ប្រជាសហគមន៍ឃុំជីខលើចំនួន ២០០គ្រួសារ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានឈានដល់ការស្រុះស្រួលគ្នា និងបញ្ចប់វិវាទដីធ្លីជាមួយនឹងអ្នកពាក់ព័ន្ធនៃខ្សែសង្វាក់ផ្គត់ផ្គង់ក្រុមហ៊ុន Khon Kaen Sugar Industry PLC ហៅកាត់ថា (KSL Group) ដែលមានមូលដ្ឋាននៅប្រទេសថៃ បន្ទាប់ពីការចរចា និងដោះស្រាយវិវាទនៅក្រៅតុលាការ នៅចក្រភពអស់គ្លេសជាង ១០ឆ្នាំ។
ក្រុមហ៊ុន Khon Kaen Sugar Industry PLC ធ្លាប់ផ្គត់ផ្គង់ស្ករសឱ្យក្រុមហ៊ុនអង់គ្លេសចំនួនពីរគឺ Tate and Lyle Sugar Industries និងក្រុមហ៊ុន Tate and Lyle Sugar Limited។ ក្រុមហ៊ុនទាំងនេះមានជម្លោះជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ជីខលើ តាំងពីឆ្នាំ ២០០៦ ទាក់ទងនឹងដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់ឲ្យក្រុមហ៊ុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសមធម៌កម្ពុជា ចេញផ្សាយ កាលពីថ្ងៃទី ៣០ ខែឧសភា។
អង្គការសមធម៌កម្ពុជា ដែលធ្វើការលើរឿងនេះ លើកឡើងថា អង្គការសមធម៌កម្ពុជា រួមជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ បានជួយសហគមន៍ក្នុងកិច្ចខិតខំប្រឹងប្រែងតស៊ូមតិរបស់ពួកគេចាប់តាំងពីឆ្នាំ ២០១២។ អស់រយៈពេលមួយទសវត្សរ៍ក្រោយមក កិច្ចព្រមព្រៀងដំណោះស្រាយស្ម័គ្រចិត្តរួមគ្នា ដើម្បីបញ្ចប់វិវាទដីធ្លី ត្រូវបានបញ្ចប់រវាងសមាជិកសហគមន៍ ២០០គ្រួសារ និងកុមារចំនួន ៧១នាក់ ដែលពាក់ព័ន្ធនឹងវិវាទក្នុងតុលាការរបស់ចក្រភពអង់គ្លេស។
នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជាលោក អៀង វុទ្ធី ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា បន្ទាប់ពីដាក់បណ្តឹងទៅតុលាការនៅប្រទេសអង់គ្លេស មានការចរចាជាបន្តបន្ទាប់ក្រៅតុលាការ រហូតភាគីវិវាទបានឈានដល់ចំណុចព្រមព្រៀងបញ្ចប់ជម្លោះ ដោយខាងភាគីក្រុមហ៊ុនបានយល់ព្រមផ្តល់ថវិកាដល់អ្នកភូមិដែលរងផលប៉ះពាល់ ដើម្បីសា្តជីរវភាព កាលពីខែមេសា ឆ្នាំ ២០២៣។
លោកបន្ថែមថា៖ «ក្នុងនាមសង្គមស៊ីវិល យើងមានការសាទរចំពោះលទ្ធផលដែលសម្រេចបាន តាមរយៈការចរចារវាងក្រុមហ៊ុន ក៏ដូចជាប្រជាពលរដ្ឋដែលរងគ្រោះ ព្រោះថា ករណីនេះបានអូសបន្លាយយូរមកហើយ។ អ៊ីចឹង ជាលទ្ធផលយើងយល់ឃើញថា ភាគីទាំងអស់មានការរីករាយចំពោះសមិទ្ធផលដែលយើងបានធ្វើការរួមគ្នា»។
បើតាមលោក អៀង វុទ្ធី សមាជិកសហគមន៍មកពីស្រុកស្រែអំបិល បានដកបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Tate and Lyle Sugar Industries និងក្រុមហ៊ុន Tate and Lyle Sugar Limited នៅពេលទទួលបានដំណោះស្រាយ ក្រោយការចរចាតាំងពីឆ្នាំ ២០១៤ មក។
