ពលរដ្ឋជាង២០នាក់តំណាងឲ្យអ្នកភូមិជាង១០០គ្រួសារ មកពីឃុំចំនួនបី គឺឃុំកោះស្ដេច ឃុំភ្ញីមាស និងឃុំព្រែកខ្សាច់ នៃស្រុកគិរីសាគរ ខេត្តកោះកុង បាននាំគ្នាតវ៉ានៅមុខស្ថានទូតចិនក្នុងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ ដើម្បីជំរុញឲ្យស្ថានទូតជួយអន្តរាគមន៍ដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេ ជាមួយក្រុមហ៊ុនចិន ឈ្មោះ យូញៀន ឌីវែលឡុបមិន គ្រុប (Union Development Group -UDG)។
ក្រុមអ្នកតវ៉ាបានអះអាងថា ក្រុមហ៊ុនចិន Union Development Group បានទន្រ្ទានយកដីរបស់ពួកគេ ចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ។ ពោលគឺក្រោយពីរដ្ឋាភិបាលបានប្រគល់ដីសម្បទានឲ្យក្រុមហ៊ុននេះធ្វើការវិនិយោគ។ ក្រុមប្រជាពលរដ្ឋដែលមានទំនាស់អះអាងថា ពួកគេបានព្យាយាមតវ៉ាជាមួយក្រុមអាជ្ញាធរមូលដ្ឋាន ក៏ប៉ុន្តែពួកគេមិនទទួលបានដំណោះស្រាយណាមួយនោះទេ។
តំណាងក្រុមអ្នកតវ៉ា អ្នកស្រី សាំង ពុយ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលកំពុងមានទំនាស់ ចង់បានដំណោះស្រាយជាសំណងសមរម្យតាមតម្លៃដីលើទីផ្សារ។
«ចង់ឲ្យក្រុមហ៊ុន Union ហ្នឹងចុះជួបប្រជាពលរដ្ឋក្រុមបង ហើយមានការដោះស្រាយតម្លៃដ៏សមស្របឲ្យយើងទទួលយកបាន ដោយដោះដូរកន្លែងរស់នៅថ្មីឲ្យពួកយើង។ តំបន់ហ្នឹងយើងទាមទារឲ្យឆ្វៀល បើដោះស្រាយឲ្យបាន តែបើឆ្វៀលមិនបាន ថាឲ្យដោះស្រាយឲ្យយើងបានសមស្របតាមតម្លៃទីផ្សារ»។
ជាមួយគ្នានេះ អ្នកស្រី ផា ភួង ប្រាប់ VOA ថា កន្លងមកក្រុមពលរដ្ឋបានស្វែងរកអន្តរាគមន៍ពីស្ថាប័នរដ្ឋាភិបាលដូចជាក្រសួងដែនដី ក្រសួងបរិស្ថាន និងខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តីជាដើម ប៉ុន្តែនៅតែមិនមានដំណោះស្រាយ។
«ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែដុនដាបទៅៗ ណាមួយជំពាក់បំណុលគេ ណាមួយមិនបានរកស៊ី មិនបានប្រកបមុខរបរអីទេ។ ដីស្រែចម្ការដែលក្រុមហ៊ុនយកទៅអភិវឌ្ឍនោះ មានដីចម្ការ មានដំណាំដាំដុះអញ្ចឹង រយៈពេលតាំងពីឆ្នាំ២០០៩ រហូតមកដល់២០១៩នេះ ខ្ញុំអត់ដែលបានចូលទៅដល់កន្លែងចម្ការ កន្លែងដំណាំដាំដុះរបស់ខ្ញុំទេ»។
ក្រោយការតវ៉ាជិត២ម៉ោង គេឃើញតំណាងស្ថានទូតចិនបានចេញមកឲ្យតំណាងពលរដ្ឋពីររូបចូលជួបមន្រ្តីស្ថានទូត។
តំណាងពលរដ្ឋដែលបានចូលជួបមន្រ្តីស្ថានទូតចិន អ្នកស្រី សាំង ពុយ បានប្រាប់អ្នកសារព័ត៌មានថា ស្ថានទូតចិនបានប្រាប់ឲ្យប្រជាពលរដ្ឋទៅរកដំណោះស្រាយពីស្ថាប័នរដ្ឋាភិបាល ត្បិតស្ថានទូតចិនមិនមានតួនាទីក្នុងការដោះស្រាយលើវិវាទដីធ្លីនេះទេ។
VOA បានទាក់ទងសុំការអត្ថាធិប្បាយពីស្ថានទូតចិនប្រចាំកម្ពុជា តែមិនមានការឆ្លើយតបនៅឡើយ រហូតដល់ល្ងាចថ្ងៃអង្គារនេះ។ ចំណែកលោក Wang Chao អនុប្រធានក្រុមហ៊ុន UDG ក៏មិនឆ្លើយតបសាររបស់ VOA ដែរ។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនអាចទាក់ទងបានទេនៅថ្ងៃនេះ ដោយសារតែទូរស័ព្ទលោករោទិ៍ តែគ្មានអ្នកទទួល។
ក្រុមហ៊ុន យូញៀន ឌីវែលឡុបមិន គ្រុប(Union Development Group) ឬយូឌីជី (UDG) ទទួលសិទ្ធិវិនិយោគដីសម្បទានចំនួន៤៥០០០ហិកតា កាលពីឆ្នាំ២០០៨ ស្ថិតនៅស្រុកគិរីសាគរ និងស្រុកបុទុមសាគរ ខេត្តកោះកុងសម្រាប់រយៈពេល៥០ឆ្នាំ។ ក្រុមហ៊ុនចិននេះនឹងត្រូវសាងសង់ព្រលានយន្តហោះ កាស៊ីណូ សណ្ឋាគារ ទីលានវាយកូនហ្គោល តំបន់កម្សាន្តតាមឆ្នេរ និងកំពង់ផែសមុទ្រទឹកជ្រៅជាដើម។
ក្រុមប្រជាពលរដ្ឋអះអាងថា ដីរបស់ពួកគេត្រូវកាត់ចូលក្នុងនោះដែរ។ ប៉ុន្តែពួកគេមិនទាន់បានធ្វើទិន្នន័យនៃទំហំដីដែលប៉ះពាល់សរុបក្នុងឃុំទាំងបីខាងលើនៅឡើយទេ។
លោក មាន ព្រហ្មមុនីមន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក ប្រចាំខេត្តកោះកុងលើកឡើងថា ចាប់តាំងពីរដ្ឋាភិបាលផ្តល់ដីសម្បទានដល់ក្រុមហ៊ុន UDG ពីឆ្នាំ២០០៨មក ពលរដ្ឋដែលរងផលប៉ះពាល់មិនមានសំណងណាមួយនោះទេ។ លោកបន្តថា រដ្ឋាភិបាលគួរចេញវិធានការដោះស្រាយទៅតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ពលរដ្ឋ៕