អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ និងមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយ បានលើកឡើងថា ការតែងតាំងលោក គី តិច មេធាវីការពារក្តីឲ្យរដ្ឋាភិបាលដែលតែងឈ្នះគ្រប់សំណុំរឿងជាមួយគណបក្សប្រឆាំងធ្វើជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលនោះគឺជាការផ្តល់រង្វាន់ ក្រោយពេលលោក គី តិច ឈ្នះក្តីលើការរំលាយគណបក្សសង្គ្រោះជាតិ។
ការលើកឡើងនេះកើតមានបន្ទាប់ពីព្រះរាជក្រឹត្យមួយដែលចុះហត្ថលេខាដោយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី៣ ខែមីនា បានសម្រេចតែងតាំងលោក គី តិច ជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ដែលមានឋានៈស្មើនឹង«រដ្ឋមន្រ្តី»។
លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយហើយដែលត្រូវព្យួរសិទ្ធិនយោបាយរយៈពេល៥ឆ្នាំ បានប្រាប់ VOA ថា ការតែងតាំងលោក គី តិច ឲ្យមានឋានៈស្មើនឹងរដ្ឋមន្រ្តីគឺជាការលើកទឹកចិត្តដ៏ធំពីរដ្ឋាភិបាល បន្ទាប់ពីលោក គី តិច ការពារក្តីរហូតដល់គណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។
លោកបញ្ជាក់ថា៖
«ជាការលើកទឹកចិត្តមួយដ៏ធំពីរដ្ឋាភិបាលហើយ ព្រោះគាត់ធ្វើការងារបានជោគជ័យធំធេងខ្លាំងណាស់។ គាត់រំលាយគណបក្សសង្គ្រោះជាតិមួយបានជោគជ័យហើយហ្នឹង! ដូច្នេះជាការតបស្នងរបស់នាយករដ្ឋមន្រ្តីតែងតាំងវិញ។ អាហ្នឹងជាការលើកទឹកចិត្តមួយហើយ។ និយាយជាទិដ្ឋភាពរួមទូទៅ ប្រជាពលរដ្ឋខ្មែរយល់ហើយ នៅក្នុងបរិបទសង្គមខ្មែរយើង។ អ្នកខ្លាំងគឺឈ្នះ»។
ចំណែកលោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ លើកឡើងថា ការតែងតាំងនេះជាកាដូជូនទៅមេធាវីដែលការពារក្តីឲ្យរដ្ឋាភិបាលឈ្នះជាច្រើនលើកក្នុងពេលកន្លងមក។ លោកបន្ថែមថា បើមើលតាមការការពារក្តីក្នុងនាមជាតំណាងរដ្ឋាភិបាល លោក គី តិចឈ្នះក្នុងសំណុំរឿងមួយចំនួនគឺមិនស្របតាមច្បាប់នោះទេ។
លោកមានប្រសាសន៍ថា៖
«ជារង្វាន់ជូនដល់គាត់ផងដែរ។ ប៉ុន្តែថា តើការងាររបស់គាត់ជាមេធាវីហ្នឹង តើទី១សមស្របហ្នឹងច្បាប់ទេ? ហើយវាពាក់ព័ន្ធនឹងរឿងនយោបាយទេ? ឬក៏មានសម្ពាធនយោបាយទេ? ក្នុងបរិបទនយោបាយនៅកម្ពុជាយើង»។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក គី តិច បានទេ រហូតដល់ល្ងាចថ្ងៃពុធនេះ។
ព្រះរាជក្រឹត្យដែលមានយោងសេចក្តីក្រាបទូលថ្វាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងនោះ បានបញ្ជាក់ក្នុងន័យដើមថា៖
«ត្រាស់បង្គាប់ តែងតាំងឯកឧត្តម គី តិច ជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន»។
