រដ្ឋធានីកៀវរងការវាយប្រហារដោយដ្រូនរុស្ស៊ីនៅព្រលឹមថ្ងៃសុក្រនេះ

ទិដ្ឋភាព​នៃ​សំណង់​អគារ​លំនៅឋាន​មួយ​ដែល​រង​ការបំផ្លាញ​ដោយសារ​ការ​វាយប្រហារ​តាម​ដ្រូន​របស់​រុស្ស៊ី នៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

រដ្ឋធានី​កៀវ​ប្រទេស​អ៊ុយក្រែន​បាន​រង​ការ​វាយប្រហារ​ដោយ​ដ្រូន​របស់​រុស្ស៊ី​ពីមុខព្រួញជាច្រើន​នៅ​ព្រលឹម​ថ្ងៃ​សុក្រ​នេះ ដោយ​ធ្វើ​ឱ្យ​មនុស្សយ៉ាង​ហោច​ណាស់​ពីរ​នាក់​រងរបួស​ នៅ​ក្នុង​អ្វីជា​ការ​កត់​សម្គាល់​ថា​ជា​ការ​វាយប្រហារលើក​ទី ​៦ ​ដោយ​ដ្រូននៅ​ក្នុង​ខែ​ធ្នូ​នេះ ​មក​លើ​ទី​ក្រុង​កៀវ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់ក្រុមមន្ត្រី​អ៊ុយក្រែន។​

អភិបាល​ក្រុង​កៀវ​លោក​ Vitali Klitschko​ ​ និង​មន្ត្រី​អ៊ុយក្រែន​ផ្សេង​ទៀត បាន​រាយការណ៍ពី​ការ​វាយប្រហារដាច់ដោយឡែក​ពី​គ្នាលើ​ស្រុក​ដែល​មាន​លំនៅដ្ឋាន​ពលរដ្ឋ​រស់​នៅ។​

អភិបាល​ក្រុង​កៀវលោក​ Klitschko និយាយ​ថា​ ដ្រូន​មួយ​គ្រឿង​បាន​វាយប្រហារ​ចំអគារ​លំនៅដ្ឋាន​មួយ​កន្លែង​ក្នុង​ស្រុក ​Solomyanskyi​ ដោយ​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆាបឆេះ​នៅ​ទី​នោះ។

លោក​បន្ថែម​ថា​ អគារលំនៅ​ដ្ឋាន​ផ្នែក​ខាង​លើ​ត្រូវ​បាន​ឆេះ​ ហើយ​ក្រុម​អ្នក​ជួយ​សង្គ្រាះ​បន្ទាន់បាន​ទៅ​ដល់​ទី​នោះដើម្បី​ជួយ​សង្គ្រាះ។​

មាន​អគារ​លំនៅ​ដ្ឋាន​មួយ​ចំនួន​ទៀត​នៅ​ផ្នែក​ផ្សេងៗ​របស់​ទី​ក្រុង​ក៏​រងការ​ខូចខាត​ដោយ​ការ​វាយប្រហារ​ដ្រូនរបស់​រុស្ស៊ី​ផង​ដែរ។​

កាល​ពីថ្ងៃ​ព្រហស្បតិ៍​ ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy​ ​និយាយ​ថា មាន​សញ្ញា​បង្ហាញ​ថា​ សកម្មភាព​និង​គម្រោង​ផែន​ការផ្នែក​យោធា​របស់​រុស្ស៊ី​មាន​ការ​ថម​ថយ។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ផង​ដែរ​ ​រុស្ស៊ី​បាន​បាញ់​គ្រាប់​ផ្លោង​ត្រូវជិត​ទីតាំង​រ៉ែធ្យូង​ថ្ម​ពីរ​កន្លែង​ក្នុងទី​ប្រជុំជន Toretsk​ នៃ​តំបន់ Donetsk ដោយ​សម្លាប់​មនុស្ស​ ៣ នាក់​ និងជនស៊ីវិល​យ៉ាង​ហោច​ណាស់​ក៏​ ៥ នាក់​ដែរ​ បាន​រង​របួស។​ នេះបើតាមការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អ៊ុយក្រែន​លោក​ Ihor Klymenko៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ Agence France-Presse និង ​Reuters។