លោក​គង់ គាំ​សម្រេច​ចេញ​ពី​បក្ស​ភ្លើងទៀន​ ក្រោយ​មាន​ការ​រំឭក​រឿង​អតីតកាល​លោក​​ពី​ថ្នាក់​ដឹកនាំ​បក្ស​កាន់​អំណាច​​​​​

រូប​ឯកសារ៖ លោក គង់ គាំ អតីតមន្រ្តី និងជាទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ចេញពីការឆ្លើយបំភ្លឺពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

​លោក​ គង់ គាំ​ បាន​ប្រកាស​ចាក​ចេញ​ពី​គណបក្ស​ភ្លើង​ទៀន​ដោយ​បាន​បញ្ចប់​តួនាទីជា​ឧត្តម​ទីប្រឹក្សា​គណបក្ស​ជំទាស់​មួយ​នេះ​ ហើយ​អ្នក​នយោបាយ​ជើង​ចាស់​រូប​នោះ​ក៏​បានសុំ​អភ័យ​ទោស​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​ថា្នក់​ដឹកនាំ​គណ​បក្ស​ប្រជាជន​កម្ពុជាចំពោះ​កំហុស​ឆ្គាំឆ្គង​របស់​លោក​កន្លង​មក​ទៅ​លើ​គណបក្ស​កាន់​អំណាច។​ នេះ​បើតាម​លិខិត​របស់​លោក​គង់ គាំ​ ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាមបណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក។ ​

គេ​មិន​ទាន់​ដឹង​ហេតុផល​ជាក់​លាក់​នៅ​ពី​ក្រោយ​ការ​ប្រកាស​បញ្ចប់​តួនាទី​ជា​ទីប្រឹក្សា​គណបក្សភ្លើង​ទៀន​របស់​លោក​ គង់ គាំ ​យ៉ាង​តក់​ក្រហល់​បែប​នេះ​ទេ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​របស់​អ្នក​នយោបាយ​ជំទាស់​រូប​នោះ​កើត​មាន​ឡើង​ក្រោយ​កូន​ប្រុស​របស់​លោក​គឺ​លោក​ គង់ ប៉ូរា ​បាន​ពាំ​នាំ​ពាក្យបណ្តាំ​ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​ថ្នាក់​ដឹកនាំរបស់បក្ស​កាន់​អំណាច​ជូន​លោក ពាក់​ព័ន្ធ​ជីវិត​នយោបាយ​របស់​លោក​ដែល​ធា្លប់​ជា​សមាជិក​បក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នក​នយោបាយ​ជំទាស់​ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​២០២៣​នេះ។ ​

ការ​ប្រកាស​ចាក​ចេញ​ពី​បក្ស​ភ្លើង​ទៀន​របស់​លោក​ គង់ គាំ​ នេះ​ក៏​បាន​កើត​ឡើង​បន្ទាប់​ពី​អយ្យការ​អមសាលាដំបូង​ខេត្ត​ត្បូង​ឃ្មុំ​បាន​ចេញ​ដីកា​កោះ​ហៅ​លោក ​គង់ គាំ​ ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​នេះ​ ទៅ​តាម​ពាក្យ​បណ្តឹង​លោក​សេង ជ័យវុធ​ តំណាង​ឲ្យ​គណៈ​កម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូង​ឃ្មុំ។​ នេះ​បើ​តាម​ដីកា​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ក្នុង​លិខិត​ដែល​ផ្ញើ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ចុះ​ថ្ងៃ​ទី៣១ ​ខែ​មករា​ ឆ្នាំ​២០២៣​ លោក ​គង់ គាំ​ អតីត​មន្ត្រីជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ធ្លាប់​ជា​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួង​ការ​បរទេស​អំឡុង​ទសវត្សរ៍១៩៨០ ក៏​បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការ​សម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដក​ហូត​យក​ដីធ្លី​ និង​ផ្ទះ​សម្បែង​របស់​លោក​ តែ​លោកបាន​ថ្លែង​អំណរ​គុណ​លោក​នាយក​រដ្ឋមន្ត្រី​ដែល​អនុ​គ្រោះ​មិន​បន្ត​បណ្តឹង​ទៅ​តុលាការ។​

