Your browser doesn’t support HTML5
លោក យ៉ា ណាវុធ នាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជា បានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេថាលោកមានការព្រួយបារម្ភខ្លាំងនៅពេលដែលច្បាប់អាជ្ញាសឹកនិងបម្រាមគោរចត្រូវបានដាក់ឱ្យអនុវត្តនៅទូទាំងប្រទេសថៃនេះ។
«វាអាចធ្វើឱ្យប៉ះពាល់ដល់មិនត្រឹមតែពលករកម្ពុជាទេសូម្បីទាំងជនជាតិថៃខ្លួនឯងហ្នឹងក៏មានផលប៉ះពាល់ដែរហើយជាពិសេសពលករកម្ពុជាសម្រាប់អ្នកដែលអត់មានឯកសារដែលទៅធ្វើការតាមរយៈមេខ្យល់នៅពេលដែលគាត់មិនបានដឹងអំពីបញ្ហាហ្នឹងហើយនៅពេលដែលគាត់ដើរហើរនៅពេលយប់អីអាចនឹងប្រឈមមុខនឹងការចាប់ខ្លួន»។
លោកក៏ព្រួយបារម្ភពីជីវភាពអ្នកទាំងនោះដែលបើសិនជាមិនបានធ្វើការអាចនឹងជួបប្រទះការខ្វះខាតផ្ទាល់ខ្លួននិងមិនមានថវិកាផ្ញើមកក្រុមគ្រួសារក្នុងប្រទេសកម្ពុជា។
ក្រុមយោធាថៃដឹកនាំដោយលោកឧត្តមសេនីយ៍ ប្រយុទ្ធ ចាន់អូចា (Prayuth Chan-ocha) បានធ្វើរដ្ឋប្រហារមិនបង្ហូរឈាមដណ្តើមអំណាចពីរដ្ឋាភិបាលស្របច្បាប់កាលពីសប្តាហ៍មុនដើម្បីបញ្ចប់ជម្លោះនយោបាយដែលបានអូសបន្លាយពេលជាង៦ខែកន្លងមកនេះ។
ក្រោយពីមានរដ្ឋប្រហារកើតឡើងក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយផ្តល់លេខទូរស័ព្ទចំនួនបីខ្សែសម្រាប់ពលករទាក់ទងក្នុងករណីដែលត្រូវការជំនួយ។ លេខទាំងនោះរួមមាន ០៨១ ៤៤១ ៩៨៧២, ០៩៨ ៤០៤ ១៥៥០, និងលេខ ០៨២ ៧៩៩ ០០០៧។
លោកស្រីរស់ សេរី អគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកកបានបញ្ជាក់ប្រាប់វីអូអេថាលោកស្រីបានទទួលទូរស័ព្ទច្រើនដែរពីពលករខ្មែរដោយមានតម្រូវការផ្សេងៗគ្នា។ អ្នកខ្លះសុំឱ្យជួយដើម្បីបានវិលត្រឡប់ទៅប្រទេសវិញដោយសារភ័យខ្លាច ហើយអ្នកខ្លះទៀតបានសុំកុំឱ្យគេបញ្ជូនទៅវិញ ជាពិសេសអ្នកដែលគ្មានឯកសារដោយសារនៅស្រុកខ្មែរមិនដឹងថាទៅធ្វើអ្វីទេ។
លោកស្រីបានបន្ថែមថាដំបូន្មានដែលស្ថានទូតអាចផ្តល់បាននោះគឺ៖ «អត់មានចេញ[សេចក្តីណែនាំ]ពីក្រសួងការបរទេសទេប៉ុន្តែអ្នកណាដែលតេ [ទូរស័ព្ទ] មកជួបខ្ញុំឬជួបមន្ត្រីការទូតផ្សេងៗហ្នឹងគេជួយណែនាំថាឱ្យនៅស្ងៀមស្ងាត់ហើយនៅកន្លែងណានៅកន្លែងហ្នឹងទៅហើយកុំធ្វើអ្វីផ្តេសផ្តាសខុសពីច្បាប់របស់គេកុំឱ្យមានបញ្ហា»។
ស្ថានទូតខ្មែរបានបញ្ជាក់ថាមានពលករទាំងស្របច្បាប់និងមិនមានឯកសារត្រឹមត្រូវចំនួន៤០០.០០០នាក់កំពុងធ្វើការនៅពាសពេញប្រទេសថៃ។
លោកអឿន សាម៉ន ពលករកម្ពុជាម្នាក់ដែលធ្វើការនៅខេត្តសាក់សឺងសាវ នៅរោងចក្រផលិតកង់មួយបានប្រាប់ដល់កម្មវិធីហេឡូវីអូអេថា៖ «ខ្ញុំហាក់ដូចជាមានការលំបាកដែរក្នុងការធ្វើដំណើរ មានការប្រុងប្រយ័ត្នដែរព្រោះខ្លាច»។
ទាំងលោកសាម៉ន និងលោកណាវុធ ក៏បានអំពាវឱ្យពលរដ្ឋកម្ពុជាដែលមានបំណងធ្វើដំណើរមកប្រទេសថៃឱ្យផ្អាកមួយរយៈសិននិងសុំឱ្យស្ថានទូតខ្មែរធ្វើការផ្សព្វផ្សាយព័ត៌មានឱ្យបានតាមខេត្តដែលមានពលករខ្មែរធ្វើការច្រើន៕