ប្រទេសចិន បានបង្ហាញឲ្យឃើញថាតួកគីខុសទៅលើពាក្យចចាមអារ៉ាមពីការស្លាប់របស់លោក Abdurehim Heyit ដែលជា កវីនិពន្ធ និងជាតន្ត្រីករជនជាតិភាគតិច Uighur របស់ប្រទេសចិនដ៏ល្បីល្បាញម្នាក់ បន្ទាប់ពីមានការអះអាងដោយផ្ទាល់ពីលោក Abdurehim Heyit នៅក្នុងខ្សែអាត់វីដេអូថតទុកជាមុនតាមប្រព័ន្ធអ៊ីនធឺណិតមួយថា លោកកំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតពីបទរំលោភបំពានច្បាប់ប្រទេសចិន។
អ្នកវិភាគមួយចំនួនជឿថា អ្វីដែលតួកគីបានលើកឡើងនេះ គឺជាកំហុសឆ្គងផ្នែកការទូតដ៏ធ្ងន់ធ្ងរមួយ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសចិននិង តួកគីនាពេលខាងមុខ។
ប៉ុន្តែអ្នកវិភាគផ្សេងទៀតបានលើកឡើងថា អាជ្ញាធរចិនមិនទាន់បានបង្ហាញហេតុផលណាមួយអំពីការឃុំខ្លួនដែលត្រូវចោទប្រកាន់ថាធ្វើតាមអំពើចិត្តចំពោះជនជាតិភាគតិច Uighurs ជាងមួយលាននាក់នៅឯជំរុំដែលគេហៅថា «ជាជំរំកែប្រែឡើងវិញ» ដែលមានទីតាំងនៅទូទាំងភាគពាយ័ព្យនៃតំបន់ស៊ីនជាំង (Xinjiang) ប្រទេសចិននោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសតួកគីហៅទង្វើនេះថា «ជាមូលហេតុដ៏ធំដែលនាំឲ្យមានភាពអាម៉ាសដល់មនុស្សជាតិ»។
លោក Arthur Ding អ្នកស្រាវជ្រាវជំនួយនៅឯវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យជាតិ ឆឹងឈី (Chengchi) បាននិយាយថា៖
«រដ្ឋាភិបាលតួកគីប្រហែលជាធ្វើការសន្និដ្ឋានខុសពីករណីលោក Heyit។ ប៉ុន្តែជារួម ខ្ញុំគិតថាកម្រិតនៃការយកចិត្តទុកដាក់របស់ពិភពលោកទៅលើបញ្ហានៅតំបន់ ស៊ីនជាំង នាពេលឥឡូវនេះ កំពុងបន្តដាក់សម្ពាធទៅលើរដ្ឋាភិបាលក្រុងប៉េកាំង»។
លោក Heyit ដែលជាតារាចម្រៀង និងតន្ត្រីករវ័យ ៥៧ឆ្នាំមួយរូបនៃក្រុមសិល្បះមួយក្រុមនៅតំបន់ ស៊ីនជាំង ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំង ចាប់ខ្លួននៅដើមឆ្នាំ ២០១៧ ក្រោមការចោទប្រកាន់ថាលោក បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិប្រទេសចិន។
ភាពគ្មានតម្លាភាពនៅតំបន់ ស៊ីនជាំង
លោក Michael Clarke សាស្ត្រាចារ្យជំនួយនៅមហាវិទ្យាល័យសន្តិសុខជាតិនៃសកលវិទ្យាល័យជាតិអូស្ត្រាលី បានមានប្រសាសន៍ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិចថា ៖
«ការដែលលោក Heyit បន្តស្ថិតនៅក្រោមការស៊ើបអង្កេតបន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេល២ឆ្នាំមកហើយ គឺជាភស្តុតាងបន្ថែមទៀតដែលបង្ហាញពីការឃុំខ្លួនក្រៅច្បាប់បែបនេះជាច្រើនករណីទៀត»។
លោកសាស្ត្រាចារ្យ បានបន្ថែមទៀតថា ប្រទេសចិនត្រូវតែធ្វើការបង្ហាញពីយថាភាពនៃវីដេអូរបស់ លោក Heyit ហើយវីដេអូនេះបានបង្ហាញឲ្យឃើញថា ចិនកំពុងតែទទូលរងសម្ពាធរិះគន់ពីអន្តរជាតិទៅលើគោលនយោបាយរបស់ខ្លួននៅតំបន់ស៊ីនជាំង។
