ក្រុមប្រជាពលរដ្ឋប្រមាណ១៧៥គ្រួសារ ដឹកនាំដោយអ្នកស្រី ផាវ ញើង ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅនៅខេត្តកោះកុង បានផ្តើមការតវ៉ាជាថ្មីទៀត ប្រឆាំងនឹងការផ្តល់ដីដែលមិនអំណោយផលដល់ការងារកសិកម្ម និងឆ្ងាយពីទីតាំងដីដែលពួកគេបានបាត់បង់។ នេះបើយោងតាមការបញ្ជាក់របស់តំណាងប្រជាពលរដ្ឋនិងមន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកោះកុង នៅថ្ងៃព្រហស្បតិ៍។
ការតវ៉ារបស់ប្រជាពលរដ្ឋនៅខេត្តកោះកុងនេះកើតមានឡើង នៅក្រោយពេលរដ្ឋាភិបាលបានប្រកាសកាលពីខែមីនាថា ខ្លួននឹងបញ្ចប់វិវាទដីធ្លី ដែលបានអូសបន្លាយពេលជាង១០ឆ្នាំមកនេះ។ កាលពីពាក់កណ្តាលមិថុនា រដ្ឋាភិបាលក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានក្នុងរាជធានី ខេត្ត ឲ្យបង្កើនកិច្ចខិតខំរកច្រកដែលមានប្រសិទ្ធភាពដើម្បីដោះស្រាយវិវាទដីធ្លី និងរារាំងមិនឲ្យពលរដ្ឋមកផ្តុំគ្នាតវ៉ាក្នុងរាជធានីភ្នំពេញ។
អ្នកស្រី ផាវ ញើង តំណាងពលរដ្ឋប្រមាណ១៧៥គ្រួសារ បានប្រាប់ VOA ថា ក្រុមប្រជាពលរដ្ឋមានគ្នារាប់សិបនាក់បានមកប្រមូលផ្តុំតវ៉ា នៅមុខសាលាឃុំជីខលើ ក្នុងស្រុកស្រែអំបិល បន្ទាប់ពីពួកគេបរាជ័យក្នុងការឃាត់ក្រុមការងារខេត្តចុះវាស់វែងដី មុនពិភាក្សាលើបញ្ហាការវាស់វែងដី ដែលមិនអាចឲ្យប្រជាពលរដ្ឋធ្វើស្រែចម្ការបាន និងស្ថិតនៅប្រមាណជា៣០ទៅ៤០គីឡូម៉ែត្រពីទីតាំងដីដើមដែលប្រជាពលរដ្ឋបានបាត់បង់ទៅក្រុមហ៊ុន។ ទីតាំងដីថ្មីគឺស្ថិតក្នុងចំណុចកងឆា ស្ថិតក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល។
«ពួកយើងគិតថា ឆ្ងាយក៏យកដែរ ឲ្យតែបានដីនោះ ប្រើប្រាស់អាស្រ័យផល ដូចជាធ្វើជាស្រែ ចម្ការអីបាន។ ប៉ុន្តែដីដែលយើងប្រាប់ ទៅឯកឧត្តមទេព ធនព្រឹកមិញនេះ កន្លែងដែលអត់យកបានហ្នឹងគឺដីខ្លះ សូម្បីតែក្មេងៗធ្លាប់បើកអាត្រាក់ឲ្យក្រុមហ៊ុនកន្លងមក ក៏គាត់ប្រាប់ដែរ។ គាត់ថា "មីង ដីហ្នឹង តែខែហ្នឹង ទឹកប៉ុណ្ណឹងទេ។ ប៉ុន្តែគោយន្ត ឬក៏អាត្រាក់ចុះព្យួរទៅ គឺលេចហើយ"។ ហើយអីចឹងសួរថា ឲ្យពួកខ្ញុំព្យួរស្រែម៉េច? ឲ្យទៅខាំស្មៅទាំញ ឬមួយក៏ម៉េច? គាត់គិតម៉េច? ឲ្យពួកខ្ញុំហែលទឹកទៅស្ទូង ឬមួយក៏ម៉េច»?
