ក្រុមជនរងគ្រោះនៃរបបខ្មែរក្រហម ថា ការផ្តល់ជំនួយសម្រាប់រក្សាទុកសម្លៀកបំពាក់ ឬរបស់របរប្រើប្រាស់ផ្សេងៗទៀតរបស់ជនរងគ្រោះក្នុងមន្ទីរឃុំឃាំងទួលស្លែង ឬហៅកាត់ថា មន្ទីរស-២១ មានសារសំខាន់ក្នុងការរំឭក និងចងចាំអំពីរបបខ្មែរក្រហម និងការសិក្សាស្រាវជ្រាវពីយុគសម័យដ៏ខ្មៅងងឹតនេះ។
លោកជុំ ម៉ី វ័យ៨៨ ឆ្នាំ ជនរងគ្រោះមួយរូបដែលបានរស់រានមានជីវិតពីអតីតមន្ទីរស-២១ របស់របបខ្មែរក្រហម បានមានប្រសាសន៍ថា៖
«អានេះវា បើតាមគំនិតខ្ញុំក្មួយ វាសំខាន់ណាស់អាហ្នឹង សំខាន់យ៉ាងម៉េច សំខាន់សម្រាប់ក្មេងជំនាន់ក្រោយ ឲ្យគាត់បានដឹងការណ៍ពិត បើយើងមិនថែរក្សាសម្ភារៈហ្នឹងទេ សម្ភារៈហ្នឹងវាអាលាយបាត់បង់អស់ អីចឹងក្មេងៗជំនាន់ក្រោយគាត់អត់បានដឹង រឿងអីទេ»។
អតីតជនរងគ្រោះដែលបានរួចផុតពីការស្លាប់នៅក្នុងអតីតមន្ទីរឃុំឃាំងទួលស្លែងរូបនេះ មានវត្តមាននៅក្នុងពិធីនៃការចុះកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងកម្ពុជាស្តីពី «ការអភិរក្ស និងរៀបចំឯកសារកាតាឡុក នៃសម្លៀកបំពាក់ជនរងគ្រោះនៅមន្ទីរឃុំឃាំងស-២១»ដែលធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ ការចុះកិច្ចព្រមព្រៀងនេះ នឹងបើកផ្លូវឲ្យមានការអភិរក្សវត្ថុជាតិពន្ធុ នាសតវត្សរ៍ទី២០ នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងដំណាក់កាលទី២។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានមានប្រសាសន៍នៅមុនពិធីចុះកិច្ចព្រមព្រៀងដែលមានការចូលរួមពីលោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា ការរក្សាទុកសម្លៀកបំពាក់របស់ជនរងគ្រោះក្នុងសម័យខ្មែរក្រហម នឹងរួមចំណែកដល់ការទប់ស្កាត់ការវិលមកវិញនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
«ទាំងអស់នេះគឺជាវត្ថុវិសេស។ វត្ថុទាំងនេះ ក៏អាចត្រូវបានបញ្ជាក់ឲ្យដឹងពីភស្តុតាងដែលគេអាចមើលឃើញនឹងភ្នែកថា មានអ្វីដែលធ្លាប់បានកើតឡើង។ វត្ថុទាំងអស់នេះ អាចអប់រំយើងទាំងអស់គ្នាក្នុងពេលនេះ និងទៅអនាគត។ អ្នកជំនាន់ក្រោយនឹងពិតជាត្រូវការការអប់រំអំពីរឿងនេះ ដើម្បីដឹងឲ្យប្រាកដអំពីអ្វីដែលធ្លាប់បានកើតឡើង ហើយនឹងថាតើយើងត្រូវធ្វើយ៉ាងដូចម្តេចដើម្បីធានាថារឿងរ៉ាវនេះនឹងមិនកើតឡើងម្តងទៀត»។
