ជន​រងគ្រោះ​ការរំលោភ​ដីធ្លី​ចាំ​មើល​ប្រសិទ្ធភាព​សម្តី​លោក ហ៊ុន សែន

د جرمني د یو ژوبڼ د کلني موجودي په لړ کې یو ساتونکی دوه ارمادیلو، هغه ژوی چې د قبر کیندوکي په نامه پیژندل کېږي، په لاس کې نیولي دي.

ប្រជា​ពលរដ្ឋ​រងគ្រោះក្នុង​ជម្លោះ​ដី​ធ្លី​ក្នុង​ទីក្រុង​ភ្នំពេញ​និង​តាម​បណ្ដា​ខេត្តក្នុង​ប្រទេសកម្ពុជា ​បាន​សម្ដែង​ការ​សាទរ​ចំពោះ​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន ​ដែល​បាន​ស្ដី​បន្ទោស​មន្ត្រីរដ្ឋាភិបាល​ និង​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​ដែល​បាន​បរាជ័យ​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ។ ​

ក៏ប៉ុន្តែ​ក្រុម​ប្រជាពលរដ្ឋក្រីក្រ​ទាំងនោះដាក់​មន្ទិល​សង្ស័យ​អំពី​ប្រសិទ្ធភាព​របស់​អាជ្ញាធរ​ តើ​ពិត​ជា​អាច​ស្វែងរក​ដំណោះស្រាយ​សមរម្យ​មួយ​សម្រាប់​ពួក​គាត់​បាន​ដែរ​ឬយ៉ាង​ណា?​

កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ ថ្លែង​ក្នុង​ពិធី​សម្ពោធន៍​យុទ្ធសាស្ត្រ​ជាតិ​ស្ដី​ពី​សន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ​ឆ្នាំ​ ២០១៤-២០១៨ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​បាន​រិះ​គន់​មន្ត្រី​អាជ្ញាធរ​ ​និង​មន្ត្រី​រដ្ឋា​ភិបាល​ចំពោះបរាជ័យ​ក្នុង​ការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​នៅ​ក្នុង​ប្រទេស​និង​បាន​បណ្តែត​បណ្តោយ​ឲ្យប្រជាពល​រដ្ឋ​រងគ្រោះ​ឡើង​មក​ទីក្រុង​ភ្នំពេញ​ធ្វើ​ការ​តវ៉ា​ និង​ស្វែង​រក​អន្តរាគមន៍​ពី​រូប​លោក។​

លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​ក្រើន​រំឭកដល់​មន្ត្រី​អាជ្ញាធរ​ទាំងអស់​ត្រូវ​ធ្វើ​យ៉ាង​ណា​ ពន្លឿន​ការស្វែង​រក​ដំណោះ​ស្រាយ​ជូន​ដល់​ប្រជា​ពលរដ្ឋ​ ឬ​ត្រូវ​លា​លែង​ពី​តំណែង​ ប្រសិន​បើ​មន្ត្រី​ទាំង​នោះនៅ​តែ​មិន​អាច​ដោះស្រាយ​ជម្លោះ​ដីធ្លី​បាន។​

កំពុង​អង្គុយ​ជុំៗគ្នា​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ជាមួយ​គ្នា លោក​សួន​ វិច្ឆិកា​គឺ​ជា​តំណាង​ប្រជា​ពលរដ្ឋ​ចំនួន​៤១៦​គ្រួសារ​ទៀត​មក​ពី​ខេត្ត​ក្រចេះ។​

ប្រជា​ពលរដ្ឋ​ទាំង​នេះកំពុង​ស្នាក់​នៅ​ក្នុង​វត្តសាមគ្គី​រង្សី​ ដែល​ស្ថិត​នៅ​ក្បែរស្ពាន​អាកាសស្ទឹង​មានជ័យ។​ កន្ទេល​ មុង ​ភួយសម្លៀក​បំពាក់​របស់​ពួក​គាត់នៅ​រប៉ាត់​រប៉ាយ​ស្ទើរ​ពាស​ពេញ​ ក្រោយ​សាលាឆទាន​នៃ​វត្ត​នេះ។​

