នៅក្នុងសវនាការជំនុំជម្រះនៅតុលាការកំពូលនាថ្ងៃចន្ទនេះ មេធាវីការពារក្តីនៅតែបន្តទទូចឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA ក្នុងសំណុំរឿងបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលកម្មករ កាលពី១០ឆ្នាំមុន។
នៅក្នុងសវនាការជំនុំជម្រះ សហមេធាវីលោកការពារក្តីឱ្យលោក វន់ ពៅ គឺលោក សឺន ជុំជួន ការពារកូនក្តីរបស់លោកថា ការសម្រេចរបស់សាលាដំបូង និងសាលាឧទ្ធរណ៍មកលើលោក វន់ ពៅ កាលពីកន្លងទៅមិនត្រឹមត្រូវតាមនីតិវិធី បំភ្លៃអង្គហេតុ និងភស្តុតាងមកដាក់បន្ទុក។ លោកស្នើឱ្យចៅក្រមតុលាការកំពូលទម្លាក់បទចោទមកលើកូនក្តីរបស់លោក។
លោក សឺន ជុំជួន ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សវនាការនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ថា៖ «ការសម្រេចសេចក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ ការសម្រេចក្តីរបស់សាលាឧទ្ធរណ៍ភ្នំពេញគឺយើងមិនអាចទទួលយកបានទេ ពីព្រោះថា ការសម្រេចសេចក្តីទាំងអស់នេះមិនឆ្លើយតបទៅនឹងអង្គហេតុ មានន័យថា ផ្ទុយទៅនឹងអង្គហេតុ ហើយការសំអាងហេតុក៏មិនអាចទទួលយកបានទេ ផ្ទុយទៅនឹងអង្គច្បាប់។
ដូច្នេះក្នុងនាមយើងខ្ញុំជាសហមេធាវីការពារសិទ្ធិឱ្យលោក វន់ ពៅ ហ្នឹង យើងស្នើសុំឱ្យក្រុមប្រឹក្សាជំនុំជម្រះហ្នឹងសម្រេចឱ្យលោក វន់ ពៅហ្នឹង គាត់បានរួចផុតពីបទចោទ។ ហើយចំណុចទី២ សូមឱ្យមោឃៈសាលដីការបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ។នេះជាអ្វីដែលយើងបានចូលរួមនៅក្នុងសវនាការនាព្រឹកនេះ»។
លោក វន់ ពៅ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតត្រូវបានចោទប្រកាន់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»ពាក់ព័ន្ធនឹងការធ្វើបាតុកម្មរបស់កម្មករ ដែលទាមទារដំឡើងប្រាក់ឈ្នួលដល់១៦០ដុល្លារ កាលពីឆ្នាំ២០១៤ ដែលកាលនោះ លោក វន់ ពៅ ត្រូវបានគេវាយប្រហារបែកក្បាល និងទ្រោមខ្លួន។ លោក វន់ ពៅ និងអ្នកផ្សេងទៀតត្រូវបានចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារមួយរយៈ មុននឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ ប៉ុន្តែសំណុំរឿងរបស់លោកនៅតែបន្ត ហើយលោកបានប្តឹងទាស់ជាបន្តបន្ទាប់ រហូតដល់តុលាការកំពូល។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ចៅក្រមសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូង នៅក្នុងករណីបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលកម្មករកាលពី១០ ឆ្នាំមុន ដោយកាត់ទោសមេដឹកនាំសហជីពមួយចំនួនដែលមានលោក វន់ ពៅ ផងដែរ។ លោក វន់ ពៅ ត្រូវបានកាត់ទោសដាក់ពន្ធនាគារ៤ឆ្នាំកន្លះ។
