ក្រោយពេលដែលអ្នកតំណាងរាស្រ្តនៃគណបក្សគ្រប់គ្រងប្រទេស និងគណបក្សប្រឆាំងបានពិនិត្យ និងស្នើឲ្យកែសម្រួលជំពូកចំនួនពីរនៃសេចក្តីព្រៀងច្បាប់សហជីព មេដឹកនាំសហជីពឯករាជ្យក្នុងប្រទេសកម្ពុជាទាមទារឲ្យមានការកែសម្រួលមាត្រាជាច្រើនទៀត ដែលបង្កប់ន័យគាបសង្កត់ការអនុវត្តសិទិ្ធរបស់សហជីព។
មេដឹកនាំសហជីពបម្រើប្រយោជន៍កម្មករបានបន្តទាមទារឲ្យអ្នកតំណាងរាស្ត្រនៃគណបក្សធំៗទាំងពីរនៅក្នុងសភាជាតិ ធ្វើការកែសម្រួលបន្ថែមទៀតចំពោះមាត្រាដែលរឹតត្បិតសិទ្ធិសេរីភាពសហជីព ពីព្រោះថា អ្នកតំណាងរាស្ត្រនៃគណបក្សទាំងពីរនេះបានសម្រេចស្នើឲ្យរដ្ឋាភិបាលកែសម្រួលលើមាត្រាមួយចំនួនក្នុងជំពូកចំនួនពីរប៉ុណ្ណោះនៅក្នុងសេចក្តីព្រាងច្បាប់សហជីពដ៏ចម្រូងចម្រាស។
ការសើ្នរបស់ពួកគេកើតមានឡើងបន្ទាប់ពីអ្នកតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានជួបប្រជុំពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់នេះ នៅរដ្ឋសភាជាតិកាលពីថ្ងៃច័ន្ទកន្លងទៅនេះ។
លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ថ្លែងថា ក្រុមសហជីពឯករាជ្យដែលបម្រើប្រយោជន៍កម្មករ ចង់ឃើញការកែសម្រួលមាត្រារសើបជាច្រើនទៀតនៅក្នុងសេចក្តីព្រាងច្បាប់សហជីពនេះ។
«ខ្ញុំគិតថា គណបក្សទាំងពីរហ្នឹងមិនទាន់បានពិភាក្សាគ្នាស៊ីជម្រៅទៅលើចំណុចដែលសហជីពចង់បានទេ ហើយយើងសង្ឃឹមថា គណបក្សទាំងពីរនឹងពិភាក្សាស៊ីជម្រៅថែមទៀត ដោយសារតែស្តាប់មើលសម្តីរបស់ឯកឧត្តមសុន ឆ័យ និងឯកឧត្តមសុខ ឦសានហ្នឹងថា នឹងមានការជជែកគ្នាបន្តទៀត។ អញ្ចឹងខ្ញុំគិតថា យើងនឹងរង់ចាំមើលថា តើការវិវត្តចុងក្រោយ វាយ៉ាងណា? យើងនឹងចូលរួមក្នុងការផ្តល់យោបល់ដើម្បីកែតម្រូវឲ្យមានការរៀបចំច្បាប់ហ្នឹងឲ្យបានល្អ»។
អ្នកស្រីយ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ពុំទាន់បានព័ត៌មានច្បាស់ស្តីពីការកែសម្រួលនៃជំពូកចំនួនពីរនេះ នៅក្នុងសេចក្តីព្រៀងច្បាប់សហជីពនេះទេ តែអ្នកស្រីទទូចស្នើឲ្យអ្នកតំណាងរាស្ត្រនៃគណបក្សនយោបាយទាំងពីរកែសម្រួលឲ្យបានទាំងស្រុងនូវមាត្រា ដែលធ្វើឲ្យសហជីពមានការពិបាកក្នុងការការពារសិទ្ធិកម្មករ។
«តាមពិត ពាក់ព័ន្ធជាមួយនឹងចំណុចដែលយើងបានស្នើទៅរដ្ឋសភា កាលពីយើងកូដកម្ម ឬក៏បានដាក់ញ្ញតិ្តកន្លងមក ទាំងអស់ហ្នឹងមាន៤២មាត្រា ដែលយើងស្នើសុំឲ្យមានការកែប្រែ។ ប៉ុន្តែនៅក្នុង៤២មាត្រានោះមានខ្លឹមសារ ចំណុចមួយចំនួនហ្នឹងគឺយើងស្នើសុំកែដាច់ខាតតែម្តង ព្រោះបើសិនណាចំណុចទាំងអស់ហ្នឹងនៅតែដាក់បន្តទៅ វាអត់មាន។ នេះចង់និយាយពីការការពារសិទ្ធិកម្មករ ការពារប្រយោជន៍របស់ពួកកម្មករយើង ឬក៏សហជីពយើងអញ្ចឹងណា៎»។
