តុលាការ​ខេត្ត​កោះកុង គ្រោង​បើក​សវនាការ​លើ​សំណុំរឿង​សកម្មជន​មាតា​ធម្មជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍

​លោក ហ៊ុន វណ្ណៈ (ឆ្វេង) និង​​លោក ឌឹម គុនឌី (ស្តាំ) ជា​សកម្មជន​បរិស្ថាន​​​នៃ​អង្គការ​មាតា​ធម្មជាតិ ដែលបាន​រង​ការ​ចោទប្រកាន់​ពី​បទ «‍រំលោភ​កម្មសិទ្ធិ​ឯកជន» និង​ «‍ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស» តាម​មាត្រា​៣០២ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា។ (រូបថតដោយចលនាមាតាធម្មជាតិ)

លោក ហ៊ុន វណ្ណៈ និង​​លោក ឌឹម គុនឌី ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​ពី​ក្រុមហ៊ុន LYP របស់​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក លី យ៉ុងផាត់។

សាលាដំបូង​ខេត្ត​កោះកុង គ្រោង​នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​សកម្មជន​បរិស្ថាន​ពីរ​រូប​នៃ​អង្គការ​មាតាធម្មជាតិ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា​ឆ្នាំ​២០១៨ នេះ វេលា​ម៉ោង​៨​ព្រឹក​ បន្ទាប់​ពី​សកម្មជន​ទាំង​ពីរ​នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​អស់​រយៈពេល​ជាង​៤​ខែ​មក​ហើយ​នោះ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មានរបស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អំពីកាលបរិច្ឆេទសវនការរបស់​សកម្មជនមាតាធម្មជាតិកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៨។ (រូបថត៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា)

សកម្មជន​បរិស្ថាន​ទាំង​ពីរ​រូប​ គឺ​លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី បាន​រង​ការ​ចោទប្រកាន់​ពី​បទ «‍រំលោភ​កម្មសិទ្ធិ​ឯកជន» និង​ «‍ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស» តាម​មាត្រា​៣០២ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ក្រោយ​ពី​ពួកគេ​ទាំងពីរ​នាក់ បាន​ថត​វីដេអូ​កប៉ាល់​ពីរ​គ្រឿង​ដែល​គេ​សង្ស័យ​ថា កំពុង​តែ​ដឹកជញ្ជូន​ខ្សាច់​ស៊ីលីការ​សម្រាប់​នាំ​ចេញ​ដោយ​ខុសច្បាប់ នៅ​តាម​បណ្ដោយ​ឆ្នេរ​ព្រែក​ខ្សាច់ ក្នុង​ខេត្ត​កោះកុង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧។

អ្នក​ទាំង​ពីរ​ ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​ពី​ក្រុមហ៊ុន LYP របស់​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក លី យ៉ុងផាត់។ ពាក្យ​បណ្ដឹង​នេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​អង្គការ​មាតុ​ធម្មជាតិ បាន​ចេញ​ផ្សាយ​ខ្សែ​អាត់​វីដេអូ​មួយ​ ដែល​បង្ហាញ​ពី​ភាព​ខុសគ្នា​នៃ​ទិន្នន័យ​នៃ​ការ​នាំចេញ​ខ្សាច់​របស់​រដ្ឋាភិបាល​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល។

តួលេខនៃ​បរិមាណ​ខ្សាច់​នាំ​ចេញ​ពី​កម្ពុជា​ដែល​បង្ហាញ​ដោយ​អង្គការ​មាតាធម្មជាតិ​នោះ ​បង្ហាញ​ពី​ការ​បាត់បង់​ប្រាក់​ចំណូលរាប់​រយ​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​ អះអាង​ថា ជា​រឿង​មិន​ពិត។​

​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​មែន នោះ​សកម្មជន​បរិស្ថាន​ទាំង​ពីរ​នាក់​នេះ អាច​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​២​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់ក្នុង​ម្នាក់​ ចំនួន៤​លាន​រៀល៕