សំណល់ក្រណាត់ជាច្រើន រួមមានសម្លៀកបំពាក់ចាស់ៗ គឺខោអាវ និងមួកជាដើមនោះ ត្រូវបានយកមកដាក់បង្ហាញក្នុងពិធីចុះកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងរៀបចំឯកសារកាតាឡុក នៃសម្លៀកបំពាក់ជនរងគ្រោះនៅមន្ទីរឃុំឃាំងស-២១ ដែលបានធ្វើឡើងនៅជាន់ទីបីនៃអគារមួយរបស់សារមន្ទីរទួលស្លែង។ លោកស្រីភឿង សកុណា និងលោកW. Patrick Murphy បានចំណាយពេលប្រមាណជាជាង២០នាទី ដើរពិនិត្យក្រណាត់ទាំងនោះ និងស្តាប់ការពន្យល់ពីអ្នកជំនាញអំពីការប្រើប្រាស់វត្ថុធាតុដើមផ្សេងទៀត ដើម្បីការពារក្រណាត់ទាំងនោះពីការពុកផុយ។
លោកស្រីភឿង សកុណា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អ្នកស្រីរំពឹងថា សហរដ្ឋអាមេរិក
នឹងបន្តផ្តល់ជំនួយសម្រាប់ដំណាក់កាលទីបី ដែលជំនួយនោះនឹងអាចពង្រីកសមត្ថភាពនៃការរក្សារបស់របររបស់ជនគ្រោះក្នុងគុកទួលស្លែងឲ្យបានស្ថិតនៅយូរអង្វែង។
លោកស្រីបានមានប្រសាសន៍ថា ការរក្សាទុកឲ្យបានយូរអង្វែងនៃសំណល់ក្រណាត់នេះ នឹងបើកផ្លូវឲ្យពលរដ្ឋទូទៅបានស្វែងយល់ពីទុក្ខវេទនា និងរឿងរ៉ាវដែលបានកើតឡើងនៅក្នុងសម័យខ្មែរក្រហម។
«បើតាមរយៈខោអាវយើងបានឃើញនូវភាពលំបាកវេទនា ភាពខ្វះខាត ជួនកាលខោមួយប៉ះរាប់រយប្រណះ ហ្នឹងហើយ រហែករញ៉េរញ៉ៃ យើងបានឃើញហើយ តាមរយៈខោអាវ យើងឃើញភាពក្រលំបាក របស់ប្រជាជនយើងនៅក្នុងសម័យនេះហើយ។ ហើយក្រៅពីហ្នឹង វាមានប្រវត្តិ ដូចជាមានមួកខ្លះ មានឈ្មោះ នឹងក៏ជាការចាំបាច់ដែរ បង្ហាញនូវបុគ្គលម្នាក់ៗផង បង្ហាញនូវប្រវត្តិរបស់ប្រទេសយើងផង ភាពឈឺចាប់នៅក្នុងកន្លែងទួលស្លែងហ្នឹងផង អីចឹងបានជាខ្ញុំយល់ថា សារៈសំខាន់នេះ មិនសម្រាប់តែចំពោះខ្មែរទេ សម្រាប់មនុស្សជាតិតែហ្មង»។
នៅក្រោមដំណាក់កាលទី២នៃការអភិរក្ស និងរៀបចំឯកសារកាតាឡុកនៃសំណល់ក្រណាត់សល់នៅក្នុងមន្ទីរឃុំឃាំងស-២១នេះ សហរដ្ឋអាមេរិក បានផ្តល់ថវិកាចំនួន៧៥០០០ ដុល្លារអាមេរិក។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា ថវិកាដែលផ្តល់ជូនគម្រោងការអភិរក្សនេះ បានកើនដល់ជាង១៣ម៉ឺនដុល្លារអាមេរិក គិតត្រឹមការអនុវត្តន៍គម្រោងដំណាក់កាលទីពីរនេះ។