អ្នកស្រីថ្លែងបញ្ជាក់ថា មាត្រាជាច្រើនដែលក្រុមសហជីពឯករាជ្យមិនចង់បាននោះ រួមមាន ការកំណត់ពីការផ្ញើរបាយការណ៍ហិរញ្ញវត្ថុទៅក្រសួងការងារដែលពុំបានផ្តល់ការគាំទ្រហិរញ្ញវត្ថុដល់សហជីព និងការកំណត់ចំនួនកម្មករសម្រាប់ការបង្កើតសហជីព។ ចំណុចផ្សេងទៀតនោះគឺការកំណត់ថា បើប្រធានសហជីពក្នុងសហជីពមួយបានបង្កកំហុសណាមួយទាក់ទិនប្រយោជន៍ផ្ទាល់ខ្លួន សហជីពនោះនឹងត្រូវរំលាយចោលជាស្វ័យប្រវត្តិតែម្តង។ មាត្រាដទៃនៃសេចក្តីព្រាងច្បាប់នេះក៏មានការចែងពីការដាក់ទោសពិន័យលើសហជីពផងដែរ។
នៅក្នុងការជួបប្រជុំគ្នាកាលពីថ្ងៃច័ន្ទនោះ អ្នកតំណាងរាស្ត្រនៃគណបក្សទាំងពីរបានព្រមព្រៀងគ្នាស្នើឲ្យមានការកែសម្រួលមាត្រាមួយចំនួននៅក្នុងជំពូកចំនួនពីរដែលនិយាយដល់វិសាលភាពនៃសេចក្តីព្រាងច្បាប់ ការចុះបញ្ជីរបស់សហជីព និងរបាយការណ៍ហិរញ្ញវត្ថុរបស់សហជីពជាដើម។ ក៏ប៉ុន្តែចំណុចនិយាយពីការកំណត់ចំនួនសម្រាប់ការសម្រេចធ្វើកូដកម្មរបស់កម្មករមិនទាន់ត្រូវបានព្រមព្រៀងគ្នារវាងក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សទាំងពីរដែលកំពុងពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់នេះទេ។ នេះបើយោងទៅតាមការបញ្ជាក់ពីអ្នកតំណាងរាស្ត្រនៃគណបក្សទាំងពីរ។
លោកសុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់ VOA ថា សិទ្ធិធ្វើបាតុកម្មរបស់កម្មករគឺជាចំណុចចម្រូងចម្រាសមួយនៅក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់នេះ។
«យើងខ្ញុំតតាំងជួសឲ្យសហជីពដែរ ថាវាមិនដែលហៅសមាជិក[មកប្រជុំសម្រេច] ព្រោះសហជីពខ្លះហ្នឹងមានសមាជិករាប់ពាន់នាក់នោះ អាចដល់ម៉ឺនផង បើតាមដឹង។ គេហៅមកប្រជុំសម្រេចធ្វើកូដកម្មយ៉ាងម៉េច? រឿងកូដកម្មជាសិទ្ធិរបស់សមាជិកនីមួយៗទេ។ ហើយនៅក្នុងរោងចក្រខ្លះវា...វា... ទោះបីជាមាន ឧទាហរណ៍ថា សហជីពហ្នឹងមានសមាជិកនៅក្នុងរោងចក្រមួយហ្នឹង ឧទាហរណ៍ថា ២០០នាក់ ហើយជួនកាលវាមិនមែនទាំង២០០នាក់ហ្នឹងមានបញ្ហាជាមួយរោងចក្រទេ។ ជួនកាលមានសមាជិក១០នាក់នៅក្នុងផ្នែកដឹកជញ្ជូន ឬក៏លីសែងអីគាត់មិនសុខចិត្ត គាត់ចរចាជាមួយថៅកែ ដោះស្រាយមិនចេញ សហជីពជួយចរចាមិនចេញ គាត់ចង់ធ្វើកូដកម្មអីៗ។ អាហ្នឹងសិទ្ធិរបស់គាត់ មិនត្រូវចែងទាល់តែមានចំនួនប៉ុន្មានភាគរយនៃសមាជិកអីហ្នឹង វាខុស វារំលោភទៅលើច្បាប់រដ្ឋធម្មនុញ្ញ សិទ្ធិតវ៉ាផង ហើយវារំលោភទៅលើច្បាប់ ILO ទៅទៀត អាហ្នឹងហើយបានជជែកយូរ...យូរជាងគេ។ ហើយដោះអត់ចេញទេ»។
