សកម្មជនការពារសិទ្ធិពលករស្នើឡើងថា ដើម្បីឱ្យពលករខ្មែររាប់ម៉ឺននាក់រស់នៅនិងធ្វើការដោយស្របច្បាប់នៅប្រទេសថៃ រដ្ឋាភិបាលកម្ពុជាត្រូវពិចារណាលើតម្លៃលិខិតឆ្លងដែនដែលមានតម្លៃខ្ពស់និងបង្កើនចំនួនបុគ្គលិកស្ថានទូតតិចតួចព្រោះពួកគេត្រូវធ្វើការងារដោះស្រាយបញ្ហាពលករដែលមានច្រើន។
Your browser doesn’t support HTML5
លោកមឿន តុលា ប្រធាន កម្មវិធីការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍បានបញ្ជាក់ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ថា៖
«អ្វី ដែលរដ្ឋាភិបាលគួរពិចារណាគឺរឿងតម្លៃប៉ាស្ព័រដែល ចេញឱ្យពលករយើងរហូតដល់៤៥០០បាតនេះ គឺជាតម្លៃមួយដែលថ្លៃហើយគាត់ត្រូវរង់ចាំយូរ។ ទីពីរការសុំឱ្យថៃពន្យាពេលចុះបញ្ជីពលករនេះវាជាការត្រឹមត្រូវក៏ប៉ុន្តែមិនទាន់អស់ទេរដ្ឋាភិបាលគួរតែ ពិចារណាទៅលើបុគ្គលិកនៃ ស្ថានទូត សេវាកម្មនៃ បុគ្គលិកស្ថានទូតសម្រួលយ៉ាងណាឱ្យពលករខ្មែរយើងអាចចុះ បញ្ជីបានដោយរលូននៅក្នុងប្រទេសគេ»។
ប្រទេសកម្ពុជានិងថៃបានចុះហត្ថលេខាកាលពីដើមខែកក្កដាដោយអនុញ្ញាតឱ្យពលករខ្មែរប្រហែល៥ម៉ឺននាក់ដែលមិនទាន់បានពន្យាពេលបណ្ណស្នាក់នៅបណ្តោះអាសន្នឱ្យបានបន្តស្នាក់នៅរហូតដល់ខែមិនា ឆ្នាំ២០១៦ ដើម្បីបំពេញបែបបទក្លាយជាពលករស្របច្បាប់។
ពលករដែលមិនមានឯកសារកំពុងធ្វើការនៅប្រទេសថៃជួបការលំបាកជាច្រើនដូចជាមិនទទួលបានប្រាក់ឈ្នួលតាមស្តង់ដាដូចអ្នកមានឯកសារត្រឹមត្រូវទេ។ ឧទាហរណ៍ក្នុងមួយថ្ងៃអ្នកស្របច្បាប់ទទួលកម្រៃបាន៣០០បាត ប៉ុន្តែពួកគេមិនទទួលបានគ្រប់គ្រាន់តាមចំនួននេះទេ។ អ្នកខ្លះទៀតមិនហ៊ានប្តឹងផ្តល់តវ៉ា ហើយក៏មិនហ៊ានតវ៉ានៅពេលដែលថៅកែបង្ខំឱ្យធ្វើការលើសម៉ោង។ នេះបើតាមការបញ្ជាក់របស់លោកមឿន តុលា។
លោកមឿន តុលាបានបន្ថែមថាដោយសារប្រទេសថៃ រងសម្ពាធពីរបាយការណ៍អន្តរជាតិច្រើនពាក់ព័ន្ធនឹងផលិតផលពីប្រទេសថៃដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំគឺធ្វើឱ្យទាហានថៃតែងតែ ចុះចាប់ពលករដែលខុសច្បាប់ជាប្រចាំ។
«អញ្ចឹងទៅពលករដែលធ្វើការដោយខុសច្បាប់គឺគាត់ភ្នែកនៅកញ្ចឹងករហូត។ ជួនកាលពេលកំពុងធ្វើការគឺគាត់រត់តែម្តង»។