សាលាក្តីខ្មែរក្រហម នៅថ្ងៃសុក្រនេះ បានធ្វើការបង្ហាញពីការវិវត្តនៃនីតិវិធីរបស់ខ្លួន និងសំណងក្នុងសំណុំរឿង០០២/០២។ តែក្រុមជនរងគ្រោះ និងដើមបណ្ដឹងរដ្ឋប្បវេណីមិនសូវយល់ពីការវិវត្តនេះទេ ហើយបានស្នើឲ្យតុលាការដាក់ទោសធ្ងន់ធ្ងរលើជនជាប់ចោទ ហើយទាមទារសំណងជំងឺចិត្តពីការដឹកនាំដ៏មហន្តរាយនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។
ពលរដ្ឋខ្មែរដែលជាជនរងគ្រោះពីរបបវាលពិឃាដខ្មែរក្រហមបានបន្តសុំឲ្យមានការដាក់ទោសធ្ងន់ធ្ងរទៅលើជនជាប់ចោទ ដែលនៅរស់រានមានជីវិតដើម្បីតបស្នងនឹងការឈឺចាប់ដែលពួកគេបានទទួលរងក្នុងសម័យខ្មៅងងឹតនោះ។
ជាមួយគ្នានេះដែរ ពលរដ្ឋខ្មែរដែលជាដើមបណ្ដឹងរដ្ឋប្បវេណីបានសម្ដែងភាពស្រពិចស្រពិលចំពោះការទាមទារសំណងជំងឺចិត្តរបស់ខ្លួន ដោយសារខ្វះការយល់ដឹងអំពីនីតិវិធីនៃការទាមទារសំណងពីជនជាប់ចោទ ដែលជាអតីតមេដឹកនាំទទួលខុសត្រូវខ្ពស់បំផុតក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ឬហៅម៉្យាងទៀតថា របបប៉ុល ពត។
ក្រុមជនរងគ្រោះ និងដើមបណ្ដឹងរដ្ឋប្បវេណី នាថ្ងៃសុក្រនេះ បានមកជួបជុំគ្នានៅក្នុងវេទិកាស្ដីពីការវិវត្តនៃនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាហៅកាត់ថា អ.វ.ត.ក. ឬសាលាក្តីខ្មែរក្រហម និងអំពីសំណងក្នុងសំណុំរឿង០០២/២។ វេទិកានេះរៀបចំឡើងនៅក្នុងភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញ។
អ្នកស្រីសែម ហឿន វ័យ៥៣ឆ្នាំមកពីខេត្តកំពង់ស្ពឺ។ អ្នកស្រីនៅក្នុងកងកុមារដែលរែកដី និងជីរផលិតចេញពីឆ្អឹងសាកសព នាសម័យខ្មែរក្រហម។ អ្នកស្រីបានប្រាប់ VOA ក្នុងម៉ោងសម្រាកនៃវេទិកានោះថា អ្នកស្រីពុំមានការខឹងសម្បារ ឬគុំកួនអ្នកដែលសាលាក្តីកំពុងធ្វើការកាត់សេចក្តីនោះទេ។
យ៉ាងណាក៏ដោយ អ្នកស្រីនិយាយថា ការឈឺចាប់ដែលអ្នកស្រីបានទទួលពីសម័យកាលនោះ នៅមិនទាន់ធ្វើឲ្យអ្នកស្រីភ្លេចនៅឡើយ ហើយថា តុលាការត្រូវដាក់ទោសអ្នកប្រព្រឹត្តអំពើឧក្រិដ្ឋកម្មនោះឲ្យជាប់ក្នុងពន្ធនាគារមួយជីវិត។ អ្នកស្រីបានផ្តាំផ្ញើរដល់មេដឹកនាំកម្ពុជាបច្ចុប្បន្ននេះថា កុំយកត្រាប់តាមរបៀបដឹកនាំ បែបឃោរឃៅក្នុងសម័យកាលខោអាវខ្មៅនេះតទៅទៀត។
«ចា៎ ចង់ផ្តាំថា កុំឲ្យធ្វើអីអីចឹងទៀតណ៎ា ដូចថា ធ្វើបាបខ្មែរគ្នាឯង ដូចជាឃោរឃៅ អាក្រក់ជាងសត្វឆ្កែទៅទៀតហ្នឹង»។
ក្នុងនាមជាជនរងគ្រោះ និងជាដើមបណ្ដឹងរដ្ឋប្បវេណី អ្នកស្រីសែម ហឿនបាននិយាយថា អ្នកស្រីមិនទាន់ដឹង ថាតើត្រូវទាមទារសំណងយ៉ាងណានៅឡើយទេ ដោយអ្នកស្រីបានត្រឹមតែបញ្ជាក់ពីការចង់បានការសងជំងឺចិត្តជាលុយកាក់ ឬការផ្តល់សំណងជាសមូហភាពបែបមនុស្សធម៌ណាមួយ ដូចជាការធ្វើស្តូបរំឭកដល់អ្នកដែលបានស្លាប់ ឬក៏ជីកអណ្តូងទឹកសម្រាប់ប្រើប្រាស់។
