តុលាការ​ខេត្តកោះកុង​នឹង​ចេញ​​សាលក្រម​អំពីសកម្មជន​មាតាធម្មជាតិ​​នៅដើម​ខែ​កក្កដា

ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​ចំនួន៨ តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត​កោះកុង នៅពេល​ដែល​តុលាការ​បើក​សវនាការ​ជំនុំជម្រះ​ក្តី​ដែល​បាន​ចោទប្រកាន់​សកម្មជន​បរិស្ថាន​របស់​ចលនា​មាតា​ធម្មជាតិ​៣នាក់ នៅ​ខេត្ត​កោះកុង កាលពី​ថ្ងៃច័ន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០១៦។ (រូបថត​ដោយអ្នកនាង ម៉ម កល្យាណី)

តុលា​ការ​ខេត្ត​កោះកុង​បាន​បញ្ចប់​អង្គ​សវនាការ​របស់​ខ្លួន​ក្នុងការ​ជម្រះ​ក្តី​សកម្មជន​បរិស្ថាន​បីនាក់ ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ ហើយ​ត្រៀម​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​មួយ​ខែ​កក្កដា​ខាង​មុខ​នេះ។

បន្ទាប់​ពី​បើក​សវនាការ​អសាធារណៈ​ដែល​ប្រើ​ពេល​អស់​ពីរថ្ងៃ​ក្នុង​ការ​សួរ​ដេញដោល​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ទាំង​បី​នាក់ ​និង​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​សំណុំ​រឿង​ទប់ស្កាត់​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង​ តុលាការ​ខេត្ត​ដែល​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​ថៃ​មួយ​នេះ​ នឹង​ប្រកាស​សាលក្រម​ នៅ​ថ្ងៃ​ទី១ ​ខែ​កក្កដាខាង​មុខ​នេះ។​

តុលា​ការ​ខេត្ត​កោះកុង​បាន​បញ្ចប់​អង្គ​សវនាការ​របស់​ខ្លួន​ក្នុងការ​ជម្រះ​ក្តី​សកម្មជន​បរិស្ថាន​បីនាក់ ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ ហើយ​ត្រៀម​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​មួយ​ខែ​កក្កដា​ខាង​មុខ​នេះ។​ នេះ​បើ​យោង​ទៅតាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​អ្នក​តំណាង​គ្រួសារ​ជន​ជាប់​ចោទ​នៅ​ខេត្ត​កោះកុង។​

អង្គ​សវនាការ​កាត់​ក្តីសកម្មជន​ទាំងបី​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ​នេះ​ បាន​ចាប់ផ្តើម​ឡើង​តាំង​ពី​ថ្ងៃ​ច័ន្ទ​ ទី​២៧​ ខែ​មិថុនា​ ឆ្នាំ​២០១៦។​ ជន​ជាប់​ចោទ​ទាំង​បី​នាក់​នោះ​ រួមមាន​លោក ​សាន់ ម៉ាឡា​ លោក​ ទ្រី សុវិគា​ និង​លោក​ ស៊ីម សំណាង។​

លោក​ អ៊ិន គង់ជិត​ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ប្រាប់​ VOA ​កាល​ពីល្ងាច​ថ្ងៃ​អង្គារ​ថា​ អង្គ​ជំនុំ​ជម្រះ​បាន​សម្រេច​តម្កល់​ការ​ចោទ​ប្រកាន់​របស់​តំណាង​អយ្យការ​ ដែល​បាន​ចោទ​ប្រកាន់​សកម្មជន​បរិស្ថាន​ទាំង​បី​នាក់​នោះ​ ពី​បទគំរាម​កំហែង​ និង​ធ្វើ​ឲ្យ​ខូចខាត។​

លោក​ពន្យល់​ថា​ បទ​ចោទ​នេះ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ ​ដោយ​សំអាង​ទៅ​លើ​ការ​អះអាង​របស់​ក្រុមហ៊ុន​ថា​ សកម្មជន​ទាំង​បីនាក់​នោះ​បាន​ឡើង​ទៅលើ​ទូក​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន​ឯកជន​ និង​បាន​គំរាម ​ប្រសិន​បើមិន​ព្រម​ចាក​ចេញពី​ទីកន្លែង​បូមខ្សាច់។​