មន្ត្រីផ្នែកព័ត៌មាននៅស្ថានទូតសហរដ្ឋអាមេរិកបានបញ្ជាក់ថា ការផ្តល់មូលនិធិ បន្ថែមដល់គម្រោងរក្សាក្រណាត់ចាស់ៗ ឬសម្លៀកបំពាក់ចាស់ៗនៅក្នុងអតីតគុកទួលស្លែង នឹងធ្វើឡើងទៅតាមការដាក់សំណើពីភាគីសារមន្ទីរទួលស្លែង។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជាលោក ឆាំង យុ ដែលជាជ័យលាភីពានរង្វាន់ Ramon Magsasay Award ដ៏ល្បីល្បាញរបស់ប្រទេសហ្វ៊ីលីពីន បានចាត់ថាទុកការគាំទ្ររបស់សហរដ្ឋអាមេរិកដែលបានផ្តល់ប្រាក់ជំនួយសម្រាប់រក្សាទុកសម្លៀកបំពាក់ និងវត្ថុផ្សេងៗទៀត ដែលស្ថិតនៅក្នុងមន្ទីរឃុំឃាំងស-២១ នេះជា «ទង្វើដ៏ប្រពៃ»មួយ។
លោកបានបញ្ជាក់តាមសារអេឡិចត្រូនិកអ៊ីម៉េលក្នុងន័យដើមថា៖ «ការរក្សាទុក និងការយល់ដឹងពីប្រវត្តិខ្មែរក្រហម អាចបង្កើតបានមូលដ្ឋាននៃក្តីសង្ឃឹម សេចក្តីប្រាថ្នា ភាពជាបងប្អូន ហើយវាអាចត្រូវបានគេយកមកប្រើប្រាស់ជាឧបករណ៍អប់រំ ដើម្បីពន្យល់ពីកំហុសឆ្គង ភាពខ្វះខាត និងអំពើអាក្រក់ក្នុងសង្គម»។
អតីតជនរងគ្រោះ និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរូបនេះ បានបន្ថែមថា៖ «ប្រាក់ជំនួយនេះ មានទំហំតូច ប៉ុន្តែជំហានតូចៗនេះ គឺពេលខ្លះមានឥទ្ធិពលច្រើនជាង ការលោតផ្លោះ»។
លោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានប្រាប់ក្រុមអ្នកកាសែត ថា ការរក្សាទុករបស់របរដែលជនគ្រោះក្នុងសម័យខ្មែរក្រហមធ្លាប់បានប្រើប្រាស់នឹងក្លាយជាទុនសំខាន់មួយសម្រាប់អ្នកសិក្សាស្រាវជ្រាវ ដែលមានបំណងស្វែងយល់ពីប្រវត្តិកម្ពុជាប្រជាធិបតេយ្យ។
«រឿងដែលធំមែនទែន គឺសម្រាប់ការសិក្សាស្រាវជ្រាវ អាហ្នឹងcontext [បរិការណ៍]មួយធំមែនទែន ពីព្រោះយើងមិនអាចដាក់តាំងខោរអាវទាំងអស់ហ្នឹងបានទេ។ យើងអត់អាចដាក់តាំងបានទេ ពីព្រោះយើងបារម្ភ រឿងសុវត្ថិភាព រឿងៗមិនមែនរឿងសុវត្ថិភាពគេលួចទេ គឺរឿងទាក់ទងនឹងការខូចខាត ពីសំណើម ពីអាកាសធាតុ ព្រោះស្រុកយើងក្តៅហើយសើម អីចឹងទៅវាងាយស្រួលពុកផុយមែនទែន»។
បើយោងតាមឯកសារទទួលបានពីមជ្ឈមណ្ឌលឯកសារកម្ពុជាឲ្យដឹងថា មនុស្សចំនួន១៧៩៦១នាក់ត្រូវបានគេចាប់ខ្លួនទៅឃុំក្នុងមន្ទីរស-២១។ ជនបរទេសជាច្រើននាក់ក៏ត្រូវបានយកមកឃុំខ្លួន និងសម្លាប់ចោលនៅក្នុងមន្ទីរស-២១នេះ ដែលក្នុងនោះមានជនជាតិអារ៉ាប់ អូស្ត្រាលី អង់គ្លេស បារំាង ឥណ្ឌា ឡាវ ណូវែលសេឡង់ ថៃ វៀតណាម និងជនជាតិអាមេរិកាំង។
