ការស្ទង់​មតិ៖ Trump​មាន​ការ​គាំទ្រ​ច្រើន​នៅ​រដ្ឋ​ Indiana

លោក Donald Trump ដែល​នាំ​មុខ​គេ​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​ទទួល​ការ​តែ​ងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​​និយាយ​នៅ​ក្នុង​រដ្ឋ​កាលី​ហ្វ័រញ៉ា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦។​

កាល​ពី​ថ្ងៃ​អាទិត្យ​ ការ​ស្ទង់​មតិ​ខាង​នយោបាយ​ថ្មី​មួយ​ក្នុង​ស.រ.អា.​បាន​បង្ហាញ​ថា​ លោក Donald Trump ដែល​នាំ​មុខ​គេ​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​ទទួល​ការ​តែ​ងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ មាន​ការ​គាំទ្រ​ច្រើន​នៅ​មុន​ការ​បោះឆ្នោត​ដ៏​សំខាន់​នៅ​ក្នុង​រដ្ឋ​ Indiana នា​ប៉ែក​កណ្តាល​ខាង​លិច​ស.រ.អា.​ ដែល​នៅ​ទីនោះ​នឹង​មាន​ការ​បោះឆ្នោត​បឋម​សម្រាប់​ការ​តែង​តាំង​បេក្ខជន​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ។​

ការ​ស្ទង់​មតិ​រួម​គ្នា​របស់​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ NBC News ​កាសែត​ Wall Street Journal និង​អង្គការ​ Marist បាន​បង្ហាញ​ថា​លោក​ Trump មាន​ការគាំទ្រ​៤៩ភាគ​រយ​ក្នុង​ចំណោម​ក្រុម​សាធារណរដ្ឋ​នៅ​ក្នុង​រដ្ឋ​នេះ​ បើ​ប្រៀប​ធៀប​នឹង​ចំនួន​៣៤​ភាគ​រយ​សម្រាប់​លោក​ Ted Cruz សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​ប្រចាំ​រដ្ឋ​ Texas និង​ជា​អ្នក​អភិរក្ស​និយម​និង​ចំនួន​១៣​ភាគ​រយ​សម្រាប់​លោក​ John Kasich ដែល​ជា​អភិបាល​រដ្ឋ​ Ohio ដែល​នៅ​ជិត​ខាង​រដ្ឋ​ Indiana។​

ក្រុម​អ្នក​ធ្វើ​វិភាគ​នយោបាយ​ស.រ.អា.​យល់ថា​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​រដ្ឋ​ Indiana ដែល​ជា​រដ្ឋ​អភិរក្ស​និយម​ខាង​នយោបាយ​ដែល​មាន​ដី​ស្រែ​ចម្ការ​ធំធេង​និង​មាន​មជ្ឈមណ្ឌល​ឧស្សហកម្ម​ច្រើន​ដែរ​នោះ​ អាច​ជា​ឱកាស​ចុង​ក្រោយ​បង្អស់​របស់​លោក​ Cruz ឬ​លោក​ Kasich ក្នុង​ការ​បញ្ឈប់​លោក​ Trump ដែល​ជា​មហាសេដ្ឋី​អចលនទ្រព្យ​កុំ​ឱ្យ​លោក​បាន​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋ។​

ចំណែក​ឯ​នៅ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​វិញ​ លោក​ស្រី​ Clinton ដែល​ជា​អ្នក​ការទូត​កំពូល​របស់​ប្រទេស​អាមេរិក​ពី​ឆ្នាំ២០០៩​ដល់​ឆ្នាំ​២០១៣​ កំពុង​ខិតខំ​ព្យាយាម​ឱ្យ​បាន​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ស្ត្រី​ទី​មួយ​របស់​ប្រទេស។ ​លោក​ស្រី​បាន​នាំ​មុខ​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​ស.រ.អា.ប្រចាំ​រដ្ឋ​ Vermont ដែល​ជា​អ្នកប្រជែង​តែ​ម្នាក់​គត់​របស់​លោកស្រី​នៅ​ក្នុង​ការប្រកួត​ប្រជែង​ដើម្បី​ទទួល​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ក៏​ប៉ុន្តែ​លោកស្រី​មិន​ទាន់​មាន​ចំនួន​ប្រតិភូ​ច្រើន​នៅ​ឡើយ​ទេ​ សម្រាប់​ចូលរួម​ក្នុង​ការ​ប្រជុំ​មហា​សន្និបាត​របស់​គណបក្ស​នៅ​ខែ​កក្កដា។​

ការ​ស្ទង់​មតិ​របស់​ NBC បាន​បង្ហាញ​ថា​លោកស្រី​ Clinton មាន​ការ​គាំទ្រ​៥០ភាគរយ​ហើយ​លោក​ Sanders មាន​ការ​ទ្រទ្រង់​៤៦​ភាគ​រយ​នៅ​ក្នុង​រដ្ឋ​ Indiana នៅ​មុន​ការបោះឆ្នោត​បឋម​នៅ​ទី​នោះ៕​