តុលាការខេត្តកោះកុង នៅព្រឹកថ្ងៃសុក្រនេះ បានសម្រេចដោះលែងសកម្មជនបរិស្ថានបីរូបនៃចលនាមាតាធម្មជាតិ ឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីសកម្មជនទាំងបីនាក់នោះបានស្ថិតនៅក្នុងពន្ធនាគារជាង១០ខែ គិតចាប់តាំងពីខែសីហា ឆ្នាំ២០១៥។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកោះកុង។
ការសម្រេចដោះលែងនេះបានធ្វើឡើង បន្ទាប់ពីតុលាការសម្រេចផ្តន្ទាទោសសកម្មជនទាំងបីដែលរួមមានលោកសាន់ ម៉ាឡា លោកទ្រី សុវិគា និងលោកស៊ីម សំណាងឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ តែដោយសារពួកគេបានស្ថិតក្នុងពន្ធនាគារចំនួន១០ខែនិង១៥ថ្ងៃហើយនោះ តុលាការបានសម្រេចព្យួរទោសដែលនៅសេសសល់។ ការកាត់ទោសនោះ ក៏បានតម្រូវឲ្យសកម្មជនទាំងបីនាក់សងជំងឺចិត្តទៅក្រុមហ៊ុន Direct Access ចំនួន១០០លានរៀល (ឬប្រមាណជា២៥.០០០ដុល្លារ) និង២លានរៀល (ឬប្រមាណ៥០០ដុល្លារ)ទៀតត្រូវចូលទៅក្នុងថវិកាជាតិ។
លោកអ៊ិន គង់ជិត មន្ត្រីសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង បានប្រាប់ VOA នៅថ្ងៃសុក្រនេះថា ប្រធានអង្គជំនុំជម្រះគឺលោកមីន មករាបានសម្រេចផ្តន្ទាទោសអ្នកទាំងបី ដោយផ្អែកទៅតាមមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។ លោកបញ្ជាក់ថា អ្នកទាំងបីត្រូវតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញនៅរសៀលថ្ងៃសុក្រនេះ។ លោកបន្តថា ការបង្គាប់ឲ្យសកម្មជនទាំងបីបង់ប្រាក់ទៅឲ្យក្រុមហ៊ុន និងរដ្ឋនោះគឺជាការដាក់បន្ទុកធ្ងន់ធ្ងរមួយសម្រាប់ពួកគេ។
«ការដែលសម្រេចពិន័យជាប្រាក់ដ៏ធ្ងន់ធ្ងរនេះគឺជាការដាក់បន្ទុកធ្ងន់ធ្ងរ ទៅលើពួកគាត់ទាំងបី ដែលជាអ្នកក្រីក្រ ជាអ្នកស្ម័គ្រចិត្តជួយសង្គម ជាអ្នកលះបង់ការងារផ្ទាល់ខ្លួន គ្រួសារផ្ទាល់ខ្លួន ជីវភាពផ្ទាល់ខ្លួន មកជួយសង្គម»។
លោកបន្ថែមថា ប្រាក់សងជំងឺចិត្តសម្រាប់ក្រុមហ៊ុនគឺច្រើនហួសហេតុ បើពិនិត្យទៅលើមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ លោកបញ្ជាក់បន្តថា សាលក្រមដែលប្រកាសនៅថ្ងៃនេះ គឺមិនបានធ្វើឡើងដោយស្របទៅតាមនីតិវិធីច្បាប់ត្រឹមត្រូវនោះទេ។
«មិនធ្វើទៅតាមច្បាប់អីទេ ព្រោះក្នុងបទមជ្ឈិម ការឃុំខ្លួនវាត្រូវប្រើរយៈពេលតែបួនខែទេ ហើយកាលណាជាប់បួនខែគឺត្រូវតែបញ្ជូនពួកគេទៅជំនុំជម្រះ បាទ។ អីចឹងតាមពិតពួកគេត្រូវបានទទួលការជំនុំជម្រះដោយយុត្តិធម៌នៅអំឡុងក្រោយការឃុំខ្លួនបណ្ដោះអាសន្នហ្នឹងរយៈពេល៥ខែឬ៦ខែបាទ»។
មាត្រា៤២៤នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា អំពើគំរាមកំហែងតាមមធ្យោបាយណាក៏ដោយថា នឹងប្រព្រឹត្តការបំផ្លិចបំផ្លាញ ការធ្វើឲ្យទ្រុឌទ្រោម ឬការធ្វើឲ្យខូចខាត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ៤លានរៀល ប្រសិនបើការគំរាមកំហែងនេះមានភ្ជាប់នូវបញ្ជាឲ្យបំពេញ ឬមិនបំពេញកិច្ចអ្វីមួយ។
