ជន​រងគ្រោះ​ទំនាស់ដីធ្លី​តវ៉ា​ឲ្យ​ដោះលែង​សកម្មជន​ដែល​ជាប់​ពន្ធនាគារ​១ឆ្នាំ

  • សំ រីណា

ជន​រងគ្រោះ​​ទំនាស់​​ដីធ្លី​​លើក​រួប​ថត​របស់អ្នកស្រី​យ៉ោម បុប្ផា​ក្នុងការ​ទាមទារ​ឲ្យដោះលែង​អ្នកស្រី​នៅ​ពេល​គម្រប់​ខួប​មួយឆ្នាំ​ដែលអ្នកស្រី​ជាប់​ពន្ធនាគារ។​

នៅព្រឹក​នេះ​សហគមន៍​បឹងកក់​ និង​សហគមន៍​ដទៃទៀតបាន​ព្យាយាម​បន្ថែម​ទៀត​ដោយ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី​យ៉ោម បុប្ផា ​សកម្មជន​ដីធ្លី​ដ៏​សកម្ម​មួយ​រូប។​ ពួកគេ​បាននាំគ្នា​ដើរ​ជា​ក្បួន​ដង្ហែរ​ដើម្បី​រំលឹកខួប​១ឆ្នាំ​នៃ​ការ​ឃុំខ្លួនអ្នកស្រី​យ៉ោម​ បុប្ផា។​

ពួកគាត់ស្រែកថា៖​ «ត្រូវតែ​ដោះលែង​អ្នកស្រី​យ៉ោម បុប្ផា ​ដែល​ជា​ម្ចាស់ដី ម្ចាស់ផ្ទះ»។​

បាតុករ​ប្រមាណ​ជាង​១០០​នាក់​ មកពី​សហគមន៍​បឹងកក់​ បុរីកីឡា​និង​សហគមន៍ថ្មគោល​នៅ​ក្បែរ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​នាំគ្នា​ស្រែក​ទាមទារ​នៅ​ថ្ងៃពុធ​នេះឲ្យ​តុលាការ​នៃ​ប្រទេស​កម្ពុជា​ដោះលែង​អ្នក​ស្រី​យ៉ោម បុប្ផា ​ដែល​ស្ថិត​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​មួយឆ្នាំ​គត់​គិត​មក​ទល់​នឹង​ថ្ងៃ​នេះ ​ក្រោយពី​អ្នកស្រី​បាន​ចូលរួម​តវ៉ា​ក្នុង​ជម្លោះដីធ្លី​ក្នុង​សហគមន៍បឹងកក់យ៉ាង​សកម្ម។​

សហគមន៍​នេះ​មាន​ប្រជា​ពលរដ្ឋ​រស់នៅ​ប្រមាណ​៤០០០​គ្រួសារ​ដែល​ភាគ​ច្រើន​គឺ​ជា​អ្នក​ក្រីក្រ។ ​ប៉ុន្តែ​ពួកគេ​បាន​ទទួល​រង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ជាច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​មិន​មាន​សំណង​សមរម្យ​នោះ​ទេ។​

សាលា​ឧទ្ធរណ៍​បាន​ដាក់ទោស​អ្នក​ស្រី​យ៉ោម ​បុប្ផា ​កាលពី​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ២០១៣​ ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​៣ឆ្នាំ ​តែ​ត្រូវ​ព្យួរ​១​ឆ្នាំ។ នេះជា​ការ​កាត់​ទោសពី​បទ​ផ្តើម​គំនិត​ឲ្យ​មាន​អំពើ​ហិង្សា​ដោយ​ចេតនា​លើ​អ្នករត់​ម៉ូតូ​ឌុប​ពីរ​នាក់​ ហើយ​ត្រូវ​សង​ជំងឺ​ចិត្ត​ជា​ប្រាក់​ចំនួន​២០​លាន​រៀល​ ឬ​ស្មើ​នឹង​៥០០០​ដុល្លារ​អាមេរិក។​

អ្នកស្រី​ទេព វន្នី ​ជ័យ​លាភី​រង្វាន់​ភាព​ជា​អ្នកដឹកនាំ​ពិភព​លោក​របស់​អង្គការ​Vital Voices ​និង​ជា​តំណាង​អ្នក​ភូមិ​បឹងកក់​ បានប្រាប់​ក្រុម​អ្នក​កាសែត​ថា​អ្នកស្រី​ចង់​ឃើញ​ការ​ដោះលែង​អ្នកស្រី​យ៉ោម បុប្ផា​ឲ្យ​បាន​ឆាប់។

អ្នកស្រី​និយាយថា៖​ «ថ្ងៃ​នេះ​ចំនួន​៣៦៥​ថ្ងៃ​ហើយ​ដែល​អ្នកស្រី​យ៉ោម​ បុប្ផា​បាន​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​ ដោយ​សារ​តែ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៅ​តំបន់​បឹងកក់។ ខ្ញុំចង់​ផ្ញើរ​សារ​ទៅ​តុលាការ​កំពូល​ឲ្យ​កាត់​សេចក្តី​ដោយ​សុក្រឹត្យ ​យុត្តិធម៌​ និង​តាម​វិជ្ជាជីវៈ​ច្បាប់ ​និង​កុំ​ឲ្យកាត់​ទោស​អយុត្តិធម៌​ដូច​តុលាការ​ដំបូង​ និង​តុលាការ​ឧទ្ធរណ៍​ ទៅលើ​ករណី​អ្នកស្រី​យ៉ោម​ បុប្ផា ហើយ​ទី៣​ពន្លឿន​សវនាការ​ឲ្យ​បាន​កាន់​តែ​ឆាប់​រហ័ស»។​

