ពលរដ្ឋ​មកពី​ខេត្ត​ក្រចេះ​ដាក់​ញត្តិ​ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋាភិបាល

ការ​តវ៉ា​កន្លង​មក​​របស់​អ្នក​ភូមិ​មក​ពី​​ខេត្ត​ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង​ក្រចេះ។ (រូបថត​ឯកសារ)

«ប្រជា​ពលរដ្ឋ​យំ​ទាម​ទារ​ឲ្យ​ជួយ​ស្វែងរក​យុត្តិធម៌​ឲ្យ​កូនចៅ​ផង»។ ​នេះ​ជា​សម្រែក​អំពាវនាវរបស់ប្រជា​ពលរដ្ឋ​ដែល​ជា​ជន​រងគ្រោះ​ទំនាស់​ដីធ្លីមកពី​ខេត្ត​ក្រចេះ​ សុំ​ឲ្យ​រដ្ឋាភិ​បាល​ជួយ។​

ទំនាស់​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​ក្នុង​ខេត្ត​ក្រចេះ​កើត​មាន​ឡើង​នៅ​ចុង​ខែ​មេសា ​ខណៈ​ដែល​ភាគី​ក្រុមហ៊ុន​អភិវឌ្ឍន៍​វៀតណាម​ប៊ិន​ភឿក​២​ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​សរុប​ប្រហែល​ជិត​៧​ពាន់​ហិកតា​ពី​រដ្ឋភិបាល​កម្ពុជា​សម្រាប់​យក​ទៅ​ដាំ​កៅស៊ូ​ បាន​ចុះ​រុះ​រើស​ ​ដុត​បំផ្លាញ​ផ្ទះ​សម្បែង​ និង​ឈូស​កម្ទេចផល​ដំណាំ​របស់​អ្នកភូមិ​ដែល​មាន​សរុប​៤០៥គ្រួសារ​ រស់នៅ​លើ​ផ្ទៃដី​សរុប​២០២៥​ហិកតា​ក្នុង​តំបន់​ពាមប៉ោអូរបី​ ភូមិ​ស្រែ​ថ្មី​ ឃុំ​ឃ្សឹម​ ស្រុក​ស្នួល​ ខេត្ត​ក្រចេះ។ ​ផ្ទះ​មួយ​ចំនួនរបស់​ប្រជា​ពលរដ្ឋ​ទាំង​នេះ​ត្រូវ​បាន​ដុត​បំផ្លាញ។​

ក្រៅ​ពី​ការជួប​ជុំ​នៅ​មុខ​ព្រឹទ្ធសភា ​ប្រជាពលរដ្ឋ​ទាំង​នេះក៏​បាន​បំបែក​ជា​ក្រុម​តូចៗ​ដើម្បី​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ​ ទីស្តីការ​គណៈរដ្ឋមន្ត្រី ​និង​ក្រសួង​ដែនដីនគរូបនីយ​កម្ម​ជា​បន្ត​ទៀត។​ ក៏​ប៉ុន្តែពួ​ក​គេ​មិន​ទទួល​បាន​ការ​ស្វាគមន៍​ពី​កន្លែង​ទាំង​នោះ​ទេ។​

លិខិត​ដែល​ប្រជា​ពលរដ្ឋ​ដាក់​ជូន​តំណាង​ព្រឹទ្ធសភា​បាន​ចោទ​ប្រកាន់​ថា មន្ត្រី​អាជ្ញាធរ​ស្រុក​ស្នួល​បាន​ប្រើប្រាស់​ល្បិច​ក្នុងការដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជា​ពលរដ្ឋ​ក្នុងភូមិ​ជា​ថ្នូរ​នឹង​ការផ្តល់​កម្ម​សិទ្ធិ​ដី​ធ្លី។ ក៏​ប៉ុន្តែ​បន្ទាប់​មក​ក៏​ឃើញ​កង​កម្លាំង​របស់​ក្រុមហ៊ុន​ចាប់​បណ្តេញ​ប្រជា​ពលរដ្ឋ​ដោយ​សំអាង​ថា​ ប្រជា​ពលរដ្ឋ​រស់​នៅ​ដោយ​ខុស​ច្បាប់​លើ​ដី​សម្បទាន​របស់​គេ។​

លោក​ស្រ៊ុនស្រ៊ា​ អ្នកតវ៉ាម្នាក់​ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​ស្វែង​រក​យុត្តិធម៌​ដល់​អ្នក​ភូមិ​របស់​លោក។​

«ប្រជា​ពលករដ្ឋ​ខ្ញុំ​គ្មាន​កន្លែង​រស់​នៅ​ទេ។ ឲ្យ​ខ្ញុំ​ទៅ​រស់​នៅ​ឯណា​ ប្រជា​ពលករដ្ឋ​ខ្ញុំ​ក្រី​ក្រ​ណាស់​ ឲ្យ​ខ្ញុំ​ទៅ​នៅ​ឯណា»។​

អ្នក​ស្រី​ ស៊ឹម ​ណាវិន​ អាយុ​៤១​ឆ្នាំ ​ប្រជាពលរដ្ឋ​អ្នក​តវ៉ាម្នាក់​ទៀត​រៀបរាប់ថា៖​

«ផ្ទះ​សម្បែង​គេ​ដុត​ចោល​អស់​ហើយ​ គ្មានសល់​អ្វីទេ។ ពួក​ខ្ញុំទៅ​គេ​ដេញ​បាញ់​ខ្ញុំ។​ ​ខ្ញុំ​ឈឺ​ចាប់​ណាស់​បង​អើយ»។

