អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក គង់ សភា បានស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យទូលថ្វាយព្រះមហាក្សត្រសុំការប្រោសប្រទានការលើកលែងទោស ដែលតុលាការប្រទេសកម្ពុជាបានសម្រេចកន្លងមក ដើម្បីអាចវិលត្រឡប់ចូលទៅកាន់ប្រទេសកំណើតវិញ។ នេះបើតាមលិខិតរបស់អតីតតំណាងរាស្ត្ររូបនេះ។
អតីតតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀងលោក គង់ សភា បានចាកចេញពីប្រទេសកម្ពុជាទៅរស់នៅប្រទេសកាណាដាអស់រយៈពេល៧ឆ្នាំមកហើយ គិតចាប់តាំងពីមុនការរំលាយអតីតគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ដោយតុលាការកំពូលកម្ពុជាពីបទក្បត់ជាតិ។
នៅក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី៩ខែកុម្ភៈ ដែលបានផ្ញើជូនលោកហ៊ុន ម៉ាណែតពីប្រទេសកាណាដា លោក គង់ សភា ថ្លែងថា លោកពិតជាមានការសោកស្តាយ ដែលរាល់ទង្វើ និងសកម្មភាពមួយចំនួនកន្លងទៅ បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថិរភាព និងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។
លោកបន្ថែមថា៖ «ខ្ញុំបាទមានសង្ឃឹមជឿជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួយធ្វើអន្តរាគមន៍ឱ្យខ្ញុំបានរួចផុតពីទោសទណ្ឌទាំងឡាយ ដើម្បីអាចវិលត្រឡប់ចូលទៅកាន់មាតុប្រទេសវិញ និងជួបជុំគ្រួសារមើលថែឮឪពុកម្តាយចាស់ជរាដោយក្តីមេត្តាបំផុត»។
លោក ហ៊ុន ម៉ាណែត ដែលឡើងកាន់អំណាចបានជិត៨ខែបានស្វាគមន៍លោក គង់ សភា បន្ទាប់ពីទទួលបានលិខិតសុំអភ័យទោសរបស់លោកគង់ សភា ហើយថា លោកនឹងចាត់ចែងតាមនីតិវិធីដើម្បីឱ្យអតីតតំណាងរាស្ត្របក្សជំទាស់រូបនេះអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក គង់ សភា បានទេនៅថ្ងៃសុក្រនេះ។
សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ និងជាប្អូនប្រុសបង្កើតរបស់លោក គង់ សភា គឺលោក គង់ ម៉ូនីកា យល់ថា នេះសញ្ញាវិជ្ជមានសម្រាប់អ្នកនយោបាយនៅកម្ពុជា ក្នុងការអត់ឱន និងអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរដូចគ្នា។ លោកថា វាក៏ជាការបើកផ្លូវដ៏ល្អប្រសើរមួយសម្រាប់អ្នកនយោបាយមកពីគ្រប់និន្នាការ។
លោកថា៖ «ខ្ញុំជឿជាក់ថា វាជាការបើកផ្លូវមួយល្អសម្រាប់អ្នកនយោបាយ ឬសកម្មជននយោបាយផ្សេងៗទៀតដែលមានបំណងចង់ចូលមកក្នុងប្រទេសហើយបម្រើប្រជាពលរដ្ឋវិញ។ ខ្ញុំគិតថានេះជាឱកាសល្អហើយជាសញ្ញាវិជ្ជមានសម្រាប់ការរៀបចំ ឬក៏ការជំរុញធ្វើយ៉ាងម៉េចឱ្យមានការឯកភាពជាតិឡើងវិញផងដែរ»។
លោក គង់ សភា ស្ថិតក្នុងចំណោមតំណាងរាស្ត្រជាច្រើននាក់របស់អតីតគណបក្សសង្គ្រោះជាតិដែលភៀសខ្លួនចេញពីប្រទេសកម្ពុជា នៅក្រោយពេលអាជ្ញាធរទីក្រុងភ្នំពេញចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងដ៏ធំមួយនេះ គឺលោក កឹម សុខា កាលពីខែកញ្ញា ឆ្នាំ២០១៧ពីបទសង្ស័យថា បានឃុប ឃិតនឹងបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់គណបក្សកាន់អំណាច។
លោក គង់ សភា ដែលជាកូនប្រុសរបស់លោក គង់ គាំ និងអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយរូបទៀតគឺលោក ញ៉យ ចំរើន ធ្លាប់រងការវាយដំពីសមាជិកនៃកងអង្គរក្សលោក ហ៊ុន សែន នៅក្រៅរដ្ឋសភាកាលពីឆ្នាំ២០១៥។ អង្គរក្ស៣នាក់របស់បញ្ជាការដ្ឋានអង្គរក្សលោក ហ៊ុន សែន បានសារភាពថា ពួកគេបានវាយតប់ទាត់ធាក់លោក គង់ សភា និងលោក ញ៉យ ចំរើន ឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរប៉ុន្តែពួកគេជាប់ពន្ធនាគារតែរយៈពេលខ្លីហើយថែមទាំងទទួលបានការដំឡើងឋាន្តរស័ក្តិបន្ទាប់ពីចេញពីពន្ធនាគារ។
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ លោក គង់ សភា ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ពិន័យជាប្រាក់ចំនួន១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតចំនួន ២០ឆ្នាំ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក៕