ប្រទេសជប៉ុនគ្មានផែនការចូលរួមធនាគារវិនិយោគទុនហេដ្ឋារចនាសម្ព័ន្ធអាស៊ីដែលដឹកនាំដោយប្រទេសចិនទេ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុននៅថ្ងៃអង្គារនេះ ខណៈដែលកោះតៃវ៉ាន់បានប្រកាសថាខ្លួននឹងដាក់ពាក្យសុំជាសមាជិកភាពដើម្បីចូលរួមជាមួយប្រទេសរាប់សិបទៀតនៅក្នុងការចុះហត្ថលេខាលើកិច្ចផ្តួចផ្តើមមួយដែលត្រូវបានជំទាស់ប្រឆាំងដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។
លោកYoshihide Suga នាយខុទ្ទកាល័យបានប្រាប់ក្រុមអ្នកយកព័ត៌មានថា ជប៉ុនដែលជាប្រទេសមានសេដ្ឋកិច្ចធំទី៣របស់ពិភពលោកនៅកំពុងស្វះស្វែងរកចម្លើយអំពីថាតើស្ថាប័នផ្តល់ហិរញ្ញវត្ថុក្នុងតំបន់នោះនឹងត្រូវគ្រប់គ្រងយ៉ាងដូចម្តេច។
លោកSugaបាននិយាយថានៅថ្ងៃនេះថា ជប៉ុននឹងមិនចូលរួមជាមួយធនាគារវិនិយោគទុនហេដ្ឋារចនាសម្ព័ន្ធអាស៊ីនោះទេ ហើយជប៉ុនមិនទាន់បានទទួលការពន្យល់ដ៏ច្បាស់លាស់ពីប្រទេសចិននៅឡើយទេ។
សហរដ្ឋអាមេរិកបានផ្តាច់ខ្លួនពីធនាគារនោះ ដោយមានប្រទេស៤០រួមមានសម្ព័ន្ធមិត្តសំខាន់ៗក្នុងតំបន់អាស៊ីនិងអឺរ៉ុបបានចូលរួមធនាគារនោះ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិយាយថា ធនាគារក្នុងតំបន់ដែលមានទីតាំងក្នុងទីក្រុងប៉េកាំង គួរតែធ្វើការក្នុងភាពជាដៃគូជាមួយស្ថាប័នដែលមានស្រាប់ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគ្រប់គ្រងដោយប្រទេសជប៉ុន ហើយនិងធនាគារពិភពលោកដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ៕