កងកម្លាំង​រដ្ឋាភិបាល​បង្រ្កាប​និង​ចាប់ខ្លួន​ក្រុម​បាតុករ

ក្រុម​កម្មករ​កាត់ដេរ​រត់​រក​កន្លែង​សុវត្ថិភាព នៅ​ខាង​មុខ​រោងចក្រ​​​យ៉ាកជីង ​ដែល​មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ចំងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​ពីទី​ក្រុង​ភ្នំពេញ។

ភ្នំពេញ៖ កងកម្លាំង​មាន​សមត្ថកិច្ច​បាន​ប្រើ​ប្រាស់​កម្លាំង​កង​ទ័ព​ឆ័ត្រ​យោង​៩១១​និង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ប្រដាប់​ដោយ​ខែល​ តំបង​ឆក់​និង​ដែក​បំពង់​ទីប​បាន​វាយ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ទៅ​លើ​ក្រុម​កម្មករ​ដែល​ឈរ​តវ៉ា​ដោយ​ដៃ​កាន់​ទឹក​សុទ្ធ​និង​បដា។

ការ​ប៉ះទង្គិច​ដោយ​អំពើ​ហិង្សា​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​រោង​ចក្រ​ចំនួន​បី​ផ្សេងៗ​គ្នា​គឺ​នៅ​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង​ ផ្សារ​ដី​ហុយ​ និង​នៅ​ក្នុង​រោង​ចក្រ​យ៉ាកជីង​ដែល​មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ចំងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​ពីទី​ក្រុង​ភ្នំពេញ។

មន្ត្រី​សហជីព​និង​មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស​បាន​អះអាង​ថា​យ៉ាង​តិច​មាន​ក្រុម​កម្មករ​ជិត​២០​នាក់​រួម​ទាំង​ទាំង​ព្រះ​សង្ឃ​ផង​បាន​រង​របួស​និង​អ្នក​តវ៉ា​ប្រមាណ​១៥​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន។

លោក​ វ៉ន ពៅ​ ប្រធាន​សមាគម​ឯករាជ្យ​និង​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ត្រូវ​បាន​កម្លាំង​យោធា​ឆ័ត្រ​យោង​៩១១​វាយ​នឹង​ដែក​បំពង់ទីប​ដួល​សន្លប់​និងបែក​ក្បាល​និង​ព្រះ​សង្ឃ​៥​អង្គ​ផ្សេង​ទៀត​ត្រូវ​បាន​វាយ​ទាត់ធាក់ឱ្យរង​របួស​ក្នុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​នៅ​រោងចក្រ​យ៉ាកជីង។

ចាន់ ផានីត​អាយុ​២២ឆ្នាំ​បាន​រង​របួស​ដោយ​សារ​វាយ​នឹង​ដែក​បំពង់​ទីប​បាន​និយាយ​រៀប​រាប់​ថា​មាន​ជន​ទី​បី​បង្កប់​ក្នុង​ក្រុម​បាតុករ​មក​បង្កហេតុ​ដែល​នាំ​ឱ្យ​មាន​អំពើ​ហិង្សា​ទើប​ឈាន​រហូត​ដល់​មាន​ការ​ប៉ះទង្គិច​គ្នា។

លោក​និយាយ​ថា៖«រត់​មក​វាយ​ពួក​ខ្ញុំ​តែ​ម្តង​មាន​ទាំង​ស្រី​មាន​ទាំង​ប្រុស​ មាន​ចំពាម​ មាន​កាំ​ភ្លើង​និង​ដំបង​ឆក់​មក​វាយ​ពួក​ខ្ញុំ​ហើយ​ចាប់។ ​មាន​អ្នក​បាត​ដៃ​ទី​បី​មក​ចាប់​ខ្ញុំ​ឱ្យពួក​ទាហាន​វាយ​ទៀត។​តែ​ខ្ញុំ​រើ​បម្រាស់​រួច​តែ​គ្នា​ខ្ញុំ​គេ​ចាប់​បី​នាក់។​ចាប់​វាយ​ជិត​ងាប់​ហើយ​ឈូស​ផង​យក​កាំ​ភ្លើង​អុក​ក្រោយ​ខ្នង​ទៀត»។

មាន​សមាជិក​សភា​តំណាង​រាស្ត្រ​ខាង​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​បាន​ទៅ​សង្កេត​មើល​ព្រឹត្តិការណ៍​នៃ​ការ​ប៉ះទង្គិច​គ្នា​នេះ។

លោក​ នុត រំដួល​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ស្ពឺ​ខាង​គណបក្ស​សង្គ្រោះជាតិ​បាន​ចាត់ទុក​ថា​កម្លាំង​យោធា​បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា​យ៉ាង​ព្រៃ​ផ្សៃ​មក​លើ​ក្រុម​កម្មករ​និង​ព្រះ​សង្ឃ។​លោក​បាន​បញ្ជាក់​ថា​សូម្បី​តែ​លោក​ជាអ្នក​តំណាង​រាស្ត្រ​ក៏​ត្រូវ​កម្លាំង​យោធា​រុញ​ច្រាន​និង​គំរាម​ដែរ។