សេចក្តីប្រកាសព័ត៌មានអង្គការសមធម៌កម្ពុជា ចុះថ្ងៃទី ៣០ ខែឧសភា បានឱ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ ២០១៨ មក អាជ្ញាធរមូលដ្ឋានក្នុងខេត្តកោះកុងក៏បានជួយសហគមន៍ផងដែរនូវនីតិវិធីរដ្ឋបាលចំាបាច់សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ សម្រាប់ដីសម្បទាន ៣០០ហិកតា កាត់ចេញពីក្រុមហ៊ុន។ ដីនេះត្រូវបានប្រគល់ជូនសហគមន៍វិញជាផ្នែកនៃកិច្ចព្រមព្រៀងដាច់ដោយឡែកមួយដែលសម្រេចបានក្នុងឆ្នាំ ២០១៤។
លោក តេង កៅ អាយុ ៦៣ ឆ្នាំ ជាឪពុកមានកូន ៦នាក់ ថ្លែងថា ដំណោះស្រាយដែលបានមកពីការតវ៉ា និងតស៊ូមតិជាច្រើនឆ្នាំរបស់សហគមន៍ជីខលើនេះ បានបញ្ចប់មួយផ្នែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលបានប្រឈមមុខនឹងការគ្មានដីបង្កបង្កើនផល និងការជាប់បំណុល ដោយសារតែជម្លោះដែលផ្តើមចេញពីដីសម្បទានសេដ្ឋកិច្ច។
លោកប្រាប់វីអូអេបន្ថែមថា៖ «វាសប្បាយចិត្តជាងកាលពីឆ្នាំ ២០០៦ ដែលក្រុមហ៊ុនយកហ្នឹង គឺប្រជាជនពួកខ្ញុំ គឺទីមួយ ខ្វះប្រាក់ចំណូលដើម្បីឱ្យកូនចៅទៅធ្វើការសិក្សា។ ទីពីរ គឺពួកកូនចៅពួកខ្ញុំគឺក្លាយទៅជាជំពាក់បំណុលគេ ហើយឪពុកម្តាយក៏ជំពាក់បំណុលគេ។ កូនចៅខ្ញុំចំណាកស្រុកទៅស្រុកក្រៅ។ ដល់ពេលបានដី គឺគាត់បានដាំដំណាំដាំដុះដើម្បីចិញ្ចឹមជីវិតឡើងវិញ គឺប្រសើរជាងមុន»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីការិយាល័យលេខាធិការ និងច្បាប់របស់ក្រុមហ៊ុន Khon Kaen Sugar Industry PLC តាមសារអ៊ីមែលនៅថ្ងៃព្រហស្បតិ៍នេះបាននៅឡើយទេ។
ដំណោះស្រាយខាងលើនេះគឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិននឿយហត់របស់សហគមន៍ក្នុងការជំរុញឱ្យមានយុត្តិធម៌ និងការគាំទ្រប្រកបដោយនិរន្តរភាពដែលជ្រោមជ្រែង ដោយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិជាច្រើន។ នេះបើតាមអង្គការសមធម៌កម្ពុជា។
លោក អៀង វុទ្ធី ប្រធានអង្គការនេះ បានលើកឡើងថា ដំណោះស្រាយនេះគឺជាជម្រើសមួយសម្រាប់ក្រុមហ៊ុនក្នុងវិស័យឯកជនយកមកដោះស្រាយជាមួយពលរដ្ឋក្នុងករណីមានវិវាទ ដូចអ្វីដែលបានកើតឡើងនៅក្នុងឃុំជីខលើ ស្រុកស្រែអំបិលនោះ។ នេះមានន័យថា ខាងភាគីក្រុមហ៊ុនអាចចូលខ្លួនមកចរចាជាមួយពលរដ្ឋរងគ្រោះ ដោយមានការចូលរួមសម្របសម្រួលពីសង្គមស៊ីវិល ដោយមិនចាំបាច់ងាកទៅរកតុលាការ ដែលនឹងប្រើរយៈពេលយូរ ហើយមានលទ្ធផលមានតែអ្នកឈ្នះ និងចាញ់។
លោកជឿថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះនឹងទទួលបានលទ្ធផល ឈ្នះៗដល់ភាគីពាក់ព័ន្ធទាំងអស់។ លោកបន្ថែមថា ការដោះស្រាយវិវាទក្រៅប្រទេស ដែលមានតួអង្គអន្តរជាតិចូលរួមនោះ គឺមិនងាយស្រួលទេ ព្រោះត្រូវការភាពអត់ធ្មត់ និងការចូលរួមពីអ្នកដែលមានលទ្ធភាពក្នុងការជជែក ទាក់ទងនឹងច្បាប់អន្តរជាតិ និងនីតិវិធីស្មុគស្មាញផ្សេងទៀត ដែលបង្កការលំបាកដល់ពលរដ្ឋសាមញ្ញដែលជាប់ក្នុងជម្លោះដីធ្លី៕