អ្នកស្រីបានឲ្យដឹងបន្ថែមថា ឪពុកអ្នកស្រីជាអតីតទាហានលន់ នល់ និងបងប្អូនបួននាក់ផ្សេងទៀតបានស្លាប់នៅក្នុងរបបដែលអ្នកស្រីពណ៌នាថា ជារបបមានតែការគំរាមកំហែង និងការកាប់សម្លាប់ប៉ុណ្ណោះ។
របបកុម្មុយនិស្តជ្រុលនិយមខ្មែរក្រហម ដែលដឹកនាំប្រទេសកម្ពុជាពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ បានធ្វើឲ្យមនុស្សប្រមាណ១,៧លាននាក់បាត់បង់ជីវិត ដោយការសម្លាប់ កង្វះម្ហូបអាហារ និងការធ្វើការហួសកម្លាំង រួមជាមួយការធ្វើទារុណកម្មផ្សេងទៀត។
ជនជាប់ចោទចំនួនប្រាំរូប ដែលត្រូវបានគេស្គាល់ថា ជាមេដឹកនាំកំពូល និងជាអ្នកមានការទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបនេះ រួមមានខៀវ សំផន អតីតប្រមុខរដ្ឋ នួន ជា អតីតប្រធានសភាប្រជាជនបដិវត្តន៍កម្ពុជា អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស និងអៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីសង្គមកិច្ច រួមទាំងកាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខមជ្ឈឹមស-២១។ ពួកគេត្រូវបាននាំមកកាន់សាលាវិនិច្ឆ័យក្ដីដើម្បីប្រឈមមុខនឹងការណ៍ពិតប្រវត្តិសាស្ត្រ និងដំណើរការយុត្តិធម៌។
មកទល់នឹងពេលនេះ ឌុច ដែលជាជនជាប់ចោទក្នុងសំណុំរឿង០០១ កំពុងទទួលទោសជាប់ពន្ធនាគារអស់មួយជីវិត។ អៀង ធីរិទ្ធត្រូវដកចេញពីដំណើរការកាត់ទោសដោយមូលហេតុសុខភាពផ្លូវប្រាជ្ញា ស្មារតីមិនអំណោយផល ហើយគាត់បានស្លាប់កាលពីឆ្នាំ២០១៥ គឺពីរឆ្នាំក្រោយពីមរណភាពរបស់អៀង សារី ដែលជាស្វាមីរបស់គាត់។
រីឯនួន ជា និងខៀវ សំផនត្រូវបានកាត់ទោសក្នុងសំណុំរឿង០០២/០១ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងកំពុងរង់ចាំការសម្រេចអំពីបណ្ដឹងសារទុក្ខនៅអង្គតុលាការកំពូលរបស់អ.វ.ត.ក.។ អ្នកទាំងពីរក៏កំពុងតស៊ូរឿងក្ដីក្នុងសំណុំរឿង០០២/០២ ដែលនឹងឈានទៅរកការសន្និដ្ឋានបញ្ចប់សេចក្ដីផងដែរនាពេលខាងមុខ។
លោកក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអ.វ.ត.ក. ដែលបានចូលរួមវេទិកាស្តីពីការវិវត្តនៃនីតិវិធីរបស់សាលាក្តីខ្មែរក្រហម និងសំណងក្នុងសំណុំរឿង០០២/២ ថ្លែងថា ក្នុងគម្រោងសំណងក្នុងសំណុំរឿង០០២ដំណាក់កាលទី២នេះ អង្គភាពជនរងគ្រោះសហការជាមួយនឹងដៃគូដែលពាក់ព័ន្ធ មានដូចជា សហមេធាវីនាំមុខ និងដើមបណ្ដឹងរដ្ឋប្បវេណី បានកំណត់ និងលើកឡើងនូវគម្រោងចំនួន១៧ សម្រាប់ផ្តល់ជាផលប្រយោជន៍ដល់ជនរងគ្រោះ ជាពិសេស ដើមបណ្ដឹងរដ្ឋប្បវេណី។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតអំពីគម្រោងទាំងអស់នោះឡើយ។
លោកនេត ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានប្រាប់ក្រុមអ្នកយកព័ត៌មានថា សាលាក្តីនេះបានទទួលថវិកាមួយភាគធំសម្រាប់ការអនុវត្តគម្រោងទាំង១៧នោះ ហើយសាលាក្តីបានបន្តគៀងគរថវិកាបន្ថែមទៀតសម្រាប់អនុវត្តគម្រោងទាំងនោះ។