អ្នកស្រី ផាវ ញើងបញ្ជាក់ថា លោក ទេព ធន គឺជាអនុរដ្ឋលេខាធិការនៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ទទួលបន្ទុកដោះស្រាយជម្លោះដីធ្លីនៅខេត្តមួយចំនួនរួមមានឧត្តរមានជ័យ និងកោះកុង។
អ្នកស្រី ផាវ ញើង និយាយបន្ថែមថា បន្ទាប់ពីអ្នកស្រីជូនដំណឹងអំពីការតវ៉ារបស់ពលរដ្ឋទាក់ទិននឹងដីដែលគ្រោងនឹងវាស់វែងជូនប្រជាពលរដ្ឋនោះ លោកទេព ធន បានប្រើពាក្យសម្តីមិនសមរម្យ និងថែមទាំងចោទពលរដ្ឋថា ចូលចិត្តការប្រឆាំង។
អ្នកស្រីរៀបរាប់ថា៖
«ហើយពួកខ្ញុំមែនចង់ប្រឆាំង ចង់សាកអីទេ ប៉ុន្តែអ្វីដែលពួកខ្ញុំទាមទារគឺទាមទារយកដីដែលអាចអាស្រ័យផលធ្វើស្រែចម្ការបាន ព្រោះប្លន់ដីពួកខ្ញុំទៅ ដីពួកខ្ញុំសុទ្ធតែចម្ការ ដំណាំពេញៗ ហើយម៉េចបានប្លន់របស់គេបានសម្រេចហើយអត់ឲ្យមកគេវិញ ឲ្យដីទឹក ដីព្រៃទទេហ្នឹង»។
តំណាងពលរដ្ឋដែលធ្លាប់ប្រឈមមុខនឹងអាជ្ញាធរជាញឹកញាប់នៅរាជធានីភ្នំពេញតវ៉ារឿងដីធ្លីនេះ បានប្រកាសថា អ្នកស្រី និងក្រុមប្រជាពលរដ្ឋនឹងឡើងមកតវ៉ានៅភ្នំពេញម្តងទៀតក្នុងករណីក្រុមមន្ត្រីធ្វើការវាស់វែងដីជូនពលរដ្ឋនេះ ខកខានមិនបានផ្តល់លក្ខខណ្ឌជាក់លាក់ដែលអាចបញ្ជាក់ពីលទ្ធភាពនៃការដោះដូរក្បាលដី ដែលមិនហុចប្រយោជន៍ខាងកសិកម្ម។
កាលពីថ្ងៃទី២២ ខែមិនាកន្លងទៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញសេចក្តីប្រកាសមួយបញ្ជាក់ពីជោគជ័យខ្លួនក្នុងការបញ្ចប់វិវាទរវាងក្រុមពលរដ្ឋ១៧៥គ្រួសារនេះ ហើយនឹងក្រុមពលរដ្ឋ២០០គ្រួសារផ្សេងទៀតនឹងក្រុមហ៊ុនស្ករអំពៅចំនួនពីរគឺក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ដែលក្រុមតំណាងពលដ្ឋនិងមន្ត្រីសិទ្ធិមនុស្សអះអាងថា ផ្តើមចេញពីការវិនិយោគរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។ លោក លី យ៉ុងផាត់ ដែលមានងារជាឧកញ៉ា បានបញ្ជាក់ប្រាប់VOA ឲ្យដឹងកាលពីពេលថ្មីៗនេះថា រូបលោកគ្មានជាប់ពាក់ព័ន្ធក្រុមហ៊ុនចំនួនពីរនេះទៀតទេ។
លោក ទេព ធន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមការងាររបស់រដ្ឋាភិបាលបានប្រើម៉ាស៊ីនដ្រូន(Drone) ដើម្បីទាញយកទិន្នន័យសម្រាប់ការវិភាគ និងកំណត់ឡូដ៍ដីជូនពលរដ្ឋ។ លោកបានបញ្ជាក់បន្តថា ដីឡូដ៍ខ្លះគឺអនុញាតឲ្យពលរដ្ឋធ្វើ ស្រែ ចម្ការ ហើយខ្លះទៀតគឺមានទឹកជ្រៅ ដែលតម្រូវឲ្យក្រុមការងារធ្វើការពិចារណា។
លោកមានប្រសាសន៍ថា៖
«អីចឹងក្នុង១៧៥គ្រួសារ ការចាប់ឆ្នោត គឺវាអាចអ្នកខ្លះ ប៉ះដីដែលអាចធ្វើចម្ការ អ្នកខ្លះអាចប៉ះដី ដែលអាចធ្វើស្រែ អីចឹងទៅ។ ហើយទំហំដីធំអីចឹង យើងមិនអាចដើរមើលផ្ទាល់បានទេ មានតែយកទិន្នន័យពីដ្រូនបាទ។ ពីដ្រូន អីចឹង យើងពិនិត្យតាមទិន្នន័យដែលបានពីដ្រូនហ្នឹងមក យើងចាប់ផ្តើមរៀបចំជាឡូដ៍ៗ ដែលបញ្ចៀសនូវចំណែកដែលជាអូរ ស្ទឹង និងព្រៃ»។
លោកបានបន្ថែមថា៖
