អ៊ុយក្រែន​ស្នើ​អង្គការ​សហប្រជាជាតិ​កោះប្រជុំ​លើ​ផែនការ​ដាក់​អាវុធ​នុយក្លេអ៊ែរ​​រុស្ស៊ី​នៅ​បេឡារុស

រូបឯកសារ៖ ក្រុម​អ្នក​តំណាង​ស្មឹងស្មាធិ៍​​នៅ​ឯ​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​ដើម្បី​​រំឭក​ដល់​ខួប​មួយ​ឆ្នាំ​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រទេស​អ៊ុយក្រែន​បាន​អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​មួយ​ដើម្បី​ឆ្លើយតប​ចំពោះ​ការ​ប្រកាស​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin អំពី​ផែនការដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​កលយុទ្ធ​នៅ​ក្នុង​ប្រទេស​បេឡារុស។

ក្រសួង​ការបរទេស​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា វិធានការ​របស់​លោក Putin គឺ​ជា​ការ «បង្ក​ហេតុ» និង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សន្តិសុខ​អន្តរជាតិ។

ប្រទេស​រុស្ស៊ី​អាច​បញ្ឈប់​វិធានការ​ណា​មួយ​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃយ៍​មួយ​ក្នុង​ចំណោម ៥ ដែល​មាន​សិទ្ធិ​បោះឆ្នោត​វេតូ។

អ៊ុយក្រែន​បាន​បញ្ជាក់​ថា ខ្លួន​រំពឹង​ថា​នឹង​មាន «វិធានការ​មាន​ប្រសិទ្ធភាព» ពី​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍​ចំនួន ៤ ទៀត​ដែល​នោះ​គឺ​ចក្រភព​អង់គ្លេស ចិន បារាំង និង​សហរដ្ឋ​អាមេរិក ​ដោយសារ​តែ​ប្រទេស​ទាំង​នោះ «មាន​ការ​ទទួល​ខុស​ត្រូវ​ចម្បង​នៅ​ក្នុង​ការ​បង្ការ​ការ​គំរាមកំហែង​បែប​គឃ្លើន​នៃ​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ»។

កាលពី​ថ្ងៃ​សៅរ៍ លោក Putin បាន​ប្រកាស​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​កលយុទ្ធ​នៅបេឡារុស​ ដោយ​បាន​និយាយ​ថា​វា​ជា​រឿង​ត្រឹមត្រូវ​ដោយសារ​តែ​ក្រុម​បស្ចិម​ប្រទេស​បាន​បង្កើន​ការ​គាំទ្រ​ផ្នែក​យោធា​សម្រាប់​កងទ័ព​អ៊ុយក្រែន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​សម្រេច​របស់​ចក្រភព​អង់គ្លេស​កាលពី​សប្ដាហ៍​មុន​នៅ​ក្នុង​ការ​បញ្ជូន​គ្រាប់​កាំភ្លើង​ដែល​អាច​ទម្លុះរថពាស​ដែក​បាន​ដែល​មាន​ផ្ទុក​កាក​អ៊ុយរ៉ាញ៉ូម​ទៅ​ឱ្យ​អ៊ុយក្រែន​ផង​ដែរ។

លោក Putin បាន​និយាយ​ថា ការ​ដាក់​ពង្រាយ​របស់​រុស្ស៊ី​នូវ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​កលយុទ្ធ​នៅ​ក្នុង​ប្រទេស​បេឡារុស​គឺ​មិន​ខុស​ពី​ការ​ដាក់​ពង្រាយ​របស់​សហរដ្ឋ​អាមេរិក​នូវ​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និង​តួកគី​នោះ​ទេ។

លោក Putin បាន​បញ្ជាក់​ទៀត​ថា ប្រធានាធិបតី​បេឡារុស​លោក Alexander Lukashenko បាន​ស្នើ​ជា​យូរ​មក​ហើយ​ឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ប្រទេស​បេឡារុស​ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​ណា​មួយ​ដែល​អាច​កើតឡើង​ពី​អង្គការ​អូតង់ (NATO) ដែល​ធ្វើ​ចេញ​ពី​សមាជិក​អង្គការ​អូតង់​នៅ​ក្បែរបេឡារុស។ ប្រទេស​បេឡារុស​មាន​ព្រំដែន​ជាប់​ប្រទេស ៣ ដែល​ជា​សមាជិក​អង្គការ​អូតង់​ដែល​នោះ​គឺ​ឡេតូនី លីទុយអានី និង​ប៉ូឡូញ។ រុស្ស៊ី​បាន​ប្រើ​ទឹកដី​បេឡារុស​ជា​កន្លែង​ចាប់ផ្ដើម​នៅ​ក្នុង​ការ​បញ្ជូន​ទាហាន​ចូល​ទៅ​ក្នុង​អ៊ុយក្រែន​នៅ​ពេល​ដែល​ការ​ឈ្លានពាន​បាន​ធ្វើ​ឡើង​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន។

អ្នក​នាំពាក្យ​អង្គការ​អូតង់​អ្នកស្រី Oana Lungescu បាន​និយាយ​ថា ការ​ប្រៀបធៀប​របស់​រុស្ស៊ី​រឿង​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​បេឡារុស​ជាមួយ​នឹង​ការ​ដាក់​ពង្រាយ​ដែល​ធ្វើ​ឡើង​ដោយ​សមាជិក​អង្គការ​អូតង់​គឺ​ជា​រឿង​ដែល​នាំ​ឱ្យ​មាន​ការ​យល់​ខុស និង​ថា «វោហារ​សាស្ត្រ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​គឺ​គ្រោះថ្នាក់​និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ»៕


ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters។