នាង ខុម ច័ន្ទដារាទី ហៅ ស្រីមុំ នៅព្រឹកថ្ងៃអង្គារនេះ បានចូលខ្លួនបំភ្លឺនៅតុលាការដំបូងរាជធានីភ្នំពេញ ដើម្បីផ្តល់ចម្លើយ ទាក់ទិនការចោទប្រកាន់ថា នាងបាន«ផ្តល់សក្ខីកម្មក្លែងក្លាយ និងប្រព្រឹត្តអំពើពេស្យាចា» ដែលធ្វើឡើងដោយអង្គភាពប្រឆាំងអំពើភេរវកម្មនៃក្រសួងមហាផ្ទៃ។
ស្រីមុំដែលគេចោទថា បានមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានសួរដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញអស់រយៈពេលជាងបួនម៉ោង។ បន្ទាប់ពីការសាកសួរនោះ ស្រីមុំ ពុំបានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មានថា នាងបានទទួលស្គាល់ថា ខ្សែអាត់សំឡេងឆ្លើយឆ្លងនោះពិត ឬយ៉ាងណានោះទេ។ នាងនិយាយចេញពីក្នុងរថយន្តរបស់សមាគមសិទ្ធិមនុស្ស អាដហុក យ៉ាងដូច្នេះថា៖
«ដូចខ្ញុំនិយាយពាក្យដដែលៗថា ពេលហ្នឹង ខ្ញុំអត់អាចនិយាយបានទេ ព្រោះថា ខ្ញុំមានអារម្មណ៍មួយថា វាពិបាកនឹងនិយាយចេញ»។
នាងបានឲ្យដឹងបន្ថែមថា តុលាការមិនបានប្រាប់ឲ្យនាងចូលទៅបំភ្លឺជាថ្មីម្តងទៀតនៅពេលណាទៀតនោះទេ។
អ្នកស្រី ទ្រី ឈួន មេធាវីការពារក្តីឲ្យ ស្រីមុំ ថ្លែងប្រាប់ VOA ថា ស្រីមុំ បានទទួលស្គាល់ក្លីបសំឡេងមួយចំនួនបន្ថែមទៀត ដែលគេចោទថា ជាសំឡេងសាងសងរវាងនាង និងលោក កឹម សុខា។ យ៉ាងណាក៏ដោយ អ្នកស្រីបញ្ជាក់ថា ស្រីមុំ នឹងមិនរងការចោទប្រកាន់ពីតុលាការនោះទេ ទោះបីជាមានការទទួលស្គាល់ក្លីបសំឡេងបន្ថែមទៀតក៏ដោយ។
«ខ្ញុំយល់ថា អត់មានពាក់ព័ន្ធការចោទប្រកាន់គាត់ទេ បើទោះបីជាគាត់ទទួលស្គាល់ក៏ដោយ ដោយសារតែពាក់ព័ន្ធនឹងសំឡេងនេះ គឺពាក់ព័ន្ធកញ្ញា ធី សុវណ្ណថា នៅសំណុំរឿងទីមួយនោះ ប្តឹងពីបទបរិហាកេរ្តិ៍។ ការសន្ទនារបស់តួអង្គ ស្រីមុំ ហើយនឹងបុគ្គលអ្នកនយោបាយម្នាក់នោះ វាមិនមែនសន្ទនាទីសាធារណៈទេ។ គាត់និយាយជាលក្ខណៈសម្ងាត់ អញ្ចឹងមិនមានបទល្មើសទេ»។
VOA ពុំអាចទំនាក់ទំនងលោក សៀង សុខ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញបានទេ នៅថ្ងៃអង្គារនេះ។
រឿងអាស្រូវស្នេហារបស់លោក កឹម សុខា កំពុងត្រូវបានយុវជនម្នាក់ ដែលតាំងខ្លួនថាជានិស្សិត និងត្រូវគេស្គាល់ឈ្មោះថា ស្រី ចំរើន តាមប្រម៉ាញ់រកខុសត្រូវ ដោយនិស្សិតរូបនេះ បានដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នរដ្ឋមួយចំនួន ក្នុងនោះមានរដ្ឋសភាផងដែរ។
នៅថ្ងៃអង្គារនេះ និស្សិត ស្រី ចំរើន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមលោកនៅបន្តជីកកកាយរឿងអាស្រូវនេះ សម្រាប់ប្រយោជន៍សាធារណៈ។ លោកថា ស្រីមុំ ត្រូវតែនិយាយការពិត។
រឿងរ៉ាវអាស្រូវស្នេហាលួចលាក់នេះ បានបង្កជាក្តីបារម្ភដល់ក្រុមអង្គការសង្គមស៊ីវិលផងដែរ ដោយពួកគេលើកឡើងថា សំណុំរឿងនេះ គឺជាការរំលោភសិទ្ធិបុគ្គលពេញទី។ ចំណែកឯ អ្នកវិភាគសង្គមថ្លែងថា រឿងរ៉ាវនេះ គឺជារឿងដែលធ្លាប់កើតចំពោះព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ ដែលត្រូវគេដឹងថា បានមានទំនាក់ទំនងស្នេហាជាមួយអ្នករាំរបាំហ្លួងម្នាក់។ ទំនាក់ទំនងនេះ បានធ្វើឲ្យព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ បែកបាក់ជាមួយអតីតព្រះអង្គម្ចាស់ក្សត្រីរបស់ទ្រង់ ហើយព្រះកិត្តិនាមទ្រង់ក៏ស្រុតចុះ រហូតព្រះអង្គត្រូវបានមន្ត្រីគណបក្សទ្រង់បង្ខំឲ្យចាកចេញជាប្រធានគណបក្សរាជានិយម ហ៊្វុនស៊ីនប៉ិច។