ក៏ប៉ុន្តែ​លោក​ អ៊ិន គង់ជិត ​បាន​បញ្ជាក់​ថា​ នៅ​ចុង​បញ្ចប់​នៃ​អង្គ​សវនាការ​នោះ​ សកម្មជន​ទាំងបី​បាន​សំណូមពរ​ឲ្យ​ដោះលែង​ពួក​គេ​ ដោយ​បាន​អះអាង​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​ថា​ សកម្មភាព​របស់​ពួក​គេ​ គឺ​ធ្វើ​ដើម្បី​ការពារ​សម្បតិ្ត​ធម្មជាតិ​តែ​ប៉ុណ្ណោះ​ និង​មិន​បាន​គំរាម​កំហែង​បុគ្គល​ណា​ ដូចការ​ចោទ​ប្រកាន់​នោះ​ឡើយ។​

«អ្នក​ទាំងបី​បាន​សំណូមពរ​ទៅ​ចៅក្រម​ជម្រះ​ ឲ្យ​ពិចារណា​ វិនិច្ឆ័យ​ រក​យុត្តិធម៌​ឲ្យ​គាត់​ គឺ​សុំ​ឲ្យ​លើក​លែង​ការ​ចោទ​ប្រកាន់​ ដល់​រូប​គាត់​ទាំង​បីនាក់​ និង​សុំ​ឲ្យ​មាន​ការ​ដោះលែង​ ឲ្យ​ពួក​គាត់​មាន​សេរីភាព​ទៅ​វិញ​ គឺ​គាត់​ទាំងបី​នាក់អះអាង​ថា​ គាត់​មិន​បាន​ប្រព្រឹត្ត​ដូចការ​ចោទ​ប្រកាន់​នោះ​ទេ​ ហើយ​សកម្មភាព​ដែល​ពួក​គាត់​នេះ​ គឺ​ដើម្បី​ផល​ប្រយោជន៍​ការពារ​បរិស្ថាន​ ការពារ​ធនធាន​ធម្មជាតិ​ គឺ​ផល​ប្រយោជន៍​ជួយ​សង្គម​ជាតិ»។​

ការ​ចោទ​ប្រកាន់​របស់​តំណាង​អយ្យការ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យោង​តាម​មាត្រា​៤២៤​នៃ​ក្រម​ព្រហ្មទណ្ឌ។​ មាត្រា​៤២៤​នៃ​ក្រម​ព្រហ្មទណ្ឌ​នៃព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ចែង​ថា អំពើ​គំរាម​កំហែង​ តាម​មធ្យោបាយ​ណា​ក៏​ដោយ​ ថា​នឹង​ប្រព្រឹត្ត​ការ​បំផ្លិច​បំផ្លាញ​ ការ​ធ្វើ​ឲ្យ​ទ្រុឌទ្រោម​ ឬ​ការ​ធ្វើ​ឲ្យ​ខូចខាត​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ឆ្នាំ​ទៅ​២ឆ្នាំ​ និង​ពិន័យ​ជាប្រាក់​ពី​២លាន​រៀល​ទៅ​៤លាន​រៀល​ ប្រសិន​បើ​ការ​គំរាម​កំហែង​នេះ​មាន​ភ្ជាប់​នូវ​បញ្ជា​ឲ្យ​បំពេញ​ ឬ​មិន​បំពេញ​កិច្ច​អ្វី​មួយ។​

បន្ថែម​លើ​ការ​ចោទ​ប្រកាន់​ដោយយោង​ទៅតាម​មាត្រា​នេះ​ ក្រុមហ៊ុន​ Direct Access ដែល​ជា​ដើម​បណ្តឹង​នៅ​ក្នុង​រឿង​នេះ​ក៏​បាន​ទាមទារ​ឲ្យ​សកម្ម​ជន​បរិស្ថាន​ទាំងបី​សង​ជំងឺ​ចិត្ត​ជា​ទឹក​ប្រាក់​ចំនួន១០​ម៉ឺន​ដុល្លារ​ផង​ដែរ។​