លោកសួន​ វិច្ឆិកា​ថ្លែង​ថា លោក​អបអរ​សាទរ​នឹងការ​លើក​ឡើង​របស់​នាយក​រដ្ឋ​មន្ត្រី​ដែល​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ​ស្វែង​រក​ដំណោះ​ជូន​ដល់​ប្រជា​ពលរដ្ឋ​រង​គ្រោះ។

លោក​បន្ថែម​ថា​ ​ភ្លាមៗក្រោយ​ពី​មាន​ប្រតិកម្ម​ពី​នាយក​រដ្ឋ​មន្ត្រីនៅ​យប់​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​នេះ​ ក្រុម​អាជ្ញាធរ​សុរិយោដី​ថ្នាក់​ជាតិ​បាន​ស្កាត់​ជួប​ចរចា​ជាមួយ​ប្រជា​ពលរដ្ឋនិង​បានចេញ​លិខិត​អញ្ជើញ​តំណាង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដើម្បី​ទៅ​ធ្វើ​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​ក្នុង​សាលា​ស្រុក​ស្នួល។ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា​ការ​សន្យា​បែប​នេះ​ប្រជា​ពលរដ្ឋ​ធ្លាប់​បាន​ឮ​ជាច្រើន​ដង​មក​ហើយ។

«អ្វី​ដែល​គាត់​ហៅ​ថា​ ជា​នីតិវិធី​ហ្នឹង​ ហេតុ​អ្វី​បាន​គាត់​បណ្តោយ​ឲ្យ​ប្រជា​ពលរដ្ឋ​មានបញ្ហា​រហូត​ជាង​២​ឆ្នាំមក​នេះ​ រហូត​ដល់​ម្សិលមិញ​ សម្តេច​គាត់​ហៅ​មក​សួរ​ហើយ​គាត់​បាន​ឆ្លើយ​បង្វៀង​ថា​ មិន​ទាន់​បាន​ដោះ​ស្រាយ។​ ​នេះ​បាន​បង្ហាញ​ថា អាជ្ញាធរ​ខេត្ត​ហ្នឹងបាន​ឃុបឃិត​គ្នា​រវាង​ក្រុមហ៊ុន​ អាជ្ញាធរ​ថ្នាក់​ក្រោម​ទាក់​ទង​ហ្នឹង​រឿង​ដីធ្លី​ ​ដោយ​ធ្វើ​អ្វី​មិន​ស្រប​តាម​គោល​នយោបាយ ហើយ​គេបាន​ភូត​កុហក់​សម្តេច»។​

ក្រឡេក​មកមើលប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍ឡ​ពាង​ ខេត្ត​កំពង់ឆ្នាំងវិញ​ ​ពួកគេ​កំពុង​មានជម្លោះ​ជាមួយ​ក្រុម​ហ៊ុនអភិវឌ្ឍន៍ខេឌីស៊ី​ (K.D.C) ​របស់​អ្នកស្រី​ជា ​ខេង​អភិយា​លោក​ស៊ុយ​ សែម​ រដ្ឋមន្ត្រី​ក្រសួងរ៉ែ​ និង​ថាមពល។​ ជម្លោះ​នេះ​កើត​ឡើង​និង​បន្ត​រ៉ាំរ៉ៃតាំង​តែ​ពី​ឆ្នាំ២០០២​មក​ម្ល៉េះ​ ដោយក្រុម​ហ៊ុន​បាន​ឈូសឆាយដី​អ្នក​ភូមិ១៤០​ហិកតា។​ នេះ​បើ​តាម​ញត្តិ​របស់​ក្រុមអ្នក​តវ៉ា​កន្លង​មក។​

ហើយ​កាលពី​ពេល​ថ្មីៗនេះ​ ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងនោះ​បាន​សម្រេច​ដើរ​ដង្ហែ​ក្បួន​ថ្មើរ​ជើង​ចេញ​ពី​ខេត្ត​កំពង់​ឆ្នាំង​មក​ទី​ក្រុង​ភ្នំពេញ ក៏ប៉ុន្តែ​ត្រូវ​បាន​កង​កម្លាំង​សមត្ថ​កិច្ច​ហាម​ឃាត់ នឹងវាយ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​កាលពី​សប្ដាហ៍​មុន​នេះ។​