ឯកសារដដែលនោះ ឲ្យដឹងទៀតថា ជនជាតិវៀតណាមចំនួន៧២៨នាក់ ដែលក្នុងចំនួននោះ មាន២៥៤នាក់ត្រូវបានចោទថា ជាអ្នកស៊ើបការណ៍ និងផ្សេងទៀតត្រូវបានគេពណ៌នាថា ជាទាហាន និងជនស៊ីវិល។
ក្រៅពីជនជាតិវៀតណាម មានអ្នកទោសពលរដ្ឋអាមេរិកាំងបួននាក់ ក្នុងនោះមានពីរនាក់គឺលោក Christopher DeLance និងលោក Harard Bernard បានស្លាប់នៅក្នុងមន្ទីរស-២១។ រូបថតរបស់លោកទាំងពីរបានបន្សល់ទុកមកដល់បច្ចុប្បន្ននេះ។ ឯកសារដែល VOA បានទទួលនោះមិនបានផ្តល់ការពន្យល់លម្អិត ពាក់ព័ន្ធនឹងការស្លាប់របស់ពលរដ្ឋអាមេរិកាំងនេះទេ។
ប៉ុន្តែបើតាមគេហទំព័ររបស់សារមន្ទីរទួលស្លែង បុរស ស្ត្រី កុមារ និងជនបរទេសជាង១៥.០០០នាក់ ត្រូវបានគេឃុំក្នុងគុកទួលស្លែង ដែលជាមន្ទីរសន្តិសុខដ៏បំផុតរបស់របបកម្ពុជាប្រជាធិបតេយ្យ ក្រោមការគ្រប់គ្រងដោយផ្ទាល់ពីមេដឹកនាំជាន់ខ្ពស់របស់បក្សកុម្មុយនីស្តកម្ពុជា។
លោក ជុំ ម៉ី ជាអ្នកដែលស្ថិតក្នុងចំណោមអ្នកទោសរបស់មន្ទីរ ស-២១។ ក្នុងវ័យជរា ហើយបានបន្តជីវិតរស់នៅដោយការលក់សៀវភៅរបស់លោកក្នុងសារមន្ទីរទួលស្លែង លោកជុំ ម៉ី មានប្រសាសន៍ថាលោកមិនចង់ឃើញការបាត់បង់ស្លាកស្នាមនៃរឿងរ៉ាវដែលបានកើតឡើងក្នុងមន្ទីរសន្តិសុខរបស់ក្រុមមេបក្សកុម្មុយនីស្តកម្ពុជានោះទេ។
លោកក៏បានស្នើឲ្យសហរដ្ឋអាមេរិកបន្តផ្តល់ជំនួយដើម្បីរក្សាទុកតឹកតាងប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់រូបលោកដែលជាជនរងគ្រោះ និងមនុស្សជំនាន់ក្រោយ។
«យើងចង់ឲ្យគាត់បន្តថែមទៀតក្មួយ ព្រោះនៅហ្នឹង យើងត្រូវរៀបចំទុកដាក់ថែរក្សា រឿងរ៉ាវហ្នឹង កុំឲ្យវាបាត់បង់»។
តុលក់សៀវភៅរបស់លោកជុំ ម៉ី ស្ថិតនៅចំមុខនឹងកន្លែងដែលភ្ញៀវទេចរឆ្លងកាត់ចូលមើលវត្ថុនានា រួមមានឧបករណ៍ធ្វើទារុណកម្មអ្នកទោសនៅក្នុងអតីតគុកទួលស្លែង ដែលកាលពីមុនសម័យខ្មែរក្រហមគឺជាវិទ្យាល័យទួលស្វាយព្រៃ។ អ្នកទេសចរបរទេសមួយចំនួន បានសុំថតរូបជាមួយលោកជុំ ម៉ី បន្ទាប់ពីពួកគេបានដើរមើល ផ្ទាំងរូបថតរបស់អ្នកទោស និងសំណល់នៃសម្លៀកបំពាក់ ក៏ដូចជារបស់របរផ្សេងទៀតដែលគេបានផ្ដល់ឲ្យដល់ជនរងគ្រោះក្នុងសម័យខ្មែរក្រហម។