លោក​និយាយ​ថា​៖«​ពេល​ខ្ញុំ​មក​ដល់​គេ​គឃ្លើន​ដាក់​យើង។ ​ពួក​ទាហាន​ទាំង​អស់​ហ្នឹង​គឃ្លើន​ដាក់​យើង​ហើយ​ទៅ​ចាប់​យុវជន​ម្នាក់​ដែល​អត់​មាន​បញ្ហា​អ្វី​សោះ​នេះ​ទៅ​ចាប់​គ្នា​ដែរ។ ​គ្នា​ឈរ​មើល​ចាប់​អូស​វៃ​គ្នា​បួន​ប្រាំ​ដំបង​ហើយ​ធាក់​ផង​ទាត់​ផង​តើ​វា​សម​ទេ។​ហើយ​សួរ​ថា​គ្នា​មាន​ចោល​ដុំ​ថ្ម​ឬ​ក៏​អត់​។​នេះ​នៅ​ចំពោះ​មុខ​ខ្ញុំ​ផង»។​

Your browser doesn’t support HTML5

កងកម្លាំង​រដ្ឋាភិបាល​បង្រ្កាប​និង​ចាប់ខ្លួន​ក្រុម​បាតុករ



Your browser doesn’t support HTML5

បាតុករច្រើនម៉ឺននាក់​ទាមទារ​ឲ្យដោះលែង​អ្នកដឹកនាំ​របស់ខ្លួន​ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន


លោក​ចាប សោភ័ណ្ឌ​ប្រធាន​វរៈ​កង​ទ័ព​ឆ័ត្រ​យោង​៩១១​ដែល​ឈរ​នៅ​ចាំ​បញ្ជា​នៅ​កន្លែង​កើត​ហេតុ​បាន​ចោទ​ប្រកាន់​ថា​ក្រុម​កម្មករ​បាន​ចោល​ដុំ​ថ្ម​មក​លើ​កម្លាំង​សមត្ថកិច្ច​មុន​ទើប​លោកបាន​ប្រើប្រាស់​ការ​បង្ក្រាប។

លោក​និយាយ​ថា៖​«​ឱ្យពួក​ខ្ញុំ​រង​គ្រោះ​ឬ​ក៏​យ៉ាង​ម៉េច? ​ទាហាន​ខ្ញុំ​ស្តាប់​បទ​បញ្ជា​ណាស់។ ​ខ្ញុំ​ថា​ឱ្យប្រុងៗ​សម្រាកៗ។​ ពួក​ហ្នឹង​វា​មាន​ស្តាប់​អ្នក​ណា​គេ។​អ្នកណា​ជាអ្នក​ទទួល​ខុស​ត្រូវ​ថា​កុំ​គប់​តែ​បើសិន​មាន​មួយ​គប់។​កុំ​ថា​បង​ឯង​ខ្ញុំ​ក៏ទប់​អត់​ជាប់​ដែរ»។​

លោក​អំ សំអាត​ប្រធាន​ផ្នែក​បច្ចេក​ទេសស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ហៅ​ការ​បង្រ្កាប​របស់​កម្លាំង​យោធា​ទៅ​លើ​ក្រុម​កម្មករ​ថា​ជាការ​រំលោភ​សិទ្ធិ​មនុស្ស។​

លោក​និយាយ​ថា៖​«​កន្លង​មក​យើង​អត់​ដែល​ឃើញ​មាន​ការ​ប្រើ​ប្រាស់​កង​កម្លាំង​យោធា​ទេ​ពី​ព្រោះ​កង​កម្លាំង​យោធា​ភាគ​ច្រើន​ខ្ញុំ​ឃើញ​គេ​ប្រើ​ប្រាស់​ដើម្បី​ការពារ​បូរណ​ភាព​ទឹក​ដី​ហើយ​ហ្នឹង​ជួយ​ប្រជា​ពលរដ្ឋ​នៅ​ពេល​ដែល​គ្រោះ​មហន្តរាយ​ដូច​ជា​ទឹក​ជំនន់​ឬក៏​ខ្យល់​ព្យុះ​ជាដើម»។​

ដោយ​ឡែក​ព្រះតេជគុណ​ ​ប៊ុត​ ប៊ុន​តិញ​ប្រធាន​បណ្តាញ​ព្រះ​សង្ឃ​ឯក​រាជ្យ​ដើម្បី​យុត្តិ​ធម៌​សង្គម​ដែល​តែង​តែ​ចូល​រួម​មហា​បាតុកម្ម​ជាមួយ​នឹង​គណបក្ស​សង្គ្រោះជាតិ​និង​បុគ្គលិក​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ចំនួន​បី​នាក់​ត្រូវ​បាន​ឃាត់​ខ្លួនដាច់​ដោយ​ឡែក​មួយ​ទៀត​ក្នុង​ខេត្ត​ព្រះ​វិហារ​ក្នុង​ខណៈ​ពេល​ដែល​អំពើ​ហិង្សា​បាន​កើត​មាន​ឡើង​ដ៏​រំជើប​រំជួល​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។​

ក្រុម​ព្រះ​សង្ឃ​រួម​ទាំង​កម្មករ​និង​អ្នក​រង​គ្រោះ​ដីធ្លី​មកពី​តំបន់​បឹងកក់​បាន​បិទ​ផ្លូវ​ជាតិ​លេខ​បួន​បណ្តាល​ឱ្យរថយន្ត​រាប់​រយ​គ្រឿង​បាន​កក​ស្ទះ​ដើម្បី​ទាម​ទារ​ឱ្យដោះ​លែង​ព្រះ​សង្ឃ​និង​កម្មករ​ដែល​កម្លាំង​មាន​សមត្ថកិច្ច​បាន​ចាប់​ខ្លួន៕