នេះ​គឺជា​ការ​ឡើង​មក​តវ៉ា​ស្វែង​រក​អន្តរាគមន៍​ជា​លើក​ទី២​ហើយ​របស់​ប្រជា​ពលរដ្ឋ​នៃ​សហគមន៍​ក្រី​ក្រ​ក្នុង​ខេត្ត​ក្រចេះ​នេះ។​

លោក​ចាន់​ សូវ៉េត​ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ ថ្លែង​ថា​ លោក​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​ជាក់លាក់​មួយ​លើ​ករណី​បណ្តេញ​ប្រជា​ពលរដ្ឋ​ពី​លំនៅស្ថាន​នៅ​ក្នុង​ខេត្ត​ក្រចេះ​នេះ។​

«បើ​ការ​អង្កេត​ឲ្យ​បាន​ច្បាស់លាស់​ តើ​ពលរដ្ឋ​ទាំងអស់​ហ្នឹង​មាន​ដី​ មាន​ធ្លី​នៅ​តំបន់​ហ្នឹង​មែន​ទៀត។ ​តើ​ការ​ផ្តល់​ដី​សម្បទាន​ហ្នឹង​មាន​ប៉ះពាល់​អ្វី​ខ្លះ ត្រូវតែ​មាន​ការ​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់។​ យើង​មិន​ចាត់ទុក​ថា ​ពលរដ្ឋ​យើង​ខុស​ច្បាប់​ទេ​ ហើយ​យើង​ក៏​មិន​ជឿង​ថា ​ក្រុម​ហ៊ុន​ស្រប​ច្បាប់​ដែរ»។​

លោក​អ៊ំ ​សំអាត​ ប្រធាន​ផ្នែក​បច្ចេក​ទេស​ស៊ើប​អង្កេត​របស់​អង្គការលីកាដូ​ បន្ថែម​ដូច្នេះ​ថា៖​

«បើ​សិន​ជា​ពួក​គាត់​រស់​នៅ​ស្រប​ច្បាប់​ គួរ​ប្រគល់ដី​ជូន​ដល់​ពួក​គាត់​វិញ។ ​ប្រ​សិន​បើ​គាត់​មិនមាន​ដី​ មិន​មាន​ធ្លី​សម្រាប់​ធ្វើ​ស្រែ​ធ្វើ​ចម្ការ​ គួរ​ពិនិត្យ​លទ្ធភាព​លើ​ដី​សម្បទាន​សង្គម​កិច្ច»។​

លោក​ ខាន់ ​ចំណាន​ អភិបាល​រង​ខេត្ត​ក្រចេះ​ ថ្លែង​ថា ​រូប​លោក​ធ្លាប់​បាន​ដឹកនាំ​មន្ត្រី​ថ្នាក់​អាជ្ញាធរ​ខេត្ត​ចុះ​អប់រំ​ប្រជា​ពលរដ្ឋ​ដែល​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​នេះ​ជា​ច្រើន​លើក​ថា​ ការ​កាប់​ឆ្ការ​ព្រៃ​ដើម្បី​តាំង​លំនៅ​ស្ថាន​របស់​ប្រជា​ពលរដ្ឋ​កន្លង​មក​ជា​ទង្វើ​ខុស​ច្បាប់​លើដី​ព្រៃ​រក្សា​ទុក​របស់​រដ្ឋ​ចំនួន​៤៦១១​ហិកតា។​

លោក​អភិបាល​រង​ខេត្ត​រូប​នេះ​បន្ថែម​ថា ការ​ផ្តល់​ដីសម្បទាន​កន្លង​មក​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ប៊ិន​ភឿក​២​នេះ​ អាជ្ញាធរ​បាន​សិក្សា​ស្រាវជ្រាវ​និង​ដោះ​ស្រាយ​រួច​រាល់ ​ហើយបាន​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​ជាង​២៥០​ហិកតា​រួមមក​ហើយ​ដែរ​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ដែរ។

«ប្រសិន​បើគាត់​ទៅ​ចង្អុល​ ឬ​ទៅ​ទន្ទាន​ស្រេច​តែចិត្ត​របស់គាត់​ វា​រំលោភ​លើ​ដីព្រៃ​របស់​រដ្ឋ​ដែល​ច្បាប់​ការពារ»។​

អ្នកស្រី​គឹម ​ណារិន​ អ្នក​សម្រប​សម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ក្រចេះ​ ​ថ្លែង​ថា​ រដ្ឋាភិបាល​គួរ​តែ​ស្វែងរកដំណោះ​ស្រាយ​ណាមួយ​ដែល​ធានា​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ។

«រដ្ឋាភិបាល​គួរ​មាន​ចំណាត់​ការណា​មួយ​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ជម្រកស្នាក់​នៅ​សមរម្យ​ គិត​ផល​ប្រយោជន៍​របស់​រាស្រ្ត​មុន​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន»។​

គួរ​រំឭក​ដែរ​ថា​ កាល​ពី​សប្តាហ៍​មុន​នេះ​ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុកបាន​ចេញ​របាយ​ការណ៍​ស្តី​អំពី​ស្ថានភាព​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា​ឆ្នាំ​២០១៣​ ដោយ​លើក​ឡើង​ថា ​ជម្លោះ​ដីធ្លីបានឡើង​កំដៅ​ឡើង​វិញ។​ ក្នុង​នោះ​ចាប់តាំង​ពី​ឆ្នាំ​ ២០០០​រហូត​ដល់​ឆ្នាំ​២០១៣​ ជម្លោះ​ដី​ធ្លីបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ ៧​សែន​៧​ម៉ឺននាក់៕