កូតកម្មការងារបានកើនឡើងយ៉ាងខ្លាំងក្នុងប្រទេសចិនមានការតវ៉ាកាន់តែច្រើនឡើងៗនៅក្នុងប្រទេសចិន ហើយសកម្មជនការងារនិយាយថា បាតុកម្មទាំងនេះត្រូវបានជំរុញឲ្យកើតមានឡើងដោយសារតែសេដ្ឋកិច្ចដែលមានកំណើនយឺតរបស់ប្រទេសនេះ។
នៅក្នុងករណីខ្លះ អ្នកតវ៉ាទាំងនោះអាចបង្ខំនយោជករបស់ខ្លួនឲ្យធ្វើកិច្ចព្រមព្រៀងមួយចំនួនទៅលើប្រាក់ឈ្នួល និងការឧបត្ថម្ភផ្សេងៗ។
អង្គការមួយឈ្មោះថា ព្រឹត្តិប័ត្រការងារចិន (The China Labour Bulletin) ដែលតាមដានជម្លោះការងារជាច្រើន បានរកឃើញថា មានកូតកម្មប្រមាណជាមួយពាន់បួនរយករណីបានកើតឡើងក្នុងឆ្នាំ២០១៤ ហើយចំនួននៃការតវ៉ាទាំងនោះកើនឡើងកាន់តែច្រើននៅក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ។
Jeffrey Crothall គឺជាអ្នកស្រាវជា្រវនៃការិយាល័យរបស់អង្គការ ព្រឹត្តិប័ត្រការងារចិន នៅកោះហុងកុង។
លោកមានប្រសាសន៍ថា៖ «យើងបានធ្វើកំណត់ត្រាលើកូតកម្មនិងការតវ៉ាការងារជារួម និងពេលវេលាដែលព្រឹតិ្តការណ៍ទាំងនោះកើតឡើង ហើយនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ យើងបានកត់ត្រាព្រឹត្តិការណ៍ទាំងនោះបានចំនួន២០០ករណីជាមធ្យមក្នុងមួយខែ»។
អង្គការ ព្រឹត្តិប័ត្រការងារចិន បានកត់ត្រាបាតុកម្មតវ៉ាចំនួន៥៦៩ករណីនៅក្នុងត្រីមាសចុងក្រោយកាលពីឆ្នាំមុន។ នោះជាកំណើន៣ដង បើប្រៀបធៀបនឹងចំនួនកូតកម្មក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៣។ ហើយមានការកើនឡើងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០១១មក ដែលនៅក្នុងឆ្នាំនោះមានការតវ៉ាចំនួនតែ១៨៥ករណីប៉ុណ្ណោះត្រូវបានកត់ត្រាក្នុងរយៈពេលពេញមួយឆ្នាំ។
សេដ្ឋកិច្ចរបស់ប្រទេសចិនមានកំណើនយឺតយ៉ាវនៅក្នុងឆ្នាំកន្លងមក ដោយរីកចម្រើនបានត្រឹមតែ៧.៤ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០១៤ ដែលជាកំណើនយឺតបំផុតក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ។ អាជ្ញាធរបានព្រមានសាធារណជន ដោយបានពន្យល់ថា ប្រទេសនេះកំពុងឈានចូលដំណាក់កាលនៃកំណើនសេដ្ឋកិច្ចយឺតយ៉ាវ ប៉ុន្តែជាកំណើនមួយ «ប្រកបគុណភាពខ្ពស់ជាងមុន»។
កូតកម្មទាំងនោះត្រូវបានផ្សព្វផ្សាយយ៉ាងលឿនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងចំណោមកម្មករដែលភាគច្រើនស្ថិតនៅចន្លោះខេត្ត Guangdong ខេត្ត Jiangsu ខេត្ត Shandong និងខេត្ត Henan។ អ្នកតវ៉ាភាគច្រើនកំពុងទាមទារប្រាក់ឈ្នួលខ្ពស់ជាងមុន ប្រាក់ឈ្នួលដែលមិនបានបើកពីខែមុនៗ អត្ថប្រយោជន៍ដែលល្អប្រសើរជាងនេះ និងប្រាក់ចូលនិវត្តន៍។
លោក William Nee គឺជាអ្នកស្រាវជ្រាវជនជាតិចិននៅអង្គការលើកលែងទោសអន្តរជាតិ (Amnesty International)។ លោកបានមានប្រសាសន៍ថា៖ «កូតកម្ម និងការតវ៉ាកំពុងតែកើនឡើងនៅក្នុងប្រទេសចិន ហើយនេះជាបញ្ហាមួយក្នុងចំណោមបញ្ហាសំខាន់ៗដែលបណ្តាលឲ្យមនុស្សម្នានាំគ្នាមកតវ៉ានៅលើដងផ្លូវ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងករណីភាគច្រើន អ្នកតវ៉ាទាមទារនូវអ្វីដែលរោងចក្របានជំពាក់ពួកគេពាក់ព័ន្ធទៅនឹងប្រាក់ឈ្នួល