សព្វ​ថ្ងៃ​នេះ​ ក្រុម​ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍​ឡពាង​បាន​ប្រមូល​ផ្តុំគ្នា​ស្នាក់នៅជាមួយ​សហគមន៍​បឹងកក់។​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ បណ្ដាញ​សហគមន៍​ជន​រងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លីឡពាង​ ​បឹងកក់ និង​បុរី​កីឡា​បាន​ជួប​ជុំ​គ្នា​ធ្វើ​សន្និសីទ​កាសែត​លើ​កំណាត់​ផ្លូវ​ក្នុង​តំបន់​បឹងកក់។​

ក្រុម​អ្នក​តវ៉ា​ដែល​មក​ពី​៣​តំបន់​ខាង​លើ​នេះ​បាន​ស្រែក​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​តំណាង​ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍​ឡពាង​ចំនួន​៥​នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នោះ ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។​ ​

អ្នក​តវ៉ា​ស្រែក​ទាមទារ​ក្រុមនៅ​ក្នុង​តំបន់​បឹងកក់។​

អ្នក​ស្រី​អ៊ុំ​ សូភី​ តំណាង​ប្រជា​ពលរដ្ឋ​សហគមន៍​ឡពាង​ ថ្លែង​ថា​ អ្នក​ស្រី​ក៏​ដូចជា​ប្រជា​ពលរដ្ឋ​ដទៃទៀត​ដែរ​ បាន​សប្បាយ​ចិត្តឃើញលោក​នាយក​រដ្ឋ​មន្ត្រី​ចេញ​មុខ​ដោយ​ផ្ទាល់បញ្ជា​ឲ្យ​អាជ្ញាធរ​ស្វែង​រកដំណោះ​ស្រាយ​ជូន​ដល់​ក្រុម​ប្រជា​ពល​រដ្ឋ​រងគ្រោះ។ ​

ក៏​ប៉ុន្តែ​អ្នក​ស្រី​ព្រួយ​បារម្ភ​ថា ​ប្រសាសន៍​របស់​លោក​ប្រមុខ​រដ្ឋា​ភិ​បាលអាច​នឹងមិន​មាន​ប្រសិទ្ធ​ភាព។​ ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​គ្មាន​អាជ្ញាធរ​ណា​ចេញ​មុខ​ដើម្បី​មក​ស្វែង​ដំណោះ​ស្រាយ​ជូន​ដល់​ពួកគាត់​ឡើយ ខណៈ​ពេល​ដែល​អ្នក​ភូមិ​ឡ​ពាង​៥​នាក់​នៅ​បន្ត​ជាប់​ឃុំ​នៅ​ឡើយ។

«ខ្ញុំ​ប្រជាពលរដ្ឋ​ឡពាងស្វាគមន៍​នឹង​ប្រសាសន៍​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​កាល​ពី​យប់​មិញ​ ក៏ប៉ុន្តែ​សូម​លោក​យក​ប្រសាសន៍​និយាយ​ទៅ​ឲ្យ​មាន​ន័យ​ ពិត​ជាធ្វើ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះ​ស្រាយ​ដល់​ពួក​យើង​ខ្ញុំ។​ ​ហើយ​ខ្ញុំ​សង្ឃឹម​ថា ​លោក​នឹង​ដឹង​ឮ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។​ សម្រាប់​សហគមន៍ឡពាង​ ទាម​ទារ​ជាដាច់​ខាត​ដោះលែង​សកម្ម​ជន​របស់​យើង​ និង​ដីធ្លីរបស់​យើង»។

អ្នកស្រី​ឆាយ គឹម​ហ៊ន​ ជាតំណាង​ប្រជា​ពលរដ្ឋ​សហគមន៍​ក្រីក្រនៅ​បុរី​កីឡា​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ក្រុម​ហ៊ុន​ផាន​អ៊ីមិចដ៏​មាន​អំណាច​គ្រប់​គ្រង​ដោយ​អ្នកស្រី​ស៊ុយ សុផាន។​