VOA​ នៅ​តែមិន​ទាន់​អាច​ទាក់ទង​លោក​ អ៊ីវ​ ត្រាយ ​ព្រះ​រាជ​អាជ្ញារង​នៃ​តុលាការ​ខេត្ត​កោះកុង​បាន​ទេ កាល​ពីយប់​ថ្ងៃ​អង្គារ​ ដោយ​ទូរស័ព្ទ​របស់​លោក​រោទិ៍​ តែ​មិន​មាន​អ្នក​ទទួល។​

(ទស្សនា​វីដេអូ​ស្តីពី​គ្រួសារ​របស់​សកម្មជន​ចលនាមាតាធម្មជាតិ​ដែល​ជាប់​ឃុំ​ស្វែងរក​យុត្តិធម៌ ដែល​ផ្តល់​ឲ្យ​ដោយ​ចលនាមាតាធម្មជាតិ និង N1M)

Your browser doesn’t support HTML5

គ្រួសាររបស់​សកម្មជន​​ចលនា​មាតា​ធម្មជាតិ​ដែល​ជាប់ឃុំស្វែងរក​យុត្តិធម៌

អ្នកស្រី​ ថា សុភា​ ​ភរិយា​របស់​លោក​ ស៊ីម សំណាង​ ​បានប្រាប់​ VOA ​កាល​ពីយប់​ថ្ងៃ​អង្គារ​ថា​ ​តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​លោក​ ស៊ីម សំណាង​ និង​សកម្មជន​ពីរ​នាក់​ផ្សេង​ទៀត​ ដោយ​អ្នកស្រី​សំអាង​ថា​ អ្នក​ទាំងបី​មិន​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ ឬ​មិនមាន​ចេតនា​បំភិត​បំភ័យ​នរណា​ឡើយ។ ​អ្នក​ស្រីឲ្យ​ដឹង​ថា​ គ្រួសារ​អ្នកស្រី​ពុំមាន​លទ្ធភាព​នឹង​បង់​ប្រាក់​ជំងឺ​ចិត្ត​ដ៏ច្រើន​សន្ធឹកសន្ធាប់​នោះ​ទេ។​

«ខ្ញុំ​អត់មាន​លទ្ធភាព​នឹង​សង​គេ​ ហើយ​ក៏​ខ្ញុំ​អត់​យល់ព្រម​ដែរ​ ព្រោះ​វា​ជា​ភាព​អយុត្តិធម៌​មួយ​សម្រាប់​ពួក​ខ្ញុំ​ និង​សម្រាប់​ប្តី​ខ្ញុំ»។​

ការ​សម្រេច​ឃុំ​ខ្លួន​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​ទាំង​បីនាក់​ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​សវនាការ​នោះ​កើត​មាន​ឡើង​ បន្ទាប់​ពី​សកម្មជន​ទាំង​បី​បើក​យុទ្ធនាការ​កាលពី​ខែ​កក្កដា​ ដើម្បី​បណេ្តញ​សាឡង់​បូម​ខ្សាច់​របស់​ក្រុម​ហ៊ុន​ពីរ​គឺ​ក្រុមហ៊ុន​ Direct​ Access​ និង​ International Rainbow ​Company ​ដែល​បាន​ដំណើរការ​ជា​ច្រើន​ខែ​នៅមុន​យុទ្ធនាការ​នោះ​ចាប់​ផ្តើម​ឡើង នៅ​ក្នុង​តំបន់​ជីផាត់ ​និង​ព្រែក​អណ្តូងទឹក​ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​បទុមសាគរ​ ខេត្ត​កោះកុង។​

យុទ្ធនាការ​ទប់​ស្កាត់​ការ​បូមខ្សាច់​របស់​អ្នក​ទាំងបី​នៅ​ពេល​នោះ​ ក៏​មាន​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​បូមខ្សាច់​នោះ​ដែរ។ ពួក​គេ​យល់​ថា ការ​បូម​ខ្សាច់​នេះបាន​បង្ក​ឲ្យ​មាន​ការ​បាក់​ច្រាំង​នៃ​ដៃ​សមុទ្រ​ និង​បាន​បំផ្លាញ​ដល់​សម្បត្តិ​ជីវៈ​ចម្រុះ​នៅ​ក្នុង​សមុទ្រ៕