«ប៉ុន្តែចៀសមិនផុតពីផ្នែកខ្លះ វាអាចមានកន្លែងខ្លះ ដែលវាអាចមានទឹកជ្រៅ ដែលយើងគិតថា គាត់ពិបាកធ្វើស្រែ ហើយកិច្ចការនេះ យើងនឹងអាចពិនិត្យ។ យើងអាចពិនិត្យមើលថា តើចំណុចណាដែលគាត់ប្រើមិនបាន ហើយនឹងអ្នកណាដែលគាត់មិនអាចទទួលយកបាន ទុកសិន។ ក្នុង១៧៥ហ្នឹងទទួលយកមិនបានទំាងអស់ទេ គឺយ៉ាងហោចក៏អាចជិតទៅ១៧៥ដែរ។ នៅតិចតួច យើងនឹងពិនិត្យក្រោយ»។
លោកបានថ្លែងបន្តទៀតថា វាជាសិទ្ធិរបស់ពលរដ្ឋ ប្រសិនបើពួកគាត់មកតវ៉ានៅរាជធានីភ្នំពេញបន្តទៀតនោះ។
លោកមានប្រសាសន៍ថា៖
«អាហ្នឹងជាសិទ្ធិរបស់គាត់។ ប៉ុន្តែបើគាត់តវ៉ាច្រើនពេក ទុកម្តុំសិនទៅ! មានពិបាកស្អី!»។
លោក ហួរ អ៊ីន អ្នកសម្រួបសម្រួលរបស់អង្គការឃ្លាំមើល និងការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង យល់ថា ការតវ៉ារបស់ក្រុមពលរដ្ឋ១៧៥គ្រួសារ ដែលបានធ្វើឡើងពីរថ្ងៃមកហើយនោះ ត្រូវតែទទួលបានការពិចារណាពីអាជ្ញាធរ ដោយហេតុថា រដ្ឋាភិបាលបានសន្យាថា ផ្តល់ដីធ្វើកសិកម្មដល់ប្រជាពលរដ្ឋទាំងនោះ។
«ការតវ៉ារបស់ប្រជាពលរដ្ឋនេះ គឺជារឿងត្រឹមត្រូវ ហើយបានដោះស្រាយឲ្យពួកគាត់ ផ្តល់ជាដីចម្ការមែន ប៉ុន្តែបើសិនជាផ្តល់ដីចម្ការ ដែលមិនអាចដាំដំណាំផង តើឲ្យគាត់យកដីហ្នឹងមកធ្វើអី? គាត់ទាមទារចង់បានដី មកធ្វើកសិកម្ម ហើយបើដីហ្នឹងមិនអាចធ្វើបានផងនឹង!»
ចំណែករឿងជម្លោះរបស់ក្រុមប្រជាពលរដ្ឋជាង៣០០គ្រួសារទៀតនោះគឺផ្តើមចេញពីការមិនជឿទុកចិត្តគ្នារវាងអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋ ដែលបានបណ្តាលឲ្យពលរដ្ឋជាច្រើននាក់ស្ថិតក្នុងចំណោមពលរដ្ឋជាង៣០០គ្រួសារឡើងមកតវ៉ានៅភ្នំពេញ។ លោកថា រដ្ឋាភិបាលគួរតែបង្កើនកិច្ចខិតខំបញ្ចប់ទំនាស់ទាំងពីរនេះ ឲ្យបានមុនការបោះឆ្នោតខាងមុខនេះ។
«ទាក់ទងជម្លោះទាំងពីរនេះ អាជ្ញាធរ ជាពិសេសខាងក្រសួងដែនដី ក៏ដូចជាក្រសួងបរិស្ថាន គួរតែខិតខំដោះឲ្យបានចប់មុនការបោះឆ្នោតហ្នឹងទៅ។ បើសិនជាដោះមិនបានចប់ទេ វាចៀសមិនផុតទេ តែមានការតវ៉ា។ វាពិតជាប៉ះពាល់ហើយដល់របស់រដ្ឋាភិបាល ព្រោះទំនាស់នេះ ក៏វាមិនមានរយៈពេលខ្លីដែរ វាអូសបន្លាយជិត១០ឆ្នាំដូចគ្នា»។
នៅមុនការបោះឆ្នោតជាតិនាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ រដ្ឋាភិបាលបានបង្កើនការឃ្លាំមើលទៅលើសកម្មភាពនៃការតវ៉ាទាមទាររកដំណោះស្រាយទំនាស់ដីធ្លីនានានៅទូទាំងប្រទេស។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំមួយកាលពីពាក់កណ្តាលខែមិថុនានេះ ដោយបានស្នើដល់រដ្ឋបាលរាជធានី ខេត្តឲ្យបង្កើនការតាមដាន និងគ្រប់គ្រងសភាពការណ៍វិវត្តពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី នៅតាមខេត្តនីមួយៗឲ្យបានហ្មត់ចត់ ដើម្បីចូលរួមបង្ការ ទប់ស្កាត់កុំឲ្យមាននិន្នាការឡើងមកប្រមូលផ្តុំតវ៉ាដាក់ញត្តិនៅរាជធានីភ្នំពេញ៕