ការតែងតាំងនេះធ្វើឡើងក្រោយបន្តិចនៃលោក គី តិច ចូលជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងបន្ទាប់ពីលោក គី តិច បានការពារក្តីឈ្នះក្នុងសំណុំរឿងរំលាយគណបក្សជំទាស់ ដែលជាគណបក្សមានប្រជាពលរដ្ឋគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេស។
ក្រៅពីឈ្នះក្តីរំលាយគណបក្សប្រឆាំង សំណុំរឿងជាច្រើនទៀតដែលលោក គី តិច បានការពារឲ្យរដ្ឋាភិបាល មិនថា សំណុំរឿងដែលរដ្ឋាភិបាលប្តឹងមន្រ្តីគណបក្សប្រឆាំង ឬមន្រ្តីគណបក្សប្រឆាំងប្តឹងរដ្ឋាភិបាលនោះទេ ជារឿយៗ លោក គី តិច តែងឈ្នះក្តីនៅគ្រប់សំណុំរឿង ដូចជា សំណុំរឿងកាលពីឆ្នាំ២០០៩ ដែលក្នុងសវនាការនោះលោក គី តិច ជាអ្នកការពារឲ្យរដ្ឋាភិបាលក្នុងរឿងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងអ្នកស្រី មូរ សុខហួរ ពីបទបរិហារកេរ្តិ៍ ដែលតុលាការបានសម្រេចឲ្យអ្នកស្រី មូរ សុខហួរ ចាញ់ក្តី និងសងសំណងទៅលោក ហ៊ុន សែន ចំនួន៤ពាន់ដុល្លារសហរដ្ឋអាមេរិក និងសំណុំរឿងលោក ហ៊ុន សែន ប្តឹងអ្នកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ហើយនឹងសំណុំរឿងប្តឹងលោក គឹម សុខ អ្នកវិភាគនយោបាយដែលតែងរិះគន់រដ្ឋាភិបាលមិនសំចៃមាត់។
ចំណែកសំណុំរឿងលោក គី តិច បានការពារក្តីឲ្យមេដឹកនាំរដ្ឋាភិបាលឈ្នះលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ កាលពីពេលថ្មីៗនេះ តុលាការបានកាត់ឲ្យអតីតមេគណបក្សប្រឆាំងរូបនេះសងសំណងទៅលោក ហ៊ុន សែន និងលោក ហេង សំរិន ជាង១លានដុល្លារ រហូតឈានដល់ការរឹបអូសស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លើកឡើងថា ការសម្រេចតែងតាំងលោក គី តិច ជាប្រធានក្រុមមេធាវីការពាររដ្ឋាភិបាលនេះ ធ្វើឡើងទៅតាមនីតិវិធីរដ្ឋបាលក្នុងការបំពេញភារកិច្ចការពាររដ្ឋាភិបាល។ លោកបន្ថែមថា ក្នុងប្រទេសនីតិរដ្ឋ ទាំងរដ្ឋាភិបាល និងជនស៊ីវិល តែងមានមេធាវីដើម្បីតតាំងក្នុងតុលាការ ដូច្នេះលោកថា ការរិះគន់ណាមួយពាក់ព័ន្ធនឹងការសម្រេចតែងតាំងលោក គី តិច ជាប្រធានក្រុមមេធាវីរដ្ឋាភិបាលនេះ គឺជាការលើកឡើងដែលមិនត្រឹមត្រូវ។
លោកបញ្ជាក់ថា៖
«អ្នកគណបក្សប្រឆាំងជាគណបក្សដែលមាននិន្នាការឧទ្ទាម ព្រោះមិនដែលឲ្យតម្លៃទៅលើនីតិរដ្ឋ ឬក៏ឲ្យតម្លៃតាមផ្លូវច្បាប់ និងយន្តការរបស់ផ្លូវច្បាប់នោះទេ។ ដូច្នេះការតតាំងតាមផ្លូវច្បាប់នៃនីតិរដ្ឋរបស់របបប្រជាធិបតេយ្យ គឺតុលាការនោះឯង គឺការវិនិច្ឆ័យក្តីនោះឯង ដែលមានអ្នកតំណាងមេធាវីរៀងៗខ្លួន»។
រហូតមកដល់ពេលនេះ សំណុំរឿងជាច្រើន ដែលពាក់ព័ន្ធនឹងបណ្តឹងរបស់រដ្ឋាភិបាល ប្តឹងមន្រ្តីគណបក្សប្រឆាំង កំពុងដំណើរការនៅតុលាការគ្រប់ជាន់ថ្នាក់ ដោយមានលោក គី តិច ជាមេធាវីតំណាងឲ្យរដ្ឋាភិបាលផងដែរ។ ភាគច្រើននៃសំណុំរឿងទាំងនោះ មិនមានការរំពឹងថា នឹងអាចឈ្នះរដ្ឋាភិបាលនោះទេ៕