បើ​តាម​លិខិត​ដដែល​នោះ​ ​លោក​គង់ គាំ​បាន​លើក​ឡើង​តាម​ន័យ​ដើមថា៖​ «ខ្ញុំ​សូម​ទទួល​កំហុស​ថា​ និង​សូម​អភ័យ​ទោស​ពី​សម្តេច​ ពី​ថ្នាក់​ដឹក​នាំ​ ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដែល​យល់​ឃើញថា ​កាយវិការ ​និងអំពើ​របស់​ខ្ញុំ​បាទ​ គង់ គាំ​ ក្នុង​សកម្មភាព​ចុង​ក្រោយ​នេះ​ បាន​ប៉ះ​ពាល់​ដល់​កិត្តិយស​ សេចក្តី​ថ្លៃ​ថ្នូរ​របស់​ថ្នាក់​ដឹក​នាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​ប៉ះ​ពាល់​ដល់​ភាព​សុខ​សាន្ត​ចំពោះ​សង្គម​ជាតិ»។​

លោក​បាន​បន្ថែមថា៖ ​«ក្រោយ​ពិនិត្យ​ហេតុ​ផល​កន្លង​មក​នេះ​ និង​ពិនិត្យ​ពិចារណា​ពី​សណ្ដាប់​ធ្នាប់​ពិភព​លោក​ថ្មី ​និង​បរិយាកាស​ភូមិ​សាស្រ្ត​នយោបាយ​តំបន់​ ពិសេស​នយោបាយ​កម្ពុជា​ ដែល​កំពុង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​នយោបាយ​បន្ត​វេន​ ខ្ញុំ​បាទ​ គង់ គាំ​ សូម​សម្រេច​បញ្ចប់​តួនាទី​ និង​សកម្មភាព​ជា​ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន​ចាប់​ពី​ពេល​នេះ​តទៅ»។​

គួរ​រំឭក​ថា​ លោក ​ហ៊ុន សែន ​បាន​ព្រមាន​ប្តឹង​លោក​គង់ គាំ​ដែល​ជាអតីត​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួង​ការ​បរទេស បើ​សិន​លោក​មិន​ព្រម​ប្រគល់​ដីទំហំ​៥.២៩០​ម៉ែត្រ​ការ៉េ ​ស្ថិត​ក្នុង​ភូមិ​៥ ​សង្កាត់​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការមន​ទៅ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​វិញ​ទេ​នោះ។

លោក គង់ គាំ​ ត្រូវ​លោក​ ហ៊ុន សែន​ ចោទ​ថា​ បាន​និយាយ​បរិហារ​លើគណបក្ស​ប្រជាជន​កម្ពុជា។​

អ្នក​វិភាគ​នយោបាយ​ លោក​ សេង សារី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​ចាក​ចេញ​របស់​លោក​គង់ គាំ​ពី​គណបក្សភ្លើង​ទៀន​នឹង​មិនបង្ក​ឲ្យ​មាន​ភាព​រំជើប​រំជួល​ណា​មួយ​ក្នុង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស​នេះ​ទេ។ ​លោក​បន្ថែម​ថា​ ការ​ចាក​ចេញ​របស់​លោក​គង់ គាំ​នោះ​អាច​ជា​រឿង​បុគ្គល​ និង​ជា​ការ​បញ្ចៀស​ក្តីក្តាំ​នៅ​តុលាការ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ ទី​ដែល​គណបក្ស​ប្រជាជន​ប្តឹងទារ​សំណង​ជំងឺចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ​អាមេរិក​ចំពោះ​ការ​និយាយ​រិះគន់​ដើម​កំណើត​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​មើល​ទៅ​ក្បាល​ម៉ាស៊ីន​របស់​គណបក្ស​ភ្លើង​ទៀន​មិនមាន​បញ្ហា​អី​ទេ​ នៅ​តែ​ដដែល​ទេ​ ទោះ​បីជាគណបក្ស​កាន់​អំណាច​កំពុង​តែ​ផ្ដោត​គោល​ដៅ​នៅក្នុង​ការ​ប្រឡេះ​មេដឹក​នាំ​គណបក្ស​ភ្លើង​ទៀន​ម្តង​មួយៗ​ក៏​ដោយ»។

