ជាក់​បន្ថែម​ថា៖​

«ទាំង​ការ​បង្កើត​ CCHR ​គណបក្ស​សិទ្ធិមនុស្ស ​និង​ការ​ចូល​គណបក្ស​សិទ្ធិ​មនុស្ស ​និង​គណបក្ស​សម រង្ស៊ី ​គឺ​ កើត​ឡើង​ដោយ​មាន​ការ​ទំនុក​បម្រុង​ គាំពារ​ ជ្រោម​ជ្រែង​ពី​សហ​រដ្ឋ​អាមេរិក​ តាម​រយៈ​ NGOs​ ក្រោម​លេស​លើក​ស្ទួយ​ប្រជា​ធិបតេយ្យ»។​

មេធាវី​បាន​បញ្ជាក់​ប្រាប់​តុលាការ​ថា ​អាមេរិក​បាន​ជួយ​រៀបចំ​គោល​នយោបាយ​ និង​កម្មវិធី​នយោបាយ​សម្រាប់​គណបក្ស​សង្រ្គោះ​ជាតិ​ តាំង​ពី​ដើម​មក​រហូត​មក​ដល់​ពេល​នេះ។ ​ក្រុម​មេធាវី​ក៏​បាន​បង្ហាញ​រូប​ភាព ​និង​វីដេអូ ​ដែល​លោក​កឹម សុខា​ និង​ថ្នាក់ដឹកនាំ​បាន​ជួប​ជាមួយ​មន្រ្តី​ការ​បរទេស​អាមេរិក​ជា​បន្ត​បន្ទាប់ ​និង​សមាជិក​ព្រឹទ្ធ​សភា ​រួម​មាន​លោក ​Ted Cruz ​និង​លោក​ John McCain​ ដែល​ក្រុម​មេធាវីរដ្ឋាភិបាលនិយាយថា ​វា​បង្ហាញ​ថា ​អាមេរិក​ពិត​ជា​មាន​ទំនាក់​ទំនង​ជា​មួយ​អាមេរិក។​

មេធាវី​ក៏​បាន​លើក​ឡើង​ថា ​អាមេរិក​បាន​គាំទ្រ​គណបក្ស​ប្រឆាំង ​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ដែល​ពួកគេ​ចាត់​ទុក​ថា​ ស្ថិត​ក្នុង​គម្រោង​បដិវត្តន៍​ពណ៌ ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ​ក្រោម​រូបភាព​ប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស។​

មេធាវី​បាន​មាន​ប្រសាសន៍​ថា៖​

«នេះ​ជា​ផែនការ​ជា​លក្ខណៈ​ប្រព័ន្ធ​ មាន​សង្គម​ស៊ីវិល​ជា​សេនាធិការ​ និង​មាន​បរទេស​ផ្តល់​ជំនួយ​(អាមេរិក)»។​

រដ្ឋាភិបាល​បាន​បិទ​អង្គការ​ National Democractic Institute ​ឬ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​របស់​សហ​រដ្ឋ​អាមេរិក ​កាល​ពី​ខែ​សីហា។ ​បន្ទាប់​មក​មាន​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​ការ​ចាប់​ខ្លួន​លោក​កឹម សុខា​ មេដឹកនាំ​គណបក្ស​ប្រឆាំង។​

ចំណែក​ភស្តុតាង​មួយ​ទៀត​ មេធាវី​បាន​អះអាង​ថា ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​បញ្ជូន​មន្រ្តី​របស់​ខ្លួន​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី ​កាល​ពី​ឆ្នាំ​២០១៦​ ដើម្បី​ចូល​រួម​ការ​បណ្តុះ​បណ្តាល​ស្តី​អំពី​បដិវត្តន៍​ពណ៌ ​ដែល​រៀប​ចំ​ដោយ​អង្គការ​ Canvas (Center for Applied Nonviolent Action and Strategies។​ ​មេធាវី​អះអាង​ថា ​អង្គការ​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​សហ​រដ្ឋ​អាមេរិក។​