«យើងកំពុងតែបន្តស្វែងរកថវិកាទៀត ដើម្បីឲ្យគម្រោងទាំង១៧ហ្នឹងអាចមានថវិកាគ្រប់គ្រាន់ ហើយដាក់ទៅអង្គជំនុំជម្រះ គឺអង្គជំនុំជម្រះពិនិត្យថា មានលទ្ធភាពក្នុងការអនុវត្ត គឺគាត់នឹងផ្តល់សំណងហ្នឹងតែម្តងបាទ»។
លោកបានបញ្ជាក់ប្រាប់ VOA ថា គម្រោងទាំង១៧នោះនឹងផ្តោតលើការស្តារនីតិសម្បទា ការអប់រំ និងការបន្ធូរភាពតានតឹងតាមផ្លូវចិត្ត។
នៅក្នុងការជួបជុំគ្នាក្នុងវេទិកាស្តីពីការវិវត្តនៃនីតិវិធីរបស់សាលាក្តីខ្មែរក្រហម និងសំណងក្នុងសំណុំរឿង០០២/២នេះ អ្នករងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណី ផ្សេងទៀត បានបន្តស្នើឲ្យដាក់ទោសធ្ងន់ធ្ងរទៅលើជនជាប់ចោទ ដែលទទួលការកាត់ក្តីពីសាលាក្តី ដែលមានចំណាស់១ទសវត្សរ៍មកនេះ និងទាមទារឲ្យមានការផ្តល់ជាសំណងជំងឺចិត្តសមរម្យមួយ។
លោកសុះ តុញ វ័យ៥៤ឆ្នាំ ដែលកាលពីសម័យខ្មែរក្រហមធ្វើការនៅក្នុងកងចល័ត បានប្រាប់ VOA ថា លោកមិនដឹងថា ត្រូវទាមទារសំណងយ៉ាងណាទេ ដោយហេតុថា ជនជាប់ចោទដែលលោកបានទាមទារឲ្យដាក់ទោសធ្ងន់ធ្ងរនោះ មិនមានលទ្ធភាពសងជំងឺចិត្តដល់លោក និងអ្នករងគ្រោះដទៃទៀតនោះទេ។
ក្នុងនាមលោកជាដើមបណ្ដឹងរដ្ឋប្បវេណីមួយរូបទៀត លោកបានទាមទារសុំឲ្យមានការផ្តល់សំណងជាសមូហភាព ដែលអាចមានការសាងសង់ជារោងបុណ្យធ្វើពិធីសាសនា និងសាលារៀនសម្រាប់កុមារជំនាន់ក្រោយជាដើម។
«មិនចង់បានអីទេ គ្រាន់តែថា ពាក្យគេថា សំណងៗ សង សងម៉េច? ឥឡូវចង់និយាយថា តាមជួបជុំគ្នារហូតមកដល់ពេលនេះគឺថា ចង់បានទៅជារោងបុណ្យ ទៅជាសាលារៀនកុមារជំនាន់ក្រោយ អូអីចឹង ទៅណ៎ា»។
លោកនិយាយថា លោកបានបាត់បង់ឪពុក និងបងប្អូនបីនាក់ដែលត្រូវគេចាប់យកទៅធ្វើបាបនិងសម្លាប់ចោល ដោយមិនដឹងមូលហេតុនោះឡើយ។
អ្នកស្រីសៅ ឈឿន វ័យ៥៤ឆ្នាំ មកពីខេត្តកំពង់ចាម ដែលបានបាត់បង់ សាច់ញាតិក្រុមគ្រួសារ១៥នាក់ និងជាដើមបណ្តឹងរដ្ឋប្បវេណី ក៏មិនទាន់ប្រាកដពីសំណងជំងឺចិត្តនោះដែរ។ អ្នកស្រីបន្តថា សំណងអាចធ្វើទៅបានតាមរបៀបណានោះ គឺសម្រេចទៅតាមមតិភាគច្រើននៃដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង ០០២/២នេះ។ អ្នកស្រីបានរំឭកដល់ក្តីលំបាកក្នុងការទទួលទានអាហារនាសម័យខ្មែរក្រហមយ៉ាងដូច្នេះថា៖
«ពិបាកដូចថា ហូបចុក បាយទឹកអីអីចឹង គេបបរចែកគ្នា អីអីចឹងទៅណ៎ា ច៎ា។ បបរចែកគ្នាទៅ ម្នាក់មួយវែក ពីរវែកទៅ ចេកស្ងោរ ចេកអីអីចឹងទៅ ពោតស្ងោរជាគ្រាប់ អីអីចឹងទៅ ដាក់ស្ងោរចែកគ្នា អីអីចឹងទៅ»។
សាលាក្តីខ្មែរក្រហមក៏កំពុងតែចាត់ការកាត់ក្តីសំណុំរឿង០០៣ និង០០៤ប្រឆាំងនឹងមេដឹកនាំថ្នាក់ក្រោម ឬថ្នាក់តំបន់នៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលរួមមានយឹម ទិត្យ អោ អាន អ៊ឹម ចែម និងមាស មុតផងដែរ៕