លោកស្រី ធីតា ឃឹះ នាយិកាប្រតិបត្តិនៃអង្គការសីលការ ដែលធ្វើការងារលើការពង្រឹងអភិបាលកិច្ចសាធារណៈ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមមេដឹកនាំអង្គការសង្គមស៊ីវិល នឹងបន្តជួយជ្រោមជ្រែងខាងផ្នែកច្បាប់ សម្រាប់ការពារភាពស្អាតស្អំរបស់ស្រីមុំ។
«យើងមុនដំបូងថាមិនលូកលាន់ ទៅក្នុងរឿងបញ្ហាជាបុគ្គល។ យើងមិនលូកលាន់ទេ ប៉ុន្តែដល់ឥឡូវ វាប៉ះពាល់ធ្ងន់ទៅលើសិទ្ធិជាបុគ្គល ជាពិសេសគាត់ជាស្រ្តី ដូច្នេះយើងចេញមុខមកធ្វើការងារនេះ»។
លោកស្រីថា នឹងគៀងគរមេធាវីដើម្បីការពារស្រីមុំឲ្យផុតពីការចោទប្រកាន់ដោយតុលាការ។ លោកស្រីបន្ថែមថា លោក កឹម សុខា និងអ្នកនយោបាយផ្សេងទៀត ដែលមានការពាក់ព័ន្ធក្នុងរឿងនេះ គួរចេញមកបំភ្លឺដល់សាធារណជន ដើម្បីបន្ថូរបន្ថយបន្ទុករបស់ស្រីមុំ។
លោក កែម ឡី អ្នកវិភាគសង្គមកម្ពុជា បានមានប្រសាសន៍ថា ការប្រើប្រាស់រឿងអាស្រូវស្នេហាលួចលាក់មកវាយប្រហារលោក កឹម សុខា នេះ បង្ហាញឲ្យឃើញយុទ្ធសាស្ត្រទន់ខ្សោយរបស់គូប្រជែងលោក កឹម សុខា។
«អ្នកដែលបង្កើតសាច់រឿងហ្នឹង ឬមួយក៏អ្នកយកសាច់រឿងហ្នឹង យកមកលេងល្បែងនយោបាយ ខ្ញុំគិតថាមិនចំណេញប៉ុន្មានទេ។ ផ្ទុយទៅវិញ គេមើលឃើញអំពីគំនិតនយោបាយរាក់កំផែល។ សម្រាប់អ្នកនយោបាយដែលមានគុណភាព គេត្រូវផ្តោតអារម្មណ៍ គេត្រូវចាត់អាទិភាពបញ្ហាណា គេមិនយកបញ្ហា បុគ្គលអីចឹង យកមកលេងសើចនៅក្នុងស្ថាប័នកំពូលៗរបៀបនេះទេ»។
ក្រុមអ្នកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្ស និងនយោបាយកម្ពុជាថ្លែងថា រឿងរ៉ាវស្នេហាលួចលាក់នេះ គ្រាន់តែជាការបង្វែរស្ថានការណ៍នយោបាយកម្ពុជាតែប៉ុណ្ណោះ។ សំណុំរឿងអាស្រូវស្នេហាលួចលាក់ដដែលនេះ ក៏កំពុងសាបរលាបទៅវិញដែរ ដោយសំណុំរឿងថ្មីបានមកជំនួស។ សំណុំរឿងនោះ រួមមានការចាប់ខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំងលោក អ៊ុំ សំអាន និងលោក ស៊ុត ឌីណាអតីតឯករាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង ហើយនឹងករណីវាយតប់លើស្មៀនមេធាវីម្នាក់នៅសហរដ្ឋអាមេរិក ដែលអង្គរក្សលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ត្រូវគេរាយការណ៍ថា អាចជាប់ពាក់ព័ន្ធនឹងករណីនេះ។
យ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្ស និងនយោបាយខ្មែរនិយាយថា រឿងរ៉ាវស្នេហាលួចលាក់របស់លោក កឹម សុខា អាចសាបរលាបទៅបាន ឬយ៉ាងណានោះ អាស្រ័យលើប្រព័ន្ធយុត្តិធម៌កម្ពុជា។ ដោយឡែក ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់និយាយថា លោក កឹម សុខា នឹងត្រូវបំភ្លឺទ្រព្យសម្បតិ្តរបស់លោកផងដែរ ដោយសារអង្គភាពនេះបានបើក និងពិនិត្យកញ្ចប់ប្រកាសទ្រព្យសម្បតិ្តរបស់លោក កឹម សុខា អតីតអនុប្រធានទីមួយនៃរដ្ឋសភារួចហើយ៕