រដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ បានប្រកាសថាអាជ្ញាធរនឹងរៀបចំមធ្យោបាយដឹកជញ្ជូនកម្មកររោងចក្រឱ្យមានសុវត្ថិភាព ព្រមទាំងមានផាសុកភាព នៅត្រឹមឆ្នាំ ២០២៧ ខណៈគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមរថយន្តដឹកកម្មករនៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភមួយ។
មេដឹកនាំសហជីពបានស្នើកុំឱ្យយករថយន្តកែច្នៃ ឬរថយន្តដឹកទំនិញ ដឹកកម្មករ ដោយហេតុថាវាងាយបង្កគ្រោះថ្នាក់ចរាចរណ៍។
លោក ហេង សួរ បានថ្លែងក្នុងសិក្ខាសាលាស្តីពី «ការជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព» កាលពីថ្ងៃពុធ ថា៖ «ដើម្បីសម្រេចបាននូវអ្វីដែលជាអនុសាសន៍មួយ ក្នុងចំណោមអនុសាសន៍ទាំង១០របស់សម្តេចធិបតី ដែលបានកំណត់ថានៅត្រឹមឆ្នាំ ២០២៧ មធ្យោបាយដឹកជញ្ជូនរបស់បងប្អូនកម្មករនិយោជិត គឺត្រូវតែមានសុវត្ថិភាព ផាសុកភាពស្របតាមបច្ចេកទេសរបស់ខ្លួន។ ដូច្នេះដើម្បីឱ្យឆ្នាំ ២០២៧ អនុសាសន៍របស់សម្តេចអាចសម្រេចបាន ហើយអាចទទួលយកបាន ដោយគ្រប់ភាគី គឺយើងត្រូវតែជជែក ហើយថ្លឹងថ្លែង ហើយក៏មិនមែនជជែកម្តងចប់នោះទេ គឺត្រូវចុះទៅដល់តាមខេត្ត តាមអីផងដែរ»។
លោក កត្តា អន អ្នកនាំពាក្យក្រសួងការងារ ប្រាប់វីអូអេថា នេះជាសិក្ខាសាលាទី ៦ ដែលក្រសួងបានរៀបចំឡើង ដើម្បីអប់រំ ផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យយល់អំពីគោលការណ៍ និងការយកចិត្តទុកដាក់ចំពោះមធ្យោបាយដឹកជញ្ជូនកម្មករ កម្មការិនី ជាពិសេសការកាត់បន្ថយគ្រោះថ្នាក់នានាដែលកើតឡើងតាមរយៈមធ្យោបាយដឹកជញ្ជូន។
លោកបន្តថា ក្រសួងការងារប្រឹងប្រែងអប់រំ ផ្សព្វផ្សាយអំពីគោលការណ៍ និងការលើកទឹកចិត្តដល់អ្នកប្រកបរបរដឹកជញ្ជូនកម្មករ ឱ្យផ្លាស់ប្តូរមធ្យោបាយដឹកជញ្ជូនពីរថយន្តដឹកទំនិញឬរថយន្តកែច្នៃ មកជារថយន្តទេសចរណ៍ ឬរថយន្តក្រុង។ ប៉ុន្តែលោកថាវានៅតែមានឧបសគ្គមួយចំនួន ដោយសារតែអ្នកប្រកបរបរដឹកកម្មករមិនមានលទ្ធភាពក្នុងការផ្លាស់ប្តូររថយន្ត។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖ «ចំពោះអ្នកបើកបររកស៊ីដឹកកម្មករ ដែលគ្មានលទ្ធភាពក្នុងការផ្លាស់ប្តូរ នេះគឺជាកិច្ចការដែលយើងត្រូវធ្វើ លើកទឹកចិត្ត ធ្វើយ៉ាងណាឱ្យបងប្អូនទាំងនោះអាចផ្លាស់ប្តូរបាន។ ឧទាហរណ៍ យើងគិតថាយើងត្រូវមានកម្ចីធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដែលមានការប្រាក់ទាបឬមួយយើងមានក្រុមហ៊ុននាំឡានចូលដែលមានតម្លៃសមរម្យ ដែលពួកគាត់អាចមានលទ្ធភាពដែលអាចទិញបាន ឬមួយក៏មានការពិនិត្យរថយន្តក្នុងស្រុកសម្រាប់[ដឹក]កម្មករ ឬមួយនិយោជកអាចផ្គត់ផ្គង់រថយន្ត ហើយត្រូវការអ្នកបើកបរដឹកកម្មករ»។
