ព្រះមហាក្សត្រ​យាង​ទៅ​ប្រទេស​ចិន​ចំ​ថ្ងៃ​ចម្រើន​ព្រះជន្ម

ពលរដ្ឋថតរូបនៅមុខស្តូបតែងលម្អនៃព្រះមហាក្សត្រកម្ពុជាព្របាទ នរោត្តម សីហមុនី នៅមុខព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃអាទិត្យទី១២ ខែឧសភា ឆ្នាំ២០១៩ គឺមួយថ្ងៃមុនព្រះរាជពិធីចម្រើនព្រះជន្មរយៈពេល៣ថ្ងៃក្នុងសប្តាហ៍នេះ។ (សឹង សុផាត/VOA)

ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​ ​នរោត្តម​ ​សីហ​មុនី​ ​បាន​យាង​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​រដ្ឋធានី​ប៉េកាំង​ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​ដើម្បី​ចូលរួម​សន្និសីទ​អន្តរជាតិ​មួយ​នៅ​ទីនោះ​ ​ខណៈ​ដែល​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ ​កំពុង​ប្រារព្ធ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ។

ព្រះបាទ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​កម្ពុជា​ បាន​យាង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ហើយ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ដើម្បី​យាង​ចូលរួម​ សន្និសីទ​ស្ដីពី​កិច្ច​សន្ទនា​អរិយធម៌​អាស៊ី​លើកទីមួយ​ នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។ សន្និសីទ​ដែល​មាន​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​មក​ពី​ប្រទេស​ចំនួន ៤៧ អញ្ជើញ​ចូលរួម។

​ព្រះមហាក្សត្រ​កម្ពុជា​នឹង​គង់នៅ​ប្រទេស​ចិន​ រយៈពេល​បួន​ថ្ងៃ ​គឺ​ចាប់ពី​ថ្ងៃទី១៣ ​រហូត​ដល់ ​ថ្ងៃទី១៦ ខែឧសភា។

​ជា​ការ​កត់សម្គាល់​ ​ព្រះរាជ​ដំណើរ​លើក​នេះ ​ធ្វើឡើង​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​អបអរសាទរ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ថ្វាយព្រះ​អង្គ។ ព្រះមហាក្សត្រ​ទ្រង់​ចម្រើន​ព្រះជន្ម​គម្រប់​ ៦៦ ព្រះវស្សា​យាង​ចូល ៦៧ ព្រះវស្សា​ ក្នុង​សប្ដាហ៍​នេះ។

​ការ​យាង​ទៅកាន់​ប្រទេស​ចិន​របស់​ព្រះមហាក្សត្រ​នៅ​ពេល​នេះ​តាម​ការ​យាង​របស់​ ​លោក​ ស៊ី ជីនពីង ប្រធានធិបតី​ចិន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ជាតិ​កម្ពុជា AKP។

​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋ​ចិន​បាន​ឱ្យ​ដឹង​ថា​ ​សន្និសីទ​ស្ដីពី​កិច្ច​សន្ទនា​អរិយធម៌​អាស៊ី​ ​ដែល​ព្រះមហាក្សត្រ​ខ្មែរ​យាង​ចូលរួម​នេះ​នឹង​ផ្ដោត​សំខាន់​លើ​ការ​ផ្សា​ភ្ជាប់​ទំនាក់​ទំនង​រវាង​វប្បធម៌​និង​អរិយធម៌​នៃ​ប្រទេស​នៅ​តំបន់​អាស៊ី​ ​ក្នុង​មូលបទ​នៃ​ការ​កសាង​សហគមន៍​វាសនា​តែមួយ​នៃ​មនុស្សជាតិ​ ​ដែល​ជា​សំនួន​វោហា​ស្រដៀង​គ្នា​នឹង​គម្រោងក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​ចិន។