លោក Clarke និងលោក Ding បានកត់សម្គាល់ថា កង្វះតម្លាភាពនៅតំបន់ ស៊ីនជាំងដែលកាន់កាប់យ៉ាងតឹងរឹងដោយរដ្ឋាភិបាលក្រុងប៉េកាំង គឺជាមូលហេតុចម្បងនៅពីក្រោយក្តីបារម្ភរបស់បណ្តាប្រទេសផ្សេងៗទៀតជុំវិញពិភពលោក ទោះបីជាពួកគេត្រូវគេធ្វើឲ្យមានការយល់ខុសក៏ដោយ។
ប៉ុន្តែប្រទេសចិន ហាក់បីដូចជាមិនមានគម្រោងនឹងធ្វើឲ្យស្ថានភាពនៅតំបន់ ស៊ីនជាំងមានតម្លាភាពល្អជាងមុននោះទេ ដូចដែលករណីរបស់លោក Heyit និងការពង្រីកមណ្ឌលឃុំឃាំងដាក់ជនជាតិ Uighur នោះបានបង្ហាញឲ្យឃើញស្រាប់។
នៅក្នុងសន្និសីទការសែតសង្ខេបនៅថ្ងៃចន្ទសប្តាហ៍មុន អ្នកនាំពាក្យក្រសួងការ បរទេសចិន លោកស្រី Hua Chunying មិនអើពើចំពោះសំណើសុំសេចក្តីលម្អិតអំពីរឿងលោក Heyit របស់អ្នករាយការណ៍ព័ត៌មានម្នាក់ ដោយទៅចង្អុលដៃម្តងហើយម្តងទៀតដាក់ប្រទេសតួកគីទៅវិញ។
លោកស្រីបាននិយាយថា៖
«តួកគីបានធ្វើការចោទប្រកាន់ចិនដោយគ្មានភស្តុតាងជាក់លាក់ និងគ្រាន់តែផ្អែក ទៅលើការកុហកមិនសមហេតុផលមួយដែលថាលោក Heyit បានស្លាប់ខណៈដែលលោកនៅមានជីវិតនៅឡើយ។ នេះជាទង្វើខុសឆ្គងនិងគ្មានការទទួលខុសត្រូវយ៉ាង ខ្លាំងរបស់តួកគីហើយយើងប្រឆាំងជាដាច់ខាតចំពោះការចោទប្រកាន់នេះ»។
រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញការមិនពេញចិត្តនេះ ដោយបានចេញសារព្រមានក្នុងការធ្វើដំណើរទៅកាន់ប្រទេសតួកគី។ ប្រទេសតួកគីជាប្រទេសទី៣បន្ទាប់ពីប្រទេសកាណាដា និងប្រទេសស្វ៊ីសដែលត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងចេញសេចក្តីព្រមានអំពីការធ្វើដំណើរទៅដល់ប្រជាពលរដ្ឋរបស់ខ្លួនណាដែលចង់ធ្វើដំណើរទៅក្រៅប្រទេស។
កំហុសផ្នែកការទូត
អ្នកនាំពាក្យក្រសួងការបរទេសតួកគី លោក Hami Aksoy មិនទាន់បានធ្វើការឆ្លើយ តបក្រោយការថ្លែងសុន្ទរកថារបស់ខ្លួននៅថ្ងៃសៅរ៍សប្តាហ៍មុន ដែលបានអះអាងថា តួកគីបានដឹងពីការស្លាប់របស់លោក Heyit និងបានចោទប្រកាន់ចិនអំពីបញ្ហារំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរជាច្រើន ដូចជាការសាងសង់មណ្ឌលឃុំខ្លួនជនជាតិ Uighur ជាង១លាននាក់ដែលជាជនជាតិភាគតិចឥស្លាមនិយាយភាសាតួកគីក្នុងតំបន់ ស៊ីនជាំង។
បើលោក Aksoy ត្រូវបានគេបញ្ជាក់ថាខុសទៅលើរឿងនេះគឺ លោកបានប្រព្រឹត្តនូវកំហុសឆ្គងផ្នែកការទូតដ៏ធំមួយ ពីព្រោះលោកគួរតែធ្វើការបញ្ជាក់ពីបញ្ហានេះឲ្យបានច្បាស់លាស់ជាមួយសមភាគីចិនជាមុនសិន មុននឹងចេញសេចក្តីប្រកាសដូចនេះ។ នេះបើយោងតាមសម្តីរបស់លោក Tungrul Keskin នាយកនៃមជ្ឍមណ្ឌលសម្រាប់អភិបាលកិច្ចពិភពលោកនៅសាកលវិទ្យាល័យ Shanghai។
លោក Keskin បាននិយាយជាមួយ VOA តាមរយៈសារអេឡិចត្រូនិចទៀតថា៖
«ទោះបីជាប្រទេសតួកគីមិនពេញចិត្តនឹងគោលនយោបាយការបរទេសរបស់សហរដ្ឋ អាមេរិកលើបញ្ហាជនជាតិ Kurd និងកំពុងស្វែងរកដៃគូរពិភពលោកថ្មីក៏ដោយ ក៏តួកគីមិនគួរចេញសេចក្តីប្រកាសចោទប្រកាន់ដែលផ្អែកលើព័ត៌មានមិនពិតនោះទេ»។