លោក​បន្ថែម​ថា៖​ «វា​ជា​យុទ្ធសាស្រ្ត​មួយ​ផ្ទាល់​ខ្លួន​របស់​លោក​គង់ គាំ​ ដោយ​សារ​តែ​ ទោះ​បី​ជា​លោក​គង់ គាំ​ប្រគល់​ដី​របស់​គាត់​ ដែល​មាន​តម្លៃ​ប្រមាណ​ជា​ជាង​៣០​លាន​ដុល្លារ​នៅ​ភ្នំពេញ​ហ្នឹង​ទៅ​រដ្ឋ​វិញ​ក៏​ដោយ​ ក៏​ប៉ុន្តែ​លោក​គង់ គាំ​នៅ​ជាប់​បណ្តឹង​មួយ​ទៀត​គឺ​បណ្តឹង​ពីគណបក្ស​ប្រជាជន​ខេត្ត​ត្បូងឃ្មុំ​ ទាមទារ​៥០​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត។ អ៊ីចឹង​ហើយ​ឥឡូវ​នេះ​អស់​ដី​នៅ​ភ្នំពេញ​ហើយ​មិន​ទាន់​ផុត​បណ្តឹង​មួយ​ទៀត​នៅ​ឡើយ​ទេ។ ​ដូច្នេះ​ ខ្ញុំ​គិត​ថា​ ការ​ចាក​ចេញ​របស់​គាត់​គ្រាន់​តែ​ជា​យុទ្ធសាស្រ្ត​ផ្ទាល់​ខ្លួន​របស់​គាត់​នៅ​ក្នុង​ការ​ដោះ​បន្ទុក​នៃ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​នៅ​ត្បូងឃ្មុំ​តែ​ប៉ុណ្ណោះ»។

ទាក់​ទិន​ការ​ចេញ​ដីកា​កោះ​លោក​គង់ គាំ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ លោក​ កុល បុន​ ព្រះរាជ​អាជ្ញា​នៃ​អង្គ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ត្បូង​ឃ្មុំ​ ប្រាប់​វីអូអេ​តាម​ទូរសព្ទ​ថា​ លោក​មិន​ទាន់​ដឹង​អំពី​ដីកា​នោះ​ឡើយ។
ប៉ុន្តែ​បើ​តាម​កូន​ប្រុស​របស់​លោក​ គង់ គាំ ​គឺ​លោក ​គង់ មុនីកា​ ​លោក​ គង់ គាំ​ បាន​ទទួល​ដីកា​កោះ​នោះ​ហើយ​ និង​ថា ដីកា​ដែល​ចេញ​ដោយ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូង​ឃ្មុំ​នេះ​ជា​រឿង​ដាច់​ដោយ​ឡែក​ពី​លិខិត​ប្រកាស​ចាក​ចេញ​ពី​គណបក្ស​ភ្លើង​ទៀន​របស់​លោក​គង់ គាំ។​

លោក​ថ្លែង​ថា៖​«លិខិត​នេះ​គឺ​គាត់​បាន​ធ្វើ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ ហើយ​យើង​បាន​ធ្វើ​នៅ​ពេល​ព្រឹក​ ហើយ​ដីកា​កោះ​យើង​ទទួល​បាន​នៅ​ពេល​រសៀល​ ដូច្នេះ​ ខ្ញុំ​គិតថា​ មិន​មាន​ការ​ពាក់​ព័ន្ធ​គ្នា[ទេ]»។​

លោក​គង់ មុនីកា​ ​អះ​អាង​បន្ត​ទៀត​ថា ចំពោះ​ការ​ប្រកាស​ដក​ខ្លួន​ចេញ​របស់​ឪពុក​លោក​ពី​គណបក្ស​ភ្លើងទៀន​គឺ​ជា​ការ​សម្រេច​ចិត្ត​មួយ​ត្រឹមត្រូវ​ ដោយ​លើក​ហេតុផល​ស្ថាន​ភាព​សុខភាព​មិន​សូវ​ល្អ​ ពេល​មាន​វ័យ​ចាស់ ​ហើយ​ការ​ចាក​ចេញ​នេះ​ក៏មិន​បង្ក​ការ​រំខាន​ណា​មួយ​ដល់​ដំណើរ​ការ​របស់​គណបក្ស​ភ្លើង​ទៀន​នោះ​ដែរ៕​