​លោក​ ​ផៃ​ ​ស៊ី​ផាន​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​មាន​ប្រសាសន៍​ថា​ លោក​មិន​មាន​កាល​វិភាគ​លម្អិត​អំពី​ដំណើរ​យាង​និង​ព្រះរាជ​សកម្មភាព​របស់​ព្រះមហាក្សត្រ​ក្នុង​ប្រទេស​ចិន​នោះ​ទេ។

​«សម្រាប់​ទ្រង់​ដែល​ជា​តំណាង​វប្បធម៌​និង​អរិយធម៌​របស់​កម្ពុជា​ ​ក៏​ដូចជា​នៅ​អាស៊ី​ហ្នឹង​ដែរ​ ​ដូច្នេះ​នេះ​ជា​ការ​ទំនាក់​ទំនង​ផ្នែក​វប្បធម៌​និង​អរិយធម៌​ ​នៅ​តំបន់​អាស៊ី​ ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​អ្វី​ដែល​គេ​ហៅថា​តម្លៃ​អាស៊ី»។

​VOA មិន​អាច​ទាក់ទង​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​ប៉េកាំង​ ​ដើម្បី​ស្នើសុំ​ព័ត៌មាន​បន្ថែម​ទាក់ទិន​នឹង​ព្រះរាជ​សកម្មភាព​របស់​ព្រះរាជា​នៅ​ប្រទេស​ចិន​បាន​នោះ​ទេ។

​គួរ​បញ្ជាក់​ថា​នា​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្ម​លើក​នេះ​ ​ព្រះបាទ​ ​នរោត្តម​ ​សីហ​មុនី​ ​មិន​បាន​ផ្ដល់​ជា​ព្រះរាជសារ​អ្វី​ផ្ញើ​ជូន​ប្រជានុ​រាស្ត្រ​របស់​ព្រះអង្គ​នោះ​ទេ។ ​ព្រះ​រាជ​វាំង​បាន​រៀបចំ​ព្រះរាជ​ពិធី​ថ្វាយព្រះ​មហាកុសល​មួយ​ដល់​ព្រះអង្គ​ ​កាលពី​រសៀល​ថ្ងៃអាទិត្យ​ ​ក្នុង​ព្រះរាជ​ដំណាក់​ខេមរិន្ទ​របស់​ព្រះអង្គ​ ​ដោយ​មាន​ការ​ប្រោះព្រំ​ប្រសិទ្ធពរ​ ​ពី​សំណាក់​ ​សម្តេច​សង្ឃ​ព្រះពុទ្ធ​សាសនា​ទាំងពីរ​គណៈ​ ​ក្រុម​ព្រាហ្មណ៍​ បុរោហិត​ ​ព្រះ​ញាតិ​វង្សានុវង្ស​ និង​មន្ត្រី​ជាន់ខ្ពស់​នៃ​ស្ថាប័នរដ្ឋ។

​ដំណាលគ្នា​នឹង​ការ​យាង​ទៅកាន់​ប្រទេស​ចិន​របស់​ព្រះមហាក្សត្រ​ ​សម្តេច​ ​ព្រះ​បរមនាថ​នរោត្តម​ ​សីហមុនី​ ​នារសៀល​ថ្ងៃ​ចន្ទ​នេះ ក៏​មាន​ការ​អញ្ជើញ​មក​ដល់​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រាជធានី​ភ្នំពេញ​របស់​លោក ខាត់ហ្គា​ ​ប្រាសាត​ ​សាម៉ា​ ​អូលី​ ​(Khadga​ ​Prasad​ ​Sharma​ ​Oli) នាយក​រដ្ឋមន្ត្រីប្រទេស​នេប៉ាល់។​ ប្រទេស​នេប៉ាល់​បាន​ធ្វើ​រដ្ឋប្រហារ​រំលាយ​របប​រាជា​និយម​របស់​ខ្លួន​កាលពី​ជាង​ដប់​ឆ្នាំមុន៕