Your browser doesn’t support HTML5
លោក វន់ ពៅ សង្ឃឹមតុលាការកំពូលផ្តល់យុត្តិធម៌ដល់រូបលោក
នៅក្នុងសវនាការនាព្រឹកថ្ងៃចន្ទនេះ មេធាវីការពារក្តីឱ្យដើមបណ្តឹង លោក ចេង ប៉េងហាប់ បានលើកឡើងថា ការចោទប្រកាន់និងការសម្រេចរបស់តុលាការកន្លងមកលើលោក វន់ ពៅ គឺស្របតាមនីតិវិធីត្រឹមត្រូវ គ្មានការបំភ្លៃអង្គហេតុ និងមានភស្តុតាងគ្រប់គ្រាន់នៅក្នុងការដាក់បន្ទុក។ មេធាវីរូបនេះស្នើតុលាការកំពូលឱ្យតម្កល់ការសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល។
បើតាមលោក ចេង ប៉េងហាប់ ការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួលរបស់កម្មករគឺជាលេសដើម្បីធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាល។
កាលពីកន្លងទៅ រដ្ឋាភិបាលកម្ពុជាបានអះអាងថា ការតវ៉ារបស់កម្មករកាលពីដើមឆ្នាំ២០១៤ នៅលើកំណត់ផ្លូវវ៉េងស្រេង និងតាមរោងចក្រផ្សេងទៀតធ្វើឡើងដោយខុសច្បាប់ និងមានបំណងផ្តួលរំលំរដ្ឋាភិបាល។
ក្រោយការជំនុំជម្រះរបស់តុលាការកំពូល លោក វន់ ពៅ ប្រាប់អ្នកសារព័ត៌មានថា លោកសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ដល់រូបលោក។
លោកបញ្ជាក់ថា៖ «ដូចខ្ញុំជម្រាបជូនបងប្អូនជនរួមជាតិ និងអ្នកសារព័ត៌មានជាតិ អន្តរជាតិជ្រាបស្រាប់ថា ខ្ញុំស្វែងរកយុត្តិធម៌នេះជាង១០ឆ្នាំហើយ។ អ៊ីចឹងពេលនេះយើងគិតថា ល្មមដល់ពេលតុលាការសាលាកំពូលផ្តល់យុត្តិធម៌ឱ្យខ្ញុំ លើកលែងការចោទប្រកាន់មកលើរូបខ្ញុំហើយ ដើម្បីឱ្យខ្ញុំរស់ក្នុងប្រទេសមួយដែលជាម្ចាស់ប្រទេសមួយដែរ ជាប្រជាពលរដ្ឋស្លូតត្រង់ មិនបានប្រព្រឹត្តអ្វីទាល់តែសោះ ឱ្យខ្ញុំរស់ប្រកបដោយភាពយុត្តិធម៌ផង។ យើងចង់បានយុត្តិធម៌រស់នៅប្រកបដោយសេចក្តីសុខ ដោយសុខដុមរមនានៅលើទឹកដីរបស់យើង»។
លោក វន់ ពៅ អះអាងថា ការប្រមូលផ្តុំរបស់កម្មករ កាលពីថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ ២០១៤ គឺជាការធ្វើកូដកម្មទាមទារដំឡើងប្រាក់ឈ្នួលដែលមិនមែនជាការផ្តួលរលំរដ្ឋាភិបាលនោះទេ។
នៅក្នុងការបង្ក្រាបការប្រមូលផ្តុំតវ៉ារបស់កម្មករកាលពីជាង១០ឆ្នាំមុន ក្រុមកងកម្លាំងចម្រុះ និងក្រុមទាហានឆ័ត្រយោង ៩១១ បានប្រើហិង្សា ហើយបានបាញ់រះគ្រាប់កាំភ្លើងពិតដែលបណ្តាលឱ្យមនុស្សចំនួន៤នាក់ស្លាប់ និងរងរបួសចំនួន៤៤នាក់។ កម្មករម្នាក់ឈ្មោះ ខឹម សុផាត បានបាត់ខ្លួនរហូតដល់ពេលបច្ចុប្បន្ននេះ។
មុនបិទបញ្ចប់ការជំនុំជម្រះ លោក និល ណុន ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះក្នុងសំណុំរឿងលោក វន់ ពៅ បានថ្លែងថាសាលដីកានឹងត្រូវប្រកាសនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ៕