រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្លួនមិនបារម្ភថាប្រទេសម៉ុងហ្គោលីអាចចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅសប្ដាហ៍ក្រោយទៅកាន់ប្រទេសដែលជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នេះទេ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Putin នឹងធ្វើដំណើរទៅកាន់ប្រទេសម៉ុងហ្គោលីនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ដែលនេះជាទស្សនកិច្ចលើកដំបូងបង្អស់របស់លោកទៅកាន់ប្រទេសដែលជាសមាជិករបស់តុលាការ ICC ចាប់តាំងពីពេលដែលតុលាការនេះដែលមានមូលដ្ឋាននៅទីក្រុងឡាអេបានចេញដីកាចាប់ខ្លួនលោកកាលពីខែមីនា ឆ្នាំ ២០២៣ មក ក្រោមបទចោទប្រកាន់ថាបានចាប់ពង្រត់កុមារអ៊ុយក្រែនដោយខុសច្បាប់។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បាននិយាយថា៖ «គ្មានការបារម្ភទេ។ យើងមានការពិភាក្សាយ៉ាងល្អជាមួយនឹងមិត្តភក្តិម៉ុងហ្គោលីរបស់យើង»។
នៅពេលសួរថាតើរដ្ឋាភិបាលរុស្ស៊ីបានពិភាក្សាអំពីដីកាចាប់ខ្លួនលោក Putin នេះជាមួយនឹងរដ្ឋាភិបាលម៉ុងហ្គោលីឬក៏អត់នៅមុនដំណើរទស្សនកិច្ចរបស់លោក Putin នេះ លោក Peskov បាននិយាយថា៖ «ទិដ្ឋភាពទាំងអស់នៃដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងដោយប្រយ័ត្នប្រយែង»។
ប្រទេសម៉ុងហ្គោលីបានក្លាយជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាក្រុងរ៉ូមរបស់តុលាការ ICC នៅក្នុងខែធ្នូឆ្នាំ ២០០០។ នៅក្រោមសន្ធិសញ្ញានេះ សមាជិកនីមួយៗរបស់តុលាការ ICC ត្រូវគេរំពឹងថានឹងអនុវត្តនូវដីកាចាប់ខ្លួននេះប្រសិនបើលោក Putin ធ្វើដំណើរចូលដល់ទឹកដីរបស់ខ្លួន៕