ក្រុម​អ្នក​តវ៉ា​បាន​ដង្ហែរ​ជា​ក្បួន​ចេញពី​សហគមន៍​បឹងកក់​ក្នុង​គោល​ដៅ​ឆ្ពោះ​ទៅ​កាន់​តុលាការ​កំពូល​ក្បែរ​ព្រះ​បរម​រាជ​វាំង​ដើម្បីប្រារព្ធ​ខួប​១​ឆ្នាំ​នៃ​ការ​ជាប់​ពន្ធនាគារ​របស់​អ្នក​ស្រី​យ៉ោម​ បុប្ផា។

ពួកគេ​ពាក់​អាវ​យឺត​ពណ៌ខ្មៅ​រំលេច​រូប​អ្នក​ស្រី​យ៉ោម ​បុប្ផា​ជាប់​គុក​៣៦៥​ថ្ងៃ។​

អាជ្ញាធរ​បាន​ព្យាយាម​រារាំង​ក្រុម​បាតុករ​មិន​ឲ្យ​ចេញ​ពី​សហគមន៍​បឹងកក់​ប៉ុន្តែ​អ្នក​តវ៉ា​មួយ​ចំនួន​បាន​ព្យាយាម​ទម្លុះ​រនាំង​ក្រុម​សមត្ថ​កិច្ច​របស់​រដ្ឋាភិបាល​នេះ។ ​ប៉ុន្តែ​ប្រជា​ពលរដ្ឋ​អ្នក​តវ៉ា​អះអាង​ថា អាជ្ញាធរបាន​រឹបអូស​យក​សម្ភារៈ​មួយ​ចំនួន​ ដូច​ជា​អាវ​យឺត​តវ៉ា​ ផ្កាឈូក​ ស្គរ​ជាដើម។​

ជាមួយ​គ្នា​នោះ ​ក្រុម​សមត្ថ​កិច្ច​ក៏​បាន​ឃាត់​រថយន្ត​មួយ​គ្រឿង​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែរ​ដោយ​សង្ស័យ​ថា ​រថយន្ត​នេះ​ផ្ទុក​ឥវ៉ាន់​របស់​ក្រុម​អ្នក​តវ៉ា។​ ក៏ប៉ុន្តែ​ក្រោយពី​ធ្វើការ​ឆែកឆេរ​រួច ​ក្រុម​សមត្ថកិច្ច​បាន​ប្រគល់​រថយន្ត​នេះ​ទៅ​កាន់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​វិញ​ដោយ​មិន​បាន​រក​ឃើញ​អ្វី​គួរ​កត់​សម្គាល់​នោះទេ។​

លោក​អំ សំអាត ​ប្រធាន​ការិយាល័យ​គ្រប់គ្រង​បច្ចេក​ទេស​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ ​សម្តែងការ​មិន​ពេញ​ចិត្តចំពោះ​សកម្មភាព​អាជ្ញាធរ​ដែល​រារាំង​អ្នក​ភូមិបឹង​កក់​ ដែល​ចង់​ស្វែង​រក​យុត្តិធម៌​ជូន​ចំពោះ​អ្នកស្រី​យ៉ោម​ បុប្ផា។​

លោក​និយាយថា៖​ «នៅ​ពេល​ដែល​សមត្ថកិច្ច​ធ្វើ​ការ​ហ៊ុំ​ព័ទ្ធ​មិន​ឲ្យ​អ្នក​ភូមិ​បឹងកក់​ចេញ​ហ្នឹង​ហើយ​ ដែល​មាន​ការ​ប្រទុស្តរាយ​ឡើង​ ហើយ​និង​ធ្វើឲ្យ​អ្នក​ភូមិ​ខ្លះ​មាន​ការ​រង​របួស។ ​ហើយ​យើង​មាន​ការ​សោក​ស្តាយ​ណាស់​ ហើយ​នេះ​យើង​ចាត់ទុក​ថា ​ជា​អំពើ​ហិង្សា​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​របួស​ស្នាម​ដល់​អ្នក​ភូមិ​ផង​ដែរ»។​

ក្នុង​ពេល​នេះ ​សំណុំរឿង​អ្នកស្រី​យ៉ោម បុប្ផា​បាន​ធ្លាក់​ដល់ដៃ​តុលាការ​កំពូល​ហើយ។ ​ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ ថា​តើ​ស្ថាប័ន​ចុង​ក្រោយ​នេះ​នឹង​បើក​សវនាការ​នៅពេល​ណា​នោះ​ទេ។​
ការ​ផ្តន្ទាទោស​សកម្មជន​ដីធ្លី​ ដូចជា​អ្នកស្រី​យ៉ោម បុប្ផា​នេះ​ ទទួល​រងនូវ​ការ​រិះគន់​ជាច្រើន​ ខណៈ​ដែល​អតីត​អភិបាល​ក្រុង​បាវិត ​លោក​ឈូក បណ្ឌិត​ ដែល​បាន​បាញ់​កម្មការិនី​រោងចក្រ​ចំនួន​បីនាក់​ឲ្យ​របួសធ្ងន់​ធ្ងរ​នោះ ​កំពុង​ស្ថិត​ក្នុង​សេរីភាព​ក្រោយពី​ការ​សម្រេច​ទោស​ដោយ​តុលាការ។​

​កាលពី​ថ្ងៃ​អង្គារ​ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ (Amnesty International)​បាន​ទទូច​ឲ្យ​មាន​ការដោះ​លែង​អ្នក​ស្រី​យ៉ោម បុប្ផា​ជា​បន្ទាន់​ដោយសារ​ករណី​របស់​អ្នកស្រី​យ៉ោម បុប្ផា​គឺជា​បរាជ័យ​នៃ​ប្រព័ន្ធ​យុត្តិ​ធម៌​របស់​ប្រទេស​កម្ពុជា៕