អ្នកនាំពាក្យក្រសួងការងារបន្ថែមថាក្នុងសិក្ខាសាលានោះ ភាគីពាក់ព័ន្ធក៏បានជជែករកដំណោះស្រាយទាក់ទងនឹងបញ្ហាសេដ្ឋកិច្ចរបស់កម្មករដែលត្រូវបង់ថ្លៃធ្វើដំណើរនិងអ្នកប្រកបរបរដឹកកម្មករ។
លោក អាត់ ធន់ អតីតប្រធានសហភាពការងារកម្ពុជា និងបច្ចុប្បន្នជាអនុប្រធានសម្ព័ន្ធសហជីព C-CAWDU កត់សម្គាល់ថា ការយករថយន្ដដឹកទំនិញមកកែច្នៃដាក់ទ្រុងដែកសម្រាប់ដឹកកម្មករ ឬយករ៉ឺម៉ក់មកកែច្នៃសម្រាប់ដឹកកម្មករ នៅតែបង្កហានិភ័យខ្ពស់នៃគ្រោះថ្នាក់ចរាចរណ៍។
លោកថ្លែងថា៖ «ហើយជារួមគេថាយ៉ាងហោចណាស់ឱ្យត្រឹម[កម្មករ]អង្គុយបាន កុំឱ្យឈរដូចពេលបច្ចុប្បន្នវាគ្រោះថ្នាក់ខ្ពស់ ដោយសារកម្មករក៏ឈរច្រើន។ ឧទាហរណ៍ឡានកូរ៉េមួយ២តោនកន្លះ ឬមួយតោនកន្លះ ដឹកបានគ្នា ៤០នាក់ ឬ ៣០នាក់ នៅពេលរថយន្តហ្នឹង គាត់ជាន់ហ្វ្រាំង ឬផ្លូវកោងបន្តិចបន្តួច គឺមនុស្សមួយឡានហ្នឹង វេរទៅទាំងអស់ទៅអ៊ីចឹង។ ពេលខ្លះទៅក្រឡាប់តែម្តង វាមានបញ្ហាអ៊ីចឹង»។
បើតាមលោក អាត់ ធន់ មូលហេតុដែលអ្នកប្រកបរបរដឹកជញ្ជូនប្រើប្រាស់រថយន្តដឹកទំនិញ ឬរថយន្ដកែច្នៃ ដោយសាររថយន្តទាំងនោះមានតម្លៃធូរថ្លៃ អាចដឹកកម្មករបានច្រើន និងអាចយកទៅដឹកទំនិញផ្សេងនៅម៉ោងទំនេរ បន្ទាប់ពីដឹកកម្មកររួច។
លោកបន្ថែមថា៖ «ការកែច្នៃមិនសំដៅតែឡានទេ សូម្បីតែរម៉កក៏កែច្នៃដែរ។ ហើយដូចខ្ញុំបានបញ្ជាក់អ៊ីចឹងទី១ ពហុបំណងនៃការប្រើប្រាស់របស់គាត់ មួយទៀតគាត់ដឹកបានមនុស្សច្រើន ហើយកម្មករជិះ យកថោក អ្នកខ្លះយក១០ទៅ១៥ដុល្លារក្នុងមួយខែហ្នឹង ហើយបើយើងគិតមើលមួយខែដឹកទៅមក១០ទៅ១៥ដុល្លារ តើវាចំណេញយ៉ាងម៉េច?»។
បើតាមរបាយការណ៍របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិតនៃក្រសួងការងារ ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៣ កម្មករប្រមាណ ៤៥០០ នាក់បានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយមនុស្ស១១២នាក់ស្លាប់។ តួលេខនេះកើនឡើង បើធៀបនឹងរយៈពេល ១២ ខែក្នុងឆ្នាំ ២០២២ ដែលកាលនោះ កម្មករស្លាប់មានចំនួន ៦៣ នាក់ របួសធ្ងន់និងស្រាលប្រមាណ ៤០០០ នាក់។
កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ កម្មករកម្មការិនីរោងចក្រប្រមាណ ៥០ នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍រថយន្តកម្មករបុករថយន្តកម្មករដូចគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៤៧-៤៨ ស្ថិតក្នុងភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា ប្រាប់វីអូអេថា កន្លងទៅ ក្រុមអង្គការសង្គមស៊ីវិល និងក្រុមសហជីពតែងតែស្នើសុំរដ្ឋាភិបាលឱ្យគិតគូរពីមធ្យោបាយដឹកជញ្ជូនកម្មករដែលមានសុវត្ថិភាព។
អ្នកស្រីបន្ថែមថា គួរតែបញ្ឈប់កុំឱ្យមានរថយន្ដកែច្នៃ ដឹកកម្មករបន្តទៀត បើទោះរថយន្តកែច្នៃអាចដឹកមនុស្សបានច្រើន ប៉ុន្តែវាងាយបង្កគ្រោះថ្នាក់ដល់កម្មករ។ អ្នកស្រីកត់សម្គាល់ថាកន្លងទៅការប្រើប្រាស់រថយន្តកែច្នៃដឹកមនុស្សលើសចំណុះតែងតែបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ និងធ្វើឱ្យកម្មករបាត់បង់ជីវិត និងរងរបួសរាប់រយនាក់។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ថ្លែងថា៖ «ខ្ញុំគិតថា មិនគួរឱ្យមានតែមង្ដចំពោះឡានកែច្នៃ ពីព្រោះឡានកែច្នៃវាខុសស្ដង់ដារ បន្ទាប់មកទំហំនៅក្នុងការដាក់ក៏អត់ត្រឹមត្រូវទៅទៀត។ ប្រសិនណាឡានកែច្នៃឧទាហរណ៍ថាឡានខ្លះជួនកាលដាក់មនុស្សបានតែ ១០ នាក់ ២០ នាក់ទេ ប៉ុន្ដែឡានយកទៅកែច្នៃដាក់មនុស្សបាន ៣០ នាក់ ៣៥ នាក់ ៤០ នាក់ សួរថាអាហ្នឹងវាមិនខុស»។
អ្នកស្រីយល់ថា រដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធគួរតែពិនិត្យលើការផ្ដល់សោហ៊ុយធ្វើដំណើរសម្រាប់កម្មករឱ្យបានខ្ពស់ជាងពេលបច្ចុប្បន្ន ដើម្បីឱ្យកម្មករមានលទ្ធភាព និងភាពងាយស្រួលក្នុងការស្វែងរកមធ្យោបាយធ្វើដំណើរដែលមានសុវត្ថិភាព។អ្នកស្រី កម្មករទទួលបានប្រាក់ធ្វើដំណើរចន្លោះ ៧ដុល្លារ ទៅ ១០ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយខែ អាស្រ័យទៅតាមរោងចក្រនីមួយ។
រយៈពេលប្រមាណ ៥ ខែ ក្នុងឆ្នាំ ២០២៤ នេះ កម្មករនិយោជិតជួបគ្រោះថ្នាក់ចរាចរណ៍មានចំនួន ១.៧៧៦ ករណី រងរបួសចំនួន ១.៨៩១ នាក់ និងស្លាប់ចំនួន ៦១ នាក់។ នេះបើតាមលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងជាអ្នកនាំពាក្យក្រសួងការងារ។ បើប្រៀបធៀបក្នុងរយៈពេលប្រមាណ ៥ខែ ក្នុងឆ្នាំ ២០២៣ កម្មករនិយោជិត ជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលធ្វើដំណើរបានថយចុះចំនួន ១១៦ ករណី៕