លោកថ្លែងបន្តថា ចំណុចនេះ និងចំណុចរសើបជាច្រើនទៀតប្រមាណ២១មាត្រានឹងត្រូវលើកយកមកពិភាក្សាជាថ្មីម្តងទៀតនៅថ្ងៃទី១៣ ខែមករា ខាងមុខនេះ។
រីឯលោកសុខ ឦសាន អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ថ្លែងថា សេចក្តីព្រាងច្បាប់នេះនឹងត្រូវដាក់ឲ្យពិភាក្សាក្នុងសិក្ខាសាលាទូលំទូលាយមួយ បន្ទាប់ពីក្រុមការងាររបស់តំណាងរាស្ត្រគណបក្សទាំងពីរបានបញ្ចប់ការពិនិត្យសេចក្តីព្រាងច្បាប់នេះ។
«ពេលដែលក្រុមការងារគណៈកម្មការចំពោះកិច្ចហ្នឹងជួបប្រជុំគ្នារួចរាល់ហើយ បានគេធ្វើសិក្ខាសាលាបើកទូលំទូលាយមួយ»។
លោកពុំទាន់អាចបញ្ជាក់បានទេអំពីកាលបរិចេ្ឆទនៃការធ្វើសិក្ខាសាលានេះ ដោយសារក្រុមអ្នកតំណាងរាស្ត្រត្រូវការពេលវេលាច្រើនបន្ថែមទៀតដើម្បីពិភាក្សាលើការស្នើឲ្យមានការកែសម្រួលចំណុចដែលក្រុមសហជីពមិនយល់ស្របក្នុងសេចក្តីព្រាងច្បាប់នេះ។
សេចក្តីព្រាងច្បាប់ដែលកំពុងត្រូវបានពិនិត្យ និងពិចារណាដោយអ្នកតំណាងរាស្ត្រនៃគណបក្សទាំងពីរនៅក្នុងសភានេះ មានបំណងសម្រួលដល់ទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងឧស្សាហកម្មកាត់ដេរ ដែលរមែងជួបព្រឹត្តិការណ៍ធ្វើកូដកម្ម និងបាតុកម្ម។ អ្នកតំណាងរាស្ត្រនៃគណបក្សប្រឆាំងចង់ឲ្យសេចក្តីព្រាងច្បាប់នេះគ្របដណ្តប់និយោជិកបម្រើការងារក្នុងវិស័យផ្សេងទៀតផងដែរ ដូចជានិយោជិកដែលធ្វើការតាមភោជនីយដ្ឋាន ឬអ្នកបម្រើការតាមផ្ទះក្នុងស្រុក។
សេចក្តីព្រាងច្បាប់នេះក៏មិនបានធ្វើឲ្យនិយោជកមានការរីករាយចិត្តផងដែរ ពីព្រោះតំណាងនិយោជកយល់ថា ការកំណត់ចំនួនមនុស្សត្រឹមតែ១០នាក់ ដើម្បីបង្កើតសហជីព ដូចដែលបានសរសេរនៅក្នុងសេចក្តីព្រាងច្បាប់នេះ នឹងបង្កឲ្យមានសហជីពច្រើនលើសលប់ក្នុងគ្រឹះស្ថានសហគ្រាសមួយ។
VOA ព្យាយាមសុំការអធិប្បាយពីលោកហេង សួ អ្នកនាំពាក្យនៃក្រសួងការងារ តែនៅមិនទាន់អាចទាក់ទងបានទេ នៅថ្ងៃពុធនេះ។
នៅក្នុងប្រទេសកម្ពុជាមានសហជីពចំនួន៣.២១៤ដែលបានចុះបញ្ជីបច្ចុប្បន្ននេះ ក៏ប៉ុន្តែមានតែសហជីពជាង១ពាន់ប៉ុណ្ណោះ ដែលមានសកម្មភាពជួយកម្មករ។ សហជីពឯករាជ្យមួយចំនួនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកម្មករ ជាពិសេសគឺកម្មករដែលកំពុងធ្វើការក្នុងឧស្សាហកម្មកាត់ដេរ។
ប្រជាពលរដ្ឋខ្មែរជាស្រ្តីប្រមាណជា៧០០.០០០នាក់កំពុងធ្វើការនៅក្នុងវិស័យនេះ។ កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់របស់ខ្លួនមួយភាគធំទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