ប្រាក់ឈ្នួលដែលជំពាក់ ប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់ស្នាក់នៅ។ ដូច្នេះ ចំណុចទាំងនេះជាបញ្ហារបស់រោងចក្រផ្ទាល់តែម្តង ឬនៅក្នុងករណីខ្លះ ពួកគេកំពុងតវ៉ាទៅកាន់រដ្ឋាភិបាលដើម្បីបង្ខំរោងចក្របង់ប្រាក់ឲ្យពួកគេ។ ដូច្នេះ ទាំងនេះជាការតវ៉ាដែលមិនមាននិន្នាការនយោបាយនោះទេ។ ពួកគេផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយនយោជកជាង»។
នៅក្នុងឆ្នាំ១៩៩៥ ប្រទេសចិនបានអនុម័តច្បាប់ការងារដែលផ្តល់សិទ្ធិទទួលបានប្រាក់ឈ្នួល រយៈពេលឈប់សម្រាក គ្មានការធ្វើការហួសម៉ោងកំណត់ និងមានសិទ្ធិក្នុងការចរចាជាក្រុម ទៅឲ្យកម្មករទាំងអស់។ កំណើនសេដ្ឋកិច្ចយ៉ាងលឿនជាច្រើនឆ្នាំចាប់តាំងពីពេលអនុម័តច្បាប់នោះ បានកាត់បន្ថយភាពក្រីក្រក្នុងចំណោមមនុស្សរាប់លាននាក់។ ប៉ុន្តែនៅគ្រាដែលសេដ្ឋកិច្ចរងតំហយចុះ ប្រាក់ឈ្នួលអាចនៅថេរ ហើយអត្រានិកម្មភាពអាចកើនឡើង មនុស្សជាច្រើនបានចាប់ផ្តើមទម្លាក់កំហុសទៅលើរដ្ឋាភិបាល។
ដោយសង្ឃឹមថានឹងជំរុញអាជ្ញាធរមូលដ្ឋានឲ្យដោះស្រាយបញ្ហានេះ អាជ្ញាធរក្រុងប៉េកាំងបានចេញសេចក្តីជូនដំណឹងមួយកាលពីខែមុន ទៅកាន់រដ្ឋាភិបាលមូលដ្ឋានឲ្យចាត់ទុកការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងការងារជា«ការងារបន្ទាន់»។ សារាចរណែនាំនេះនិយាយថា មន្រ្តីមូលដ្ឋានត្រូវធ្វើការដើម្បីធានាថា នយោជិកត្រូវទទួលបានប្រាក់ឈ្នួលទាន់ពេល និងពេញលេញ ហើយត្រូវចាប់ផ្តើមកម្មវិធីផ្តល់ការការពារការងារដែលមានលក្ខណៈប្រសើរជាងនេះសម្រាប់កម្មករចំណាកស្រុកមកពីតំបន់ដាច់ស្រយាល និងអំពាវនាវឲ្យនិយោជកបង្កើនសុវត្ថិភាពនៅកន្លែងធ្វើការ។
ប៉ុន្តែ កិច្ចប្រឹងប្រែងទាំងនោះមិនអាចបង្វែងផលប៉ះពាល់យ៉ាងខ្លាំងដែលកើតចេញពីកំណើនសេដ្ឋកិច្ចយឺតកាន់តែខ្លាំងនោះបានទេ។ លោក Shaun Rein គឺជាប្រធាននៃក្រុមស្រាវជ្រាវមួយឈ្មោះថា ទីផ្សារចិន (China Market)។
លោកបានមានប្រសាសន៍ថា៖ «ដូច្នេះ សេដ្ឋកិច្ចបានស្ថិតនៅក្នុងការធ្លាក់ចុះដុនដាបខ្លាំង ចាប់ផ្តើមពីខែកុម្ភៈ ដែលការធ្លាក់ចុះនេះគឺអាក្រក់ជាងអ្វីដែលសេដ្ឋវិទូបានគិតទុកទៅទៀត។ ហើយការធ្លាក់ចុះនេះ ពិតជាត្រូវបានគេសង្កត់ធ្ងន់ថា ដោយសារបញ្ហាគ្មានការងារធ្វើ។ វាមិនមែនដោយសារកំណើនផលិតផលក្នុងស្រុកសរុប (GDP) ទេ ដែលខ្ញុំគិតថា វាជាតួលេខធម្មតាមួយ។ ប៉ុន្តែអ្វីដែលអ្នកកំពុងតែឃើញមាននៅក្នុងវិស័យរោងចក្រគឺថា រោងចក្រតូចតាច និងទន់ខ្សោយមួយចំនួនត្រូវកាត់បន្ថយតម្លៃផលិតផលរបស់ខ្លួនស្របតាមទីផ្សារ»។
លោក Rein និយាយថា ទីផ្សារការងាររបស់ចិនកំពុងតែចុះខ្សោយទាំងនៅក្នុងទីក្រុង និងនៅតំបន់ជនបទ ក៏ដូចជានៅក្នុងចំណោមបុគ្គលិកក្នុងការិយាល័យនិងបុគ្គលិកប្រើកម្លាំង ដែលអាចនឹងគម្រាមកំហែងស្ថេរភាពសង្គម។ ទោះបីជាមនុស្សជាច្រើន ដែលបានចូលរួមក្នុងការតវ៉ា ត្រូវបានឃាត់ខ្លួនក៏ដោយ មានមនុស្សតែពីរបីនាក់ប៉ុណ្ណោះត្រូវបានកាត់ទោសពីបទល្មើសព្រហ្មទណ្ឌ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