ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ កើនឡើង​នៅ​អាមេរិក​ឡាទីន ខណៈ​ករណី​ស្លាប់​លើ​ពិភពលោក​កើន​ដល់​ជិត ៤ សែន នាក់

បុគ្គលិក​ពេទ្យ​និង​អ្នក​ជំងឺ​កំពុង​ស្ថិត​ក្នុង​បន្ទប់​សម្រាប់​ព្យាបាល​អ្នក​ឈឺ​ធ្ងន់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ Gilberto Novaes ក្នុង​ទីក្រុង Manaus ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០។

នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន ជាពិសេស​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល និង​ប្រទេស​ម៉ិកសិក គេ​កំពុង​ឃើញ​មាន​ការ​កើនឡើង​នូវ​ករណី​ឆ្លង​និង​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ខណៈ​ដែល​តួលេខ​ករណី​ស្លាប់​នៅ​ទូទាំង​ពិភពលោក​កើនឡើង​ដល់​ជិត ៤ សែន នាក់។

នៅ​ទូទាំង​ពិភពលោក ករណី​ឆ្លង​ជំងឺ​កូវីដ១៩ កើនឡើង​ដល់​ជាង ៦ លាន ៩ សែន ករណី ខណៈ​ដែល​ករណី​ស្លាប់​មាន​ចំនួន ៣៩៩.៨៥៤ នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins នៅ​ក្នុង​សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក​នៅ​តែ​ជា​ប្រទេស​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ពិភពលោក ដែល​មាន​ករណី​ស្លាប់​ជាង ១០៩.៨០០ ករណី និង​ករណី​ឆ្លង​ជាង ១ លាន ៩ សែន ករណី។

ទោះបីជា​សហរដ្ឋអាមេរិក​រងគ្រោះខ្លាំង​បំផុត​ដោយសារ​ជំងឺ​កូវីដ១៩ ដែល​មាន​ករណី​ឆ្លង​និង​ស្លាប់​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក​ក៏​ដោយ ក៏​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អឺរ៉ុប ដូចជា​ប្រទេស​អ៊ីតាលី បារាំង និង​អេស៉្បាញ​ជា​ដើម មាន​តួលេខ​អ្នក​ស្លាប់​ច្រើន​ជាង បើ​គិត​ពី​ចំនួន​ប្រជាជន។

ប៉ុន្តែ​តំបន់​អាមេរិក​ឡាទីន​ទាំង​មូល​មាន​ការ​កើន​ឡើង​នូវ​ចំនួន​នៃ​ករណី​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ​នេះ ដែល​មាន​ករណី​ឆ្លង​ចំនួន​ជិត ១ លាន ២ សែន ករណី និង​ករណី​ស្លាប់​ចំនួន​ជាង ៦ ម៉ឺន ករណី។ ​តួលេខ​ករណី​ស្លាប់​និង​ឆ្លង​ដោយសារ​ជំងឺ​កូវីដ១៩​នេះ ក៏​កំពុង​កើនឡើង​យ៉ាង​ខ្លាំង​ផង​ដែរ នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក ប៉េរូ និង​អេក្វាឌ័រ ចំណែក​ឯ​ករណី​ស្លាប់​នៅ​ក្នុង​ប្រទេស​ឈីលី​វិញ គឺ​កើន​ជាង ៥០% កាល​ពី​សប្ដាហ៍​មុន។

ប្រទេស​ប្រេស៊ីល​មាន​ករណី​ឆ្លង​ច្រើន​បំផុត​លំដាប់​ទី ២ នៅ​ក្នុង​ពិភពលោក ដែល​មាន​ចំនួន​ជាង​ ៦៧២.៨៤៦ ករណី និង​មាន​ករណី​ស្លាប់​ច្រើន​បំផុត​លំដាប់​ទី ៣ ដែល​មាន​ចំនួន ៣៥.៩៣០ ករណី។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins នៅ​ក្នុង​សហរដ្ឋអាមេរិក។

ប្រទេស​ម៉ិកសិក​ស្ថិត​នៅ​លំដាប់​ទី ១៤ សម្រាប់​ចំនួន​ករណី​ឆ្លង​ច្រើន​បំផុត​ក្នុង​ពិភពលោក ដែល​មាន​ចំនួន ១១៣.៦១៩ ករណី ប៉ុន្តែ​ស្ថិត​នៅ​លំដាប់​ទី ៧ សម្រាប់​ចំនួន​ករណី​ស្លាប់​ច្រើន​បំផុត ដដែល​មាន​ចំនួន ១៣.៥១១ ករណី។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យាល័យ Johns Hopkins ដដែល​នេះ៕