មេធាវី​​ចាប់​ផ្តើម​អាន​សារណា​បើក​ក្នុង​សំណុំ​រឿង​ទិញកាំភ្លើង​សហព័ន្ធ​របស់​លោក​ Hunter Biden

លោក Hunter Biden ជាមួយភរិយា លោកស្រី Melissa Cohen Biden នៅតុលាការសហព័ន្ធនៅទីក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

មេធាវី ​នៅ​ថ្ងៃ​អង្គារ​នេះ​បានចាប់​ផ្តើមបង្ហាញ​សារណា​បើក​នៅ​ក្នុងសំណុំ​រឿងទិញ​អាវុធ​សហព័ន្ធ​មួយ ប្រឆាំង​នឹង​កូនប្រុសប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden​ គឺ​លោក​ Hunter Biden នៅ​ក្នុង​សវនាការ​មួយ​ ដែលត្រូវ​គេ​រំពឹង​ថា​នឹង​មាន​ការ​ផ្តល់​សក្ខីកម្ម​ពី​អតីត​ដៃគូស្រី និង​ពីមនុស្ស​ជំនិត​មួយ​ចំនួន​ផ្សេង​ទៀត​ស្តី​ពី​ការ​ញៀនថ្នាំ​របស់​ជន​ជាប់ចោទ​។ ​ នេះ​បើ​យោង​ទៅ​លើ​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP​ ។

លោកHunter Biden ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌចំនួន​៣​ ​ដែលកើត​ចេញ​ពី​ការ​ទិញ​កាំភ្លើង​មួយ​ដើម​របស់​លោក​កាល​ពី​ឆ្នាំ​២០១៨​ នៅ​ពេល​ដែល​លោក​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការញៀនថ្នាំ​ដ៏ជោគជាំ។ នេះ​បើ​យោង​ទៅ​លើ​កំណត់ត្រា​ឯកសារ​ផ្ទាល់​ខ្លួន​លោក។​ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​ភូតកុហក​ដល់​ហាង​លក់​អាវុធ​ដែល​មាន​ច្បាប់​មួយ​កន្លែង​ ដោយ​បាន​និយាយមិន​ត្រង់​នៅ​លើ​ពាក្យ​សុំ​ទិញ​កាំភ្លើង​នោះ ដោយ​ដាក់​ថា​ លោក​មិនដែល​ប្រើប្រាស់​គ្រឿងញៀននោះ​ទេ​ និង​បានរក្សា​អាវុធ​នោះ​ទុកដោយ​ខុសច្បាប់​អស់​រយៈពេល​ចំនួន១១​ថ្ងៃ។ ​

លោក​Hunter Biden បាន​មក​ដល់​បន្ទប់​តុលាការ​នៅព្រឹក​ថ្ងៃ​អង្គារ​នេះ​ជា​មួយ​ភរិយា​របស់​លោក​ ​ដោយ​ដើរ​ចេញ​ពី​រថយន្ត SUV ​មួយគ្រឿង។ ស្រី្តទី​១​អាមេរិក​អ្នក​ស្រី​ Jill Biden ​និង​កូនស្រី​គឺ​អ្នកស្រី​ Ashley Biden ក៏​មាន​វត្តមាន​ជា​ថ្មី​នៅ​ក្នុង​បន្ទប់​សវនាការ​នោះ​ដែរ។

សវនាការ​ក្តី​លើ​សំណុំ​រឿង​ទិញ​កាំភ្លើង​សហព័ន្ធនេះ​កើត​មាន​ឡើង​ ​បន្ទាប់​ពី​ការ​បរាជ័យ​នៃ​កិច្ច​ព្រមព្រៀង​មួយជា​មួយក្រុម​រដ្ឋអាជ្ញា ដែល​អាច​បញ្ជៀស​បាន​នូវសវនាការក្តី​មួយ​ ដែលនៅ​កៀកជិត​ដល់​ពេល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ក្នុង​ឆ្នាំ​២០២៤​ នេះ។ ​លោក Hunter Biden ​បាន​បញ្ជាក់​ប្រាប់​តុលាការក្នុង​ពេល​កន្លង​ទៅ​ថា​ លោក​គ្មាន​កំហុស​ទេ​ និង​បាន​លើក​ហេតុផលសំអាង​ថា​ ​លោក​ត្រូវ​បានក្រសួង​យុត្តិធម៌​អាមេរិក​យក​ធ្វើគោលដៅ​ដោយ​អយុត្តិធម៌​ ក្រោយ​ពី​ក្រុម​គណបក្ស​សាធារណរដ្ឋបាន​រិះគន់ ​ទៅ​លើ​កិច្ចព្រមព្រៀង​ដែលបាន​ទទួលបរាជ័យទៅ​ហើយ​នោះ​ ថាជា​ការ​អនុវត្ត​ដ៏​ពិសេស​មួយ​ទៅ​លើកូនប្រុស​ប្រធានាធិបតី​អាមេរិករួច​មក៕