ល្ខោនខោលរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៨។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួននាថ្ងៃពុធក្នុងន័យដើមថា៖
«នាថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៨ កិច្ចប្រជុំលើកទី១៣នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស បានអនុម័តយល់ព្រមបញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិតាមសេចក្តីសម្រេច Decision13.COM.10.a.3»។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបន្ថែមក្នុងសេចក្តីជូនដំណឹងដដែលថា បេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់ជាតិបានរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជាល្បីរន្ទឺនៅលើឆាកអន្តរជាតិ ព្រមទាំងជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោកថែមទៀត។ ក្រសួងក៏បានអំពាវនាវដល់សាធារណជនមេត្តាបន្តចូលរួមថែរក្សាការពារ និងលើកតម្កើងតម្លៃវប្បធម៌បេតិកភណ្ឌវប្បធម៌ជាតិ ពិសេសបេតិកភណ្ឌវប្បធម៌អរូបីក្នុងសម័យសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន។
កាលពីដើមឆ្នាំ២០១៧ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្នើសុំទៅអង្គការយូណេស្កូដើម្បីបញ្ចូលមរតកវប្បធម៌អរូបី និងសិល្បៈខ្មែរបុរាណមួយចំនួនទៅជាសម្បត្តិបេតិកភណ្ឌពិភព ដែលរួមមានល្ខោនខោល ក្បាច់គុណល្បុក្កតោ ភ្លេងអារក្ស និងតម្បាញសូត្រខ្មែរជាដើម។ កាលពីចុងឆ្នាំ២០១៦ អង្គការយូណេស្កូក៏បានដាក់បញ្ចូលទម្រង់សិល្បៈចាប៉ីដងវែងជាសម្បត្តិបេតិកភណ្ឌពិភពលោកដែរ។
នាពេលនោះដែរ ល្ខោនខោលគឺជាប្រធានបទក្តៅដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមលើកយកទៅជជែក រហូតឈានដល់ការវាយប្រហារគ្នាដោយពាក្យសម្តី និងសំណេរទៅវិញទៅមក ដោយសារប្រទេសថៃក៏បានត្រៀមស្នើដាក់ល្ខោនរបស់ខ្លួនដែលមានទម្រង់ស្រដៀងនឹងល្ខោនខោលខ្មែរ ទៅជាសម្បត្តិបេតិកភណ្ឌអន្តរជាតិផងដែរ។ ប៉ុន្តែទាំងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃបានស្វែងរកវិធីដើម្បីបន្ធូរបន្ថយកំហឹងរបស់ពលរដ្ឋ និងធ្វើឲ្យការតវ៉ាត្រឡប់ទៅជាស្ងប់ស្ងាត់វិញ៕