មេធាវី​បាន​ឲ្យ​ដឹង​ទៀត​ថា ​គោល​ដៅ​នៃ​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​នេះ​គឺ​បន្ត​រហូត​មក​ដល់​ពេល​នេះ ​ហើយ​ឆ្នាំ​២០១៨​ជា ​ឆ្នាំ​ចុង​ក្រោយ​សម្រាប់​ការ​ផ្តួល​រំលំ។​

មេធាវី​មាន​ប្រសាសន៍​ថា៖​

«ផែនការ​សម្ងាត់​ជាមួយ​បរទេស​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​ ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​២០១៨​គឺ ​មិនមែន​ជា​មធ្យោបាយ​ប្រកួត​ប្រជែង​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​ ប៉ុន្តែ​គ្រាន់​តែ​ជា​លេស​ធ្វើ​បដិវត្តន៍​ ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​តែ​ប៉ុណ្ណោះ។ ​ប្រសិន​បើ​យើង​មិន​អនុវត្ត គឺ​ បដិវត្តន៍​ពណ៌​នឹង​កើត​ឡើង​នៅ​ឆ្នាំ​២០១៨»។​

ជា​ការ​សន្និដ្ឋាន ​មេធាវី​បាន​បញ្ជាក់​ប្រាប់​តុលាការ​ថា​ ទាំង​នេះ​ជា​ភស្តុតាង​សំខាន់​មិន​អាច​ប្រកែក​បាន​ ហើយ​គណបក្ស​សង្រ្គោះ​ជាតិ​ចំណុះ​ឲ្យ​សហ​រដ្ឋ​អាមេរិក។​

ប្រធាន​ក្រុម​មេធាវី​រដ្ឋាភិបាល​គឺ​ លោក ​គី តិច ​មាន​ប្រសាសន៍​ថា៖​

«អំពើ​ និង​សកម្មភាព​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​មាន​ភស្តុតាង​សន្ធឹក​សន្ធាប់ជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌ ​និង​បង្គាប់​ពី​បរទេស ​ជា​ពិសេស​សហ​រដ្ឋ​អាមេរិក»។​

រូបឯកសារ៖ លោក គី តិច មេធាវីរបស់ក្រសួងមហាផ្ទៃមួយរូបក្នុងចំណោម៤រូប ប្រាប់អ្នកសារព័ត៌មានក្រោយចេញពីដាក់ភស្តុតាងបន្ថែមក្នុងសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ នៅតុលាការកំពូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។(កាន់ វិច្ឆិកា/VOA)

អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​ការ​លើក​ឡើង​របស់​មេធាវី​ក្រសួង​មហា​ផ្ទៃ​នៅ​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​ទេ។​

កាល​ពី​ខែ​កញ្ញា ​ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ គឺ​ លោក William Heidt ​បាន​ឆ្លើយ​តប​ខ្លាំងៗ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ដែល​ថា​ ​សហរដ្ឋ​អាមេរិក​កំពុង​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។​ លោក​លើក​ឡើង​ថា ​ការ​ចោទ​ប្រកាន់​នេះ​មិន​មែន​ជា​ ការណ៍​ពិត ​ភូត​កុហក​ និង​គ្មាន​ហេតុផល។​

ទោះ​ជា​យ៉ាងណា ​បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ សេតវិមានគឺ ​វិមាន​ប្រធានាធិបតី​អាមេរិក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ​ដោយ​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ការ​ចោទ​ប្រកាន់​ប្រឆាំង​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៃ​ប្រទេស​កម្ពុជា ​ដោយ​សំអាង​ទៅ​លើ​ការ​ចោទ​ប្រកាន់ ​ដែល​ពុំសម​ហេតុ​សម​ផល​ និង​ដែល​ពាក់ព័ន្ធ​នឹង​នយោបាយ ​ដែល​ថា​ គណបក្ស​ប្រឆាំង​នេះ​បាន​ចូលរួម​ក្នុង​ការ​ឃុបឃិត​មួយ​ដើម្បី​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។​