ជម្លោះ​ដែល​មាន​អាយុ​កាល​ជាង​មួយ​ទសវត្សរ៍រវាង​ក្រុម​ហ៊ុន​និង​ប្រជា​ពលរដ្ឋ​សហគមន៍​បុរី​កីឡា​កើត​ឡើង​ដោយ​សារ​រដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​ដី​តំបន់​បុរី​កីឡា​ទៅ​ឲ្យ​ក្រុម​ហ៊ុនហ៊ុន​ផាន​អ៊ីមិច​សម្រាប់​អភិវឌ្ឍន៍។​ ក្រុមហ៊ុន​បាន​សន្យា​ថា​នឹង​សង់​អាគារ​ចំនួន​១០​ដើម្បី​ទុក​ជាថ្នូរ​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ ក៏ប៉ុន្តែ​មក​ទល់​បច្ចុប្បន្ន​នេះ​មាន​តែ​អាគារ៨​ប៉ុណ្ណោះ​ត្រូវ​បាន​សាងសង់។ នេះ​បើ​យោង​តាមសម្តី​របស់​អ្នក​ស្រី​ឆាយ​ គឹមហ៊ន។

អ្នក​ដឹកនាំ​រូប​នេះ​និយាយ​ថា​ អ្នក​ស្រី​នឹង​ប្រជា​ពលរដ្ឋ​ជាង​១៥០​គ្រួសារ​ទៀត​ដែល​នៅ​មិនទាន់​ទទួល​បាន​សំណង​ នឹង​រង់ចាំ​មើលប្រសិទ្ធភាព​នៃ​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី។​ អ្នកស្រី​ប្រាប់​ថា​ អាជ្ញាធរ​បាន​សន្យា​ថា​ នឹង​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​ដល់​ក្រុម​ប្រជា​ពលរដ្ឋក្នុង​រយៈពេល​២​សប្តាហ៍​ក្រោយ​ទៀត​បន្ទាប់​ពី​មាន​ការ​បើកវេទិកា​សាធារណៈរវាង​ជន​រងគ្រោះ​និង​អាជ្ញាធរ។​

«វិវាទ​ដី​ធ្លី​មិន​គិត​ថា​ នៅ​ទីក្រុង​ភ្នំពេញ ឬ​ខេត្ត​ គឺ​ត្រូវ​ឲ្យ​គាត់​ដោះស្រាយ​ឲ្យ​ស្អាត​ បញ្ចប់​ឲ្យ​សា្អត​ បើ​បាន​ខ្ញុំ​ជឿជាក់​ថា​ គាត់​ពិត​ជា​មិន​ដឹង​រឿង​មែន។​ ​ក៏​ប៉ុន្តែ​ប្រសិន​បើនៅ​បន្ត​ឲ្យ​អ្នក​បុរីកីឡា​ ​បឹងកក់ និង​អ្នក​ផ្សេងៗ​ទៀតជួប​បញ្ហា​ខ្ញុំ​អត់​ជឿ​គាត់​ទេ​ បាន​ន័យ​ថា ​គាត់​ដឹង​តែ​ម្ខាង​ហ្នឹង»។​

មិន​ខុស​អ្វីនឹង​អ្នក​ស្រី​ឆាយ​ គឹម​ហ៊ន​ដែរ​ អ្នកស្រី​ទេព​ វន្នី​គឺ​ជាតំណាង​ក្រុម​អ្នក​តវ៉ា​សហគមន៍​បឹងកក់​ដែល​កំពុង​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ស៊ូកាគូ​អ៊ីនរបស់​លោក​ឧកញ៉ា​ឡៅ​ ម៉េង​ឃីន​ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា។​

ក្រុមហ៊ុន​នេះ​បាន​ទទួល​សិទ្ធិ​សម្រាប់​អភិវឌ្ឍន៍​តំបន់​បឹកកក់ក្នុង​រយៈ​ពេល​៩៩​ឆ្នាំក្នុង​ទឹកប្រាក់​វិនិយោគ៧៩​លាន​ដុល្លារ។​

ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៤ពាន់​គ្រួសារ​បាន​រង​ការ​ប៉ះពាល់​ ហើយ​ក្នុង​នេះ​ជាង​ ៣​ពាន់​គ្រួសារ​បាន​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​លំនៅដ្ឋាននៅ​ពេល​ដែល​ក្រុម​ហ៊ុន​ចាប់​ផ្ដើម​បូម​ខ្សាច់​លុប​បឹងកក់។​ ​បឹងនេះ​ដែលជាកន្លែង​សម្រាប់​ជម្លៀស​ទឹក​ដ៏​មួយ​ស្ថិត​នៅចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ។​ នេះ​បើ​យោង​តាម​អ្នកស្រី​ទេព វន្នី។​