លោកអ៊ីវ ត្រាយ ព្រះរាជអាជ្ញារងនៃតុលាការខេត្តកោះកុង បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយលោកនិយាយថា លោកជាប់រវល់ ហើយលោកបានបង្វែរសំណួរទៅលោកចៅក្រមមីន មករា។ លោកចៅក្រមរូបនេះក៏បដិសេធមិនធ្វើអធិប្បាយផងដែរ។
បន្ទាប់ពីសកម្មជនទាំងបីត្រូវបានដោះលែងឲ្យមានសេរីភាពកាលពីរសៀលថ្ងៃសុក្រនេះ លោកសន ចាន់តារ៉ា សមាជិកនៃចលនាមាតាធម្មជាតិ បានប្រាប់ VOA ថា ក្រុមការងាររបស់លោកនឹងធ្វើការពិភាក្សាជាមួយមេធាវី ដើម្បីពិចារណាលើនីតិវិធីច្បាប់នៃបណ្ដឹងរដ្ឋប្បវេណីរបស់ក្រុមហ៊ុនដែលទាមទារឲ្យសកម្មជនទាំងបីសងប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នោះ។
«យើងនឹងពិភាក្សាជាមួយមេធាវីរបស់យើង ដែលធ្វើការទៅលើរឿងក្តីហ្នឹងបន្តទៀត ទៅលើរឿងបទរដ្ឋប្បវេណីដែលក្រុមហ៊ុនទាមទារសំណង»។
រីឯកញ្ញាទ្រី គឹមលី វ័យ២១ឆ្នាំគឺជាប្អូនស្រីបង្កើតរបស់លោកទ្រី សុវិគា ដែលត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ។ នាងនិយាយប្រាប់ VOA នៅល្ងាចថ្ងៃសុក្រនេះថា ការដោះលែងបងប្រុសរបស់នាងនេះគឺអាចទទួលបាន តែការបង្គាប់ឲ្យសងប្រាក់ទៅឲ្យក្រុមហ៊ុននោះ នាងថ្លែងថា មិនអាចបង់ជូនបានទេ។
«ព្រោះអីយើងគិតថា អត់បានធ្វើអីខូចខាតផង ព្រោះអញ្ចឹងប្រាក់ពិន័យហ្នឹង វាអត់មានត្រូវបង់អីទេ»។
ការសម្រេចឃុំខ្លួនសកម្មជននៃចលនាមាតាធម្មជាតិទាំងបីនាក់ដែលបានធ្វើឡើងកាលពីពេលកន្លងមកនោះ បានកើតមានឡើង បន្ទាប់ពីសកម្មជនទាំងបីបើកយុទ្ធនាការកាលពីខែកក្កដាឆ្នាំ២០១៥ ធ្វើការបណ្ដេញសាឡង់បូមខ្សាច់របស់ក្រុមហ៊ុនពីរគឺក្រុមហ៊ុន Direct Access និង International Rainbow Company ដែលបានដំណើរការជាច្រើនខែនៅមុនយុទ្ធនាការនោះចាប់ផ្ដើមឡើងនៅក្នុងតំបន់ជីផាត់ និងព្រែកអណ្ដូងទឹក ដែលស្ថិតនៅក្នុងស្រុកថ្មបាំង និងស្រុកបុទុមសាគរ ខេត្តកោះកុង។
យុទ្ធនាការទប់ស្កាត់ការបូមខ្សាច់របស់អ្នកទាំងបីនៅពេលនោះក៏មានការចូលរួមពីប្រជាពលរដ្ឋក្នុងសហគមន៍ដែលរងផលប៉ះពាល់ពីការបូមខ្សាច់នោះដែរ។ ពួកគេយល់ថា ការបូមខ្សាច់នេះបានបង្កឲ្យមានការបាក់ច្រាំងនៃដៃសមុទ្រ និងបានបំផ្លាញដល់ធនធានជីវៈចម្រុះនៅក្នុងសមុទ្រ។
បន្ថែមលើការទប់ស្កាត់ការបូមខ្សាច់ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននោះ ក្រុមសកម្មជននៃចលនាមាតាធម្មជាតិក៏បានទប់ស្កាត់មិនឲ្យមានការធ្វើទំនប់វារីអគ្គិសនីលើស្ទឹងអារ៉ែងនៃជួរភ្នំក្រវាញ ដែលវិនិយោគដោយក្រុមហ៊ុនចិនឈ្មោះ Sinohydro ផងដែរ។ សកម្មភាពរបស់ពួកគេបានធ្វើឲ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធមួយចំនួនមិនសប្បាយចិត្តនោះឡើយ៕