សមាជិក​សភា​អាមេរិក​ព្រមាន​ថា ​សហរដ្ឋ​អាមេរិក​បរាជ័យ​មិនបាន​ចាត់វិធានការ​លើ​ការ​គំរាមកំហែង​ពី​ចិន

រូបឯកសារ៖ ទង់ជាតិចិនបក់នៅមុខច្រកចូលវិមានរដ្ឋាភិបាលចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។

សមាជិក​សភា​សហរដ្ឋ​អាមេរិក កំពុង​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ការ​គំរាមកំហែង​ពី​ប្រទេស​ចិន ហើយ​ព្រមាន​ថា មកទល់​នឹង​ពេល​នេះ រដ្ឋាភិបាល​អាមេរិក មិន​បាន​ចាត់​វិធានការ​ដើម្បី​ប្រជែង​ជាមួយ​ចិន ពេល​ដែល​ចិន​ក្លាយ​ជា​មហាអំណាច​ពិភពលោក​មួយ។​

ការព្រួយ​បារម្ភ​ដែល​ស្ថិត​នៅ​ក្នុង​របាយការណ៍ពីរដាច់​ពី​គ្នា​កាល​ពី​ថ្ងៃពុធ​នោះ រិះគន់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ និងអ្នក​តាក់តែង​គោលនយោបាយ ដែល​ប្រកាន់​ខ្ជាប់​នូវ​ជំនឿ​ថា ការ​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម និងការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​ប្រទេស​ចិន នៅ​ទីបំផុត​នឹង​រុញ​ច្រាន​ឲ្យ​ប្រទេស​ចិនទទួល​យក​គុណតម្លៃដូច​បស្ចិមប្រទេស​ដែរ។

ផ្ទុយ​ទៅវិញ របាយការណ៍​ទាំង​ពីរ​នោះ ជជែក​ថា​ សហរដ្ឋ​អាមេរិក កំពុងតែ​ជួប​នឹង​ការ​លំបាក​ក្នុង​ការ​ប្រឆាំង​ជាមួយ​ចិន គ្រា​ដែល​ខ្លួន​ប្រឈម​នឹង​គ្រោះថ្នាក់​ជាក់ស្តែង ដែល​ថា​អាមេរិក​នឹង​ត្រូវ​ប្រទេស​ចិន​ជំនួស​វិញ នៅ​លើ​ឆាក​អន្តរជាតិ។

របាយការណ៍របស់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​របស់​គណៈកម្មាធិការ​រដ្ឋសភា​ ទទួល​បន្ទុក​កិច្ចការ​សម្ងាត់ ដែល​ផ្អែក​ទៅ​លើ​បទ​សម្ភាសន៍​រាប់​រយ​ម៉ោង​ជាមួយ​ក្រុម​មន្ត្រី​ស៊ើបការ​សម្ងាត់ និង​លើ​ការ​វាយ​តម្លៃ​ជា​ច្រើន​នោះ បាន​រិះគន់​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​របស់​អាមេរិក ថា​ផ្តោត​ច្រើន​ពេក​ទៅ​លើ​បេសកកម្ម​បង្ក្រាប​អំពើ​ភេរវកម្ម ហើយមិន​បានផ្លាស់ប្តូរទៅ​តាម​ការ​គំរាមកំហែង​របស់​ពិភពលោក ដែល​ផ្លាស់ប្តូរ​នោះ។

របាយការណ៍​ទី២ ​ដែល​សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​ផ្សព្វផ្សាយ កាល​ពី​ថ្ងៃ​ពុធ បាន​ណែនាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជាង ​៤០០ ក្នុង​យុទ្ធសាស្ត្រ​របស់​អាមេរិក​ ដើម្បី​ទប់ទល់​ជាមួយ​ប្រទេស​ចិន ដោយ​មាន​រួម​ទាំង​ការ​បង្កើន​ការ​ស៊ើបការណ៍សម្ងាត់​ប្រឆាំង​នឹង​ចិន និង​ការ​ធានា​ថា ​សង្វាក់​ផ្គត់ផ្គង់​ឧបករណ៍​ពេទ្យ​និង​ឧបករណ៍​សម្រាប់​សន្តិសុខ​ជាតិ លែង​ចាំបាច់​ពឹងផ្អែក​លើ​ទំនិញ​ចិន​ទៀត​ហើយ៕