គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​សភា​ហៅ​អង្គការ​តម្លាភាព​មក​សួរព័ត៌មាន

ប្រជាពលរដ្ឋ​នៃ​បណ្តាញ​សហគមន៍​២៤​ខេត្តក្រុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៤​នេះ​បាន​ដាក់​ញត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និង​រដ្ឋសភា​កម្ពុជា​នៅ​ទី​ក្រុង​ភ្នំពេញ ​ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋ​ទាំង​ពីរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)

គណៈកម្មការ​ជំនាញ​ទី​១០របស់​រដ្ឋសភាដែល​មាន​ឈ្មោះ​ថា​ គណៈកម្មការ​អង្កេត​ បោសសម្អាត​ និង​ប្រឆាំង​អំពើ​ពុក​រលួយ ​បាន​ចាប់​ផ្តើម​កោះ​ហៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ឃ្លាំ​មើល​អំពើ​ពុក​រលួយ​មក​រាយការណ៍​អំពី​ស្ថានភាព​អំពើ​ពុករលួយ​នៅកម្ពុជា​ មុន​ពេល​ដែល​គណៈកម្មការ​នេះ ​កោះ​ហៅ​អង្គភាព​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​មក​សាកសួរ។​

លោក​ ហូរ វ៉ាន់​ ប្រធាន​គណៈកម្មការអង្កេត បោសសម្អាត​ និងប្រឆាំង​អំពើ​ពុក​រលួយ​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​បន្ទាប់​ពីកិច្ច​ប្រជុំ​បិទ​ទ្វារ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​តាម​របាយការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា​បាន​រក​ឃើញ​ថា​ ស្ថាប័ន​តុលាការ​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ខ្លាំង​ជាង​គេ​ដែល​ទាមទារ​ឱ្យមាន​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ ទើប​អាច​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​កម្ពុជា​បាន។​

លោក​មាន​ប្រសាសន៍​ថា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​ប្រសិទ្ធភាព​ត្រូវ​តែ​ផ្តោត​ទៅ​លើ​ឆន្ទៈ​ដ៏​មោះមុត​គ្រប់​អង្គភាព​ គ្រប់​ស្ថាប័ន​ដើម្បី​ចាប់​ដៃ​គ្នា​កាត់​បន្ថយ​អំពើ​ពុករលួយ​នេះ​ឱ្យបាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង។​

លោក​និយាយ​ថា៖ ​«​បង្កើន​ការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ហើយ​បន្ត​ទៅ​ទៀត​គឺ​យើងត្រូវ​វិភាគ​លើ​ពាក្យ​បណ្តឹង​ដែល​យើង​បាន​ទទួល​ហើយ​នឹង​ការ​ពិនិត្យ​មើល​អង្គភាព​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​អនុវត្ត​ច្បាប់​ហ្នឹង​កន្លង​មក​មាន​ការ​ជោគ​ជ័យ​បាន​ប៉ុណ្ណា​ហើយ​នៅ​ខ្វះ​ខាត​ប៉ុណ្ណា​យើង​នឹង​ជួប​គ្នា»។​

យោង​តាម​របាយ​ការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា​ឲ្យ​ដឹង​ថា​ អំពើ​ពុក​រលួយ​លក្ខណៈ​ទ្រង់ទ្រាយ​តូច​កើត​មាន​ជា​ទូទៅ​ក្នុង​វិស័យ​ឯកជន​ និង​វិស័យ​សាធារណៈ​ ឬក្នុង​ស្ថាប័ន​រដ្ឋ​ ដែល​បង្ក​ឲ្យ​មាន​អយុត្តិធម៌​ និង​វិសមភាព​ក្នុងការ​យក​ចិត្ត​ទុកដាក់។​

ក្រៅ​ពី​ការ​វាយ​តម្លៃ​លើ​ប្រព័ន្ធ​តុលាការ​ របាយ​ការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា​ក៏បាន​ធ្វើ​ការ​សិក្សា​លើស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ ស្ថាប័ន​ព័ត៌មាន​ សង្គម​ស៊ីវិល​ និង​វិស័យ​ឯកជន​ផង​ដែរ។​

របាយ​ការណ៍​នេះ​បាន​បន្ថែម​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​មាន​ភាព​សកម្ម​នៅ​ក្នុង​ការអប់រំ​សាធារណ​ជនអំពី​អំពើ​ពុក​រលួយ​និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។​ ក្រៅ​ពី​នោះ​ការ​ស៊ើបអង្កេត​លើ​អំពើ​ពុក​រលួយ​នៅ​មាន​ភាព​ស្រអាប់។​

លោក​ ព្រាប កុល​ ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​មាន​ប្រសាសន៍​ថា​ ស្ថាន​ភាព​អំពើ​ពុករលួយ​បច្ចុប្បន្ន​នេះ​ឃើញ​ថា ​មាន​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​ស្វិត​ស្វាញ​ មាន​ចលនា​សង្គម​ក្រោក​ឈរ​ឡើង​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ ក៏​ប៉ុន្តែ​នៅ​មាន​ឧបសគ្គ​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​កែលម្អ​ទាក់ទង​ទៅ​នឹង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។​

លោក​បាន​បញ្ជាក់​ថា​ «ហើយ​អ្វី​ដែល​យើង​សង្កេត​ឃើញ​នោះ​គឺ​ថា​ សង្គម​មួយ​នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​គាត់​ចាប់​ផ្តើម​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ​គឺ​សម្ពាធ​ឬក៏​ការ​ដាក់ទម្ងន់​ទៅ​រដ្ឋាភិបាល​កាន់​តែ​កើន​ឡើង។ ​ពេល​ខ្លះ​យើង​អាច​ថា ​អំពើ​ពុក​រលួយ​បាន​ថយ​ថុះ​ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​គាត់​ស្គាល់​អំពើ​ពុក​រលួយ​ច្រើន​គាត់​មើល​ឃើញ​កាន់​តែ​ច្រើន​ គាត់​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ច្រើន។ ​ដូច្នេះ​យើង​មិន​អាច​វាស់​ឱ្យត្រូវ​ពី​កម្រិត​នៃ​អំពើ​ពុក​រលួយ​ទេ។ ​អ្វី​ដែល​យើង​ធ្វើ​បាន​ គឺ​យើង​មើល​ទៅ​តាមការ​មើល​ឃើញ​របស់​ប្រជា​ពលរដ្ឋ​និង​សង្គម​ទាំង​មូល»។​

គណៈកម្មការ​អង្កេត​ បោសសម្អាត​ និង​ ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ពេល​ខាង​មុខ​នេះ​ ​គ្រោង​កោះ​ហៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មក​សាក​សួរ​ម្តង​វិញ​ មុន​នឹង​ដាក់​សេចក្តី​ស្នើ​សុំឱ្យទៅ​ឆ្លើយ​បំភ្លឺ​ក្នុង​សភា។​

លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន ​ធ្លាប់​បានទទួល​ស្គាល់​ថា​ ​មាន​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក៏​ប៉ុន្តែ​លោក​ស្តី​បន្ទោស​ថា ​អំពើ​ពុក​រលួយ​មួយ​ចំនួន​កើត​ចេញ​ពី​ឈ្មួញ​អ្នក​រក​ស៊ី​ ឬ​បុគ្គល​មួយ​ចំនួន​ ដែល​ផ្តល់​ឲ្យ​មន្ត្រី​សាធារណៈ​ជាមុន៕