សេចក្តី​ថ្លែង​ការណ៍​បាន​បញ្ជាក់​ថា៖​

«ពិភពលោក​កាន់​តែ​ឃើញ​ច្បាស់​ឡើង​ថា ​ការ​ដាក់​ការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​ទៅ​លើ​សង្គម​ស៊ីវិល ​ការ​គាប​សង្កត់​ទៅ​លើ​សារ​ព័ត៌មាន​ និង​ការ​ហាមឃាត់​មិន​ឲ្យ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ជាង ​១០០​នាក់ធ្វើ​សកម្មភាព​នយោបាយ​នោះ​ បាន​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​ ដើរ​ថយ​ក្រោយ​យ៉ាង​លឿន​ ហើយ​បាន​ដាក់​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច ​និង​តួនាទី​របស់​កម្ពុជានៅ​លើ​ឆាក​អន្តរជាតិ​ប្រឈមហានិភ័យ»។​

សហ​រដ្ឋ​អាមេរិក​ក៏​បាន​ព្រមាន​ថា​ នឹង​ចាត់​វិធាន​ការ​ជាក់​លាក់​មួយ​ចំនួន​ ដើម្បី​ឆ្លើយ​តប​ចំពោះ​សកម្មភាព​ដ៏​គួរ​ឲ្យ​សោកស្តាយ​យ៉ាង​ខ្លាំង​របស់​រដ្ឋាភិបាល​កម្ពុជា។ ​សេចក្តី​ថ្លែង​ការណ៍​បាន​បញ្ជាក់​ថា៖​

«ជា​ជំហាន​ទី​មួយ​ យើង​នឹង​បញ្ឈប់​ការ​គាំទ្រ​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​កម្ពុជា​ (គ.ជ.ប.)​ និង​កិច្ចការ​រដ្ឋបាល​របស់​គណៈកម្មាធិការ​នេះ ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ​ខាង​មុខ។ ​យោង​តាម​ដំណើរ​ការ​បច្ចុប្បន្ន​នេះ ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​នឹង​មិន​មាន​ភាព​ស្របច្បាប់ ​និង​មិន​សេរី ​និង​យុត្តិធម៌​ឡើយ»។​

ទំនាក់ទំនង​អាមេរិក​មាន​ភាព​មិន​ល្អ​នៅ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ ស្រប​ពេល​នយោបាយ​នៅ​កម្ពុជា​ឡើង​កំដៅ។ ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​តែង​តែ​វាយ​ប្រហារ​អាមេរិក ​ជាពិសេស​ការ​ទម្លាក់​គ្រាប់​បែក​នៅ​កម្ពុជា ​ក្នុង​សម័យ​សង្រ្គាម​ ហើយ​លោក​ក៏​ព្រមាន​កុំ​ឲ្យ​ប្រទេស​មហា​អំណាច​មួយ​នេះ​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា។​

លោក​ Phil Robertson​ អនុប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី​របស់​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​មាន​ប្រសាសន៍​នៅ​ក្នុ​ង​សេចក្តី​ថ្លែង​ការណ៍​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ គឺ​ជា ​គម្រោង​សម្ងាត់​របស់​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​ដើម្បី​ធានា​ជោគជ័យ​របស់​លោក​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​នេះ។ ​លោក​បញ្ជាក់​ថា ​ការ​លើក​ឡើង​អំពី​បដិវត្តន៍​ពណ៌គឺ​ជា​រឿង​និទាន ​ដែល​សរសេរ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​ហើយ​មាន​លក្ខណៈ​នយោបាយ។​

រូបឯកសារ៖ លោក​ Phil Robertson​ អនុប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី​របស់​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch

លោក​មាន​ប្រសាសន៍​ថា៖​

«នេះ​ជា​ការ​ស្លាប់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​ហើយ​វា​ជា​នយោបាយ​សម្លាប់​គោលការណ៍កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល ​ថា​ កម្ពុជា​គួរ​តែ​មាន​ការ​គោរព​សិទ្ធិ ​និង​មាន​ប្រជាធិបតេយ្យ​ពហុបក្ស»។​

គណបក្ស​សង្រ្គោះ​ជាតិ​បាន​លើក​ឡើង​ថា ​ពួកគេ​មាន​ទំនាក់ទំនង​ធម្មតា​ជាមួយ​អាមេរិក​ ហើយ​គណបក្សមិន​មាន​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ ​គឺ​ផ្លាស់​ប្តូរ​តាម​រយៈ​ការ​បោះឆ្នោត​តែ​ប៉ុណ្ណោះ៕