លោកនិយាយថា កំហុសការទូតនេះនឹងធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាពប្រទេសតួកគីជាមួយប្រទេសចិនក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ លោកបន្ថែមថា បញ្ហាជនជាតិ Uighur គឺជាបញ្ហារសើប និងស្មុគស្មាញមួយ ដែលមានស្ថានភាពដូចបញ្ហាជនជាតិ Kurd នៅតំបន់មជ្ឃឹមបូព៌ា ពីព្រោះមានតួអង្គជាច្រើនពាក់ព័ន្ធនៅក្នុងរឿងនេះ ដូចជា ប្រទេសចិន តួកគី សហរដ្ឋអាមេរិក និងក្រុមសហគមន៏ជនជាតិ Uighur ខាងក្រៅជាដើម។
ដូចនេះ លោកគិតថា ប្រទេសដែលសម្បូរទៅដោយប្រជាជនកាន់សាសនាឥស្លាមផ្សេងទៀត នឹងមិនដើរតាមលំនាំរបស់តួកគី ក្នុងការសម្តែងការព្រួយបារម្ភរបស់ពួកគេទៅលើបញ្ហាក្នុងតំបន់ ស៊ីនជាំងនោះទេ។
លោកសាស្ត្រាចារ្យ Clarke បាននិយាយទៀតថា មកដល់ពេលឥឡូវនេះមានប្រតិកម្មចំនួនតិចតួចប៉ុណ្ណោះពីសំណាក់ប្រទេសកាន់សាសនាឥស្លាមផ្សេងៗ ដោយសារប្រទេសជាច្រើន ជាពិសេសរដ្ឋដែលនៅតំបន់អាស៊ីកណ្តាល និងមជ្ឈឹមបូព៌ា បានយល់ឃើញថា ប្រទេសចិនជាដៃគូរសំខាន់មួយដែលពួកគេអាចប្រើក្នុងការប្រឆាំងសហរដ្ឋអាមេរិក និងជាប្រភពសំខាន់សម្រាប់ការវិនិយោគក្រោមគម្រោងខ្សែក្រវ៉ាត់មួយ និងផ្លូវមួយរបស់ចិន (China's One Belt and Road Initiative)។
ប៉ុន្តែ លោកក៏បានបន្តទៀតថា៖
«វាមានសញ្ញាខ្លះដែលបង្ហាញថា បណ្តារដ្ឋនៅតំបន់អាស៊ីកណ្តាល ដូចជាប្រទេស កាហ្សាក់ស្ថាន(Kazakhstan) ជាដើម និងសាធារណជននៅក្នុងតំបន់នោះ កំពុងតែធ្វើការរិះគន់កាន់តែខ្លាំងឡើងទៅលើបញ្ហាដែលកើតឡើងចំពោះជនជាតិ Uighur ដោយសារតែក្រុមជនជាតិដើមភាគតិច Kazakhs និង Kyrgyz នៅក្នុងតំបន់ស៊ីនជាំង ក៏ត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំងនោះផងដែរ»។
អន្តរាគមន៍ពីអន្តរជាតិ
ទោះបីជាយ៉ាងណាក៏ដោយ លោក Keskin មិនយល់ស្របចំពោះការធ្វើអន្តរាគមន៍ពីអន្តរជាតិទៅលើតំបន់ ស៊ីនជាំងនោះទេ ដោយលោកបានមានប្រសាសន៍ថា ទាំងសហរដ្ឋអាមេរិកនិងតួកគីមិនខ្វល់ខ្វាយពីស្ថានភាពជនជាតិ Uighur នោះទេ។ អ្វីដែលពួកគេចង់បានពិតប្រាកដនោះ គឺប្រើប្រាស់បញ្ហានេះដើម្បីប្រឆាំងនឹងប្រទេសចិន និងជាប្រយោជន៍សម្រាប់ការចរចាផ្នែកនយោបាយ។ លោកបាននិយាយថា ករណីនេះមានលក្ខណៈស្រដៀងទៅនឹងបញ្ហានៅដែនដីទីបេ និងតៃវ៉ាន់ដែរ។
ប៉ុន្តែ អ្នកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សជាច្រើនប្រហែលជាមិនយល់ស្របនឹងសម្តីរបស់លោក Keshin នោះទេ។
ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិចំនួន១៦បានអំពាវនាវឲ្យមានការស៊ើបអង្កេតជាអន្តរជាតិមួយទៅលើករណីឃុំខ្លួនជនជាតិ Uighur និងប្រជាជនតួកគីកាន់សាសនាឥស្លាមដែលមានលក្ខណៈទ្រង់ទ្រាយធំនៅតំបន់ស៊ីនជាំង។ ជាមួយគ្នានេះផងដែរ ពួកគេក៏បានជំរុញក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិឲ្យអនុម័តសេចក្តីសម្រេចមួយ ដើម្បីបង្កើតបេសកម្មស្វែងរកការពិតជាអន្តរជាតិមួយទៅលើតំបន់ ស៊ីនជាំង៕
ប្រែសម្រួលដោយ លី វួចនា