ព្រះមហាក្សត្រ Charles ទី៣ ដែលជាព្រះមហាក្សត្រថ្មីរបស់ចក្រភពអង់គ្លេសនៅថ្ងៃសុក្រនេះ បានត្រឡប់ពីព្រះរាជដំណាក់ Balmoral ក្នុងប្រទេសស្កុតលែន មកកាន់ទីក្រុងឡុងដ៍ក្នុងប្រទេសអង់គ្លេស ជាកន្លែងដែលព្រះមាតារបស់ទ្រង់គឺព្រះមហាក្សត្រិយានី Elizabeth ទី២ សោយទិវង្គតកាលពីថ្ងៃព្រហស្បតិ៍ ក្នុងព្រះជន្ម ៩៦ព្រះវស្សា។
មហាក្សត្រ Charles មានព្រះជន្ម ៧៣ ព្រះវស្សា និងជាព្រះមហាក្សត្រដែលមានវ័យចំណាស់ជាងគេបំផុតពេលឡើងសោយរាជ្យនោះ គ្រោងនឹងថ្លែងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រទេសជាតិដែលកំពុងកាន់ទុក្ខនៅថ្ងៃសុក្រនេះ ហើយក៏ជាសុន្ទរកថាដំបូងរបស់ព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋផងដែរ។
ព្រះអង្គក៏បានកំណត់នៅថ្ងៃសុក្រជួបជាលើកទីមួយជាមួយនាយករដ្ឋមន្រ្តីលោកស្រី Liz Truss នៅព្រះបរមរាជវាំង Buckingham ផងដែរ។ មហាក្សត្រិយានី Elizabeth ទី២ បានតែងតាំងលោកស្រី Truss ឱ្យកាន់តំណែងថ្មីជានាយករដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ គឺតែពីរថ្ងៃប៉ុណ្ណោះមុនការសោយទិវង្គតរបស់ទ្រង់ដែលជាស្តេចសោយរាជ្យយូរជាងគេបំផុតរបស់ចក្រភពអង់គ្លេស។
សភាចក្រភពអង់គ្លេសនឹងបើកសម័យប្រជុំពិសេសនៅថ្ងៃសុក្រដើម្បីគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយានី។ លោកស្រី Truss និងរដ្ឋមន្ត្រីផ្សេងទៀតក៏គ្រោងនឹងចូលរួមពិធីរំឭកដល់ព្រះមហាក្សត្រិយានីនៅថ្ងៃសុក្រនៅវិហារ St. Paul's Cathedral ផងដែរ។ ក្រោយមក ការបាញ់កាំភ្លើងគោរពវិញ្ញាណក្ខន្ធត្រូវបានគេគ្រោងធ្វើនៅឧទ្យាន Hyde Park និងនៅទីតាំងផ្សេងៗទៀតផងដែរ។
ពិធីហែបុណ្យសពមហាក្សត្រិយានី Elizabeth នឹងត្រូវធ្វើឡើនៅប៉ុន្មានថ្ងៃខាងមុខនេះនៅព្រះវិហារWestminster Abbey នៃទីក្រុងឡុងដ៍ ហើយថ្ងៃនោះត្រូវកំណត់ថា ជាទិវាជាតិនៃការកាន់ទុក្ខ ដែលជាថ្ងៃឈប់សម្រាកសាធារណៈ។ គំនរផ្កា ដែលកាន់តែធំឡើងៗ និងការគោរពចំពោះព្រះមហាក្សត្រិយានីមិនគ្រាន់តែធ្វើនៅព្រះបរមរាជវាំង Buckingham និងរាជដំណាក់ Windsor Castle ប៉ុណ្ណោះទេ ប៉ុន្តែក៏មានធ្វើនៅតាមស្ថានទូត និងវិហារនានារបស់អង់គ្លេសនៅជុំវិញពិភពលោកផងដែរ។
មេដឹកនាំពិភពលោកបានបញ្ជូនសារភ្លាមៗបន្ទាប់ពីការសោយទិវង្គតរបស់ព្រះអង្គ។ នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោកស្រី Liz Truss បានចេញសេចក្តីថ្លែងការណ៍ថា៖ «យើងទាំងអស់គ្នារន្ធត់ ដោយឮព័ត៌មានដែលយើងទើបតែទទួលបានពីព្រះរាជដំណាក់ Balmoral។ ការសោយទិវង្គតរបស់ព្រះមហាក្សត្រិយានីជាការតក់ស្លុតយ៉ាងខ្លាំងដល់ប្រទេសជាតិ និងពិភពលោក។ មហាក្សត្រិយានី Elizabeth ទី២ គឺជាសិលាគ្រឹះកសាងចក្រភពអង់គ្លេសសម័យទំនើប។ ប្រទេសយើងបានរីកចម្រើន និងលូតលាស់ក្រោមរជ្ជកាលរបស់ព្រះអង្គ»។
លោកស្រីនិយាយថា៖ «វាគឺជាសមិទ្ធផលដ៏អស្ចារ្យមួយដែលព្រះអង្គបានដឹកនាំរាជកិច្ចដោយភាពថ្លៃថ្នូរ និងមានគុណតម្លៃបែបនេះអស់រយៈពេល៧០ឆ្នាំ។ រជ្ជកាលព្រះអង្គបានលាតសន្ធឹងស្ទើរតែហួសពីការចងចាំរបស់យើងទាំងអស់គ្នា។ ជាការឆ្លើយតប ប្រជារាស្ត្រចក្រភពអង់គ្លេស និងប្រជាជនជុំវិញពិភពលោកស្រឡាញ់ និងកោតសរសើរព្រះអង្គ។ ដូចដែលធ្លាប់បានធ្វើរយៈពេលជាងមួយពាន់ឆ្នាំមកហើយនោះ ថ្ងៃនេះព្រះរាជកិច្ចបានត្រូវផ្ទេរទៅព្រះមហាក្សត្រថ្មីដែលជាប្រមុខរដ្ឋថ្មីរបស់យើងគឺព្រះមហាក្សត្រ Charles ទី៣»។