អ្នកស្រី​បន្ត​ថា ​អ្នក​ស្រី​នឹង​ប្រជា​ពលរដ្ឋ​ប្រហែល​ជិត៤០​គ្រួសារ​ទៀត​នៅ​មិន​បាន​សំណង​ ហើយ​កំពុង​រង់ចាំ​មើល​ ថាតើ​អាជ្ញាធរ​នឹង​អាច​ធ្វើ​បានតាម​ប្រសាសន៍​របស់​នាយក​រដ្ឋ​មន្ត្រី​បាន​ដល់​កម្រិត​ណា​ក្នុង​ការ​បញ្ចប់​ជម្លោះ​ដី​ធ្លី​ក្នុង​សហគមន៍​បឹងកក់។​

«ប្រសិន​បើ​ការ​ប្តេជ្ញារបស់​គាត់​កាល​ពី​ម្សិលមិញនេះ​ជា​រឿង​ថ្មី​មួយ​ទៀត​ដើម្បី​បម្រើប្រជា​ពលរដ្ឋ​ ចង់​បម្រើប្រទេស​ជាតិ​ ខ្ញុំ​ត្រេកអរ​ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត។​ ក៏​ប៉ុន្តែ​អ្នក​ស្រី​អះអាង​ថា​ ប្រជា​ពលរដ្ឋ​សហគមន៍​បឹងកក់​នឹង​ទុក​ឲ្យ​ពេល​វេលា​ជា​អ្នក​កំណត់ ​ថា​តើ​ប្រសាសន៍​របស់​នាយក​រដ្ឋ​មន្ត្រី​អាច​នឹងធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​អនុវត្ត​តាមឬយ៉ាង​ណា។​

លោក​អំ សំអាត​ មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​ជាន់​ខ្ពស់នៃអង្គការការពារ​សិទ្ធិ​មនុស្សលីកាដូ​ (Licadho) ​ដែល​បាន​ឃ្លាំ​មើល​ការតវ៉ា​របស់​ក្រុម​សហគមន៍​ឡ​ពាង​ បាន​ថ្លែង​ថា ​នាយក​រដ្ឋ​មន្ត្រី​គួរ​ដាក់​ទណ្ឌកម្ម​ធ្ងន់​លើ​មន្ត្រីអាជ្ញាធរ​ថ្នាក់​ក្រោម​ដែលមិន​បានស្វែងរក​ដំណោះ​ស្រាយ​ជូន​ដល់​ប្រជា​ពលរដ្ឋ។​

«ប្រសិន​បើ​ប្រជា​ពលរដ្ឋ​លោក​ឈប់​តវ៉ា ​លោក​ទទួលបាន​ដី​ធ្លី ​អាហ្នឹង​បាន​ចប់។​ បើ​នៅ​តែ​មាន​ការ​តវ៉ា​បាន​ន័យ​ថា​ តំបន់​ហ្នឹង​នៅ​តែ​មាន​ជម្លោះ។​ ​អញ្ចឹង​លោក​គួរ​ចាត់​វិធាន​ការ ​ឬ​ដាក់​វិន័យ​លើ​អាជ្ញាធរ​ណា​ដែល​មិន​ធ្វើ​ការ​ដោះស្រាយ​ជូន​រាស្រ្ត។ ​អាហ្នឹង​បាន​មាន​ប្រសិទ្ធភាព។ ​បើ​លោក​ស្រែក តែ​អាជ្ញា​ធរ​មូលដ្ឋាន​មិន​ព្រម​ធ្វើ​ វា​នឹង​អត់​ប្រសិទ្ធ​ភាព ហើយ​វា​ប៉ះពាល់​ដល់​កត្តិយស​របស់​លោក​ទៀត»។​

យោង​តាម​របាយ​ការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ (Adhoc)​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១៤​ បាន​ឲ្យ​ដឹង​ថា​ វិបត្តិ​នៃ​ជម្លោះដីធ្លី​ដ៏​រុំា​រ៉ៃ​ក្នុង​ប្រទេស​កម្ពុជា​ គិត​ចាប់​តាំង​ពី​ឆ្នាំ​ ២០០០​រហូត​ដល់​ឆ្នាំ​ ២០១៣​ បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច​៧​សែន​៧​ម៉ឺន​នាក់​រង​ការ​ប៉ះពាល់៕​