រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃពុធម្សិលមិញលើកឡើងថាខ្លួននឹងមិនរំពឹងនូវការស្តារឡើងវិញជាផ្លូវការណាមួយស្តីពីទំនាក់ទំនងរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកនៅក្នុងជំនួបកំពូលមួយរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Joe Biden នៅខែក្រោយនោះទេ។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី លោក Dmitry Peskov ថ្លែងថាមិនគួរ «រំពឹងទុកខ្លាំងពេក» ពីវឌ្ឍនភាពនៃជំនួបកំពូលនោះហើយថា ទោះជាយ៉ាងណាក្តីក៏កិច្ចប្រជុំនោះមានសារៈសំខាន់ជាខ្លាំង។
បើតាមការលើកឡើងរបស់វិមានក្រឹមឡាំងនិងសេតវិមានបានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Joe Biden នឹងជួបប្រជុំគ្នាក្នុងទីក្រុងហ្សឺណែវប្រទេសស្វីស នៅថ្ងៃទី១៦ខែមិថុនា ខាងមុខនេះស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងធ្លាក់ចុះខ្លាំងចាប់តាំងពីក្រោយសង្គ្រាមត្រជាក់មក៕