ក្នុងពេលជាមួយគ្នានេះដែរ មេដឹកនាំប្រទេសផ្សេងៗ និងពិភពលោកទាំងមូលក៏បានចូលរួមមរណទុក្ខ និងបង្ហាញការសោកស្តាយការសោយទិវង្គតរបស់ព្រះអង្គផងដែរ។
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានបង្ហោះសារលើ Twitter ថា៖ «ព្រះអង្គបានដឹកនាំព្រះរាជកិច្ចឆ្លងកាត់សង្គ្រាម និងការផ្សះផ្សានៅអឺរ៉ុប និងលើសពីនេះ ហើយមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅសម្រាប់ភពផែនដី និងសង្គមរបស់យើង។ ព្រះអង្គជាភ្លើងបំភ្លឺមិនឈប់សម្រាប់ការបន្តផ្លាស់ប្តូរទាំងនេះ ដោយបង្ហាញភាពស្ងប់ស្ងាត់ និងការលះបង់ដែលផ្តល់កម្លាំងចិត្តដល់មនុស្សជាច្រើន។ សូមឱ្យព្រះអង្គបានទៅកាន់សុគតិភព»។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «មហាក្សត្រិយានី Elizabeth ទី២ មិនគ្រាន់តែជាព្រះមហាក្សត្រិយានីធម្មតាទេ។ ព្រះអង្គបានតំណាងឱ្យសម័យកាលមួយ។ នៅក្នុងពិភពនៃការផ្លាស់ប្តូរឥតឈប់ឈរ ព្រះអង្គគឺមានវត្តមានជាប្រចាំ និងជាប្រភពនៃការលួងលោម និងមោទនភាពសម្រាប់ប្រជាជនអង់គ្លេសជាច្រើនជំនាន់ រួមទាំងមនុស្សជាច្រើន ដែលនឹងមិនមានប្រទេស បើគ្មានព្រះអង្គ។ កេរដំណែលព្រះអង្គនឹងមានទំហំធំធេងនៅក្នុងទំព័រនៃប្រវត្តិសាស្ត្រអង់គ្លេស និងប្រវត្តិសាស្ត្រពិភពលោករបស់យើង»។
លោក Biden ក៏បានបញ្ជាឱ្យបង្ហូតទង់ជាតិអាមេរិកពាក់កណ្តាល ទាំងនៅសហរដ្ឋអាមេរិក និងនៅបរទេស ជាការចងចាំដល់មហាក្សត្រិយានី រហូតដល់ពេលបញ្ចុះសពព្រះអង្គរួចរាល់។
នាយករដ្ឋមន្ត្រីអៀរឡង់លោក Michael Martin បានហៅព្រះមហាក្សត្រិយានីថា «មិត្តដ៏អស្ចារ្យ» ដែលមាន «ឥទ្ធិពលយ៉ាងខ្លាំងទៅលើការយោគយល់គ្នារវាងប្រជាជនទាំងពីររបស់យើង»។
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានចូលគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយានី ដែលព្រះអង្គបានជួបជាលើកដំបូងកាលពីលោកនៅជាកុមារ។ លោកបានកោតសរសើរដោយផ្ទាល់ថា «ព្រះអង្គមានមេត្តា និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅសម្រាប់ជនជាតិកាណាដា»។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា ការដោយទិវង្គតរបស់មហាក្សត្រិយានី គឺជា «ការបញ្ចប់នៃយុគសម័យដ៏យូរមួយ»។ ព្រះអង្គជាស្តេចសោយរាជ្យនៃចក្រភពអង់គ្លេសតែមួយអង្គគត់ ដែលបានបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលីក្នុងនាមជាប្រមុខរដ្ឋ។
នាយករដ្ឋមន្រ្តី នូវែលសេឡង់លោកស្រី Jacinda Ardern នៅថ្ងៃសុក្រនេះបានកោតសរសើរចំពោះភាព «វិសាមញ្ញ» នៃព្រះមហាក្សត្រិយានី និងព្រះមហាក្សត្រថ្មីគឺ ស្តេ Charles ទី៣ ដែលជាប្រមុខរដ្ឋផងដែរ។
ក្រៅពីនេះមាននាយករដ្ឋមន្ត្រីបង់ក្លាដែស នាយករដ្ឋមន្ត្រីសិង្ហបុរី នាយករដ្ឋមន្ត្រីជប៉ុន ប្រធានាធិបតីនីហ្សេរីយ៉ា នាយករដ្ឋមន្ត្រីឥណ្ឌា លោកអគ្គលេខាធិការអ.ស.ប. និងសម្តេច Pope Francis។ល។ ក៏មានថ្លែងកោតសរសើរមហាក្សត្រិយានីទី២ផងដែរ៕
សេចក្តីរាយការណ៍នេះរួមមានព័ត៌មានពី The Associated Press, Reuters និង Agence France-Presse