ស្ថានទូតសហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យដឹងតាមសេចក្តីប្រកាសព័ត៌មានមួយថា គម្រោងនៃការរក្សាទុកសម្លៀកបំពាក់របស់ជនរងគ្រោះរបបខ្មែរក្រហម ត្រូវបានជ្រោមជ្រែងដោយពលរដ្ឋអាមេរិកាំងម្នាក់គឺអ្នកស្រី Julia Brennan ដែលជាអ្នកអភិរក្សក្រណាត់ដែល មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីន តោន ។ អ្នកស្រីបានបង្រៀនបុគ្គលិកសារមន្ទីរឲ្យដំណើរការគម្រោងនេះដោយខ្លួនឯងក្នុងរយៈពេលយូរអង្វែងទៅមុខទៀត។
ការអភិរក្សក្រណាត់នេះ រួមមានការរក្សាទុក សិក្ខាសាលាបណ្ដុះបណ្ដាល ការដាក់ចំណាត់ថ្នាក់ក្រណាត់ ការថែទាំ ការចុះបញ្ជី និងការជ្រើសរើសរបស់របរសម្រាប់ការដាក់បង្ហាញមានរយៈពេលយូរនៃវាយនភណ្ឌ ឬសម្លៀកបំពាក់ចំនួនជាង៥.០០០ របស់ជនរងគ្រោះសម័យខ្មែរក្រហមដែលនៅសេសសល់៕
សេចក្តីកែតម្រូវ៖ លោក Harard Bernard គឺជាពលរដ្ឋបារាំងដែលបានស្លាប់ក្នុងមន្ទីរឃុំឃាំងស-២១។ ក្នុងចំណោមពលរដ្ឋអាមេរិកាំងបួននាក់ដែលបានស្លាប់ក្នុងមន្ទីរឃុំឃាំងស-២១ គឺមានតែលោក Christopher DeLance ទេ ដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញរូបថតរបស់លោក។ ពលរដ្ឋអាមេរិកាំងបីនាក់ផ្សេងទៀត ដែលបានស្លាប់ក្នុងមន្ទីរស-២១ មានឈ្មោះ James William Clark Michael Scott Deeds និង Lance McNamara។ រូបថតរបស់លោក Harard Bernard ក៏ជារូបថតតែមួយគត់ ដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញ និងរក្សាទុកមកដល់សព្វថ្ងៃនេះ។ យោងតាមតួលេខថ្មីចុងក្រោយ របស់ការិយាល័យសហព្រះអាជ្ញាសាលាក្តីខ្មែក្រហម ដែលផ្តល់ជូនមជ្ឈមណ្ឌលឯកសារកម្ពុជា មានអ្នកទោសសរុបចំនួន ១៨០៦៣នាក់ដែលស្ថិតក្នុងមន្ទីរឃុំឃាំងស-២១។ ក្នុងចំណោមនោះមាន៥៦០៩នាក់គឺជាសមាជិកនៃកងទ័ពបដិវត្តន៍កម្ពុជា និង ៤៣៧១ នាក់គឺជាកម្មាភិបាលនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ឯអ្នកដទៃទៀតគឺជាអតីតទាហាននៃ របបសាធារណរដ្ឋរបស់លោកលន់ នល់ និង ជនបរទេស ក្នុងនោះមានពលរដ្ឋវៀតណាម និង ពលរដ្ឋកម្ពុជាដែលវិលត្រឡប់មកពីបរទេស និងពលរដ្ឋខ្មែរដែលគេចាត់ទុកថាជាប្រជាជនថ្មី។